កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃជាង ៤០០ លានដុល្លារ ដែលក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ ដែលមានតម្លៃជាង ២ លានដុល្លារនិងនាឡិកាដៃប្រណិតៗយ៉ាងតិច ៧៥ គ្រឿងដែលមានតម្លៃជិត ៥ លានដុល្លារផងដែរ។ នេះយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់គណបក្សអ្នកស្រី។
អ្នកស្រី Paetongtarn គឺជាកូនស្រីពៅរបស់មហាសេដ្ឋីទូរគមនាគមន៍និងអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra។ អ្នកស្រីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅខែកញ្ញាឆ្នាំមុន។
អ្នកស្រី Paetongtarn មានកាតព្វកិច្ចប្រកាសទ្រព្យសកម្មនិងទ្រព្យអកម្មរបស់អ្នកស្រីឱ្យគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC)។
ឯកសារមួយដែលបានចុះផ្សាយលើវេបសាយបណ្តាញព័ត៌មាននានាបានបង្ហាញថា អ្នកស្រីមានទ្រព្យសម្បត្តិឬទ្រព្យសកម្មចំនួន ១៣,៨ ពាន់លានបាត ស្មើនឹង ៤០០ លានដុល្លារអាមេរិក។
ការប្រកាសរបស់អ្នកស្រីបានបង្ហាញថា វិនិយោគទុនរបស់អ្នកស្រីមានតម្លៃ ១១ ពាន់លានបាត ហើយអ្នកស្រីមានប្រាក់ដម្កល់ទុកនិងសាច់ប្រាក់ផ្សេងទៀតចំនួន ១ ពាន់លានបាត។
ទ្រព្យសកម្មផ្សេងទៀតរបស់អ្នកស្រីរួមមាននាឡិកាដៃចំនួន ៧៥ គ្រឿងដែលមានតម្លៃ ១៦២ លានបាតនិងនាឡិកាផ្សេងទៀតចំនួន ៣៩ គ្រឿង បូកនឹងកាបូបដៃចំនួន ២១៧ ដែលមានតម្លៃ ៧៦ លានបាត និងអចលនទ្រព្យនៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសនិងនៅក្នុងប្រទេសជប៉ុនក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត។
អ្នកស្រីក៏បានប្រកាសអំពីទ្រព្យអកម្មឬទ្រព្យដែលត្រូវបង់ឱ្យគេដែលមានតម្លៃជិត ៥ ពាន់លានបាតផងដែរ ដែលធ្វើឱ្យអ្នកស្រីមានទ្រព្យសម្បត្តិពិតប្រាកដតែ ៨,៩ ពាន់លានបាត ស្មើនឹង ២៥៨ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ នេះបើយោងតាមឯកសាររបស់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញព័ត៌មានក្នុងប្រទេសថៃ៕
នាយករដ្ឋមន្ត្រីថៃប្រកាសទ្រព្យសម្បត្តិសរុបជាង ៤០០ លានដុល្លារ
![នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra នៅក្នុងសន្និសីទកាសែតទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២៤។](https://gdb.voanews.com/8738d62b-7e5d-43f3-9292-4bee879cf139_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