ការកាន់អំណាចរដ្ឋាភិបាលដោយគណបក្ស Pheu Thai មានន័យថា ពួកគេត្រូវបង្កើតរដ្ឋាភិបាលចម្រុះមួយមានរួមទាំងគណបក្សលម្អៀងទៅខាងយោធានៅក្រោយក្រុមអ្នកឈ្នះឆ្នោតនៃគណបក្សឆ្ពោះទៅមុខ (Move Forward Party) ត្រូវបានរារាំងដោយព្រឹទ្ធសភាថៃ។
តែការវិលត្រឡប់មកប្រទេសវិញនៃអតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra ក្រោយនិរទេសខ្លួននៅក្រៅប្រទេស ១៥ ឆ្នាំ អាចបង្កើនសុទិដ្ឋិនិយមរបស់គណបក្ស Pheu Thai។ អ្នកបង្កើតគណបក្សនេះគឺលោក Thaksin ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំ នៅពេលលោកវិលមកប្រទេសវិញ តែលោកបានទទួលការលើកលែងទោសពីព្រះរាជា ហើយទោសរបស់លោកបានកាត់បន្ថយមកនៅត្រឹមតែមួយឆ្នាំ។
ភាពប្រកបដោយការអត់ឱននេះនិងប្រជាប្រិយភាពរបស់លោកបាននាំឱ្យមានសំណួរអំពីថា តើឥទ្ធិពលរបស់លោក Thaksin នឹងមានផលប៉ះពាល់បែបណាលើទិដ្ឋភាពខាងនយោបាយរបស់ប្រទេសថៃក្នុងពេលអនាគត។
ការផ្តោតលើសេដ្ឋកិច្ច
លោកនាយករដ្ឋមន្ត្រី Srettha បានប្តេជ្ញាថានឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ច។
លោក Pravit Rojanaphruk ជាអ្នកកាសែតជើងចាស់និងជាអ្នកវិភាគ។ លោកបាននិយាយប្រាប់វីអូអេថា៖ «អ្វីដែលហៅថារយៈពេលឈប់សម្រាកថ្ងៃបុណ្យសម្រាប់រដ្ឋបាលលោក Srettha ទំនងចប់ហើយនៅពេលនេះ ហើយសាធារណជននឹងរំពឹងអំពីលទ្ធផលច្រើនជាងមុនថា តើរដ្ឋាភិបាលនឹងធ្វើឱ្យសេដ្ឋកិច្ចលូតលាស់បែបណា នៅក្រោយសេដ្ឋកិច្ចមានដំណើរយឺតយ៉ាវជិតមួយទសវត្សរ៍ នៅក្រោមការគ្រប់គ្រងនៃរបបយោធានិងពាក់កណ្តាលយោធា»។
ធនាគារពិភពលោកស្ទង់ប្រមាណថា សេដ្ឋកិច្ចនៃប្រទេសថៃនឹងលូតលាស់ប្រមាណ ៣,២% ក្នុងឆ្នាំ ២០២៤។ អត្រាលូតលាស់នៃប្រទេសថៃត្រូវបានចាត់ទុកថាយឺតយ៉ាវ នៅឆ្នាំ ២០២៣ ដោយមានតែ ២,៥% នៃកម្រិតអត្រាត្រូវព្យាករណ៍ កាលពីពេលមុនពី ២,៥% ទៅ ៣,០%។
ការសន្យាសំខាន់បំផុតរបស់លោក Srettha គឺការផ្តល់ប្រាក់ digital ចំនួន ២៩០ដុល្លារ ស្មើនឹង ១ម៉ឺនបាត ឱ្យជនជាតិថៃ ៥០លាននាក់ ក្នុងឆ្នាំ ២០២៤ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ តែអ្នកសង្កេតការណ៍សង្ស័យអំពីសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថៃទី ៣០ រូបនេះក្នុងការពន្លឿនសេដ្ឋកិច្ច។
វិធីមួយដើម្បីធ្វើឱ្យសេដ្ឋកិច្ចលូតលាស់ គឺតាមរយៈវិនិយោគទុនបរទេស។ លោក Srettha បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងបានស្វះស្វែងឱ្យមានការបណ្តាក់ទុនពីមហាក្រុមហ៊ុនបច្ចេកវិទ្យា Google និង Microsoft។ លោកក៏បានយកចិត្តមេដឹកនាំចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីបង្កើនពាណិជ្ជកម្មនិងទេសចរណ៍។ លោក Srettha បានចៀសវាងមិនកាន់ជើងភាគីណាមួយក្នុងភាពតានតឹងនយោបាយសាកល តែចង់ឱ្យពិភពលោកដឹងថា ប្រទេសថៃបើកចំហសម្រាប់ធុរកិច្ច។
ក្រុមទេសចរវិលមកវិញ
