ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្វីលីពីន​ផ្ដល់​ជំនួយ​ផ្នែក​កសិកម្ម​ដល់​ប្រទេស Papua New Guinea


ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដើរ​មើល​ទាហាន​ស្វាគមន៍​ខណ​ដែល​លោក​បាន​មកដល់​ពិធី​គម្រប់​ខួប​ទាហាន​ជើង​ទឹក​ហ្វីលីពីនលើកទី​១២០ ក្នុង​រដ្ឋ​ធានី​ម៉ានីល​ប្រទេស​ហ្វីលីពីណ​កាលពី​ថ្ងៃទី២២ ឧសភា ឆ្នាំ ២០១៨។
ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដើរ​មើល​ទាហាន​ស្វាគមន៍​ខណ​ដែល​លោក​បាន​មកដល់​ពិធី​គម្រប់​ខួប​ទាហាន​ជើង​ទឹក​ហ្វីលីពីនលើកទី​១២០ ក្នុង​រដ្ឋ​ធានី​ម៉ានីល​ប្រទេស​ហ្វីលីពីណ​កាលពី​ថ្ងៃទី២២ ឧសភា ឆ្នាំ ២០១៨។

ប្រទេស​ហ្វីលីពីន​ដែល​ជា​ទូទៅ​គឺ​ជា​ប្រទេស​ទទួល​ជំនួយ​អន្តរជាតិ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ​នេះ មាន​ឱកាសផ្តល់​ជំនួយ​ខ្លះ ដោយ​ហេតុ​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​យល់ព្រម​ជួយ​ដល់​កសិកម្ម​ដំណាំ​ស្រូវ​នៅ​ក្នុង​ប្រទេស Papua New Guinea ដែល​ជួប​ការ​លំបាក។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា​កន្លង​ទៅ​នេះ មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន និង​មន្ត្រី​រដ្ឋាភិបាល Papua New Guinea បាន​ចុះ​ហត្ថាលេខាលើ​កិច្ច​ព្រមព្រៀង​មួយ​ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​ ជាពិសេស​ផលិតកម្ម​ស្រូវ​អង្ករ ការ​នេសាទ​ត្រី​ក្នុង​ប្រទេស និង​ដំណាំ​ឧស្សាហកម្ម​នានា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ទីក្រុង​ម៉ានីល។

លោក Jonathan Ravelas ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​ទីផ្សារ​នៃ​ធនាគារ Banco de Oro UniBank ក្នុង​ទីក្រុង​ម៉ានីល បាន​និយាយ​ថា ដំណាំ​ស្រូវ​ប្រហែល​ជា​បញ្ហា​អាទិភាព​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​របស់​ពួកគេ ដោយសារ​តែ​ប្រទេស​ហ្វីលីពីន​ធ្លាប់​បាន​ចែក​រំលែក​យុទ្ធសាស្ត្រ​ដាំ​ស្រូវ​នៅ​ឯ​បរទេស​កាលពី​លើក​មុន។

លោក​បាន​និយាយ​ថា៖ «ការ​ដាំ​ស្រូវ​មាន​លក្ខណៈ​លំបាក​បន្តិចបន្តួច ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​រស់នៅ​ក្នុង​ប្រទេស​តំបន់​ត្រូពិក។ មុន​ពេល​ច្រូត​កាត់ ធាតុ​អាកាស​នឹង​មាន​ភ្លៀង។ យើង​មាន​ឧបករណ៍​ជំនួយ​ដែល​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ពូជ​ស្រូវ​ខុសៗ​គ្នា ដែល​ពូជ​ស្រូវ​ទាំង​នោះ​អាច​ធន់​នឹង​ទឹក​ក៏​ថា​បាន»។

ហ្វីលីពីន​ក្នុង​នាម​ជា​អ្នក​ទទួល​ជំនួយ​បរទេស

ប្រទេស​ហ្វីលីពីន​ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​ទទួល​ជំនួយ និង​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ផ្សេងៗ។

