ខណៈការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមនិងរបបយោធាកាន់តែតានតឹងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកជំនាញនានាបាននិយាយថា ប្រទេសថៃកំពុងផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្លួនចំពោះប្រទេសមីយ៉ាន់ម៉ានិងផ្ដោតបន្ថែមលើតួនាទីបែបមនុស្សធម៌។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលតាំងពីពេលដែលមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយជម្លោះប្រដាប់អាវុធបានរីករាលដាលនៅទូទាំងប្រទេស។ អ្នកជំនាញរំពឹងថា សន្ទុះកើនឡើងនៃការប្រយុទ្ធគ្នានេះនឹងបង្កឱ្យមានជនភៀសខ្លួនបន្ថែមទៀតឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃ។
ករណីនេះនឹងជំរុញឱ្យប្រទេសថៃធ្វើកិច្ចការបន្ថែមទៀតដើម្បីជួយជនភៀសខ្លួនទាំងនោះ។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាលថៃ។
កាលពីដើមខែធ្នូ រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បាននិយាយថា ប្រទេសថៃត្រៀមលក្ខណៈរួចរាល់នៅក្នុងការសាងសង់ជម្រកស្នាក់នៅបណ្ដោះអាសន្នដើម្បីទទួលយកជនភៀសខ្លួនមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Bangkok Post។
កាសែត Bangkok Post បានស្រង់សម្ដីរបស់លោក Bahiddha-Nukara ដែលបាននិយាយថា៖ «ប្រសិនបើអំពើហិង្សាកើនឡើង អាចមានជនភៀសខ្លួនចេញទៅគ្រប់ទិសទីទាំងអស់ មិនមែនត្រឹមតែសំដៅឆ្ពោះមកប្រទេសថៃប៉ុណ្ណោះទេ»។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសថៃបានបញ្ជាក់ថាខ្លួនបានយល់ព្រមជាមួយប្រទេសមីយ៉ាន់ម៉ានៅក្នុងការបង្កើតកងកម្លាំងពិសេសដើម្បីបង្កើនជំនួយមនុស្សធម៌ដល់ជនផ្លាស់ទីដោយបង្ខំនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងសង្គ្រាម។ ការប្រកាសនេះបានធ្វើឡើងតាមរយៈសេចក្ដីជូនដំណឹង បន្ទាប់ពីលោក Parnpree បានជួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ាលោក U Than Swe ដែលតែងតាំងដោយយោធា។
លោក Thitinan Pongsudhirak អ្នកវិភាគនយោបាយនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ បាននិយាយថា វាបានបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលថៃកំពុងប្រើវិធីសាស្ត្រផ្សេងចំពោះមីយ៉ាន់ម៉ា ប៉ុន្តែវិធីសាស្ត្រនោះចាំបាច់ត្រូវតែមានលក្ខណៈ «បរិយាប័ន្ន» បន្ថែមទៀត ប្រសិនបើគេចង់បន្ធូរបន្ថយជម្លោះនៅមីយ៉ាន់ម៉ា។
លោកបានប្រាប់ VOA ថា៖ «រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Srettha កំពុងប្រើវិធីផ្សេងបើប្រៀបជាមួយនឹងរដ្ឋាភិបាលរបស់លោក Prayut ដែលវិធីនោះគឺការផ្ដោតលើតួនាទីមនុស្សធម៌នៅក្នុងជម្លោះនៅមីយ៉ាន់ម៉ា»។
លោក Pongsudhirak ចង់សំដៅលើអតីតអគ្គមេបញ្ជាការកងទ័ពថៃលោក Prayut Chan-o-Cha ដែលបានដឹកនាំរដ្ឋប្រហារយោធាឆ្នាំ ២០១៤។ លោក Prayut បានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៩។ បន្ទាប់ពីបានកាន់អំណាចអស់រយៈពេល ៩ ឆ្នាំមក ការដឹកនាំរបស់លោក Prayut បានឈានដល់ទីបញ្ចប់នៅក្រោយការបោះឆ្នោតឆ្នាំ ២០២៣។
រដ្ឋាភិបាលថៃនៅតែធ្វើទំនាក់ទំនងការងារដដែលជាមួយនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋយោធាមីយ៉ាន់ម៉ាដែលដឹកនាំប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់លោក Thitinan។
លោកបានលើកឡើងដូច្នេះថា៖ «រដ្ឋាភិបាលថៃចាំបាច់ត្រូវនិយាយជាមួយនឹងអ្នកនៅមូលដ្ឋានផ្ទាល់នៅក្នុងក្រុមសង្គមស៊ីវិលផ្សេងៗនិងក្រុមជាតិសាសន៍ភាគតិច។ ពួកគេទាំងនេះគឺជាអ្នកដែលកំពុងរងការប៉ះពាល់»។
លោកបានបន្ថែមថា៖ «ការប្រយុទ្ធគ្នា [នៅមីយ៉ាន់ម៉ា] គឺមានតែកាន់តែអាក្រក់ឡើងប៉ុណ្ណោះ។ មនុស្សជាច្រើនទៀតនឹងត្រូវបង្ខំខ្លួនគេចចេញពីផ្ទះសម្បែង។ ខ្ញុំមិនគិតថាវានឹងក្លាយជាមហន្តរាយខ្លាំងដោយមានមនុស្សរាប់សែននាក់ [ភៀសខ្លួនពីផ្ទះសម្បែង] នោះទេ។ ប៉ុន្តែស្ថានការណ៍នេះនឹងធ្ងន់ធ្ងរ»។
តាំងពីរបបយោធាមីយ៉ាន់ម៉ាបានដណ្ដើមកាន់អំណាចនៅក្នុងឆ្នាំ ២០២១ មក របបនេះបានបង្ក្រាបលើអ្នកនយោបាយប្រឆាំងនិងជនណាដែលប្រឆាំងនឹងខ្លួន។ អ្នកនយោបាយដែលត្រូវបានយោធាបណ្ដេញចេញពីតំណែងនិងថ្នាក់ដឹកនាំតំបន់បានបង្កើតរដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោល រីឯជនស៊ីវិលនិងសកម្មជននានាវិញបានកាន់កាំភ្លើងចូលរួមជាមួយនឹងក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិចផ្សេងៗដើម្បីតស៊ូប្រឆាំងនឹងរបបយោធា។
កាលពីខែតុលា សម្ព័ន្ធភាពត្រីភាគីនៃកងកម្លាំងប្រឆាំងបានចាប់ផ្ដើមធ្វើប្រតិបត្តិការវាយប្រហារបែបយោធាទ្រង់ទ្រាយធំ ដែលប្រតិបត្តិការនោះមានឈ្មោះថា «ប្រតិបត្តិការ ១០២៧»។ ការវាយប្រហារតបតទៅវិញនេះបានចាប់ផ្ដើមនៅក្នុងរដ្ឋ Shan នៅភាគខាងជើងប្រទេស ប៉ុន្តែតាំងពីពេលនោះមកវាបានជំរុញឱ្យមានការវាយប្រហារនៅទូទាំងប្រទេសដោយមានក្រុមប្រដាប់អាវុធកាន់តែច្រើនចូលរួម។
ឃុំជាច្រើននិងប៉ុស្តិ៍យោធារាប់រយរបស់ពួកយោធាត្រូវបានដណ្ដើមកាន់កាប់។ អ្នកវិភាគថាស្ថានការណ៍នេះគឺជាការប្រឈមដ៏ខ្លាំងក្លាបំផុតចំពោះរបបយោធាមីយ៉ាន់ម៉ាតាំងពីពេលរដ្ឋប្រហារមក។
តួនាទីថ្មីដែលថៃកំពុងប្រកាន់យកនេះគឺជាការផ្លាស់ប្ដូរពីការដឹកនាំកាលពីមុនរបស់ប្រទេសនេះ។
នៅពេលបច្ចុប្បន្ននេះ ប្រទេសថៃមានរដ្ឋាភិបាលថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Srettha Thavisin។ អគ្គមេបញ្ជាការកងទ័ពថ្មីលោកនាយឧត្តមសេនីយ៍ Songwit Noonpakdee ក៏ត្រូវបានតែងតាំងកាលពីខែតុលាផងដែរ។
អ្នកស្រី Lalita Hanwong គ្រូឯកទេសប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Kasetsart University ក្នុងទីក្រុងបាងកក បានប្រាប់ VOA កាលពីដើមឆ្នាំ ២០២៣ ថា៖ «ក្នុងរបបដឹកនាំរបស់លោក Prayut Chan-o-Cha ប្រទេសថៃនិងមីយ៉ាន់ម៉ាមានភាពជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅក្រោយរដ្ឋប្រហារឆ្នាំ ២០២១ នៅមីយ៉ាន់ម៉ា»។
អ្នកស្រីបានបន្ថែមថា៖ «អគ្គមេបញ្ជាការកងយោធពលភូមិន្ទថ្មីរបស់ថៃជាមនុស្សដែលមានចិត្តទូលាយ។ លោកឆ្លាត។ លោកចង់ផ្លាស់ប្ដូរវិធីធ្វើការលើប្រទេសមីយ៉ាន់ម៉ា។ មានការពិភាក្សាគ្នាជាច្រើនរវាងសភា រដ្ឋាភិបាល និងតួអង្គទាំងអស់នៅក្នុងបរិបទមនុស្សធម៌»។
