ស្រ្តីនៅក្នុងវិស័យស្ទែម (STEM) ក្នុងប្រទេសកម្ពុជាមានចំនួនតិចតួចនៅឡើយ បើធៀបនឹងវត្តមានបុរសដែលសិក្សាជំនាញនេះ។
ស្ទែម (STEM) មានន័យដើមថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (Science, Technology, Engineering, and Mathematics)។ មុខវិជ្ជាស្ទែមត្រូវបានដាក់ចូលទៅក្នុងកម្មវិធីសិក្សារបស់កម្ពុជា មានដូចជា ការពិសោធន៍ ការស្រាវជ្រាវ និងការបង្កើតភាពច្នៃប្រឌិតទាក់ទងនឹងវិទ្យាសាស្ត្រជាដើម។
ទន្ទឹមនឹងការរីកដុះដាលផ្នែកបច្ចេកវិទ្យាក្នុងសតវត្សរ៍ទី ២១ នេះ គេកត់សម្គាល់ឃើញថាជំនាញស្ទែមមានការចាប់អារម្មណ៍ច្រើនពីសំណាក់សិស្សានុសិស្ស។ ប៉ុន្តែគេក៏ឃើញបុរសសិក្សាផ្នែកនេះច្រើនជាងស្រ្តីដែរ។
កញ្ញា ទឹម សុផានីដែត និស្សិតឆ្នាំទី ៣ ផ្នែកវិទ្យាសាស្ត្រកំព្យូទ័រ (Computer Science) នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ប្រាប់វីអូអេថា ក្នុងចំណោមនិស្សិត១៨នាក់ក្នុងថ្នាក់កញ្ញា មាននិស្សិតស្រីចំនួនតែ៥នាក់ប៉ុណ្ណោះ។
កញ្ញាថ្លែងថា៖ «ខ្ញុំយល់ឃើញថា ចំនួនស្ត្រីនៅក្នុងវិស័យស្ទែម ឧទាហរណ៍នៅក្នុងវិស័យ computer science (វិទ្យាសាស្ត្រកំព្យូរទ័រ) របស់ខ្ញុំគឺនៅមានកម្រិតបើប្រៀបធៀបទៅនឹងបុរស។ ឧទាហរណ៍នៅក្នុងថ្នាក់ដែលខ្ញុំរៀនផ្ទាល់ ចំនួនសិស្សស្រីគឺមានត្រឹមតែ៥នាក់ បើប្រៀបជាមួយនឹងសិស្សប្រុស អញ្ចឹងខ្ញុំសង្កេតឃើញថា សិស្សស្រីនៅមានកម្រិតជាងសិស្សប្រុសខ្លាំងមែនទែន»។
និស្សិតវ័យ ២០ ឆ្នាំរូបនេះថា កញ្ញាសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រនេះ ដោយសារការស្រឡាញ់ ហើយទីផ្សារការងារនៅក្នុងវិស័យនេះក៏មានច្រើនដែរ។
កញ្ញា ហេង វិជ្ជារ៉ា អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី៣រៀនជំនាញវិទ្យាសាស្រ្ដទិន្នន័យនិងបញ្ញាសិប្បនិម្មិត (Data science and artificial intelligence) នៅសាកលវិទ្យាល័យខេមតិច។ កញ្ញាលើកឡើងថា មូលហេតុដែលចាប់អារម្មណ៍រៀនជំនាញដែលទាក់ទងនឹងស្ទែមដោយសារតែកញ្ញាមើលឃើញថាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការវិវឌ្ឍនៃបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង។
វិជ្ជារ៉ាបន្តថា វត្តមានស្រី្ដដែលសិក្សាជំនាញ និងចេញធ្វើការងារទាក់ទងនឹងស្ទែមមានការកើនឡើងតិចតួច ហើយចំនួនស្រ្តីនៅតែតិចជាងបុរស។ វិជ្ជារ៉ាបន្ថែមថា ជាក់ស្ដែងនៅក្នុងថ្នាក់រៀនរបស់ខ្លួនមាននិស្សិតស្រីតែបីនាក់ប៉ុណ្ណោះក្នុងចំណោមនិស្សិតសរុប២០នាក់។