ភាគ​ច្រើន​នៃ​ជំនួយ និង​ការ​វិនិយោគ​ទាំង​នេះ​គឺ​មក​ពី​ប្រទេស​ចិន ជប៉ុន និង​សហរដ្ឋ​អាមេរិក។ ជា​ឧទាហរណ៏ នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​កំពុង​ជួយ​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​សាងសង់​ផ្លូវ​រថភ្លើង​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​ហ្វីលីពីន​រហូត​ដល់​ឆ្នាំ​២០២២ ដែល​មាន​ទឹក​ប្រាក់ ១៦៩ ពាន់​លាន​ដុល្លារ​អាមេរិក។ កាលពី ២ ឆ្នាំ​មុន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ដល់​ជំនួយ និង​ការ​វិនិយោគ​សរុប​ក្នុង​ទឹក​ប្រាក់ ២៤ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​ហ្វីលីពីន។

លោក Christian de Guzman ដែល​ជា​អនុ​ប្រធាន និង​ជា​មន្រ្តី​ឥណទាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Moody's នៃ​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា សព្វថ្ងៃ​នេះ ប្រទេស Papua New Guinea ត្រូវ​ការ​ជំនួយ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​លក្ខណៈ​បែប​ផ្សេង ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ក្នុង​ពិភពលោក​បាន​ធ្វើ​ឲ្យ​ចំណូល​ដែល​បាន​មក​ពី​ប្រេង និង​ឧស្ម័ន​មាន​ការ​ថយ​ចុះ។

លោក de Guzman បាន​និយាយ​ថា៖ «ដោយសារតែ​តម្លៃ​ប្រេង​ធ្លាក់​ចុះ ដូច្នេះ​បញ្ហា​នៅ​ក្នុង​ប្រទេស Papua New Guinea គឺ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ពួកគេ​រំពឹង​ថា​តម្លៃ​ប្រេង​នឹង​ឡើង​ដល់ ១ រយ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដូច្នេះ​ហើយ​ពួកគេ​គិត​ថា​នឹង​បាន​ចំណូល​ច្រើន ហើយ​ក៏​បាន​បង្កើន​ការ​ចាយ​វាយ។ នៅ​ទី​បំផុត ពួកគេ​កំពុង​ជួប​ផល​វិបាក​បន្តិចបន្តួច​នៅ​ពេល​ឥឡូវ​នេះ»។

លោក de Guzman បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ផ្អែក​លើ​ផ្នែក​ផ្សេងៗ។ ពួកគេ​មិន​ចង់​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ផ្ដោត​តែ​ទៅ​លើ​ប្រេង​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ»។ លោក​លើក​ឡើង​ដូច្នេះ​ដោយ​សំដៅ​ទៅ​លើ​ការ​ជំរុញ​ណា​មួយ​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម​ពី​ប្រទេស​ហ្វីលីពីន។

កាលពី​ឆ្នាំ ២០១៤ ប្រទេស Papua New Guinea បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​នៃ​ឧស្ម័ន​ធម្មជាតិ​ដែល​ត្រូវ​បាន​ពង្រាវ។ ឧស្ម័ន ប្រេង​ឆៅ និង​ប្រេង​ឥន្ធនៈ​ផ្សេង​ទៀត​អាច​នឹង «បង្កើត» បាន​នូវ​ចំណូល​ពី​នាំ​ចេញ​របស់​ប្រទេស​នេះ​ប្រមាណ ៦០ ភាគរយ។ នេះ​បើ​យោង​តាម​បញ្ជាក់​របស់​ក្រុមហ៊ុន​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ PwC។

ការ​រីក​ចម្រើន​នៃ​ផលិតផល​ក្នុង​ប្រទេស​សរុប​របស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​បាន​ធ្លាក់​ចុះ​ពី ១០,៥ ភាគរយ មក​នៅ​ត្រឹម ២ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០១៦ ហើយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ទស្សន៍ទាយ​ថា នឹង​មាន​ការ​ធ្លាក់​ចុះ​ចំនួន ១,៣ ភាគរយ នៅ​ក្នុង​ឆ្នាំ​នេះ។

