ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តន្ត្រី​រ៉ក់​កម្ពុជា​នឹង​លេច​មុខ​លើ​ឆាក​មហោស្រព​ Kennedy Center​ ​សហ​រដ្ឋ​អាមេរិក


ក្រុម​តន្ត្រី​រ៉ក់និង​រ៉ូល​កម្ពុជា​ Cambodia Space Project ជាក្រុម​ដែល​សម្តែង​និង​និពន្វ​ចម្រៀង​បែប​តន្រ្តី​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៦០។(រូបភាព​ផ្តល់ដោយ)
ក្រុម​តន្ត្រី​រ៉ក់និង​រ៉ូល​កម្ពុជា​ Cambodia Space Project ជាក្រុម​ដែល​សម្តែង​និង​និពន្វ​ចម្រៀង​បែប​តន្រ្តី​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៦០។(រូបភាព​ផ្តល់ដោយ)

ដោយ​ការ​ស្រឡាញ់​និង​កោត​សរសើរ​សិល្បៈករ​និង​តន្ត្រី​កាលពី​យុគសម័យ​មាស​របស់​ប្រទេស​កម្ពុជា​ ​ក្រុម​តន្រ្តី​តន្ត្រី​​រ៉ក់ខេន​​រ៉ូល​​ «The Cambodian Space Project​»​​បាន​បង្កើត​ឡើង​ ​ក្នុង​គោល​បំណង​​ស្តារ​​ឡើង​វិញ​នូវ​​តន្ត្រី​ដែល​កម្ពុជា​​បាន​បាត់​បង​អំឡុង​សម័យ​​ខ្មែរ​ក្រហម។​

ក្រុម​តន្ត្រី​រ៉ក់​ ខ្មែរ​-អូស្ត្រាលី​ The Cambodian Space Project ​ត្រូវ​បានអញ្ជើញ​ឲ្យ​ទៅ​ប្រគំ​តន្ត្រី​បង្ហើរ​ចម្រៀង​Rock'n'Roll ​របស់​ខ្មែរ​កាល​ពី​ទសវត្សន៍​ឆ្នាំ​១៩៦០​ ​និងចម្រៀង​បង្កើត​ថ្មី​ផ្ទាល់ ខ្លួន​ទៅកាន់​ប្រជា​ជន​ចម្រុះ​ជាតិសាសន៍​នៅ​សហរដ្ឋ​អាមេរិក​ នា​សាល​សិល្បៈ​វប្បធម៌​ The Kennedy Center។​ អ្នក​ស្រី​ ចន្ធី​ដែល​ជា​អ្នក​ចម្រៀង​ជន​ជាតិ​ខ្មែរ​ប្រចាំក្រុមតន្ត្រីនេះ​ សម្តែង​ក្តី​រំភើប​ដែល​បាន​ចូល​រួម​ ​លើក​យក​សិល្បៈ​តន្ត្រី​សម័យ​ឆ្នាំ​៦០​មក​សម្តែង​ឡើង​វិញ​ លើ​ឆាក​អន្តរ​ជាតិ។​

​ក្រុម​តន្ត្រីរ៉ក់ខេនរ៉ូល «The Cambodian Space Project​» ​នឹង​ប្រគំ​តន្ត្រីនៅ​សាលមហោស្រព​ The Kennedy Center​ ​ដែលជា​ស្ថាប័ន​វប្បធម៌​និង​សិល្បៈ​ដ៏​ធំមួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៃ​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃអង្គារ​ខាង​មុខ។

តារា​ចម្រៀង​ស្រីជនជាតិ​ខ្មែរ​ ​អ្នក​នាង​ ​កាក់ ចន្ធី​ ​និង​ក្រុម​តន្ត្រី​ខ្លួន​ដែល​មានសញ្ជាតិ​ចម្រុះ​កម្ពុជា​និង​អូស្ត្រាលី​ គ្រោង​ប្រគំ​បទ​ចម្រៀង​រ៉ក់ខេនរ៉ូល​ខ្មែរ​នៃទសវត្សរ៍​៦០។

អ្នក​នាង​ ​កាក់ ចន្ធី​ ​បាន​ប្រាប់​ ​VOA​ ​ថា៖

«ខ្ញុំ​គិតថា​វាពិសេស​មែន​ដោយ​ត្រង់​ថា​ គេ​អញ្ជើញ​យើង​ទៅ​ ​ពិសេស​នោះ​គឺ​ទៅ​ប្រទេស​ធំ​ ​ហើយ​ទីក្រុង​ដ៏​ធំ​មួយ​ដែល​គេ​ ​(ប្រារព្ធ)​កម្ម​វិធី​បុណ្យ​ហ្នឹង​ ​នៅ​ក្នុង​មហោស្រព​ហ្នឹង​។​ ​ពិត​ជា​អស្ចារ្យ​មែន​ទែន​ ​ខ្ញុំ​រំភើប។​ ​ដូចជា​ខ្ញុំ​ Rock'n'Roll​ ​ទៅ​អញ្ចឹង​ ​អាច​ចូល​ទៅ​សម្តែង​ទៅ​ក្នុង​កម្ម​វិធី​បុណ្យ​ដ៏​ធំ​មួយ​អញ្ចឹង​ពិត​ជា​នឹក​ស្មាន​មិនដល់»។

ក្រុម​តន្ត្រី The Cambodian ​Space ​Project ​មាន​ប្រជា​ប្រិយភាព​នៅ​លើ​ឆាក​អន្តរជាតិ​ ​ខណៈអ្នក​ស្គាល់​ក្រុមតន្ត្រីនេះ​នៅ​មាន​ចំនួនតិច​តួច​នៅ​ឡើយ​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ខ្មែរ។

ក្រុម​តន្ត្រីនេះ​បានបង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩​ ​ដោយ​តន្ត្រីករ​ជនជាតិ​ Tasma​ ​គឺ​លោក​ Julien Poulson​ ​និង​អ្នក​ស្រី​កាក់ ចន្ធី។​ ​កាល​នោះ លោក​ ​ Julien ស្តាប់​លឺ​សម្លេង​ច្រៀង​ដ៏​ក្រអួន​របស់​អ្នក​ស្រី​ចន្ធី​ ដែល​កំពុង​ច្រៀង​ក្នុង​បារ​មួយនៅទី​ក្រុង​ភ្នំពេញ​ ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​បាន​ត្រូវ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​«ទី​ក្រុង​គុជ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»​ ​កាល​ពី​ទសវត្សរ៍​៦០។​

តន្ត្រី​រ៉ក់​ដែល​បាត់បង់​ទៅ​

ដោយ​ការ​ស្រឡាញ់​និង​កោត​សរសើរ​សិល្បៈករ​និង​តន្ត្រី​កាលពី​យុគសម័យ​មាស​របស់​ប្រទេស​កម្ពុជា​ ​ក្រុម​តន្រ្តី​នេះបាន​បង្កើត​ឡើង​ ​ក្នុង​គោល​បំណងស្តារឡើង​វិញ​នូវតន្ត្រី​ដែល​កម្ពុជាបាន​បាត់​បង​អំឡុង​សម័យខ្មែរ​ក្រហម។​

​បទ​ចម្រៀង​ ​«Whisky Cambodia»​ ​គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​ក្រុម​តន្តី្រ​នេះ​បាន​និពន្ធ​ឡើង​ដោយ​ខ្លួន​ឯង​ និង​កំពុង​ពេញ​និយម​ពី​សំណាក់មិត្ត​អ្នក​ស្តាប់។​ ​ហើយ​វា​នឹង​ត្រូវ​បានយក​ទៅ​សម្តែង​នៅ​មហោស្រព The Kennedy Center​ ​ដែល​មាន​រយៈពេល​៤៥ នាទី។​ ​អ្នក​នាង​ចន្ធី​ ដែល​គេ​តែង​ហៅ​ថា​«ស្រីធី»​ ​នឹង​ច្រៀង​ចម្រៀង​រ៉ក់​ខេនរ៉ូលផ្សេង​ៗ​ទៀត​របស់​អ្នកស្រី​ប៉ែន​ រ៉ន និង​អ្នក​ស្រី​រស់ សេរី​សុទ្ធា​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រាជនី​សំឡេង​មាស​នៅ​ក្នុង​ទសវត្សរ៍​ទី៦០​និង​៧០។​

