ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​កើន​ដល់​​៣៧​នាក់ ក្រោយ​​រក​ឃើញ​​២​ករណី​ថែម​ទៀត


គូស្នេហ៍​មួយ​គូ​ពាក់​ម៉ាស់​រង់ចាំ​ចុះ​ឈ្មោះ​ស្នើ​សុំ​សំបុត្រ​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ស្រុក Bang Rak ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២០។
គូស្នេហ៍​មួយ​គូ​ពាក់​ម៉ាស់​រង់ចាំ​ចុះ​ឈ្មោះ​ស្នើ​សុំ​សំបុត្រ​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ស្រុក Bang Rak ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់នូវ​ការ​ឆ្លង​មេរោគ Covid-19 ចំនួន​២​ករណី​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​អ្នក​ផ្ទុក​មេរោគ​ថ្មី​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​កើន​ដល់​៣៧នាក់។

ករណី​ថ្មី​ទាំង​ពីរ​នេះ សុទ្ធ​តែ​ជា​ពលរដ្ឋ​ថៃ ហើយ​ពួក​គេ​កំពុង​ត្រូវ​បាន​គេ​តាមដានដោយ​សារ​ពួក​គេ​បាន​ទាក់ទង​ជាមួយ​ជន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មាន​គ្រោះថ្នាក់​មួយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Suwannachai Wattanaying-charoenchai អគ្គនាយក​នៃនាយកដ្ឋាន​ទទួល​បន្ទុក​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​ថៃ។

អ្នក​ឆ្លង​ម្នាក់​ជា​ស្ត្រី​អាយុ​៣១​ឆ្នាំ​ម្នាក់​ដែល​មាន​សមាជិក​គ្រួសារម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។ អ្នក​ឆ្លង​ម្នាក់​ទៀត​ជា​បុរស​អាយុ​២៩​ឆ្នាំ​ ដែល​បាន​បម្រើ​ការ​ជា​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​ចិន។

បច្ចុប្បន្ន​នេះ​ នៅ​ក្រៅ​ប្រទេស​ចិន ការ​ផ្ទុះ​មេរោគកូរ៉ូណា​ប្រភេទ​ថ្មី​នេះ​បានរាលដាល​ដល់​ប្រទេស​និង​ដែនដី​ចំនួន​យ៉ាង​ហោច​២៩​ហើយ។

ប្រទេស​ថៃ​ជា​ប្រទេស​ដំបូង​គេ​ នៅ​ក្រៅ​ប្រទេស​ចិន​ ដែល​បាន​រាយការណ៍​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​មករា។

កាល​ពី​ចុង​ខែ​មករា ប្រទេស​ថៃ​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ Covid-19 នេះ​ច្រើន​ជាង​គេទី​២​បន្ទាប់​ពីប្រទេស​ចិន ប៉ុន្តែ​ចំនួន​ឆ្លង​ថ្មីៗ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​មក។

អាជ្ញា​ធរ​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ចំណាត់​ថ្នាក់​មេរោគ​កូរ៉ូណា Covid-19 ថា​ជា​ «ជំងឺ​ឆ្លង​គ្រោះថ្នាក់» ដែលការណ៍​នេះ​អនុញ្ញាត​ឲ្យ​បុគ្គលិក​សុខាភិបាល​ និង​ប៉ូលិស​ថៃអាច​ឃាត់​ខ្លួន​និង​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​នូវ​ជន​ទាំង​ឡាយ​ណា​ដែល​បង្ហាញ​រោគ​សញ្ញា​ឬ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​មាន​ការ​ឆ្លង​មេរោគ​នេះ៕

XS
SM
MD
LG