ការវាយប្រហារភេរវកម្មមួយទៀតបានកើតឡើង។ លើកនេះ កើតឡើងក្នុងទីក្រុងប៊ែកឡាំង។ មានសារមួយដ៏ខ្លាំងក្លាដែលលោកប្រធានាធិបតីជាប់ឆ្នោតបានបង្ហោះលើបណ្តាញសង្គម Twitter របស់លោក។
លោក ត្រាំ ជារឿយៗមិនចូលចិត្តធ្វើសង្គ្រាមជាមួយនឹងការគំរាមកំហែងខាងសាសនារបៀបនេះទេ ប៉ុន្តែលោកក្លាយជាមនុស្សចង់ធ្វើសង្គ្រាមក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោត ខណៈដែលការវាយប្រហារភេរវកម្មជាច្រើនធ្វើឲ្យប្រជាពលរដ្ឋអាមេរិកាំងជាម្ចាស់ឆ្នោតមានការភ័យខ្លាច។
ដើម្បីប្រយុទ្ធនឹងអំពើភេរវកម្ម លោក ត្រាំ បានស្នើលើចំណុចមួយចំនួនក្នុងចំណោមចំណុចផ្សេងៗទៀតដែលមានដូចជា ហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យអ្នកកាន់សាសនាឥស្លាមចូលមកក្នុងសហរដ្ឋអាមេរិក បង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកលើក្រុមរដ្ឋឥស្លាម សហការជាមួយសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា និងចងសម្ព័ន្ធមិត្តជាមួយរុស្ស៊ី ហើយប្រហែលជាអាចចងសម្ព័ន្ធមិត្តជាមួយរបបស៊ីរីដែរ។
លោក ត្រាំ បានរៀបរាប់ពីយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងសុន្ទរកថាសំខាន់មួយកាលពីខែសីហា។
លោក ត្រាំ បាននិយាយថា៖ «យុទ្ធសាស្រ្តថ្មីរបស់យើង ដែលត្រូវតែមានការសហការគ្នារវាងគណបក្សទាំងពីរនៅក្នុងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់យើងនៅបរទេស និងសម្ព័ន្ធមិត្តរបស់យើងនៅមជ្ឈិមបូព៌ា គឺត្រូវបញ្ឈប់ការរីករាលដាលក្រុមជ្រុលនិយមឥស្លាម»។
ការសង្កត់ធ្ងន់ទៅលើមនោគមវិជ្ជានេះធ្វើឲ្យយុទ្ធសាស្រ្តរបស់លោក ត្រាំ ខុសពីយុទ្ធសាស្រ្តរបស់លោកប្រធានាធិបតី អូបាម៉ា។ នេះបើយោងតាមសម្តីរបស់លោក Blaise Misztal នៃមជ្ឈមណ្ឌលគោលនយោបាយគណបក្សពីរ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Misztal និយាយថា៖ «ខ្ញុំគិតថា តាមរយៈការមើលឃើញការគំរាមកំហែងនេះជាមនោគមវិជ្ជា លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងមើលឃើញបញ្ហានេះ មិនត្រឹមតែជាការបញ្ឈប់ការវាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ឈប់ការរីករាលដាលមនោគមវិជ្ជានោះ និងជាការបញ្ឈប់សក្តានុពលនៃការពង្វក់មនុស្សតទៅទៀត»។
លោក អូបាម៉ា បានច្រានចោលរការទទួលស្គាល់ថាមានទំនាក់ទំនងរវាងអំពើភេរវកម្មនិងសាសនាឥស្លាម។ អ្នករិះគន់ចំពោះការច្រានចោលនេះ បានស្វាគមន៍ការព្យាយាមរបស់លោក ត្រាំ ក្នុងការលើកឡើងពីបញ្ហានេះ ប៉ុន្តែពួកគេក៏មានការប្រុងប្រយ័ត្នចំពោះការលាបពណ៌ដល់អ្នកកាន់សាសនាឥស្លាមទាំង១៧០០លាននាក់នៅទូទាំងពិភពលោកផងដែរ។
លោក Michael Hayden អតីតប្រធាន CIA បានថ្លែងនៅក្នុងមូលនិធិ Jamestown កាលពីខែមុនថា៖ «តាមពិតទៅ អំពើភេរវកម្មពិតជាមានទំនាក់ទំនងជាមួយនឹងសាសនាឥស្លាមមែន។ មានរឿងជាច្រើនដែលទាក់ទងនឹងសាសនាឥស្លាម។ ប៉ុន្តែខ្ញុំចង់បន្ថែមថា មិនមែនគ្រប់រឿងសុទ្ធតែពាក់ព័ន្ធនឹងសាសនាឥស្លាមទេ ហើយមិនមែនគ្រប់រឿងសុទ្ធតែពាក់ព័ន្ធនឹងអ្នកកាន់សាសនាឥស្លាមនោះដែរ»។
ទីប្រឹក្សារបស់លោក ត្រាំ ពិតជាបែងចែករវាងសាសនាឥស្លាមនិងអំពើភេរវកម្មដោយក្រុមឥស្លាម ប៉ុន្តែពួកគេនិយាយថា ការកើនឡើងការគំរាមកំហែងភេរវកម្មតម្រូវឲ្យមានយុទ្ធសាស្រ្តមួយរឹងមាំជាងនេះ។ លោក James Carafano គឺជាប្រធានគោលនយោបាយការបរទេសនៃមូលនិធិអភិរក្សបេតិកភណ្ឌ និងជាអ្នកផ្តល់ប្រឹក្សាដល់ក្រុមការងាររៀបចំការផ្ទេរតំណែងរបស់លោក ត្រាំ។
លោកបាននិយាយថា៖ «អំពើភេរវកម្មនៅក្នុងសកលលោកកាន់តែមានស្ថានភាពអាក្រក់នៅពេលបច្ចុប្បន្ននេះ ជាងពេលដែលលោកប្រធានាធិបតី អូបាម៉ា ចូលកាន់តំណែង ដូច្នេះហេតុអ្វីបានមនុស្សម្នាសន្មតថាយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងអំពើភេរវកម្មរបស់យើងចាប់ពីថ្ងៃទី២០ ខែមករានេះទៅ នឹងដូចយុទ្ធសាស្រ្តកាលពីមុន នៅពេលដែលយើងដឹងថា អ្វីដែលយើងកំពុងធ្វើបច្ចុប្បន្ននេះមិនមានលទ្ធផល?»
ប្រហែលជាមានចំណុចខុសគ្នា ប៉ុន្តែលោក Hayden អតីតប្រធាន CIA និយាយថា ចំណុចមួយដែលនឹងមិនកែប្រែនោះ គឺសហរដ្ឋអាមេរិកមិនអាចដកខ្លួនចេញពីសង្រ្គាមកម្ចាត់អំពើភេរវកម្មនោះទេ៕
ប្រែសម្រួលដោយ ហុង ចិន្តា