ប្រទេសកម្ពុជាពឹងផ្អែកទៅលើប្រទេសចិនខាងផ្នែកជំនួយកាន់តែខ្លាំងឡើងៗ។ ក្រុមអ្នករិះគន់បានព្រមានថា ការគាំទ្រខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិនមកលើប្រទេសកម្ពុជាមិនត្រូវបានតាមដានឲ្យបានល្អិតល្អន់ល្អ ដែលប្រទេសចិនទំនងជាអាចមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជានិងអាចមានន័យថា មានវិបត្តិជាច្រើនទៀតពេលដែលប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ។
ជំនួយហិរញវត្ថុរបស់ចិន ដែលបានធ្វើឲ្យវិស័យហេដ្ឋារចនាសម្ព័ន្ធយោធា និង វិស័យផ្សេងៗទៀតមានការប្រសើរឡើងនោះ បានក្លាយជាកង្វល់របស់ក្រុមសិទ្ធិមនុស្សនិងគណបក្សប្រឆាំង ដោយព្រមានថា ជំនួយទាំងនេះមានន័យថា ប្រទេសចិនអាចមានឥទ្ធិពលលើគោលនយោបាយរបស់ប្រទេសកម្ពុជា។
ទន្ទឹមនឹងពេលដែលប្រទេសចិនកំពុងស្វែងរកធនធានធម្មជាតិ ពលកម្មថោក ឱកាសទីផ្សារនិងការវិនិយោគ ប្រទេសចិនបានដើរតួនាទីសំខាន់នៅក្នុងវិស័យកាត់ដេរ ដែលប្រទេសចិនអាចមានលទ្ធភាពប្រើកម្លាំងពលកម្មដែលមានតម្លៃថោក និង ដីសម្បទានក៏ដូចជាគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតនៅទូទាំងប្រទេស។
តំណាងគណបក្សសង្គ្រោះជាតិ គឺលោកសុន ឆ័យ បានមានប្រសាសន៍ថា៖«យើងមិនដែលឃើញថា ការចងសម្ព័ន្ធមិត្តផ្តាច់មុខជាមួយចិនអាចនឹងជួយទៅដល់សេដ្ឋកិច្ចរបស់ខ្មែរនោះដែរ»។
លោកសុន ឆ័យបានមានប្រសាសន៍បន្ថែមថា៖«មានតែការកេងប្រវ័ញ្ច ការយកដីធ្លីប្រទេសកម្ពុជា ការកាប់បំផ្លាញព្រៃឈើ ការសាងសង់ទំនប់វារីអគ្គិសនី ដែលប៉ះពាល់ដល់បរិស្ថាន និងការសង់សំណង់ដែលគ្មានគុណភាព»។
កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន។ នៅក្នុងខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសចិន ហើយប្រទេសចិនបានសន្យាផ្តល់ជំនួយបន្ថែមចំនួន៥០០ លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។
អ្នកនាំពាក្ររបស់រដ្ឋាភិបាលគឺលោកផៃ ស៊ីផានបានមានប្រសាសន៍ថា ប្រទេសចិនបានជួយប្រទេសកម្ពុជាដើម្បីអភិវឌ្ឍ ជាអ្វីដែលប្រទេសកម្ពុជាកំពុងស្វែងរក។
ប្រទេសចិនបានជួយប្រទេសកម្ពុជាខាងផ្នែកសន្តិសុខផងដែរ។ នៅឆ្នាំ ២០១៣ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់កាំភ្លើងធុនធំចំនួន១០០០ដើម ជាមួយនិងគ្រាប់ចំនួន៥០០០០គ្រាប់។ ប្រទេសចិនក៏បានផ្តល់រថយន្តចំនួន២៦គ្រឿង និងឯកសណ្ឋានចំនួន៣០០០០សម្រាប់ដល់ប្រទេសកម្ពុជា។
ប្រទេសចិនក៏បានលក់ឧទ្ធម្ភាគចក្រយោធាមួយចំនួន ដែលមានតម្លៃ ប្រហែល២០០លានដុល្លារ។
ប្រទេសកម្ពុជានឹងសងបំណុលនេះទៅតាមពេលវេលាកំណត់ជាបន្តបន្ទាប់។
