ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ បញ្ហាកោះគុតនៅតែជាប្រធានបទដ៏ចម្រូងចម្រាសមួយរវាងប្រទេសកម្ពុជា និងថៃ។ កាលពីពេលថ្មីៗនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ និងជាមិត្តជិតស្និទ្ធរបស់លោក ហ៊ុន សែន បានអះអាងប្រាប់កាសែតថៃថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបានឡើយ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជារក្សាភាពភាពស្ងៀមស្ងាត់ និងមិនទាន់បញ្ជាក់អ្វីជាសាធារណៈនៅឡើយទេ ក្រោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អះអាងបែបនេះ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ប្រកាសជាសាធារណៈថា រដ្ឋាភិបាលកម្ពុជាមានភាពចាស់ទុំផ្នែកនយោបាយ និងកំពុងចរចាជាមួយភាគីថៃតាមបច្ចេកទេសលើបញ្ហាកោះគុត ទើបមិនចង់បកស្រាយច្រើន បើទោះបីជាមានការរិះគន់ពីក្រុមប្រឆាំង។
កាសែតថៃ ឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី ១៣ ខែធ្នូថា គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ថៃបានឡើយ។ លោកបានលើកឡើងនូវអនុស្សរណៈយោគយល់គ្នាមួយក្នុងឆ្នាំ ២០០១ ស្តីពីកិច្ចសហការអភិវឌ្ឍរួមនៅតំបន់ប្រេងត្រួតស៊ីគ្នា ដែលលោក ថាក់ស៊ីន ថា អនុស្សរណៈយោគយល់គ្នានេះមិននិយាយអំពីកោះគុតដែលថៃកំពុងគ្រប់គ្រងឡើយ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេយ៉ាងខ្លីថា អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ពីបញ្ហាកោះគុតនេះរួចហើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា រដ្ឋាភិបាលបានគិតគូរអំពីទឹកដីកម្ពុជា ដោយយោងតាមច្បាប់និងឯកសារដែលបានបន្សល់ទុកពីសង្គមនិយមបារាំង ព្រោះលោកថា បារាំងជាអ្នកចុះហត្ថលេខាជាមួយភាគីថៃ។ លោកលើកឡើងថា ការចោទរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រទេសបច្ចុប្បន្នជុំវិញបញ្ហាកោះគុត គឺ«មិនត្រឹមត្រូវ»នោះទេ។
លោក សុខ ឥសាន បញ្ជាក់បន្ថែមថា៖ «ក្មួយឯងស្រាវជ្រាវ អាហ្នឹងមើល តើស្តេចខ្មែរតាំង ១៩០៧ មានស្តេចណាសើរើស្រាវជ្រាវរឿងហ្នឹង? ហើយតវ៉ារឿងហ្នឹង? ហើយមកចោទរាជរដ្ឋាភិបាល គណបក្សប្រជាជន ទើបគ្រប់គ្រងប្រទេស ចុងក្រោយបំផុត អាហ្នឹងវាមិនត្រឹមត្រូវទេ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាននៅឡើយទេ។
យោងតាមកាសែតថៃ The Nation ដែលចុះផ្សាយអត្ថបទកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ លោក ថាក់ស៊ីន បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ ២០០១(MOU44) ស្តីពីកិច្ចសហការអភិវឌ្ឍរួមនៅតំបន់ប្រេងត្រួតស៊ីគ្នា OCA គ្រាន់តែនិយាយពីការចរចាលើក្របខណ្ឌសម្រាប់ពិភាក្សារកដំណោះស្រាយឲ្យជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជាតែប៉ុណ្ណោះ។
បើតាមលោក ថាក់ស៊ីន អនុស្សរណៈយោគយល់គ្នានេះ មិនមែនជាការកំណត់ ឬពាក់ព័ន្ធនឹងអធិបតេយ្យភាពក្នុងតំបន់កោះគុតរវាងកម្ពុជា និងថៃឡើយ។
ការចេញមុខមកបញ្ជាក់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើឡើង បន្ទាប់ពីមានផ្ទុះការតវ៉ាពីខាងក្រុមអាវលឿងដែលជាក្រុមជាតិនិយមថៃអំពីកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ប្រេងត្រួតស៊ីគ្នា OCA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ រវាងមេដឹកនាំថៃ និងកម្ពុជា។ នេះបើតាមកាសែត The Nation។
ពួកគេបានទាមទារឲ្យអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) កូនស្រីរបស់លោក ថាក់ស៊ីន និងជានាយករដ្ឋមន្ត្រីថៃ លុបចោលកិច្ចព្រមព្រៀងមួយនេះជាបន្ទាន់ និងបានជំរុញឲ្យរដ្ឋាភិបាលថៃកុំបន្ទន់ឥរិយាបថជាមួយកម្ពុជា នៅក្នុងការទាមទារយកតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃត្រឡប់មកវិញ។