​កាលពី​ទសវត្សរ៍​ទី​៦០​និង​ទី៧០​ ​តន្ត្រី​នៅកម្ពុជា​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វប្បធម៌​អាមេរិក​ ​ដែល​ត្រូវ​ជ្រៀប​ចូល​មកតាម​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ាន​ ក្នុង​កំឡុង​ពេល​អាមេរិក​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹងវៀតណាម​កុំម្មុយនីស្ត។​ ក្រុមតន្ត្រីដែល​ល្បីៗ​ដូច​ជា​ ​ក្រុម​បក្សីចាំ​ក្រុង​ ​ក្រុម​តន្ត្រី​បាយ័ន និង​ក្រុម ​Draka​ ​បាននាំ​មក​នូវ​តន្ត្រីរ៉ក់​ខេនរ៉ូល​ប្លែក​ថ្មី​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​ ​នេះ​បើ​តាមការ​ឲ្យដឹង​ពីលោក​ សេង តារា​ ​ជា​អ្នក​ស្រឡាញ់​តន្ត្រី​មួយ​រូប​ ​ដែល​បាន​ប្រមូល​និង​ចង​ក្រង​បទ​ចម្រៀង​ចាស់ៗ​ជា​ឯកសារ។​

«ខ្ញុំ​ឃើញថា​អ្នកទទួល​យក​ឥទ្ធិពល​ពី​បរទេស​ទាំង​អស់​ហ្នឹង​ ​ភាគច្រើន​គាត់ជា​មនុស្ស​ដែលបាន​រៀន​សូត្រ​ច្រើន​ ដែល​គាត់ចេះ​ភ្ជាប់​បញ្ចូល​គ្នា​រវាងសិល្បៈ​ខ្មែរ​ និង​សិល្បៈ​បែប​បរទេស​ ​ដែល​យើង​មើល​ទៅ​មិនមាន​លក្ខណៈ​បែប​បស្ចឹម​ប្រទេស​សុទ្ធសាធ។​ បើសិន​ជាគាត់​យក​តែ​សិល្បៈ​ខ្មែរ​សុទ្ធសាធ អាហ្នឹងវា​ល្អ​ម្យ៉ាង​ដែរ​ក៏ប៉ុន្តែ វា​អត់​មាន​ការកើត​គំនិតថ្មី។ គាត់​ចេះធ្វើ​អញ្ចឹង​បាន​ល្អ​មែន ទែន»។​

​នៅ​ពេល​ដែល​ ​តន្ត្រី​សិល្បៈ​ ​និង​ស្ថាបត្យកម្ម​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុងភ្នំពេញ​ ប្រទេស​ជិត​ខាងនៅ​ភាគខាងកើត​កំពុង​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​នោះ​គឺ​«សង្គ្រាមវៀតណាម»។​