នាយករដ្ឋមន្ត្រី​ប្រទេស Papua New Guinea លោក Peter O'Neill បាន​ថ្លែង​ក្នុង​វេទិកា​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ថា សេដ្ឋកិច្ច​របស់​ប្រទេស​លោក​ត្រូវតែ​ផ្ដោត​លើ​ផ្នែក​ផ្សេងៗ​គ្នា ដើម្បី​ជៀស​វៀង​មិន​ឲ្យ​មាន​ស្ថានការណ៍​ដែល​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង​ហើយ​ធ្លាក់​ចុះ​វិញ​យ៉ាង​ឆាប់​រហ័ស​កើត​ឡើង​នោះ​ទេ។

ហ្វីលីពីន​ជា​ប្រទេស​ល្បី​ឈ្មោះ​ផ្នែក​ស្រូវ

លោក O'Neill ត្រូវ​បាន​វិបសាយ​របស់​ប្រធានាធិបតី​ហ្វីលីពីន​ដកស្រង់​សម្ដី​ដើម​ថា កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​កសិកម្ម «នឹង​ជួយ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀងអាហារ​សម្រាប់​ប្រទេស​ទាំង​ពីរ»។ លោក O'Neil បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​ក្នុង​ទីក្រុង​ម៉ានីល​កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ​នេះ។

ប្រទេស​ហ្វីលីពីន​អាច​ផ្ដល់​ជំនាញ​ខាង​ពូជ​ស្រូវ​រាប់​រយ​ពូជ ដែល​ក្នុង​នោះ​មាន​ទាំង​ពូជ​ស្រូវ​មួយ​ចំនួន​ដែល​ធន់​នឹង​អាកាស​ធាតុ​អាក្រក់ៗ​នានា ដូចជា​ខ្យល់​ព្យុះ​ជា​ដើម។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Jaime Manolo នៃ​ផ្នែក​អភិវឌ្ឍ​និង​ទំនាក់ទំនង​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជ​ស្រូវ​នៅ​ហ្វីលីពីន។

លោក​បាន​និយាយ​ថា វិទ្យាស្ថាន​ដែល​បាន​ដំណើរការ​បាន ៣៣ ឆ្នាំ​មួយ​នេះ​ទទួល​បាន​ថវិកា​ផ្គត់ផ្គង់​ពី​រដ្ឋាភិបាល​ហ្វីលីពីន។ វិទ្យាស្ថាន​នេះ កាលពី​មុន​បាន​ជួយ​ផ្នែក​បច្ចេកវិទ្យា​ស្រូវ​ដល់​ប្រទេស​ប្រ៊ុយណេ និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

លោក Jaime Manolo បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​បច្ចេកវិទ្យា​សម្រាប់​ទីតាំង​ជាក់លាក់​ជា​ច្រើន ដែល​កំពុង​ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងៗ​គ្នា ដែល​ខ្ញុំ​គិត​ថា វា​ក៏​ធ្វើ​ឡើង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ។ ដូច្នេះ​ខ្ញុំ​គិត​ថា វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជ​ស្រូវ​នៅ​ហ្វីលីពីន មាន​ជំនាញ និង​បច្ចេកវិទ្យា​ដែល​អាច​ជួយ​ប្រទេស Papua New Guinea ឲ្យ​បង្កើន​ផលិតផល​ស្រូវ​របស់​ខ្លួន​បាន​ផង​ដែរ»។

ប្រយោជន៍​ដែល​រំពឹង​បាន​មក​វិញ

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ប្រទេស​ហ្វីលីពីន​ប្រហែល​ជា​ទទួល​បាន​អ្វី​ត្រឡប់​មក​វិញ​សម្រាប់​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​ដល់​ប្រទេស Papua New Guinea។