នៅខែឧសភាឆ្នាំនេះ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីសម្បទានចំនួន៣៣លានដុល្លារ និងប្រាក់បរិច្ចាគចំនួន១២០លានដុល្លារ។ លោកហ៊ុន សែន មានប្រសាសន៍ថា ប្រាក់ទាំងនេះគឺសម្រាប់ការសាងសង់ពហុកីឡាដ្ឋានសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំ APEC កាលពីខែវិច្ឆិកា ប្រទេសចិនបានផ្តល់ប្រាក់វិនិយោគ៤០ពាន់លានដុល្លារដើម្បីបង្កើតមូលនិធិផ្លូវសូត្ររបស់ខ្លួនដែលនឹងជួយ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសអាស៊ាន និងពង្រឹងសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ាន។
លោក John Ciorciari សាស្រ្តាចារ្យគោលនយោបាយសាធារណៈនៅឯសាកលវិទ្យាល័យ Michigan បាននិយាយថា ភាពជាដៃគូរវាងកម្ពុជាចិនបន្តកាន់តែខិតជិត ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយដែលមានការចំណាយទាប។
លោកបានមានប្រសាសន៍តាមអ៊ីមែលថា៖ «ប្រទេសចិនបានផ្តល់នូវការវិនិយោគ និងជួយពួកមេដឹកនាំកម្ពុជាឲ្យពង្រឹងសេដ្ឋកិច្ច ឲ្យមានការកើនឡើងក្នុងរបៀបមួយដែលជំរុញជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ហើយវាជាថ្នូរនឹងការដែលប្រទេសចិនស្វែងរកការងាយស្រួលក្នុងការរុករកធនធានធម្មជាតិ ស្វែងរកពលកម្មដែលមានតម្លៃថោក និងស្វែងរកការគាំទ្រផ្នែកការទូត»។
ក្នុងឆ្នាំ២០១២ លោកហ៊ូ ជីនតាវ ដែលពេលនោះជាប្រធានាធិបតីរបស់ ប្រទេសចិន បានជួបជាមួយលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីការសន្យានៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិនជាមួយនឹងប្រទេសកម្ពុជា ហើយនឹងមានការកើនកញ្ចប់ប្រាក់កម្ចីចំនួន៧០លានដុល្លារ។ ប្រទេសកម្ពុជាបានធ្វើឲ្យកិច្ចប្រជុំអាស៊ានត្រូវការបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាសមុទ្រចិនខាងត្បូង។
លោក John Ciorciari បាននិយាយថា ទំនាក់ទំនងចិនកម្ពុជាបាននាំឱ្យមានកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ប៉ុន្តែអាចមានហានិភ័យចំពោះ ឯករាជ្យភាពរបស់ប្រទេសកម្ពុជា និងការប្រឈមទៅនឹងការមូលមតិរបស់អាស៊ាន។
បើប្រទេសចិនបានព្យាយាមប្រើប្រាស់អានុភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងកម្រិតណាមួយ ភាពតានតឹងខាងការទូតនៅក្នុងតំបន់នឹងកើនឡើង ហើយវាមិនច្បាស់ថា តើប្រទេសចិនឬអាស៊ាននឹងទទួលបានផលប្រយោជន៍ពីការបែកខ្ញែកនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
លោក John Ciorciari បាននិយាយថា ភាគច្រើននៃផលប្រយោជន៍ពីទំនាក់ទំនងមិនបានទៅលើប្រទេសនេះទាំងមូលទេ។ ផលប្រយោជន៍ភាគច្រើនបានទៅពួកវរជនកម្ពុជា។
