សាច់ញាតិពលរដ្ឋថៃដែលត្រូវបានចាប់ពង្រត់ឬសម្លាប់ដោយជនសកម្មប្រយុទ្ធហា ម៉ាសបានចំណាយពេលជាច្រើនដើម្បីប្រមូលព័ត៌មានលម្អិតតាមបណ្ដាញសង្គមអំពីអ្វីដែលបានកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេចាប់តាំងពីមានការវាយប្រហារលើប្រទេសអ៊ីស្រាអែល។
ប្រទេសថៃកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលរងគ្រោះពីជម្លោះ ដែលកើតឡើងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។
គេបារម្ភថាពលរដ្ឋថៃ១៨នាក់បានស្លាប់នៅក្នុងអំពើហិង្សានេះ ខណៈមនុស្ស១១នាក់ផ្សេងទៀតត្រូវគេជឿថាត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស់ ដែលភាគច្រើនចេញពីតំបន់ក្រីក្រនៅភាគឦសានឈ្មោះ Isaan។ នេះបើតាមការឲ្យដឹងពីក្រសួងការបរ ទេសថៃកាលពីថ្ងៃអង្គារ។
ក៏ប៉ុន្តែ ក្រសួងដដែលបានបន្ថែមថាតួលេខនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ នៅក្នុងស្ថានភាពវឹកវរដ៏គ្រោះថ្នាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ស្ថានទូតអ៊ីស្រាអែលប្រចាំទីក្រុងបាងកកបានថ្លែងថាការរាប់ចំនួនពលរដ្ឋទាំងអស់មិនអាចធ្វើទៅបានទេ ដោយសារតែប្រតិបត្តិការយោធាកំពុងបន្តធ្វើ។
អ៊ីស្រាអែលបានចាប់ផ្តើមវាយបកទៅលើការវាយប្រហារដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលរាប់រយនាក់។ ក្រុមហាម៉ាស់បានព្រមានថាពួកគេនឹងចាប់ផ្ដើមសម្លាប់ចំណាប់ខ្មាំង ប្រសិនបើមានការវាយប្រហារដោយគ្មានការព្រមានជាមុនពីសំណាក់អ៊ីស្រាអែលទៅលើតំបន់ Gaza ដែលនៅទីនោះ មនុស្សរាប់រយនាក់ រួមទាំងជនស៊ីវិលផងបានស្លាប់។
ពលរដ្ឋថៃប្រមាណ៣ម៉ឺននាក់ធ្វើការនៅអ៊ីស្រាអែលដែលភាគច្រើននៅតាមកសិដ្ឋាន Kibbutzនៅជាប់ព្រំដែនជាមួយតំបន់Gaza ដោយពួកគេអាចរកប្រាក់ចំណូលបានរហូតដល់១ពាន់ដុល្លារក្នុងមួយខែ ដែលជាចំនួនមួយច្រើនជាងប្រាក់ខែដែលគេអាចទទួលបាននៅភាគឦសាននៃប្រទេសថៃ។
អ្នកស្រី Orna Sagivឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃបានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទថា៖«ខ្ញុំសុំបញ្ជាក់ប្រាប់ពលរដ្ឋថៃថាអ៊ីស្រាអែលប្ដេជ្ញាធ្វើអ្វីគ្រប់យ៉ាងតាមតែអាចធ្វើបានដើម្បីការពារពលករថៃនៅក្នុងប្រទេសរបស់យើង។ សូមជឿជាក់លើពួកយើងចុះថាពួកគេនឹងទទួលបានការយកចិត្តទុកដាក់និងការការ ពារដូចមនុស្សគ្រប់រូប នៅប្រទេសអ៊ីស្រាអែលមិនថាជាពលរដ្ឋអ៊ីស្រាអែលឬជនមានសញ្ជាតិបរទេសនោះទេ»។
សាច់ញាតិដែលកំពុងតក់ស្លុតនៃអ្នកដែលត្រូវបានចាប់ពង្រត់ទាំងនោះ បានស្វះស្វែងរកព័ត៌មានអំពីទីជម្រកសមាជិកគ្រួសាររបស់ពួកគេ ជាជាងពឹងផ្អែកលើវីដេអូដែលចែករំលែកលើហ្វេសប៊ុកឬតិកតុក ដោយពលរដ្ឋថៃផ្សេងទៀតឬពឹងផ្អែកលើព័ត៌មានពីជនសកម្មប្រយុទ្ធដែលជាអ្នកវាយប្រហារលើពួកគេ។