ក្រោយសង្គ្រាមវៀតណាម​បាន​ចប់​ទៅ​ ខ្មែរក្រហម​បាន​កាន់​កាប់​រាជធានី​ភ្នំពេញ។​ ​ភាព​ទំនើប​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​វប្បធម៌​បរទេស​ត្រូវ​បាន​លុប​ចោល​ទាំង​អស់។​ ​បញ្ញវ័ន្ត​ ​សិល្បៈករ​ និង តន្ត្រីករ​ ​គឺ​ជា​គោល​ដៅ​ដែល​ខ្មែរ​ក្រហម​កម្ចាត់​ចោល។​ ​ឯកសារ​ ​ចម្រៀង​ និង​កំណត់​ត្រា​ផ្សេងៗ​ ត្រូវ​បាន​គេប្រមូល​ដើម្បី​កំទេច​ចោល​ ​ហើយ​អ្នក​ណា​ដែល​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ថា​ឥស្សរជន​វប្បធម៌​ ​ដូចជាសិល្បករ​ ​និង​តន្ត្រី​ករ​ជា​ដើម​ត្រូវ​បាន​គេ​សម្លាប់។​ ​ប្រជា​ជន​ជាង​១លាន​៧​សែន​នាក់​ត្រូវ​បាន​បាត់បង់ជីវិត​ក្នុង​របប​ប៉ុលពត។

ក្រុម​តន្រ្តី​រ៉ក់និង​រ៉ូល​កម្ពុជា​នឹង​ទៅស​ម្តែង​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​សហរដ្ឋអាមេរិក​នៅ​សាលមហោស្រព​សិល្បៈនិង​រប្បធម៌​ The Kennedy Center នៅ​ថ្ងៃទី​១២ កញ្ញា ២០១៧។(រូបភាពផ្តល់ដោយ)
ក្រុម​តន្រ្តី​រ៉ក់និង​រ៉ូល​កម្ពុជា​នឹង​ទៅស​ម្តែង​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​សហរដ្ឋអាមេរិក​នៅ​សាលមហោស្រព​សិល្បៈនិង​រប្បធម៌​ The Kennedy Center នៅ​ថ្ងៃទី​១២ កញ្ញា ២០១៧។(រូបភាពផ្តល់ដោយ)

ការ​ចាប់​ផ្តើម​ នៃ​ក្រុមតន្ត្រី​ The Cambodian​ Space ​Project​

ក្រៅ​ពី​ច្រៀង​ និង​ថត​ឡើង​វិញ​នូវ​បទចម្រៀង​លំនាំ​ដើម​ពី​ទសវត្សរ៍​ទី​៦០​និង​៧០​ ក្រុម​តន្ត្រី The Cambodian ​Space ​Project ​ក៍​បាន​ផលិត​ចម្រៀង​បន្ថែម​ដោយ​ខ្លួន​ឯង។ ​តារា​ចម្រៀង​រ៉ក់​សម្បុរ​ស្រអែម​ ស្រីធី​ ​បាន​អភិវឌ្ឍ​ខ្លួនពី​អ្នក​ចម្រៀង​បទ​លំនាំដើម ទៅ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ម្នាក់។ ជំនាញ​នៃ​ការ​និពន្ធ​ចម្រៀង​នេះ​គឺ​ចេញ​ពី​ ​បេះដូង​និង​ខួរ​ក្បាល​របស់​អ្នក​ស្រី។​

​«បទ​ចម្រៀង​ពួក​គាត់​ ​សរសេរ​បទ​មួយៗ​គឺធ្វើ​ឲ្យ​យើង​ដាក់​ដប​ ដូចថា​ដាក់ក្នុងចិត្ត​បេះដូងអញ្ចឹង​ទៅ​ណា។​ ​ខ្ញុំ​ជា​ដើម​ ​ដែល​បាន​សរសេរ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​នេះ​ ខ្ញុំ​អត់ដែលមាន​គ្រូទេ​ តែ​បទ​ចម្រៀង​ ​អ្វី​ដែល​យើង​ឃើញ​ ​អ្វី​ដែល​ក្នុង​បេះដូង​ និងចិត្ត​ អ្វី​ដែល​យើងមាន​ ពេលខ្លះ​យើង​ប្រាប់​គេ​ គេភ្លេច​អស់​ហើយ។​ ​បើ​យើង​យក​មក​សរសេរ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ ធ្វើ​ឲ្យយើង​ស្តាប់​ទៅ​វានៅ​មាន​អត្ថន័យ​សម្រាប់​ជីវិត​របស់​យើង​ទៀត»។