លោកមានប្រសាសន៍ថា៖«ទំនាក់ទំនងនេះបានជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយ វាក៏បានជួយឲ្យអ្នកដឹកនាំរបស់ប្រទេសកម្ពុជាទប់ទល់នឹងសម្ពាធអន្តរជាតិ ដែលជំរុញឲ្យធ្វើកំណែទម្រង់ និង ការដាក់អាទិភាពលើបញ្ហាដូចជា ការការពារបរិស្ថាន និងសិទិ្ធមនុស្ស»។
លោក John Ciorciari បានបន្ថែមថា៖«តុល្យភាពនៃទំនាក់ទំនងនេះផ្តល់ប្រយោជន៍ទៅឥស្សរជនកម្ពុជាជាជាងមនុស្សធម្មតា»។
ទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសចិន មិនមានភាពរកាំរកូសដូចទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកទេ។ សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០០៩បានលុបចោលការបញ្ជូនរថយន្តយោធាចំនួន២០០ គ្រឿងមកកម្ពុជា បន្ទាប់ពីកម្ពុជាបាននីរទេសអ្នកសុំសិទ្ធិជ្រកកោនជនជាតិវីហ្គ័រ (Uighur) ទៅប្រទេសចិនវិញ។ កិច្ចព្រមព្រៀងចំនួន១៤ដែលមានតម្លៃ មួយពាន់លានដុល្លារបានធ្វើឡើងរវាងប្រទេសចិននិងកម្ពុជា អមដោយការបញ្ជូនឯកសណ្ឋាន និងរថយន្តយោធាចិនគឺលើសជំនួយរថយន្តអាមេរិក ដែលលុបចោលនោះ។
ឆ្នាំបន្ទាប់មក អតីតរដ្ឋការបរទេសសហរដ្ឋអាមេរិកគឺលោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានព្រមានចំពោះការដែលប្រទេសកម្ពុជាពឹងផ្អែកច្រើនពេកលើប្រទេសចិននេះ។
លោកស្រីគ្លីនតុនបានមានប្រសាសន៍ថា៖«អ្នកមិនចង់ពឹងផ្អែកលើប្រទេសណាមួយខ្លាំងពេកទេ»។
លោកស្រីបានមានប្រសាសន៍បន្ថែមទៅកាន់ ក្រុមនិស្សិតកម្ពុជាក្នុងពេលទស្សនកិច្ចមួយទៅកាន់ទីក្រុងភ្នំពេញក្នុងខែវិច្ឆិកាឆ្នាំនោះ។
លោកស្រីបានបន្ថែមថា៖«មានបញ្ហាសំខាន់ដែលកម្ពុជាត្រូវតែលើកឡើងជាមួយប្រទេសចិន»។
លោកស្រីបាននិយាយដោយផ្តោតទៅលើទំនប់វារីអគ្គិសនីរបស់ប្រទេសចិននៅតាមដងទន្លេមេគង្គដែលជាការគំរាមកំហែងជាសក្តានុពលលើប្រព័ន្ធធម្មជាតិក្នុងតំបន់។
ទំនប់វារីអគ្គិសនីទាំងនោះ និងរួមបញ្ចូលទាំងរោងចក្រថាមពលធ្យូងថ្មទាំង១៩នៅក្នុងប្រទេសកម្ពុជាភាគច្រើនជាការវិនិយោគរបស់អ្នកវិនិយោគប្រទេសចិន។ ទំនប់វារីអគ្គិសនី និងរោងចក្រថាមពលធ្យូងថ្ម អាចផ្តល់នូវថាមពលដល់គ្រួសារ៧០% នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥។ ប៉ុន្តែវាក៏អាចធ្វើឲ្យមានវិនាសកម្ម ទៅលើប្រជាជននេសាទ និង ជីវិតមនុស្សដែលរស់នៅក្បែរទំនប់ទាំងនោះផងដែរ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍដោយសារទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ហើយប្រទេសកម្ពុជានៅតែរក្សាឯករាជ្យភាពរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «អ្នកដែលបានលើកឡើងនេះគ្រាន់តែអ្នកមិនយល់ ហើយគ្រាន់តែជា អ្នកដែលវាយប្រហារការរស់រានមានជីវិតរបស់កម្ពុជាទេ»។
លោកផៃ ស៊ីផានបានបដិសេធថា កម្ពុជាមិនធ្វើការសម្រាប់ប្រយោជន៍របស់ប្រទេសចិន។