ស្ត្រីម្នាក់ឈ្មោះPiyanus Phujuttu អាយុ២៧ឆ្នាំនិយាយថា«អ្នកស្រីពិបាកដកដង្ហើមនិង ពិបាកសម្រាកណាស់ ដោយសាតែសមាជិកគ្រួសារបានឃើញបងប្អូនជីដូនមួយរបស់អ្នកស្រីឈ្មោះKhomkrit Chombua ត្រូវបានពួកជនសកម្មប្រយុទ្ធចាប់នៅក្នុងតំបន់ Gaza Stripកាលពីថ្ងៃសៅរ៍នៅក្នុងវីដេអូឃ្លីបមួយដែលគេចែករំលែកនៅលើបណ្ដាញសង្គម។
អ្នកស្រីថ្លែងប្រាប់វីអូអេថា៖«មន្ត្រីថៃបានប្រាប់ខ្ញុំថាពួកគេនឹងពិភាក្សាជាមួយរដ្ឋាភិ បាលអ៊ីស្រាអែលអំពីរឿងនេះ ហើយស្ថានទូតអ៊ីស្រាអែលនៅក្នុងប្រទេសថៃក៏បានប្រាប់ខ្ញុំដែរថាពួកគេត្រូវបោសសម្អាតតំបន់នោះជាមុនសិន មុននឹងចាប់ផ្ដើមស្វែងរកមនុស្ស។ ស្ថានទូតអះអាងថាពួកគេកំពុងតាមដានស្ថានការណ៍នេះ ប៉ុន្តែមកទល់ពេលនេះ ពួកគេមិនទាន់អាចបញ្ជាក់ពីទីតាំងរបស់បងប្អូនជីដូនមួយខ្ញុំទេ មិនដឹងថាគាត់ស្លាប់ឬរស់ទេ»។
ពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី Suda Thepgaew បានថ្លែងប្រាប់ទូរទស្សន៍ថៃថាអ្នកស្រីជឿថាប្ដីរបស់អ្នកស្រីគឺជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋថៃ៦នាក់ដែលត្រូវបានបាញ់សម្លាប់នៅពេលជនសកម្មប្រយុទ្ធរាប់សិបនាក់បានវាយប្រហារទៅលើកន្លែងស្នាក់នៅរបស់កម្មករនៅជិតតំបន់ Gaza។
អ្នកស្រីថ្លែងថា៖«ខ្ញុំទើបតែបាននិយាយជាមួយគាត់កាលពីថ្ងៃសៅរ៍ ពេលនោះអ្វីគ្រប់យ៉ាងនៅល្អប្រសើរ យើងបានសើចជាមួយគ្នា បន្ទាប់មកខ្ញុំក៏បានឮស្នូរកាំភ្លើង ឮការ វាយប្រហារដោយកាំជ្រួចមីស៊ីល រំពេចនោះក៏បាត់ទំនាក់ទំនងតែម្ដង។ ពេលក្រោយមក មិត្តរបស់គាត់នៅឯចម្ការបានប្រាប់ខ្ញុំថា Ballទៅបាត់ហើយ»។
ក្នុងករណីដាច់ដោយឡែកមួយទៀត ស្ដ្រីជាម្ដាយកំពុងទុក្ខសោកម្នាក់ដែលមានកូនប្រុសជាកម្មករចំការចេកនៅអ៊ីស្រាអែលមកពីតំបន់ Kalasin ស្ថិតនៅភាគខាងជើងនៃប្រទេសថៃបានរៀបរាប់អំពីកូនប្រុស់របស់អ្នកស្រីឈ្មោះ Somkuan Pansa-ard ដែលត្រូវបានបាញ់សម្លាប់នៅតំបន់ Nahal Oz kibbutz ក្នុងប្រទេសអ៊ីស្រាអែល។ អ្នកស្រី Noopa Pansa-ard បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ដោយឱបរូបថតកូនប្រុសអ្នកស្រីថាអ្នកស្រីបានព្យាយាមបញ្ចុះបញ្ចូលកូនប្រុសគាត់កុំឲ្យចេញពីប្រទេសថៃ។ អ្នកស្រីនិយាយទៀតថាកូនប្រុសអ្នកស្រីបានចុះកិច្ចសន្យារការងាររយៈពេល៥ឆ្នាំនៅអ៊ីស្រាអែលហើយបានផ្ញើរប្រាក់មកគ្រួសាររបស់គេចំនួន២ពាន់ដុល្លារក្នុងមួយខែ។
អ្នកស្រី Noopa Pansa-ard បានរៀបរាប់អំពីការសន្ទនាតាមទូរស័ព្ទជាមួយកូនប្រុសជាលើកចុងក្រោយថា៖«ខ្ញុំបានប្រាប់កូនថាខ្ញុំមិនចង់បានប្រាក់ទេ ខ្ញុំចង់ឲ្យតែគេមានសុវត្ថិភាពតែប៉ុណ្ណោះ។ ខ្ញុំបានប្រាប់គេថាខ្ញុំនឹកគេខ្លាំងណាស់»។
