ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេតករណី​​ស្ត្រីខ្មែរ​ពពោះ​នៅ​ក្រៅ​ប្រទេស​ជំនួស​ការ​ពពោះ​ក្នុង​ស្រុក


រូបឯកសារ៖ ប៉ូលិស​ប្រតិបត្តិការ​នៅមុខ​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ប៉ូលិស​ប្រតិបត្តិការ​នៅមុខ​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

ក្នុង​ឆ្នាំ​ ២០២៣ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ២០០​នាក់ ​នៅក្រៅ​ប្រទេស ជា​ពិសេស​ក្នុង​ប្រទេស​ចិន ដែលពួកគេរង​គ្រោះដោយ​សារ​ការ​រៀបការ​ជាមួយ​ជន​បរទេស និង​ការ​ពពោះ​ជំនួស​ដែល​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃគណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ក្នុង​ឆ្នាំ​ ២០២៣ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ដែលរងគ្រោះ និង​ងាយ​រង​គ្រោះ​នៅប្រទេស​ចិន ទាក់​ទង​នឹង​ការ​រាយ​ការណ៍​អំពី​ការជួញ​ដូរ​មនុស្សបាន​ប្រមាណ​ ២០០​នា​ក់។ ប៉ុន្តែ​អ្នកស្រី​ថា​ ករណី​ខ្លះមិន​ដូច​អ្វី​ដែល​ពលរដ្ឋរាយ​ការណ៍​នោះ​ទេ ​ដោយ​ស្ត្រីមួយ​ចំនួន​បាន​រង​គ្រោះ​តាម​រយៈ​ការរៀបការ​ជាមួយ​ជន​ជាតិ​ចិន លុះពេល​ពពោះ​រួច​រាល់​ហើយ ត្រូវ​បាន​បណ្តេញ​ចេញ​មក​ប្រទេស​កម្ពុជា​វិញ។ អ្នកស្រី​បញ្ជាក់​ថា អំពើ​ជួញ​ដូរ​មនុស្ស​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង ហើយ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​បន្ត​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «បើ​និយាយ​អំពី​ការ​សង្គ្រោះ​មក​ពី​ខាង​ចិន​ហ្នឹង​ យើង​យក​តួលេខ​របស់​ខាង​សង្គម​កិច្ច។ គាត់​ញែក​វា​អត់​ដាច់ ដោយ​សារ​គាត់​ប្រើ​ពាក្យ​រង​គ្រោះ និង​ងាយ​រង​គ្រោះ អ៊ីចឹង​វា​សរុប​ចូល​គ្នា​ ដែល​មាន​ប្រមាណជាង ​២០០​នាក់​ អ៊ីចឹង​ដែរ។ ​ប៉ុន្តែ​ក្នុង​នោះ យើង​មក​ធ្វើការ​កំណត់​អត្ត​សញ្ញាណ​ពិត​ វា​អត់​បាន​ឃើញ​ភាព​រងគ្រោះ​ដូច​អ្វី​ដែល​គាត់​បាន​រាយការណ៍។ ប៉ុន្តែ​យើង​នៅ​តែ​ជួយ​សង្គ្រោះ​ ដោយ​សារទីមួយគឺ​គាត់​រង​គ្រោះ​ដោយ​សារ​តែ​ គាត់​ទៅ​ប្រទេស​គេ»។

អ្នក​ស្រី ជូ ប៊ុនអេង បាន​លើក​យក​ករណី​ដែល​ស្ត្រី​កម្ពុជា​រៀប​ការជាមួយ​ជនជាតិ​ចិន និង​បានអះអាង​ថា​ជារង​គ្រោះ​ប្រហាក់​ប្រហែល​គ្នា​នោះ គឺ​អាជ្ញាធរ​កម្ពុជា​កំពុង​ដាក់​ការ​សង្ស័យ​ថា រូបភាព​នេះ​អាច​ជា​ករណី​ជួញ​ដូរ​ទារក​ទៅ​វិញ ដែល​ជំនួស​ឱ្យ​រូប​ភាព​ចាស់​គឺ«​ពពោះ​ជំនួស»​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ហាមឃាត់។

