ដោយមានការតវ៉ាប្រឆាំងតិចតួចចំពោះការតម្លើងកាំជ្រួញម៉ីស៊ីលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងប្រជុំកោះ Spratly ដែលការណ៍នេះបានធ្វើឲ្យប្រទេសចិនកាន់តែមានភាពងាយស្រួលក្នុងការពង្រឹងទីតាំងយោធារបស់ខ្លួននៅក្នុងសមុទ្រចិនមានជម្លោះ។ នេះបើយោងតាមអ្នកវិភាគ។
ប្រទេសវៀតណាមកាលពីថ្ងៃទី៨ខែឧសភាកន្លងទៅ បានទាមទារឲ្យប្រទេសចិនដកកាំជ្រួញម៉ីស៊ីលចេញពីទីតាំងនេះ ប៉ុន្តែមិនបានចាត់វិធានការណ៍ខ្លាំងក្លាបន្តទៀតទេ។ ប្រទេសហ្វីលីពីនមានយន្តការដើម្បីពិភាក្សាអំពីការបង្កើតទីតាំងយោធានៅសមុទ្រចិនខាងត្បូងប៉ុន្តែមិនបានមើលឃើញថាទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាការគំរាម
កំហែងនោះទេ។ នេះបើយោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីក្នុងទីក្រុងម៉ានីល បានប្រកាសកាលពីសប្តាហ៍មុន។ ប្រទេសទាំងពីរ រួមជាមួយប្រទេសព្រុយណេ ម៉ាឡាស៊ី និងកោះតៃវ៉ាន់ បានទាមទារកាន់កាប់ដែនទឹកជាទីតាំងដែលប្រទេសចិនបានដាក់ពង្រាយកាំជ្រួញម៉ីស៊ីលសម្រាប់បាញ់នាវា និងសម្រាប់យន្តហោះកាលពីខែមេសា។
ពួកអ្នកវិភាគបាននិយាយថាប្រតិកម្មតវ៉ាប្រឆាំងតិចតួចនេះបានផ្តល់ឱកាសឲ្យប្រទេសចិនកាន់តែមានភាពងាយស្រួលក្នុងការតម្លើងកាំជ្រួចម៉ីស៊ីលរបស់ខ្លួននៅលើកោះតូចៗទាំងបីនៃប្រជុំកោះ Spratly ជាទីតាំងដែលចិនបានសាងសង់ទីតាំងយោធាកាលពីជាងពីរឆ្នាំកន្លងទៅ និងបានបំពាក់ប្រព័ន្ធសព្វាវុធបន្ថែមទៀត។ កាលពីសប្តាហ៍មុនប្រទេសចិនបានប្រកាសថា ខ្លួនកំពុងធ្វើការសាកល្បងគ្រាប់ផ្ទុះរបស់ខ្លួន។
រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារកាន់កាប់៩០ភាគរយនៃសមុទ្រចិនខាងត្បូងជាន់គ្នាទៅនឹងដែនទឹកដែលប្រទេស៥ទៀតបានអះអាងថាជាកម្មសិទ្ធរបស់ពួកគេ។ ចិនបានធ្វើឲ្យប្រទេសផ្សេងៗដែលទាមទារកាប់កាន់ដែនសមុទ្រមានការរកាំចិត្ត
ចាប់តាំងពីឆ្នាំ២០១០មក តាមរយៈការចាក់បំពេញដីនៅតាមកោះតូចៗ និងការតម្លើងសម្ភារៈយោធានៅលើកោះទាំងនោះ។ ផ្ទៃសមុទ្រដែលលាតសន្ធឹងពីកោះតៃវ៉ាន់រហូតដល់ប្រទេសសិង្ហបុរីគឺជាជង្រុកត្រី ជាផ្លូវនាវាចរណ៍ និងជាទីតាំងសម្បូរដោយប្រេង និងឧស្ម័ន៕