ថៃគឺជាប្រភពពលករចំណាកស្រុកដ៏ធំមួយក្នុងចំណោមប្រទេសផ្សេងទៀតនៅអ៊ីស្រា អែល។ ក្រសួងការងារថៃ បានឲ្យដឹងថា ពលករចំណាកស្រុកភាគច្រើនធ្វើការជាកម្ម ករនៅតាមកសិដ្ឋានហើយបានផ្ញើរប្រាក់មកផ្ទះជារៀងរាល់ខែ។ ក្រសួងនោះបានបន្ថែមថាពលករថៃប្រមាណ៧ពាន់នាក់ផ្សេងទៀតប្រហែលកំពុងធ្វើការនៅទីនោះដោយខុសច្បាប់ដែលនេះបង្កការបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ដោយសារតែនិយោ ជករបស់ពួកគេទំនងជាមិនបានកត់ត្រាចំនួនអ្នកដែលបានបាត់ខ្លួននោះទេ។ ក្រសួងបញ្ជាក់ទៀតថាមានតែកោះតៃវ៉ាន់និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ ដែលមានពលករចំណាកស្រុកថៃច្រើនជាងអ៊ីស្រាអែល។
រដ្ឋាភិបាលថៃបានសន្យារថានឹងជម្លៀសពលរដ្ឋរបស់ខ្លួនទាំងអស់ចេញពីអ៊ីស្រាអែល។
ពលរដ្ឋថៃជិត៤ពាន់នាក់បានចុះឈ្មោះដើម្បីចាកចេញពីអ៊ីស្រាអែល នៅពេលដែលស្ថានភាពនៅទីនោះកាន់តែអាក្រក់ជាងមុន ដោយជើងហោះហើរទីមួយគ្រោងមកដល់ប្រទេសថៃនៅថ្ងៃព្រសហ្បតិ៍។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Kanchana Patarachok អ្នកនាំពាក្យក្រសួងការងារថៃដែលបានថ្លែងប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃអង្គារ។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋថៃនៅអ៊ីស្រាអែលខ្លះបាននិយាយថាពួកគេចង់ស្នាក់នៅអ៊ីស្រាអែលបន្តទៀត ដោយសារតែពួកគេទទួលបានប្រាក់ខែខ្ពស់ ជាជាងការបារម្ភអំពីបញ្ហាសុវត្ថិភាព ខណៈដែលពួកគេកំពុងជួយដល់ជីវភាពក្រុមគ្រួសារនៅឯផ្ទះស្ថិតនៅភាគឦសានប្រទេសថៃដែលនៅទីនោះប្រាក់ចំណូលប្រចាំថ្ងៃមានប្រហែល៨ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
ពលករម្នាក់ឈ្មោះJakkapol Wipracha អាយុ៣៥ ឆ្នាំបានថ្លែងប្រាប់វីអូអេពីតំបន់ Talmei Yosefនៅជិតព្រំដែនអ៊ីស្រាអែលភាគខាងត្បូងជាប់នឹងតំបន់Gaza ថាជារៀងរាល់ខែ លោកធ្វើការនៅក្នុងកសិដ្ឋានប៉េងប៉ោះមួយដោយទទួលបានប្រាក់ខែ១.៣៤០ ដុល្លារក្នុងមួយខែ។
លោកនិយាយថា៖ «ខ្ញុំជាកូនប្រុងច្បង ដូច្នេះខ្ញុំត្រូវតែមើលថែទាំឪពុកម្ដាយ ប្រពន្ធ និង កូន២នាក់ដែលមានអាយុ៣ឆ្នាំនិង៥ឆ្នាំ»។
លោកបន្តថា៖«ខ្ញុំធ្វើជាងចំនួន៩ខែហើយ ហើយខ្ញុំផ្ញើរប្រាក់ភាគច្រើនទៅផ្ទះ។ រហូតមកទល់ពេលនេះ មិនទាន់ឃើញរដ្ឋាភិបាលថៃទាក់ទងមកខ្ញុំទេ ប៉ុន្តែខ្ញុំក៏ត្រូវតែពិចារ ណាអំពីស្ថានភាពរបស់ខ្ញុំដោយយកចិត្តទុកដាក់ផងដែរ។ ប្រសិនបើ ខ្ញុំត្រឡប់ទៅវិញ ខ្ញុំនៅតែត្រូវបន្តរកការងារនៅក្រៅប្រទេសដដែល។ នេះដោយសារតែខ្ញុំជំពាក់បំណុលគេ ខ្ញុំមិនអាចរកការងារធ្វើនៅថៃ ដែលអាចជួយឲ្យខ្ញុំបង់បំណុលគ្រប់គ្រាន់នោះទេ»៕
ប្រែសម្រួលដោយលោក នាម ឆេង