ភ្នំពេញ៖ ជនជាប់ចោទអៀង សារី កំពុងស្ថិតក្នុងស្ថានភាពសុខភាពដ៏ផុយស្រួយដែលនាំឲ្យមានការបារម្ភ។ នេះបើផ្អែកតាមប្រភពមួយចំនួនដែលបានបង្ហើបប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ។
ជនជាប់ចោទអាយុ៨៧ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះប៉ុន្តែមិនមានការបញ្ជាក់ពីមូលហេតុផ្លូវការអំពីអាការៈជំងឺនោះទេ។
លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី បានឲ្យដឹងនៅល្ងាចនេះថា កូនក្តីរបស់លោកមានសភាពធ្ងន់ធ្ងរជាងមុន។ លោក អាង ឧត្តម បញ្ជាក់ថា ក្រពះរបស់អៀង សារី ហាក់ដូចជាលែងទទួលអាហារ ហើយធ្វើឲ្យជនជាប់ចោទរូបនេះក្អូតនៅពេលដែលបរិភោគចំណីឬផឹកទឹក។
«មើលទៅដូចជាដុនដាបជាងមុន។ បញ្ហាក្រពះគាត់។ តឹងពោះរហូត។ ពិសារអ្វីចូលក្អូត។ ដូច្នេះពេទ្យបន្ថយអាហារនិងបន្ថយទឹកពីព្រោះពិសារបន្តិចក្អូត។ ប្រែខ្លួនក្អូត»។
ដោយឡែកលោកម៉ាយឃើល ខាណាវ៉ាស សហមេធាវីអន្តរជាតិរបស់អៀង សារី និយាយក្នុងសារអេឡិចត្រូនិកប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃនេះដែរថា ស្ថានភាពសុខភាពរបស់ជនជាប់ចោទកំពុងស្ថិត «ក្រោមការតាមឃ្លាំមើល»។
លោក អៀង សារី ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបីនាក់ក្នុងសំណុំរឿង០០២ដែលជាអតីតមេដឹកនាំជាន់ខ្ពស់បំផុតដែលនៅសេសសល់ជីវិតរបស់របបកុម្មុយនីស្តបែបម៉ៅនិយម។
សំណុំរឿងនេះកំពុងតែដំណើរការប្រកបដោយការរអាក់រអួលដោយសារតែបញ្ហាសុខភាពរបស់ជនជាប់ចោទនិងបញ្ហាថវិការក្នុងរយៈពេលចុងក្រោយនេះ។
បញ្ហាសុខភាពរបស់អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសសម័យខ្មែរក្រហម និងនួន ជា អតីតប្រធានសភាខ្មែរក្រហម ដែលជាជនជាប់ចោទម្នាក់ទៀតក្នុងសំណុំរឿង០០២បានធ្វើឲ្យសាលាក្តីខ្មែរក្រហមផ្អាកដំណើរការសវនាការជាច្រើនដងក្នុងរយៈពេលចុងក្រោយនេះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា គេនៅមិនទាន់ដឹងអំពីអាការៈជំងឺរបស់អៀង សារី នៅឡើយទេរហូតមកទល់ពេលនេះ។
«រហូតមកទល់ពេលនេះខ្ញុំមិនទាន់បានទទួលរបាយការណ៍នេះនៅឡើយទេ។ ហើយខ្ញុំអត់ទាន់ដឹងថាតើស្ថានភាពសុខភាពរបស់គាត់វិវត្តយ៉ាងណានោះទេ»។
សមាជិកគ្រួសាររបស់ជនជាប់ចោទត្រូវគេឃើញចេញចូលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដូចធម្មតាប៉ុន្តែមិនអាចស្វែងរកសេចក្តីអត្ថាធិប្បាយពីពួកគេបានទេ។
ឆ្មាំសន្តិសុខត្រូវបញ្ជូនពីសាលាក្តីខ្មែរក្រហមសម្រាប់ការរក្សាសន្តិសុខដល់ជនជាប់ចោទអៀង សារី៕