ស្រីធី​កើត​នៅ​ខេត្ត​ព្រៃវែង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា។ ​អ្នក​ស្រី​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់ទី៣​ ដូច្នេះ​ការ​សរសេរ​ និង​ការអាន​របស់​អ្នកស្រី​នៅ​មាន​កម្រិត​ ​ដែល​ជា​បញ្ហា​មួយ​ក្នុង​ការ​អាន​អក្សរ​ភ្លេង​នៅពេល​ដែលអ្នក​ស្រីធ្វើ​ការ​ជា​មួយ​នឹងតន្ត្រីករ។​

​«បង​អត់​ចេះ​ ដូ រ៉េ​ មី...​អី​ទេ​ ​ប៉ុន្តែ​សរសេរ​បណ្តើរ​អីទៅ ចង់ឡើង​អញ្ចឹង​ទៅឲ្យ​គាត់​កាច់ហ្គីតា​ឡើង​ទៅ​ ​គាត់ចង់ចុះ​ឲ្យកាច់​ហ្គីតា​ចុះអញ្ចឹងទៅ​ ពេលបង​ចង់​ ដូ ​ទៅបងធ្វើ​ទៅខ្លួនឯងអញ្ចឹងទៅ។ ត្រង់​ហ្នឹង​ហើយ​បង​មាន​ការ​លំបាក​បន្តិច។​ គេមិន​ជឿទេ​ សូម្បី​បងទៅ​ស្ទូឌីយ៉ូ​គេប្រាប់ថា ​បងឯង​ធ្វើ​អញ្ចេះ​ ចូល ​ដូ ​ចូល រ៉ូ​ ចូល ​រ៉េ មី​ អញ្ចេះ​អីហ្នឹង​ ខ្ញុំ​អត់ចេះសោះ​ហ្មង។ ​ខ្ញុំមានការ​លំបាកត្រង់​ហ្នឹង។​ ​តែ​អា​នេះ​ស្តាយ​របស់ខ្ញុំ»។​

ស្រី​ធី គឺ​ជា​មនុស្ស​ម្នាក់​ដែលចូលចិត្ត​កំប្លែង​ ​និង​ភាព​សប្បាយ​រីករាយ។​ តារាច​ម្រៀង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ​ដែល​ជា​និម្មិតរូប​ ​ស្រីធីគឺ លោកស្រី​ ប៉ែន រ៉ន បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ជាតិ​មួយ​រូប​ នៅ​ពេល​ដែល​បាន​ចាប់​ដៃ​គូច្រៀង​ជា​មួយ​នឹង​លោក​ ​ស៊ិន ស៊ីសាមុត។​ ជា​អកុសល​ លោកស្រី​ ប៉ែន រ៉ន​ត្រូវ​បាន​គេ​គិត​ថា​ ត្រូវ​បានគេសម្លាប់នៅថ្ងៃ​ចុង​ក្រោយបំផុត​ដែល​ខ្មែរ​ក្រហម​ដឹកនាំ។

«និយាយទៅ​បទ​ចម្រៀង​អ្នក​ Rock'n'Roll​ ហ្មង​គឺអ្នកស្រី​ប៉ែន រ៉ន។​ ​ដោយសារ​តែ​បទ​គាត់​ ភាព​ស៊ិច​ស៊ី​ ​ការ​សើច​ ភាព​កំប្លុក​កំប្លែង​របស់គាត់​ ហើយ​សម្លេង​របស់​គាត់​ សម្លេងគាត់​ គឺពិរោះ​រណ្តំ​មែន​ទែន។​ ​បើ​ ​រស់ សេរីសុទ្ធា​សម្លេង​មាស។​ សម្រាប់​ប៉ែន រ៉ន​ ដូចខ្ញុំ​ហ្នឹង​ យក​ ​ Rock'n'Roll​ ​មក រូប​រាង​ខ្ញុំ​បាន​តែ​កំប្លុក​កំប្លែង​ បើ​មនោ​សញ្ចេតនា​ អត់សូវ​មានទេ​ ព្រោះ​ខ្ញុំ​និយាយ​លែង​ច្រើន»។