កញ្ញា ហេង វិជ្ជារ៉ា ថ្លែងថា៖ «ហើយអារម្មណ៍ខ្ញុំពេលទៅរៀនរាល់ថ្ងៃហ្នឹង ពេលខ្លះភាគច្រើនទៅរៀនមានតែស្រីម្នាក់ឯងក្នុងថ្នាក់ចឹង ហើយមានអារម្មណ៍ lonely(ឯកោ) យើងអត់មានសិស្សស្រីគ្នាឯងនិយាយជាមួយគ្នា ឬក៏ជួយគ្នានៅពេលដែលយើងអត់ចេះអីចឹង»។
និស្សិតស្រីរៀនជំនាញទាក់ទងនឹងស្ទែមរូបនេះបន្តថា ភាគច្រើនក្មេងស្រីដែលរៀនជំនាញនេះត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាដោយសារតែបញ្ហាជីវភាព និងពេលវេលា ដើម្បីរកការងារផ្សេងធ្វើសម្រាប់ជួយគ្រួសារ បើទោះជាក្មេងស្រីទាំងនោះស្រឡាញ់និងចង់រៀនជំនាញនេះក៏ដោយ។
កញ្ញា អូ ច័ន្ទបុស្បា និស្សិតឆ្នាំទី៣ ផ្នែកបច្ចេកវិទ្យាព័ត៌មាន(IT)នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថា កញ្ញាចាប់យកជំនាញនេះដោយសារវាទាក់ទងជាមួយមុខវិជ្ជាគណិតវិទ្យា និងកំព្យូទ័រ ដែលជាមុខវិជ្ជានាងចូលចិត្ត។ បុស្បាជឿថា ជំនាញដែលខ្លួនកំពុងសិក្សាកំពុងមានទីផ្សារ និងតម្រូវការក្នុងសង្គម។
ទោះជាយ៉ាងនេះក្តី នៅក្នុងថ្នាក់ បុស្បា មាននិស្សិតស្រីចំនួន១៤នាក់ប៉ុណ្ណោះក្នុងចំនួនសិស្សសរុប៤២នាក់។ កញ្ញាគិតថា នេះអាចបណ្តាលមកពីកត្តាមួយចំនួនដូចជាកត្តាគ្រួសារ និងអ្នកនៅជុំវិញខ្លួន។
កញ្ញាថ្លែងថា៖ «មុនពេលដែលខ្ញុំមករៀន IT ហ្នឹងក៏មានអ្នកនិយាយអញ្ចឹងដែរថា អូនឯងស្រីហ្នឹងទៅរៀន IT ធ្វើអី ដល់ពេលទៅរៀនហើយ រៀនចប់មកអង្គុយលក់ទូរស័ព្ទជាមួយបងអញ្ចឹង»។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់វីអូអេតាមសារអេឡិចត្រូនិចតេឡេក្រាមថា ចំនួនស្ត្រីដែលចាប់យកអាជីព ឬជំនាញស្ទែម មានតិចជាងបុរស ប៉ុន្តែក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានស្រ្តីកើនឡើងទ្វេដង ពោលគឺមានប្រមាណ ៣៨% ក្នុងពេលបច្ចុប្បន្ននេះ។
អ្នកស្រីបន្ថែមថា ក្រសួងអប់រំបានសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តដល់កុមារី និងយុវតី រួមមានការបង្កើតកម្មវិធីនានាដូចជាកម្មវិធីសរសេរកូដ កម្មវិធីប្រកួតប្រជែងឌីជីថល និងការផ្សព្វផ្សាយគំរូស្រ្តីដែលចាប់យកអាជីព STEM ជាដើម។
គួរបញ្ជាក់ថា ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា អ្នកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងវីដេអូមួយដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ថា វត្តមានស្ត្រី និងក្មេងស្រីនៅក្នុងវិស័យឌីជីថល ក៏ដូចជាវិស័យស្ទែមមានចំនួនតិចនៅឡើយ ខណៈពេលដែលប្រជាប្រិយភាព និងតម្រូវការទីផ្សារការងារខ្ពស់។ អ្នកស្រីបន្តថា រដ្ឋាភិបាលនឹងបន្តពង្រឹងនិងបង្កើនយុទ្ធនាការផ្សេងៗដើម្បីលើកកម្ពស់ស្រ្តី និងក្មេងស្រីចូលរួមក្នុងវិស័យស្ទែមឱ្យបានច្រើន៕
វេទិកាបញ្ចេញមតិ