ឧស្សាហកម្មសំខាន់មួយក្នុងបណ្តាឧស្សាហកម្មសំខាន់បំផុតសម្រាប់ធុរកិច្ចក្នុងប្រទេសថៃ គឺទេសចរណ៍។ កាលពីឆ្នាំ ២០១៩ ទេសចរជាង ៣៩លាននាក់ បានមកលេងកម្សាន្តនៅថៃ នាំឱ្យមានប្រាក់ចំណូល ១២% នៃផលិតផលសរុបក្នុងស្រុក។
តាំងពីចូលកាន់តំណែងមក លោក Srettha បានប្រឹងប្រែងបង្កើនវិស័យទេសចរណ៍ដោយបានបន្ធូរការរឹតត្បិតទិដ្ឋាការសម្រាប់ទេសចរមកពីទីផ្សារធំៗ ដូចជាប្រទេសចិន រុស្ស៊ីនិងប្រទេសឥណ្ឌាជាដើម។ នៅពេលនេះ ថៃរំពឹងថានឹងមានទេសចរអន្តរជាតិ ២៧លាននាក់ មិនហួសពីដំណាច់ឆ្នាំនេះទេ។
លោក Gary Bowerman ដែលជាអ្នកវិភាគវិស័យទេសចរណ៍ មានជំនឿថា ប្រទេសថៃនឹង«ពេញចិត្ត» នឹងចំនួនទេសចរដែលទៅដល់នៅឆ្នាំនេះ តែប្រទេសថៃត្រូវការវិវឌ្ឍដើម្បីអាចនៅប្រកួតប្រជែងបានទៀត។
លោកបានថ្លែងប្រាប់វីអូអេថា៖ «វិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ នឹងនៅតែមានការប្រកួតប្រជែងខ្លាំង។ កន្លែងទៅលេងកម្សាន្តត្រូវតែមានច្រើនជាងមុន ត្រូវមានយុទ្ធសាស្ត្រខាងការទាក់ទងនិងត្រូវមានការទាក់ទាញទាំងទេសចរដែលទៅលេងក្នុងពេលខ្លីនិងអ្នកដំណើរដែលចង់ដើរលេងច្រើនកន្លែងក្នុងប្រទេសក្នុងរយៈពេលយូរ។ ការធ្វើឱ្យមានតុល្យភាពនេះតម្រូវឱ្យមានការប្រឹងប្រែងឲ្យអស់សមត្ថភាព»។
តែវិស័យទេសចរណ៍អាចមានផលប៉ះពាល់ ប្រសិនបើអាជ្ញាធរមិនអាចរកដំណោះស្រាយបានអំពីការបាញ់សម្លាប់មនុស្សច្រើននាក់យូរៗម្តង។ ប្រទេសថៃបានរងគ្រោះដោយសារការបាញ់សម្លាប់មនុស្សច្រើននាក់លើកទី ៣ ក្នុងពេលច្រើនឆ្នាំមកហើយ នៅឯអគារមានហាងលក់ទំនិញច្រើនល្បីឈ្មោះមួយនៅក្នុងក្រុងបាងកក កាលពីខែតុលាឆ្នាំទៅ នៅពេលដែលអនីតិជនថៃម្នាក់បានសម្លាប់មនុស្សយ៉ាងតិចណាស់បីនាក់ រួមមានជនជាតិចិនម្នាក់ផងដែរ។ ការសម្លាប់មនុស្សនោះបាននាំឱ្យទេសចរចិនដែលមានកង្វល់រាប់ពាន់នាក់បានលុបចោលការធ្វើដំណើរទៅប្រទេសថៃ។
មន្ត្រីថៃនៅតែនិយាយទទូចថា ប្រទេសថៃជាកន្លែងមានសុវត្ថិភាព ហើយបានទស្សន៍ទាយថានឹងមានទេសចរអន្តរជាតិពី ៣៥លាន ទៅ ៤០លាននាក់ នឹងទៅលេងកម្សាន្តនៅថៃក្នុងឆ្នាំ ២០២៤។
វិស័យទេសចរណ៍ក៏អាចមានបញ្ហា ប្រសិនបើមានបាតុកម្មតាមផ្លូវនិងចលាចលនយោបាយ។
ទោះជាមានសន្លឹកឆ្នោតគាំទ្រច្រើនបំផុតក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំ ២០២៣ និងមានការគាំទ្រដោយយុវជនថៃរាប់លាននាក់ក៏ដោយ ក៏អនាគតនៃគណបក្សឆ្ពោះទៅមុខ មានភាពមិនទៀងទាត់ ដោយសារបក្សនេះអំពាវនាវឱ្យមានការកែប្រែច្បាប់ស្តីពីការប្រមាថព្រះចេស្តានៃប្រទេសថៃ។
នៅឆ្នាំក្រោយ តុលាការធម្មនុញ្ញថៃនឹងសម្រេចថា តើការសន្យាដ៏ចម្រូងចម្រាស់របស់គណបក្សឆ្ពោះទៅមុខ ជាការធ្វើឱ្យរាជាធិបតេយ្យអន្តរាយ ឬបែបណា។ ប្រសិនបើពួកគេយល់ថា បក្សនេះនាំឱ្យមានការណ៍នេះមែននោះ បក្សនេះប្រឈមនឹងត្រូវរំលាយ។ លោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលធ្លាប់ជាប្រធានបក្សជាប់ឆ្នោត ក៏ប្រឈមនឹងការគ្មានគុណវុឌ្ឍិខាងនយោបាយនៅឆ្នាំ ២០២៤ ដោយសាររងការចោទប្រកាន់ថា លោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញព័ត៌មានមួយ ដែលត្រូវបានហាមប្រាមដោយច្បាប់ថៃ។