នៅ​ពេល​ដែល​លោកស្រី​រំឭកកាលពី​វ័យ​កុមារ​ ​ស្រី​ធី ​តែង​តែ​សរសើរ​ម្តាយ​របស់​លោកស្រី​ថា​ជា​អ្នក​ចម្រៀង​ដ៏​ល្អបំផុត​ក្នុង​ស្រុក។​ ​ម្តាយ​របស់​លោកស្រី​តែងតែ​ច្រៀង​គ្រប់​ពេល​ មិន​ថា​ពេល​បោស​សម្អាត​ផ្ទះ​ ​ពេល​ទៅ​ផ្សារ​ ​និង​ពេល​ចម្អិន​ម្ហូបអាហារ។​ ​ចំណែក​ឯ​ឪពុក​របស់​លោក​ស្រី​គឺ​ជា​អ្នក​បើក​បរ​រថក្រោះ​ក្នុង​សម័យ​សង្គ្រាម លោក​តែង​តែ​បើក​វិទ្យុ​ស្តាប់​ព័ត៌មាន​ ​ហើយ​ជា​រឿយៗ​ហើយ​ជួនកាល​ស្រីធី​អង្គុយស្តាប់​ចម្រៀងជាមួយ​គាត់។

ស្រី​ធី​បាន​មក​ដល់ទី​ក្រុង​ភ្នំពេញ​ក្នុង​វ័យ​១៩ឆ្នាំ​ដើម្បី​ស្វែង​រក​ការងារ។​ លោក​ស្រី​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ហើយជាប់​នៅ​ក្នុងផ្ទះ​បន​ ​ប៉ុន្តែ​លោកស្រី​ត្រូវ​បាន​សង្គ្រោះ​ទាន់ពេល។​ ​លោកស្រី​ធ្លាប់​ឆ្លង​កាត់​ការងារ​ជាច្រើន​តាំង​ពី​ការងារ​សំណង់​ អ្នក​ចម្រៀង​ខារ៉ាអូខេ​ ​និង​សព្វថ្ងៃ​អ្នក​ស្រី​ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ​នៅ​ក្នុង​ផ្សារ​ទួលទំពូង។​

​ដើម្បី​ជម្នះ​លើភាព​ក្រីក្រ​និង​ការបាក់​ទឹកចិត្ត​ ​មាន​តែ​តន្ត្រី​រ៉​ក់​ប៉ុណ្ណោះ​ដែល​ ​អាច​ជួយ​លោកស្រី​បាន។​

«Rock'n'Roll​ ​គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ ​បំភ្លេច​ទុក្ខ​ អ្វី​ដែល​យើង​ពិបាក​ចិត្ត​ យើង​អាច​ច្រៀង​បំភ្លេច ឬ​ស្តាប់​បទ​ចម្រៀង​ ​Rock'n'Roll​ ​ដែល​វា​មាន​ពាក្យ​កំប្លុកកំប្លែងធ្វើ​ឲ្យ​យើង​បំបាត់​ទុក្ខ​កង្វល់»។​

ការ​មាន​ជីវិត​ឡើង​វិញនៃ​តន្ត្រីរ៉ក់

ក្រុម​តន្ត្រី​ The​ Cambodian Space Project ​គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ខ្សែ​ភាព​យន្ត​ឯកសារ​ « Not Easy Rock'n'Roll»​ ​ហើយត្រូវ​បាន​ចាក់​បញ្ចាំង​ដំបូង​នៅ​ក្នុង​មហោស្រព​ខ្សែ​ភាព​យន្ត​ទី​ក្រុង​ស៊ីដនី​កាល​ពី​ឆ្នាំ២០១៥ ​ហើយ​ត្រូវ​បាន​ដាក់​បញ្ចាំង​លើ​កម្ម​វិធី​ទូរទស្សន៍​ BBC។​

​ស្រី​ធី​ ​និង​លោក​ Julien ​មិន​បាន​រំពឹង​ថា​ ក្រុម​តន្ត្រី​របស់​អ្នក​ទាំង​ពី​រ​នឹង​ទទួល​បាន​គាំទ្រ​យ៉ាង​ច្រើន​ដូច្នេះ​ទេ​។ ប៉ុន្តែ​ក្នុង​រយៈពេល​៨​ឆ្នាំ ក្រុម​តន្ត្រី​ដែល​ឥឡូវ​នេះ​មាន​សមាជិក​ប្រាំ​នាក់ដែល​ ក្នុង​នោះ​មាន​អ្នក​ស្រី​ដែល​ជា​អ្នក​ចម្រៀង​និង​អ្នក​វាយ​ស្គរ​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ​ បាន​ឡើង​សម្តែង​លើ​ឆាក​អន្តរជាតិជាច្រើន​តំបន់​ និង​ច្រើន​មហោស្រព​តាំង​ពី​តំបន់អាស៊ី ​អឺរ៉ុប ​និង​ប្រទេស​អូស្ត្រាលី​។​

ផលិតករ​ភាព​យន្ត​លោក​ Marc Eberle​ ​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិច​ត្រូនិចថា៖

«ការ​បញ្ចាំង​រឿង​នេះ​លើ​កម្មវិធី​ទូរទស្សន៍​ BBC ​ដែល​ផ្សាយ​ទៅកាន់​ប្រមាណ ​១៣០​ប្រទេស​លើ​ពិភព​លោក គឺជា​ផ្លូវ​មួយ​ដ៏ល្អ​ដែល​ពាំនាំ​វប្បធម៌​របស់កម្ពុជា​ទៅ​ពិភព​លោក។ នៅ​ប្រទេស​ជា​ច្រើន​ នៅអាមេរិក​ខាងត្បូង​ អាហ្វ្រិក​ និងនៅ​អាស៊ី ​ខ្សែភាពយន្ត​ត្រូវ​បាន​ទស្សនិក​ជន​យល់​អំពី​វា​ និងចាប់​អារម្មណ៍ជា​ខ្លាំង»​។​

បច្ចុប្បន្ន​ តន្រ្តី​រ៉ក់​និង​រ៉ូល​កំពុងមាន​ជីវិត​ឡើង​វិញបន្តិច​ម្តងៗ​ជាមួយ​នឹងការ​លេច​ឡើង​នៅ​ក្រុម​តន្ត្រី​ រ៉ក់​ខេនរ៉ូល​ថ្មីៗ​ជា​ច្រើន។​ ក្រៅ​ពី​ក្រុម​តន្ត្រី​ ​The Cambodian Space Project​ ​ក្រុម​ ​Dengue Fever​ ​គឺ​ជា​ក្រុម​មួយ​ផ្សេង​ទៀត​ដែល​បង្កើត​ឡើង​នៅ​ក្នុង​គោល​បំណង​ស្រដៀង​គ្នា​គឺ​ការ​អភិរក្ស​និង​ច្នៃ​ប្រឌិត​ថ្មី​នូវ​តន្ត្រី​រ៉ក់​ខេនរ៉ូល​របស់​ប្រទេស​កម្ពុជា​ ​រួម​នឹងក្រុម​តន្ត្រី​ប៉ប់​ ​និង​រ៉ក់ឯទៀត​របស់​យុវជន​ជំនាន់​ក្រោយ​ដែល​បង្កើត​ស្នាដៃ​ចម្រៀង​ថ្មីៗ។​