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា​៖ «ចាស! ពេល​មុន​ការ​ជួញ​ដូរ​ទារក​គេ​ធ្វើ​ឡើង​តាម​រយៈ​ការ​ពពោះ​ជំនួស​ ដោយ​សារ​តែ​មាន​គេហៅ​ថា ដាក់​មេ​ជីវិត អីអ៊ីចឹង​ឱ្យស្ត្រី​ពពោះ​ហើយ​ បាន​គេ​យកកូន​ទៅ​អីអ៊ីចឹង​ គេ​ជួញ​ដូរ​តាម​របៀប​ហ្នឹង​។ ហើយ​ក្រោយ​មក​ទៀត គេ​ជួញ​ដូរ​តាម​របៀប ដែល​ហៅ​ថា​មក​រស់​នៅ​ជាមួយគ្នា​ជា​មនុស្ស មិន​មែន​ជា​សិប្ប​និមិត្ត​ទៀតទេ ពីព្រោះ​គេ​រស់​នៅ​ជា​មួយគ្នា ហើយនៅដល់​ពេល​មាន​ផ្ទៃពោះ​ ប្រហែល​ជា​៤​ខែ​ ៥​ខែ ៦ខែ ​អីអ៊ីចឹង​ គេ​ឱ្យ​ទៅ​ឆ្លង​ទន្លេ​នៅ​ឯ​ប្រទេស​ចិន​ អ៊ីចឹង​ទៅ​។ ហើយ​ដល់​ពេល​បាន​កូន​ហើយ​ត្រឡប់​មក​វិញ»។

បើ​តាម​អ្នក​ស្រី ជូ ប៊ុនអេង បើ​ទោះ​បីជា​ពលរដ្ឋរង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ឬ​មិន​មែនតាម​រយៈ​អំពើ​ជួញ​ដូរ​មនុស្ស​ក្តី​ដែលស្ថិត​ក្រោមរូបភាព​ហួស​សុពល​ភាព​ឯកសារ​ ឬ​គ្មាន​ថវិកា​ត្រឡប់​មក​ប្រទេស​កំណើតវិញ​ គឺ​អាជ្ញាធរ​នឹង​ជួយ​សង្គ្រោះ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

អ្នកស្រី ស៊ុន ម៉ាលី ប្រធាន​កម្មវិធី​សិទ្ធិស្ត្រី ​និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វីអូអេ​ថា​ក្នុង​ឆ្នាំ​ ២០២៣ សមាគម​ក៏​បាន​ទទួលបាន​ការ​រាយ​ការណ៍ចំនួន​៣២​ករណីដែល​ជារូបភាព​រៀប​ការ​ដោយ​បង្ខំ និង​ពពោះនៅ​ប្រទេស​ចិន ម៉ាឡេស៊ី ​ថៃ ឥណ្ឌូ​ណេស៊ី​ជាដើម។

អ្នក​ស្រី​ថ្លែង​ថា៖ ​«អ៊ីចឹង​ខ្ញុំ​សង្កេត​ឃើញ​ថា ​ស្ត្រី​ខ្មែរ​យើង​ដែល​ទទួល​រង​ការ​លក់​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ​ [គឺ]ពីរទៅ​បីគ្រួសារ​ទើប​គាត់​អាច​ត្រឡប់[មកកម្ពុជាវិញ​]​ ដោយសារ​មាន​ការ​សង្គ្រោះ និង​មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ ស្ថានទូត ស្ថាន​កុល​សុល ក្រសួង​ ឬ​ក៏​មាន​ការសហការ​ជាមួយ​ខាង​ដៃ​គូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល​ជាដើម»។

