ក្រសួងកិច្ចការនារីសម្ពោធផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងបច្ចេកវិទ្យាឌីជីថល បង្កើនសុខុមាលភាព និងផ្តល់តម្លៃឱ្យស្រ្តី និងក្មេងស្រីបន្ថែមទៀត។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃការដាក់ចេញផែនការយុទ្ធសាស្រ្ត នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី៨ ខែមេសា រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ថ្លែងថា ការងារលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី ជាការងារយូរអង្វែង ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន។
លោកស្រីបន្ថែមថា ក្រសួងកិច្ចការនារីបានដំណើរការតាក់តែង «ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨» ដើម្បីចូលរួមអនុវត្តតាមការចង្អុលបង្ហាញនៅក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងធ្វើឱ្យស៊ីចង្វាក់ជាមួយនឹងក្របខណ្ឌគោលនយោបាយជាតិ និងកម្មវិធីតាមវិស័យ និងការឆ្លើយតបទៅនឹងស្ថានភាព និងការវិវត្តរបស់សង្គម។
ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ផ្តោតលើយុទ្ធសាស្រ្តស្នូលមួយ និងយុទ្ធសាស្រ្តសំខាន់ៗចំនួន៦។ យុទ្ធសាស្រ្តស្នូលគឺការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់កម្រិតដោយប្រើប្រាស់អភិក្រមបរិវត្តកម្មយេនឌ័រ។ ចំណែកយុទ្ធសាស្រ្តសំខាន់ៗចំនួន៦រួមមាន ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ការលើកកម្ពស់តម្លៃសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ ការលើកកម្ពស់សុខុមាលភាពស្រ្តី និងក្មេងស្រី កិច្ចការពារផ្នែកច្បាប់សម្រាប់ស្រ្តី និងក្មេងស្រី ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ស្រ្តី និងការប្រែប្រួលអាកាសធាតុ។
ក្នុងពិធីសម្ពោធជាផ្លូវការផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារីថ្លែងថា ដើម្បីឱ្យផែនការនេះកាន់តែមានប្រសិទ្ធភាព ក្រសួងក៏បានរៀបចំការតាមដាន និងការត្រួតពិនិត្យការអនុវត្តតាមរយៈការរៀបចំសន្និបាតប្រចាំឆ្នាំ កិច្ចប្រជុំប្រចាំឆ្នាំនៅតាមអង្គភាពនីមួយៗ តាមមូលដ្ឋាន និងខេត្ត ដើម្បីពិនិត្យមើលលើការអនុវត្ត។
ផែនការយុទ្ធសាស្រ្តនារីរតនៈត្រូវបានបង្កើតឡើងជារៀងរាល់៥ឆ្នាំម្តង ដែលលើកដំបូងបង្កើតឡើងនៅឆ្នាំ១៩៩៩។
អំពើហិង្សាផ្អែកលើយេនឌ័រ ការរំលោភបំពានផ្លូវភេទទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញមកលើស្រ្តី និងកុមារ ព្រមទាំងការបៀតបៀនលើស្រ្តីជាកម្មករនិយោជិត និងស្រ្តីក្នុងវិស័យផ្សេងទៀតនៅតែជាក្តីព្រួយបារម្ភ។
ចំណែក ក្រុមជនជាតិដើមភាគតិច ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ស្រ្តីមានពិការភាព ក៏ធ្លាប់ឆ្លងកាត់អំពើហិង្សានៅក្នុងកម្រិតខ្ពស់ ហើយត្រូវប្រឈមនឹងឧបសគ្គដ៏ខ្លាំងក្លាក្នុងការទទួលបានយុត្តិធម៌ និងសំណងប៉ះប៉ូវការខូចខាតផ្សេងៗ។ នេះបើតាមរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញាស៊ីដ (CEDAW) សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០២២ ដែលចេញកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។
កញ្ញា សង្វា ភួងវីណា ប្រធានកម្មវិធីតស៊ូមតិ និងបណ្តាញនៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា (GADC) ប្រាប់វីអូអេថា យុទ្ធសាស្ត្រនារីរតនៈទី៦ មានភាពលម្អិតជាងមុន ប៉ុន្តែកញ្ញាថា គួរតែកំណត់ថវិការក្នុងការរៀបចំផែនការនេះឱ្យបានច្បាស់លាស់ ដើម្បីធានាថា សកម្មភាពនៃការអនុវត្តផែនការនេះអាចកើតមានបាន។
កញ្ញាថ្លែងថា៖ «យុទ្ធសាស្ត្រហ្នឹងល្អហើយ ប៉ុន្តែត្រូវការថវិកាតើថវិកាហ្នឹងបានបែងចែក ដើម្បីធ្វើឱ្យសកម្មភាពហ្នឹងកើតឡើងឬក៏អត់? តើធនធានហ្នឹងមានដូចជាធនធានមនុស្ស ធនធានតាមថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ក្រោមជាតិហ្នឹងតើ អាជ្ញាធរហ្នឹងគាត់បានកសាកសមត្ថភាព ទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីបញ្ជ្រាបទាក់ទងជាមួយនឹងរឿងយេនឌ័រ និងធ្វើសកម្មភាពនានាដើម្បីឱ្យវាឆ្លើយតបទៅយេនឌ័រហ្នឹងបានហើយឬនៅ»។
កញ្ញាបន្ថែមថា យុទ្ធសាស្រ្តថ្មីនេះ មានភាពវិជ្ជមានច្រើន ហើយវាអាចជាផ្លូវត្រួសត្រាយនាំស្ត្រី និងក្មេងស្រីអាចទទួលបានការពង្រឹងសិទ្ធិអំណាចពិតប្រាកដ ប្រសើរជាងមិនមាន បើទោះបីជាការចូលរួមអនុវត្តមិនសូវមានសន្ទុះខ្លាំងក៏ដោយ។
ចំណែកអ្នកស្រី ស៊ុន ម៉ាលី ប្រធានកម្មវិធីសិទ្ធិស្ត្រី និងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា ផែនការយុទ្ធសាស្រ្តនារីរតនៈមានសារៈសំខាន់ក្នុងការចូលរួមចំណែកគាំពារដល់ស្រ្តី និងកុមារនៅកម្ពុជា ប៉ុន្តែអ្នកស្រីថា តួលេខស្រ្តីក្នុងជួរថ្នាក់ដឹកនាំបន្ទាប់ពីការបោះឆ្នោតថ្មីៗនេះ នៅតែមានចំនួនតិចនៅឡើយ។
អ្នកស្រីបន្ថែមដោយជំរុញឱ្យភាគីពាក់ព័ន្ធ គួរតែអនុវត្តទៅតាមផែនការយុទ្ធសាស្រ្តនារីរតនៈដែលចងក្រងនោះ ដើម្បីឱ្យផែនការនោះកាន់តែមានប្រសិទ្ធភាព។
អ្នកស្រីថ្លែងថា៖ «បងនៅតែមានសង្ឃឹមថា ប្រសិនបើអ្នកទាំងអស់គ្នាសហការគ្នាដូចអ្វីដែលតាំងចិត្ត ដូចអ្វីដែលបានចារជាលាយលក្ខណ៍អក្សរនៅក្នុងផែនការនោះ ប្រាកដជាមានការផ្លាស់ប្តូរច្រើន ទៅលើការជួយលើស្រ្តី និងកុមារនៅប្រទេសកម្ពុជា»។
ក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញកាលពីខែធ្នូ ឆ្នាំ២០២០បង្ហាញថា នៅកម្ពុជា អំពើហិង្សាទាក់ទងនឹងយេនឌ័រជារឿយៗជាប់ពាក់ព័ន្ធទៅនឹងរចនាសម្ពន្ធនៃរបបបិតាធិបតេយ្យ និងនិយាមសង្គមដែលនៅតែចាក់ឫសយ៉ាងជ្រៅដូចជាការកម្រិតពីតួនាទីយេនឌ័រ ឬទស្សនៈឱ្យតម្លៃស្រ្តីដែលចេះស្តាប់បង្គាប់។ បញ្ហានេះអាចនាំឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅគ្រប់ដំណើរការនៃជីវិត នៅផ្ទះ សហគមន៍ ឬនៅកន្លែងការងារ៕
វេទិកាបញ្ចេញមតិ