ប្រទេស​ហ្វីលីពីន​មាន​ពលករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស Papau New Guinea ដែល​ពលករ​ទាំង​នោះ​ជា​ផ្នែក​មួយ​នៃ​ពលករ​ចំណាក​ស្រុក​របស់​ហ្វីលីពីន​សរុប​ចំនួន ២ លាន ៣ សែន​នាក់ នៅ​ទូទាំង​ពិភពលោក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ហ្វីលីពីន​រាយការណ៍​ថា មាន​ប្រជាជន​ហ្វីលីពីន​ចំនួន ១ ម៉ឺន ៥ ពាន់ ៥ រយ​នាក់​កំពុង​ធ្វើការ​ក្នុង​ប្រទេស Papua New Guinea គិត​មក​ត្រឹម​ឆ្នាំ ២០១២ ប៉ុន្តែ​តួលេខ​នេះ​បាន​កើន​ឡើង។ លោក de Guzman បាន​និយាយ​ថា បុគ្គលិក​បច្ចេកទេស​របស់​ប្រទេស​ហ្វីលីពីន​អាច​មាន​លទ្ធភាព​ជួយ​ប្រទេស Papua New Guinea ឲ្យ​មាន​ជំនាញ​ប្រសើរ​ខាង​ផ្នែក​កសិកម្ម។

ចំណូល​របស់​ពលករ​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ពលករ​ហ្វីលីពីន​ធ្វើ​ការ​នៅ​បរទេស​ផ្ញើ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

លោក Carl Baker នាយក​កម្មវិធី​មួយ​ចំនួន​នៃ​វេទិកា​ប៉ាស៊ីហ្វិក​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង Honolulu រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក៏​ចង់​ឲ្យ​ប្រទេស Papua New Guinea លុប​ចោល​ច្បាប់​ប្រឆាំង​នឹង​ការ​នេសាទ​ត្រី​ធូណា ដោយ​ទូក​នេសាទ​បរទេស​ផង​ដែរ។

ទូក​នេសាទ​នានា​ធ្លាប់​បាន​ចូល​ទៅ​ដល់​ដែន​ទឹក​របស់​ប្រទេស Papua New Guinea ពី​កោះ Mindanao នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ហើយ​នេសាទ​ត្រី​ធូណា​យក​មក​ឲ្យ​រោងចក្រ​កែច្នៃ​ត្រី​នេះ។ កាល​ពី​ឆ្នាំ​មុន លោក Duterte នៃ​ប្រទេស​ហ្វីលីពីន​បាន​ស្នើ​ឲ្យ​លោក O'Neill ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ហាមឃាត់​នេះ។

លោក Baker បាន​និយាយ​ថា៖ «វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជ​ស្រូវ​ក្នុង​ប្រទេស​ហ្វីលីពីន​គឺ​ជា​វិទ្យាស្ថាន​ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​វិទ្យាស្ថាន​នេះ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជា​ច្រើន​អំពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម​កសិដ្ឋាន​តូចៗ ដូច្នេះ​ចំណុច​នេះ​គឺ​វា​សក្ដិសម​សម្រាប់​ប្រទេស Papua New Guinea»។

លោក​បាន​បន្ថែម​ថា៖ «កន្លង​មក ប្រទេស​ហ្វីលីពីន​មិន​បាន​ផ្ដល់​ជំនួយ​ច្រើន​ណាស់​ណា​ទៅ​ឲ្យ​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​នោះ​ទេ។ ខ្ញុំ​សង្ស័យ​ថា ករណី​នេះ​គឺ​ពិតជា​ធ្វើ​ឡើង​ដោយសារតែ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ព្យាយាម​ការពារ​ប្រយោជន៍​របស់​រោងចក្រ​កែច្នៃ​ត្រី​ធូណា»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG