ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​នឹង​ដាក់​កញ្ឆា​ទៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ឡើង​វិញ ខណៈ​នាយក​រដ្ឋមន្ត្រី​ប្តេជ្ញា​​ចាត់វិធានការ​​តឹងរ៉ឹង​លើ​គ្រឿងញៀន


រូបឯកសារ៖ មនុស្ស​ដើរ​កាត់​ហាង​កញ្ឆា​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក
រូបឯកសារ៖ មនុស្ស​ដើរ​កាត់​ហាង​កញ្ឆា​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក

ប្រទេស​ថៃ​និយាយ​ថា​ ខ្លួន​នឹង​ដាក់​កញ្ឆាទៅក្នុង​បញ្ជី​គ្រឿងញៀន​ណាកូទិក​ឡើង​វិញនៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។ នេះ​បើ​តាមការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​កន្លង​ទៅ​នេះ​ ​ដែល​នេះជា​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ ​ បន្ទាប់​ពីប្រទេស​នេះ​ក្លាយ​ជាប្រទេស​ទី​១​ក្នុង​ទ្វីប​អាស៊ី​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ ដែល​បាន​ចាត់​ទុក​ថា កញ្ឆា​មិន​ត្រូវ​មាន​ទោស ព្រហ្មទណ្ឌ​ឡើយក្នុងការ​ប្រើប្រាស់​ជា​គ្រឿងកម្សាន្ត​នោះ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មា​ន Reuters កាល​ពី​ថ្ងៃ​ទី​៨​ ខែ​ឧសភា​កន្លង​ទៅ។​

ការ​ផ្លាស់​ប្តូរ​នេះ​កើតមាន​ឡើង ខណៈ​ពេលមាន​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ការ​លក់​កញ្ឆា​ ដោយ​មាន​តូប​និង​អាជីវកម្ម​លក់​រាប់ពាន់​កន្លែង​បាន​ចុះបញ្ជី​ក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ នៅ​ក្នុង​ឧស្សាហកម្ម​មួយ​ដែល​គេ​ប៉ាន់ប្រមាណ​ថា​ មាន​តម្លៃ​រហូត​ដល់១ពាន់​២០០លាន​ដុល្លារអាមេរិក​នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ​។

នាយករដ្ឋមន្ត្រី​ថៃ​លោក​ Srettha Thavisin បាន​និយាយ​នៅ​ក្នុង​បណ្តាញ​សង្គម X ថា​ «​ខ្ញុំ​ចង់​ឱ្យ​ក្រសួង​សុខាភិបាល​ថៃ​កែ​ប្រែ​ច្បាប់និង​ចុះបញ្ជី​ដាក់​កញ្ឆា​ចូល​ទៅ​ក្នុង​ប្រភេទ​គ្រឿងញៀន​ណាកូទិក​ឡើង​វិញ»។

លោក​បន្ថែម​ទៀតថា៖​ «ក្រសួងសុខាភិបាល​គួរ​ដាក់​ចេញ​នូវ​គោលការណ៍ឱ្យ​បាន​ឆាប់រហ័ស​មួយ​ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​កញ្ឆា​តែ​ក្នុង​គោលបំណងសុខភាព​ និង​វេជ្ជសាស្ត្រ​តែ​ប៉ុណ្ណោះ»។

កញ្ឆា​ត្រូវ​បានលុបចោល​ពី​ទោស​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០១៨ សម្រាប់​ការប្រើប្រាស់​ក្នុង​គោលបំណង​វេជ្ជសាស្ត្រ​ និងត្រូវ​បាន​ដកចេញ​ពី​បទ​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០២២​ ​សម្រាប់​ការ​ប្រើបាស់​កម្សាន្ត​នានា នៅ​ក្រោមរដ្ឋាភិបាល​ថៃ​មុន​ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់និយាយ​ថា ការ​លុបចោល​ការលើក​លែង​នោះ​ មាន​ការ​ប្រញាប់​លឿន​ពេក​ ដែល​បណ្តាល​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ដ៏​ធំ​មួយលើ​គោលការណ៍​និង​បទ​បញ្ញតិ​ផ្សេងៗ។

ការ​លើក​ឡើង​របស់​លោក​Srettha កើត​មាន​ឡើងក្រោយ​ពី​មាន​កិច្ចប្រជុំ​មួយ​ ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ផ្សេងៗ​ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ណាកូទិក​ ដោយ​លោក​សន្យា​ថា​ នឹង​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​មួយលើ​គ្រឿងញៀន​ខុសច្បាប់​ និង​បាន​បញ្ជា​ដល់ក្រុម​អាជ្ញាធរ​ឱ្យ​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ ​ដោយ​បង្ហាញ​ពី​ការចម្រើនទៅ​មុខដ៏​ច្បាស់លាស់​មួយ​នៅ​ក្នុង​បញ្ហា​នេះ​ ក្នុង​រយៈពេល​៩០​ថ្ងៃខាងមុខ​។​ ​

លោក​បាន​និយាយ​ថា​ គ្រឿងញៀន​ជា​បញ្ហាមួយ​ ដែល​បាន​បំផ្លាញអនាគត​ប្រទេស​ជាតិ ​ដោយ​ធ្វើ​ឱ្យ​យុវជន​ជា​ច្រើន​ញៀនដក​ខ្លួន​មិន​រួច។ ​យើង​ត្រូវ​ធ្វើ​ការ​ឱ្យ​បាន​លឿន​លើ​រឿង​នេះ​ ដើម្បីរឹបអូស​យក​ឧបករណ៍​សម្ភារៈ​របស់​អ្នក​ជួញដូរ​គ្រឿងញៀន​ និង​ពង្រីក​ការ​ព្យាបាល​បន្សាប​លើ​អ្នក​ញៀន​។ លោក​ក៏​បាន​សុំ​ដល់​អាជ្ញាធរឱ្យ​កំណត់​និយមន័យ​ឡើង​វិញ​ អ្វី​ទៅដែល​ចាត់​ទុក​ថា​ជា​ការ​កាន់កាប់​គ្រឿងញៀន​នៅ​ក្រោម​ច្បាប់​នេះ​ ពី​«ចំនួន​តិច»​ រហូត​ដល់​«មួយ​គ្រាប់» ​នៃ​គ្រឿងញៀន​ ដើម្បីអាចឱ្យ​អាជ្ញាធរ​អនុវត្ត​បាន​ម៉ឺងម៉ាត់ជាង​មុន។

រដ្ឋាភិបាល​របស់​លោក​Srettha ធ្លាប់​បាន​និយាយ​ក្នុង​ពេល​កន្លង​ទៅ​ថា​ ខ្លួន​ចង់​ជំរុញ​ឱ្យ​ចេញ​នូវ​ច្បាប់កញ្ឆា​មួយ​ ដោយ​កំណត់​យកត្រឹម​ចុងឆ្នាំ​នេះដើម្បី​ដាក់​បម្រាម​លើការប្រើប្រាស់​កញ្ឆាជា​ការ​កម្សាន្ត​ និង​អនុញ្ញាត​ឱ្យមាន​ការប្រើប្រាស់​តែ​ទៅ​លើ​គោលបំណង​សុខភាព​និង​វេជ្ជសាស្ត្រ​តែ​ប៉ុណ្ណោះ។ ​

គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​នៅ​ឡើយ​ទេ​ ថាតើ​នៅ​ពេល​ណា​ទើប​បញ្ហា​កញ្ឆានេះ នឹង​ត្រូវ​គេ​ដាក់​បញ្ជូល​ទៅ​ក្នុង​បញ្ជី​គ្រឿងញៀន​ណាកូទិក​ឡើង​វិញ​ ឬដំណើរការ​អ្វីត្រូវ​កើត​ឡើង​មុន​នោះ។

អគ្គលេខាធិកា​នៃ​បណ្តាញ​អង្គការអនាគត​កញ្ឆា​របស់ថៃ​ លោក​Prasitchai Nunual បាន​និយាយ​ថា​ ការ​ដាក់ទោស​ព្រហ្មទណ្ឌ​ឡើងវិញ​លើ​ការ​ប្រើប្រាស់​កញ្ឆា​នេះ​ អាច​ជា​ទង្វើ​មួយ​ដែល​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ និង​ជា​ការបំផ្លាញ​ដល់​អាជីវកម្ម​ខ្នាតតូច​និង​អ្នកប្រើប្រាស់។ ​

លោក​បាន​ប្រាប់ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ថា៖​«មាន​មនុស្ស​ជា​ច្រើនបាន​ដាំដំណាំ​កញ្ឆានិង​បើក​ហាង​លក់​វា​ផង​ដែរ។ ​ហាង​ទាំង​អស់​នេះ​នឹង​ត្រូវ​បិទ​ទ្វារ។​

លោក​បន្ថែម​ទៀត​ថា​ «ប្រសិន​បើ​លទ្ធផល​វិទ្យាសាស្រ្ត​បង្ហាញ​ថា​ កញ្ឆា​ជាវត្ថុ​ដែល​មាន​គ្រោះថ្នាក់​ជាង​គ្រឿង​ស្រវឹង​និង​បារី​នោះ​ ​គេ​គួរ​ដាក់​វា​ចូល​ទៅ​ក្នុង​បញ្ជី​គ្រឿងញៀន​ណាកូទិក​វិញ។ តែ​ប្រសិន​បើ​កញ្ឆាមាន​ផល​ប៉ះពាល់​តិច​តួច​ទេ គេ​ក៏​ត្រូវ​បញ្ចូល​បារី​និង​គ្រឿង​ស្រវឹង​ទៅ​ក្នុង​បញ្ជី​គ្រឿងញៀន​ណាកូទិក​ដែរ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG