អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា មានករណីស្លាប់ដោយមេរោគកូរ៉ូណាវីរុសថ្មីចំនួនពីរថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារមេរោគនេះសរុបកើនឡើងដល់៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះគឺជាតួលេខអ្នកស្លាប់ច្រើនបំផុតដោយសារមេរោគកូរ៉ូណាវីរុសថ្មីនេះនៅក្រៅប្រទេសចិន។
ថ្លែងកាលពីថ្ងៃអាទិត្យលើកញ្ចក់ទូរទស្សន៍របស់រដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Kianush Jahanpur បាននិយាយថា មានករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មីនេះចំនួន១៥ករណីថែមទៀតនៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងមេរោគនេះសរុបកើនឡើងដល់៤៣នាក់។
លោក Jahanpur មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតលើការស្លាប់ថ្មីនេះទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានស្រង់សម្ដីរបស់លោក Abbas Musavi ប្រធានសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងខេត្ត Mazandaran ភាគខាងជើងថា មនុស្សម្នាក់ដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ដែលបានធ្វើដំណើរពីរដ្ឋធានីតេហេរ៉ង់ទៅកាន់តំបន់រដ្ឋធានី Tonekabon បានស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសនេះ។
អ៊ីរ៉ង់បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ ដែលមានឈ្មោះផ្លូវការថា COVID-19 ច្រើនជាងប្រទេសណាៗទាំងអស់ក្រៅពីប្រទេសចិន។
ក្រសួងសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃទី២២ ខែកុម្ភៈថា មានការសង្ស័យថា មានករណីឆ្លងមេរោគនេះចំនួន៧៩៥នៅទូទាំងប្រទេស ហើយតួលេខនេះអាចនឹងបន្តកើនឡើងថែមទៀត៕