សិទ្ធិ Digital ចុះថមថយ
របាយការណ៍ប្រចាំឆ្នាំចេញផ្សាយកាលពីខែតុលា ដោយមូលនិធិ Manuysha សហការជាមួយអង្គការ Freedom House ថា អាជ្ញាធរថៃបន្តធ្វើទុក្ខបុកម្នេញក្រុមប្រឆាំងនិងសំឡេងប្រឆាំងតាមបណ្តាញ Internet។
អ្នកស្រី Emilie Palamy Pradicihit ស្ថាបនិកមូលនិធិ Manuysha និយាយថា ការដោះស្រាយការធ្វើទុក្ខបុកម្នេញតាមបណ្តាញ Internet ជា «ការចាំបាច់» សម្រាប់រដ្ឋាភិបាលថ្មី។
អ្នកស្រីបានថ្លែងប្រាប់វីអូអេថា៖ «ការប្រើបច្ចេកវិទ្យាឃ្លាំមើលជាទូទៅប្រឆាំងនឹងក្រុមសកម្មជននយោបាយនាំឱ្យមានឧបសគ្គទាំងនេះ។ ដោយក្រឡេកទៅមុខក្នុងឆ្នាំ ២០២៤ ការដោះស្រាយបញ្ហាទាំងនេះ ជាការចាំបាច់សម្រាប់ជំរុញឱ្យមាន internet មួយបើកចំហជាងមុននិងប្រកបដោយបរិយាបន្នច្រើនជាងមុនផងដែរ»។
សេចក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍
ប្រទេសថៃកំពុងធ្វើឱ្យមានការជឿនលឿនក្នុងការប្រឹងប្រែងអនុម័តសេចក្តីព្រាងច្បាប់មួយអំពីភាពស្មើគ្នាក្នុងការរៀបការ។ ប្រសិនបើច្បាប់នេះត្រូវអនុម័ត ប្រទេសថៃនឹងក្លាយជាប្រទេសទី ១ នៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នា។
អ្នកស្រី Mookdapa Yangyuenpradorn សហការីខាងសិទ្ធិមនុស្សនៃប្រទេសថៃនៅអង្គការ Fortify Rights សង្ឃឹមថា ច្បាប់នេះនឹងទទួលការអនុម័ត។
អ្នកស្រីថា៖ «សេចក្តីសម្រេចរបស់រដ្ឋសភាជាជំហានធំមួយសម្រាប់ប្រទេសថៃដើម្បីផ្តល់សិទ្ធិពេញលេញនិងស្មើគ្នាសម្រាប់ក្រុមជនប្រភេទ LGBTI+។ យើងសង្ឃឹមខ្លាំងបំផុតនឹងឃើញច្បាប់នេះត្រូវអនុម័ត ហោចណាស់ក្នុងរដ្ឋសភានៅមុនខែមិថុនា ដើម្បីយើងអាចអបអរសាទរដោយមោទនភាព»។
គោលនយោបាយកញ្ឆា
កាលពីខែមិថុនា ឆ្នាំ ២០២២ រដ្ឋបាលស្បៀងអាហារនិងឱសថនៃប្រទេសថៃបានដកកញ្ឆាជាផ្លូវការចេញពីបញ្ជីគ្រឿងញៀនស្រវឹងរបស់ប្រទេស ដែលនាំឱ្យមានហាងនិងរានលក់កញ្ឆារាប់ពាន់នៅទូទាំងប្រទេសថៃ។
តែលោក Srettha បាននិយាយប្រាប់បណ្តាញព័ត៌មានសហរដ្ឋអាមេរិកកាលពីខែកញ្ញាថា ប្រទេសថៃនឹងធ្វើឱ្យមានច្បាប់មួយអនុញ្ញាតឱ្យកញ្ឆាអាចប្រើបានតែសម្រាប់ហេតុផលសុខភាពប៉ុណ្ណោះ។
អត្ថាធិប្បាយទាំងនេះបានធ្វើឱ្យសហគមន៍អ្នកប្រើកញ្ឆាខ្វល់ខ្វាយ។ តែអ្នកស្រី Kitty Chopaka សកម្មជនកញ្ឆានៅបាងកក និយាយទទូចថាកញ្ឆានឹងមាននៅប្រទេសថៃតទៅទៀត។
អ្នកស្រីបានពោលប្រាប់វីអូអេថា៖« ការបញ្ឈប់ការប្រើកញ្ឆាមិនមែនជាជម្រើសមួយទេ ទោះជានាយករដ្ឋមន្ត្រីយើងនិយាយបែបណាក៏ដោយ។ វិធីតែមួយឆ្ពោះទៅមុខគឺធ្វើការប្រើកញ្ឆាឱ្យទៅជាការត្រឹមត្រូវតាមច្បាប់៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