នៅក្នុងសំណុំរឿងកំណត់ដែនអធិបតេយ្យតំបន់កោះគុតនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងកាលពីខែវិច្ឆិកាថា រដ្ឋាភិបាលកម្ពុជាកំពុងខ្នះខ្នែង ជំរុញឲ្យមានការចរចាជាមួយរដ្ឋាភិបាលថៃ ដោយឈរលើគោលការណ៍ហ្មត់ចត់ ត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះពលរដ្ឋខ្មែរលើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់ពលរដ្ឋខ្មែរកុំឲ្យជ្រួលច្របល់អំពីបញ្ហាទំនាស់ដែនទឹកនៅកោះគុត តាមការញុះញង់របស់ក្រុមប្រឆាំង។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា ទី ១ គឺការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជាឲ្យបានដាច់ខាត។ នេះជាការប្តេជ្ញាខ្ពស់ប្រកបដោយការទទួលខុសត្រូវ។ មិនមែននៅស៊ុមក្រលុំៗ លួចកាត់ឲ្យទេ មិនមែនដូចឲ្យនំប៉័ងមួយលាក់ជិតទេ ព្រំដែនពីណាក៏ឃើញតជំនាន់»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ និងអ្នកតាមដានព្រំដែនមួយរូប ថ្លែងថា កម្ពុជាមានចំណែកក្នុងការគ្រប់គ្រងកោះគុត។ លោកស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លុបចោលអនុស្សារណៈយោគយល់គ្នារវាងកម្ពុជានិងថៃ កាលពីឆ្នាំ ២០០១។
លោកថ្លែងថា៖ «ដូច្នេះយើងស្នើឲ្យលោក ហ៊ុន ម៉ាណែត លុបចោលអនុស្សារណៈយោគយល់ឆ្នាំ ២០០១ ហើយបន្ទាប់មក ត្រូវទាមទារយកកោះគុតមកវិញ។ ហើយការទាមទារហ្នឹង យើងស្នើឲ្យលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ គឺតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) នៅទីក្រុងឡាអេ ដើម្បីទាមទារយ៉ាងហោចណាស់ពាក់កណ្តាលនៃកោះគុតមកវិញ ហើយនឹងទាមទារយកតំបន់ត្រួតស៊ីគ្នាចំនួន ៣០ ពាន់គីឡូម៉ែត្រការ៉េ ដែលគេចាត់ទុកថាជាតំបន់ត្រួតស៊ីគ្នាមកវិញផងដែរ ព្រោះតំបន់ត្រួតស៊ីគ្នាជាដែនសមុទ្ររបស់កម្ពុជា»។
ស្របពេលជាមួយគ្នានេះ លោក មុត ចន្ថា ដែលត្រូវបានគេស្គាល់ថា ជាមនុស្សជំនិតរបស់លោក កឹម សុខា បានបង្ហោះសារកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ដោយរៀបរាប់ថាថៃ «បានទះកំផ្លៀង» លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន អំពីបញ្ហាកោះគុតនេះ។
ក្រោយមានការបង្ហោះសារបែបនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិរបស់រដ្ឋាភិបាល បានព្រមានចាត់វិធានការច្បាប់លើលោក មុត ចន្ថា។
លេខាធិការដ្ឋានបានបង្ហោះសារតាមទំព័រហ្វេសប៊ុកនៅថ្ងៃចន្ទថា៖ «ខ្លឹមសារដែលគណនី Chantha Muth បានបង្ហោះគឺជាព័ត៌មានក្លែងបន្លំក្នុងចេតនាបោកបញ្ឆោតមតិសាធារណជន ស្ដីពីបញ្ហាអធិបតេយ្យភាពព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ និង មានគោលបំណងបញ្ឆេះកំហឹងឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហានេះ»។
លេខាធិការដ្ឋានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធនឹងការផ្សាយព័ត៌មានក្លែងបន្លំនេះ តាមនីតិវិធីច្បាប់ជាធរមាន។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក មុត ចន្ថា បាននៅឡើយទេ។
ដោយឡែកកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីត សាងៀមផុង្ស (Maris Sangiampongsa) បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយជជែកអំពីកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រីក និងបានឯកភាពធ្វើការជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី និងការគ្រោងរៀបចំសកម្មភាពរួមគ្នា ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់ថា តើរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជជែកគ្នាអំពីបញ្ហាកោះគុត ដែលកំពុងមានភាពចម្រូងចម្រាសឬយ៉ាងណានោះទេ។
វីអូអេបានព្យាយាមទាក់ទងទៅស្ថានទូតថៃប្រចាំកម្ពុជាតាមសារអ៊ីម៉ែល និងអ្នកនាំពាក្យក្រសួងការទេសកម្ពុជា លោក ជុំ សន្ទរី ប៉ុន្តែមិនទទួលបានការឆ្លើយតបនៅឡើយទេ៕
វេទិកាបញ្ចេញមតិ