វ៉ាស៊ីនតោន៖ លោក ម៉ម សូណង់ដូនាយកវិទ្យុសម្បុកឃ្មុំនឹងរួចចេញពីពន្ធនាគារនៅថ្ងៃសុក្រនេះ ក្រោយពីតុលាការបានកាត់សេចក្តីថាលោកមិនជាប់ទាក់ទិននឹងបទចោទ បង្កើតអប្បគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល។
ថ្លែងក្នុងពេលអញ្ជើញជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ មេធាវីការពារក្តីលោក ម៉ម សូណង់ដូ គឺលោកស សូវាន បានថ្លែងថា លោកមានសេចក្តីរីករាយដែលកូនក្តីរបស់លោកត្រូវដោះលែងព្រឹកស្អែក (ថ្ងៃសុក្រ) ពីគុកព្រៃស។ តែលោកថា លោកមិនសប្បាយចិត្តនឹងសាលដីការសាលាឧទ្ធរណ៍ដែលបន្តដាក់ទោសកូនក្តីលោកក្នុងបទល្មើសផ្សេងហើយព្យួរទោសចំនួន៥ឆ្នាំទាក់ទងនឹងបទកាប់បំផ្លាញព្រៃឈើដែលលោកអះអាងថាជាបទចោទមិនត្រឹមត្រូវ។ លោកបញ្ជាក់ថាលោកម៉ម សូណង់ដូអាចជាប់ទោស៥ឆ្នាំជាថ្មីប្រសិនបើគេថា លោកមានកំហុស។ លោកថ្លែងថា លោកនឹងប្តឹងសារទុកទៅកាន់តុលាការកំពូលទៀតដើម្បីជម្រះរឿងរ៉ាវនេះ។
ដោយឡែកនៅក្នុងកម្មវិធីហេឡូវីអូអេនេះដែរវាគ្មិនម្នាក់ទៀត គឺលោកឡុង បញ្ញាវុធអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃគម្រោងកម្មវិធីផ្តួចផ្តើមយុត្តិធម៌វិញបានអះអាងថាជនរងគ្រោះមានការខកចិត្តយ៉ាងខ្លាំងដោយសារការស្លាប់របស់ អៀងសារី នៅពេលដែលពួកគេរង់ចាំយុត្តិធម៌ជាយូរណាស់មកហើយ។ លោក ថ្លែងថា ភាពយឺតយ៉ាវក្នុងការផ្តល់យុត្តិធម៌វាមានន័យថា ជាការបដិសេធក្នុងការផ្តល់យុត្តិធម៌។ លោកបញ្ញាវុធបានបន្ថែមថា សាលាក្តីនេះមានឧបសគ្គច្រើនដែលធ្វើឲ្យជនរងគ្រោះមិនសប្បាយចិត្ត។ បញ្ហាទាំងនោះ រួមមានដំណើរការយឺតយ៉ាវក្នុងការកាត់ទោស ការបំបែកសំណុំរឿង០០២ ការជ្រៀតជ្រែករបស់តុលាការ ការណ៍ដែលជនជាប់ចោទម្នាក់ គឺអ្នកស្រីអៀង ធីរិទ្ធិមិនមានកាយសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមការកាត់ទោស។