អ្នកស្រី Lalita បានប្រាប់ VOA កាលពីថ្ងៃទី ១២ ខែធ្នូថា៖ «រដ្ឋាភិបាលថៃសព្វថ្ងៃមានលក្ខណៈសុទិដ្ឋិនិយមជាងរដ្ឋាភិបាលរបស់លោក Prayut។ ខ្ញុំគិតថាមានជម្រើសជាច្រើនដែលអាចធ្វើបានដូចជាធ្វើជាអ្នកសម្របសម្រួលរវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាដើម។ ខ្ញុំចង់ឃើញជំហានតិចតួចនៃការចរចាសន្តិភាពរវាងភាគីទាំងអស់ឬក៏ភាគីភាគច្រើនធ្វើឡើងនៅក្នុងប្រទេសថៃ»។
ការសន្យាកាលពីពេលថ្មីៗនេះរបស់ប្រទេសថៃនៅក្នុងការផ្ដល់ជំនួយមិនបានដំណើរការបានប្រសើរនោះទេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់របស់លោក Tun Aung Shwe អ្នកតំណាងរដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ាប្រចាំប្រទេសអូស្ត្រាលី។ លោកបាននិយាយថា ជំនួយណាមួយក៏ដោយគឺត្រូវតែរួមបញ្ចូលភាគីទាំងអស់។
លោកបានប្រាប់ VOA ថា៖ «ប្រជាជនមីយ៉ាន់ម៉ាមានការក្ដៅក្រហាយខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយសារតែរបបយោធាមីយ៉ាន់ម៉ាបានបង្កើតវិបត្តិមនុស្សធម៌នៅពេលបច្ចុប្បន្នក្នុងបំណងធ្វើឱ្យចលនាប្រឆាំងចុះខ្សោយ»។
លោកបានបន្តថា៖ «នាពេលបច្ចុប្បន្ននេះ ជនរងគ្រោះរាប់លាននាក់និងសហគមន៍ងាយរងគ្រោះនានារស់នៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកភាពជាតិនិងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលនេះ។ ដើម្បីឱ្យមានលទ្ធផលធំដុំ ការប្រឡូករបស់រដ្ឋាភិបាលថៃគួរតែផ្ដល់អាទិភាពលើកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលឯកភាពជាតិនិងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលនេះ»។
លោកបានបន្ថែមថា៖ «ប្រសិនបើគ្មានការប្រឡូកបែបនេះទេ ទោះបីជាមានបំណងល្អប៉ុណ្ណាក៏ដោយ ក៏កិច្ចប្រឹងប្រែងនេះអាចមិនផ្ដល់លទ្ធផលវិជ្ជមានតាមការចង់បាននោះឡើយ»។
ទោះបីជារដ្ឋាភិបាលថៃបានសន្យាផ្ដល់ការជួយជ្រោមជ្រែងថ្មីក៏ដោយ ក៏អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុង New York សហរដ្ឋអាមេរិក បានបញ្ជាក់ថាប្រទេសថៃកាលពីពេលថ្មីៗនេះបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញនូវជនភៀសខ្លួនមីយ៉ាន់ម៉ារាប់ពាន់នាក់ដែលជ្រកពួនគេចពីការប្រយុទ្ធគ្នាកាលពីចុងខែតុលា។
បើយោងតាមអង្គការសហប្រជាជាតិ ជនភៀសខ្លួនប្រហែល ៩១.០០០ នាក់មកពីមីយ៉ាន់ម៉ាបានរស់នៅក្នុងប្រទេសថៃអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ប៉ុន្តែអង្គការសិទ្ធិមនុស្សនានាបានបញ្ជាក់ថា ជនភៀសខ្លួនបន្ថែមទៀតប្រហែល ៤៥.០០០ នាក់បានចូលមកក្នុងប្រទេសថៃតាំងពីពេលរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាមក។
ប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១ នោះទេ ប៉ុន្តែបានសន្យាម្ដងហើយម្ដងទៀតថានឹងការពារជនភៀសខ្លួននៅក្នុងប្រទេសរបស់ខ្លួន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