អ្នកស្រី​យល់​ថា ​ប្រជាពលរដ្ឋ​គួរ​ស្វែង​យល់​ឱ្យ​ច្បាស់​អំពី​ទម្រង់​នៃ​ការ​បោក​ប្រាស់​និង​សុវត្ថិភាព​នានា ​ទាក់​ទង​នឹង​ការចំណាក​ស្រុក ក៏​ដូចជា​ការ​យល់​ដឹង​អំពី​សិទ្ធិ ច្បាប់​ការងារ ​កិច្ច​សន្យា​ការងារ​ជាដើម។ ចំណែក​អាជ្ញាធរ​ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​និង​ត្រូវ​ផ្តល់​លេខ​ទំនាក់​ទំនង​ដែល​ពលរដ្ឋ​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង ឬ​រាយការណ៍ ដើម្បីកុំឱ្យ​ពលរដ្ឋ​ក្លាយ​ជា​ជនរង​គ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​។ អ្នកស្រី​បន្ត​ថា​ការស្តារនីតិសម្បទា​ផ្លូវ​ចិត្ត និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ក៏ជា​ផ្នែក​សំខាន់​ផង​ដែរ ព្រោះ​ដោយ​សារ​តែ​ស្ថានភាព​សេដ្ឋកិច្ច ទើប​អាច​ធ្វើ​ឱ្យ​ក្រុម​មេខ្យល់​ឆ្លៀត​ឱកាសអូសទាញ​ពលរដ្ឋ​ឱ្យ​ក្លាយ​ជា​ជនរងគ្រោះ។

កាល​ពី​ដើម​ខែ​មីនា អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ក្មេង​ស្រី​ម្នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​នៅ​ប្រទេស​ចិន ក្រោយ​ស្រ្តី​ម្នាក់​នោះ​បាន​អំពាវនាវ​ឱ្យ​ជួយ​សង្រ្គោះ តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​សង្គម​។

គួរ​បញ្ជាក់​ថា ​ជា​រៀងរាល់​ឆ្នាំ ស្រ្តី​កម្ពុជា​តែង​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ការ​ជួញដូរ​មនុស្ស​នៅ​ក្រៅ​ប្រទេស​។ កាល​ពី​ឆ្នាំ​ ២០១៩ ប្រទេស​កម្ពុជា​បាន​កត់​ត្រា​ថា​ស្រ្តី​ខ្មែរ​ ១១១​នាក់​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ​ ដោយ​ពួកគេ​អះអាង​ថា​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​ជនជាតិ​ចិន។

របាយ​ការណ៍​របស់​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជា​ជាតិ​ឈ្មោះ ​UN-ACT ​ដែល​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០១៦ ​បាន​លើក​ឡើង​ថា ​ស្រ្តី​ខ្មែរ​ទៅ​ប្រទេស​ចិន​ដោយ​សារ​ចាញ់​បោក​មេ​ខ្យល់ ​ដែល​សន្យា​បោក​ប្រាស់​ថា​ ពួកគេ​នឹង​ទទួល​បាន​ការងារ​មាន​ប្រាក់​ខែ​ច្រើន។ របាយ​ការណ៍​បន្ត​ថា​ស្រ្តី​ខ្មែរ​មួយ​ចំនួន​ក៏​បាន​យល់​ព្រម​រៀប​ការ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ប្រាប់​ព័ត៌មាន​ខុស​ដោយ​ថា ​ពួកគេ​នឹង​មាន​ជីវភាព​ល្អ​ពេល​រៀប​ការ​ជាមួយ​ស្វាមី​ចិន ប៉ុន្តែ​ការ​ពិត ​ពួក​គេ​បាន​ធ្លាក់​ជា​ជន​រង​គ្រោះ​វិញ​ ដោយ​រៀបការ​ជាមួយ​បុរស​ជន​ជាតិ​ចិន ​ដែល​ក្រីក្រ​នៅ​តាមជន​បទ។​ របាយ​ការណ៍​ឱ្យ​ដឹង​ទៀត​ថា​ បុរស​ជន​ជាតិ​ចិន​បាន​ឱ្យ​ប្រាក់​ទៅ​មេ​ខ្យល់​ពី​ ១ម៉ឺន​ទៅ​ ២ម៉ឺន​ដុល្លារ​ ដើម្បី​ឱ្យ​ទាក់ទង​ស្រ្តី​ខ្មែរ​រៀប​ការ​ជាមួយ​ខ្លួន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG