ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ម៉ម សុណង់ដូ


លោក​ម៉ម សូណង់ដូ​នាយក​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ
លោក​ម៉ម សូណង់ដូ​នាយក​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ
ភ្នំពេញ សភា​ព្រហ្មទណ្ឌ​ស៊ើបសួរ​របស់​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃសុក្រ​នេះ​បានច្រាល​ចោល​សំណើ​ស្នើ​សុំ​ឱ្យនៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្តី​លោក​ម៉ម សូណង់ដូ​នាយក​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។​ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​រយៈ​ពេល​ជិតពីរ​ម៉ោង​ប៉ុណ្ណោះ​ដោយ​មាន​វត្តមាន​លោក​ម៉ម សុណង់ដូ​និង​មេធាវី​ការ​ពារក្តី។​ សវនាការ​កាត់​ទោស​នេះ​បាន​ដំណើរការ​ទៅ​ក្រោម​ការ​រឹត​បណ្តឹង​សន្តិសុខ​យ៉ាង​មាំទាំ​នៅ​ខាង​ក្រៅ​និង​ជុំវិញ​បរិវេណ​សាលា​ឧទ្ធរណ៍។​ ក្រុម​អ្នកសារព័ត៌មាន​ ​ក្រុម​អ្នក​អង្កេតការណ៍​សិទ្ធិ​មនុស្ស​និង​មន្ត្រី​ស្ថានទូត​ ត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​ស្តាប់​សវនាការ​ក៏​ប៉ុន្តែមិន​អនុញ្ញាត​ឱ្យកត់ត្រា​ខ្លឹម​សារ​ក្នុង​អង្គសវនាការ​ទេ។​ បន្ទាប់​ពី​បើក​សវនាការ​អស់​រយៈពេល​មិនដល់​ពីរ​ម៉ោង​លោក​ ឃុន លាងម៉េង ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​របស់​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ច្រាល​ចោល​សំណើ​ស្នើសុំ​ឱ្យនៅក្រៅ​ឃុំ​ចំពោះ​ករណី​លោក​ម៉ម សុណង់ដូ។​ លោក​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​បាន​បញ្ជាក់​ថា​ការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​អាច​នឹង​បង្ក​អស្ថិរភាព​និង​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​ហើយ​ម៉្យាង​ទៀត​លោក​ម៉ម សុណង់ដូ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​រួច​ហើយ។​ លោក​ឃុន លាងម៉េង​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ទេ​នៅ​ពេល​ដែល​វីអូអេ​ព្យាយាម​សម្ភាសន៍​លោក​ពេល​បញ្ចប់​សវនាការ​ក្រៅ​ពី​បញ្ជាក់​ថា​លោក​បាន​ប្រកាស​រួចរាល់​ហើយ។​ លោក​ម៉ម សុណង់ដូ​ត្រូវបាន​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចេញ​ពីក្នុង​រថយន្ត​ដោយ​ដៃទាំង​ពីរ​របស់​លោក​ជាប់​ខ្នោះ​ជាមួយ​និង​អ្នក​ទោស​ដទៃ​ផ្សេង​ទៀត។​ ពាក់​អាវ​ឆ្នូត​ដៃ​ខ្លី​និង​មាន​ចង​ក្រវ៉ាត់​ក​លោក​ម៉ម សុណង់ដូ​បាន​ប្រាប់​តុលាការ​ថា​ដោយ​សារ​បញ្ហា​សុខភាព​និង​លោក​មិនមាន​បំណង​រត់​គេច​ពី​ប្រព័ន្ធ​ច្បាប់លោក​បាន​ស្នើសុំឱ្យសាលា​ឧទ្ធរណ៍​ដោះ​លែង​លោក​ឱ្យនៅ​ក្រៅ​ឃុំ។​ លោក​ម៉ម សុណង់ដូ​បាន​និយាយថា​ក្នុង​រយៈពេល​ដែល​លោក​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​៥ខែ​មក​នេះ​លោក​មាន​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង​ដោយ​សារ​លោក​ស្រក​ទម្ងន់​មួយ​ខែ​មួយ​គីឡូក្រាម។​ ក្រោយ​ពេល​បញ្ចប់​សវនាការ​លោក​ម៉ម សុណង់ដូ​មិន​បាន​និយាយ​អ្វី​វែង​ប្រាប់​អ្នក​កាសែត​ដោយ​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លីថា៖ «ជម្រាបសួរ​បងប្អូន​ខ្មែរ​ទាំង​អស់​គ្នា»។​ អ្នក​ស្រី​ឌីន ផាន់ណារ៉ា​ភរិយា​លោក​ម៉ម សុណង់ដូ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​អ្នក​ស្រី​បាន​សម្រេច​ចិត្ត​នឹង​ប្តឹង​សារទុក​ទៅ​កាន់​តុលាការ​កំពូល​ទៀត​ដើម្បី​រកយុត្តិធម៌។ «ថ្ងៃនេះ​ខ្ញុំ​មាន​ការខក​ចិត្ត​ប៉ុន្តែ​ខ្ញុំ​នៅ​មាន​សង្ឃឹម​នៅ​ពេល​ឆាប់​ៗនេះ។ លោក​មេធាវី​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យនៅ​ក្រៅ​ឃុំ»។​ លោក​ស សូវ៉ាន​មេធាវី​ការពារ​ក្តី​លោក​ម៉ម សុណង់ដូ​បាន​និយាយ​ថា​នៅថ្ងៃសុក្រ​នេះ​លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​កំពូល។​លោក​បាន​និយាយថា​ការ​សម្រេច​សេចក្តី​ឈ្នះចាញ់​គឺ​ជារឿង​ធម្មតា​របស់​តុលាការ។​ «ខ្ញុំ​យល់​ថា​សាលា​ឧទ្ធរណ៍​គេ​គោរព​នីតិវិធី​ពីព្រោះ​ប្តឹង​១០​ថ្ងៃ​ឥឡូវ​៩​ថ្ងៃ​គេ​កាត់។​ប៉ុន្តែ​គេកាត់​ឈ្នះ​ចាញ់​គឺជា​រឿង​ធម្មតា​ខ្ញុំអត់​ទិទៀន​ទេ​ពីព្រោះ​គេបើក​ប្តឹង​ទៅសាលា​កំពូល​ដូច្នេះ​ខ្ញុំ​ប្តឹង​ភ្លាម​ថ្ងៃនេះ»។​ លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ការ​ខកចិត្ត​ហើយ​លោក​បាន​រិះគន់​ថា​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ទេ។​ «យុត្តិធម៌​ក្តី​យើង​ហាក់​បីដូចជា​យើង​មិន​ទាន់​បាន​ឈានទៅជា​សង្គម​មួយ​ដែល​អាច​រកយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​របស់​យើងបាន។​ជារឿង​មួយ​សោក​ស្តាយ​យើង​ធ្វើ​ការ​២០​ឆ្នាំ​យើង​ក៏អស់​កម្លាំង​គ្រប់​គ្នា​ ចំណាយ​កម្លាំង​ ចំណាយ​ថវិកា​ ចំណាយ​ពេល​ចំណាយ​ភាព​ប្រថុយ​ប្រថាន​ច្រើន»។ ​ នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ឧទ្ធរណ៍​ក្រុម​អ្នក​គាំទ្រ​លោក​ម៉ម សុណង់ដូបាន​ស្រែក​ទ្រហោយំ​និង​បាន​អំពាវនាវ​ឱ្យគ្រប់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ដែល​រួម​មាន​ប៉ូលិស ​និង​ មន្ត្រី​យោធា​ក្រោក​ឈរ​ឡើង​ប្រឆាំង​របប​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល​ជិត​៣០​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​ «សម្លាប់​ខ្ញុំចោលទៅ។​ក្រោក​ឈរឡើង​ប៉ូលិស​ទាហាន​កុំ ​ងប់ងល់​ ដើម្បី​ជួយ​ប្រទេស​យើង​អស់​ហើយៗ»។​ លោក​ម៉ម សុណង់​ដូ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១​ខែតុលា​ បានកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ រយៈ​ពេល​២០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ ពីបទ​ដឹកនាំ​ចលនា​ធ្វើ​អបគមន៍​មួយ​ក្នុង​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ។ ​ប៉ុន្តែ​ការ​កាត់​ទោស​របស់​លោក​ទទួល​រង​ការរិះគន់​ជា​អន្តរ​ជាតិ​ថា ​ជា​ទង្វើ​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន៕
XS
SM
MD
LG