មានអ្នកសង្កេតការណ៍នយោបាយជាច្រើនបានដាស់តឿនឲ្យមានការប្រុងប្រយ័ត្ន។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា កម្ពុជាត្រូវតែជៀសវាងការរៀបចំដោយប្រទេសចិន ដែលអំណាចប្រទេសនេះកំពុងមានការរីកធំធាត់នៅក្នុងតំបន់ទូទាំង។
លោកអ៊ូ វីរៈមានប្រសាសន៍ថា៖ «គណបក្សប្រជាជនកម្ពុជាកំពុងតែខិតទៅប្រទេសចិន»។
លោកអ៊ូ វីរៈ បន្ថែមថា៖ «គណបក្សប្រឆាំងអត់ដឹងថា ខ្លួនឯងមានគោលនយោបាយអីទេ»។
លោកអ៊ូ វីរៈបាននិយាយថា អាស៊ាន ដែលកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចឲ្យកាន់តែទូលាយនៅចុងឆ្នាំក្រោយនេះ អាចនឹងត្រូវបានគំរាមកំហែងដោយសារទំនាក់ទំនងទ្វេភាគីរបស់ប្រទេសចិនជាមួយប្រទេសអាស៊ីអាគ្នេយ៍។
លោកអ៊ូ វីរៈបាននិយាយថា៖ «ប្រសិនបើចិនចាប់យកប្រទេសណាមួយក្នុងតំបន់អាស៊ាន អញ្ចឹងតំបន់អាស៊ានត្រូវជាប់គាំង»។
លោកអ៊ូ វីរៈបានបន្ថែមថា៖ «ពីដើមមក ចិនពឹងផ្អែកទៅលើប្រទេសភូមា ក្រោយមកនៅពេលដែលប្រទេសភូមាដូរទិសទៅចាប់ប្រទេសលោកខាងលិចវិញនោះ ឥឡូវនេះមានតែប្រទេសកម្ពុជាទេដែលជាកូនអុករបស់ប្រទេសចិន»។
លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកព្រួយបារម្ភថា បំណុលដែលរដ្ឋាភិបាលក្រុងភ្នំពេញជំពាក់រដ្ឋាភិបាលក្រុងប៉េកាំង នឹងត្រួសត្រាយផ្លូវសម្រាប់ផលប្រយោជន៍ប្រទេសចិន នៅពេលអនាគត ដោយមិនមានការយកចិត្តទុកដាក់លើការអភិវឌ្ឍដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។
លោកសុន ឆ័យបានមានប្រសាសន៍ថា៖ «អ្វីដែលអាក្រក់គឺការដែលប្រទេសកម្ពុជាទៅខ្ចីលុយចិនដោយពុំមានតម្លាភាពក្នុងការអភិវឌ្ឍប្រទេស»។
លើលពីនេះទៅទៀត ប្រាក់កម្ចីនោះជាធម្មតា ចំណាយសម្រាប់គម្រោង ដែលអនុវត្តដោយក្រុមហ៊ុនចិន ហើយដែលបន្ទាប់មកប៉ះពាល់ដល់បរិស្ថាន។
លោកមានប្រសាសន៍ថា ការសាងសង់ទំនប់វារីអគ្គិសនីនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ ហើយការលក់អគ្គិសនីមកឲ្យប្រទេសកម្ពុជាមានតម្លៃថ្លៃដែលផ្ទុយពីការចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេស។
អ្នកសង្កេតការណ៍ផ្សេងទៀតបាននិយាយថា ទំនាក់ទំនងនេះទំនងជាមិនផ្លាស់ប្តូរទេ។ លោកបណ្ឌិត Henri Lecard អ្នកប្រវត្តិវិទូ បាននិយាយថា ទំនាក់ទំនងប្រទេសកម្ពុជានិងចិនទំនងជាមិនផ្លាស់ប្តូរ ព្រោះប្រទេសទាំងពីរជាប្រទេសដែលដំណើរការដោយគណបក្សតែមួយ។
ទោះជាយ៉ាងណាក្តី ក៏ចំណុចល្អខ្លះដែរ។
ក្រសួងទេសចរណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះភ្ញៀវទេសចរមកពីប្រទេសចិនមកប្រទេសកម្ពុជា មានចំនួនច្រើនបំផុតទី២ បន្ទាប់ពីភ្ញៀវទេសចរមកពីប្រទេសវៀតណាម។ ក្នុងចំណោមភ្ញៀវទេសចរ៤,២លាន នាក់មកកាន់ប្រទេសកម្ពុជា មានជាង៤៦០.០០០នាក់ជាជនជាតិចិន ដែលមកប្រទេសកម្ពុជាកាលពីឆ្នាំមុន៕