លោក​ ​Jimmy Kiss​ ​ដែល​ជា​តារា​ចម្រៀង​ផប់​និង​រ៉ក់​កំពុង​រះ​ចំណោម​ក្រុម​យុវវ័យ​ក្មេងៗ​នៅ​កម្ពុជា សារទរនៅ​ពេល​ដែល​បានលឺ​ថា​ តន្ត្រីរ៉ក់​របស់​ប្រទេស​កម្ពុជាបាន​លេច​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​និង​ក្នុង​ស្រុក​ម្តង​ទៀត​ ស្រប​ពេល​ដែលខ្លួន​លោក​ផ្ទាល់​ ក៏​ធ្លាប់​បាន​សម្តែង​នៅ​លើ​ឆាក​អន្តរ​ជាតិ​ក្នុង​តំបន់​អាស៊ី​ និង​សហរដ្ឋ​អាមេរិក​ផងដែរ។​

​ទោះ​ជាយ៉ាង​ណា​ក៏​លោក​មាន​ការ​មិន​យល់​ស្រប​នៅ​ពេល​ដែល​គេ​និយាយ​ថា ​វិស័យ​តន្ត្រី​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃបាន​អន់ថយ។​

«ខុស​ត្រង់ថា ​សម័យ​មុន​ និង​សម័យ​នេះ​អ្នកលេង​ភ្លេង​ពូកែ​ក៏មាន​ច្រើន​ដែរ​ តែ​ការ​ឲ្យ​តម្លៃ​លើ​តន្ត្រី​គឺ​ខុស​គ្នា។​ កាល​ពី​ដើម​ការ​ឲ្យ​តម្លៃ​ទៅ​លើ​តន្ត្រី​ខ្លាំង! ​អ្នក​លេង​ភ្លេង​មាន​ទទួល​អារម្មណ៍​ថា គាត់​មាន​កិត្តិយស​ចំពោះ​ការ​បង្ហាញ​តន្ត្រី​របស់​គាត់។ ​សម័យ​កាល​នេះ​ អ្នក​ភ្លេង​ឥលូវ​ក៏មាន​សមត្ថភាព​ច្រើន​ដែរ​ តែ​នៅ​ពេលដែល​គាត់​បង្ហាញ​ទៅ​តម្លៃ​កិត្តិយស​គាត់​មិន​សូវ​មាន។ ​វាធ្វើ​ឲ្យ​មើល​ទៅ​ឃើញអន់ថយ​ ឃើញ​ដូចមិនសូវ​ខ្លាំងដូចពីមុន​»។​

​ស្រី​ធី​ បាន​និយាយ​ថា​ទស្សនិក​ជន​ជនជាតិ​ខ្មែរ​ដែល​គាំទ្រ​ក្រុម​តន្ត្រី​របស់​អ្នក​ស្រី​មាន​តែ​ប្រមាណ​១០​ភាគ​រយ​ប៉ុណ្ណោះ។​ អ្នកស្រី​ក៏​បាន​បន្ត​ថា ក្នុងវ័យ​បច្ចុប្បន្ន​ និងទៅអនាគត​ អ្នកស្រី​មិន​អាច​ទាក់​ទាញ​ប្រិយមិត្តអ្នក​ស្តាប់វ័យ​ក្មេង​បាននោះ​ទេ។​ អ្នកស្រី​បាន​លើកទឹកចិត្ត​ឲ្យ​តារា​ចម្រៀង​ប៉ប់និង​រ៉ក់​វ័យ​ក្មេង​ដែល​កំពុង​ល្បី​ល្បាញឲ្យបន្តស្រាវជ្រាវ​និង​សិក្សា​ អំពី​ការនិពន្ធ​ចម្រៀង​របស់កវី​ល្បីៗកាល​ពី​ទសវត្សរ៍​៦០ ដែល​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​និពន្ធ​ចម្រៀង​ដែល​ពិរោះ​ នៅ​តែ​ពេញ​និយម និង​ស្តាប់​មិន​ចេះ​ជិន​ណាយ​ទោះ​បី​ជា​ពេល​វេលា​កន្លង​យូរ​ប៉ុណ្ណា​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG