ប្រទេសថៃបានប្រកាសកំណត់ត្រាថ្មីនៃករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃដែលខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរកឃើញការឆ្លងនៅក្នុងពន្ធនាគារ ២ កន្លែង ដែលមានអ្នកទោសជិត ៣.០០០ នាក់បានឆ្លង។
ក្នុងចំណោមអ្នកឆ្លងទាំងនោះ មានមេដឹកនាំប្រឆាំងរដ្ឋាភិបាលម្នាក់ ដែលត្រូវបានជាប់ឃុំនៅទីនោះ ខណៈដែលកំពុងរង់ចាំការកាត់ទោសចំពោះការប្រមាថព្រះមហាក្សត្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរបានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣២ នាក់ និងករណីឆ្លងថ្មី ៤.៨៨៧ នាក់ ដែលនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្រោយអ្នកទោសចំនួន ២.៨៣៥ នាក់ទៀត ត្រូវបានបន្ថែមក្នុងតួលេខក្រោយការធ្វើតេស្តអ្នកទោសរាប់ពាន់នាក់ នៅក្នុងពន្ធនាគារ ២ កន្លែង នៅក្នុងទីក្រុងបាងកកមក។
មន្ត្រីពន្ធនាគារម្នាក់បាននិយាយថា អ្នកទោសដែលបានឆ្លងជំងឺកូវីដ១៩ ទាំងនោះ រួមមានលោក Panupong Jadnok ហៅ Mike Rayong អាយុ ២៤ ឆ្នាំ ដែលត្រូវបានឃុំខ្លួននៅទីនោះ ចាប់តាំងពីថ្ងៃទី ៨ ខែមីនាមក ក្រោមបទចោទដែលរួមមានការដឹកនាំការបះបោរ និងការប្រមាថព្រះមហាក្សត្រ Maha Vajiralongkorn ផង។
លោកជាសមាជិកទី ៤ របស់ចលនាដែលដឹកនាំដោយយុវជនដែលបានរងការចោទប្រកាន់ពីការប្រមាថព្រះមហាក្សត្រ ហើយដែលធ្វើតេស្តមានកូវីដ១៩ វិជ្ជមាននៅក្នុងពន្ធនាគារ។
ប្រទេសថៃកំពុងរងផលប៉ះពាល់នៃការផ្ទុះដ៏ខ្លាំងបំផុតនូវជំងឺកូវីដ១៩ នៅពេលនេះ ដោយមានការឆ្លងបានកើនឡើង ៣ ដង ដល់ទៅចំនួនជាង ៩៣.៧០០ ករណី និងចំនួនមនុស្សស្លាប់បានកើនឡើង ៥ ដងដល់ទៅ ៥១៨ នាក់ ក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនេះ បន្ទាប់ពីរាំងខ្ទប់បានជោគជ័យអស់មួួយឆ្នាំកន្លងមកនេះ។
មេដឹកនាំតវ៉ាប្រឆាំងដែលបានឆ្លងវីរុសនោះផ្សេងទៀតគឺ លោក Arnon Nampa និងលោក Chukiat Sangwong ហើយនិងអ្នកស្រី Panusaya Sithijirawattanakul ដែលបានធ្វើតេស្តមានកូវីដ១៩ វិជ្ជមាន ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកស្រីបានស្ថិតនៅក្រៅឃុំដោយសារប្រាក់ធានា។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមអ្នកទោសនៅក្នុងប្រទេសថៃ គួរតែទទួលបានការការពារប្រសើរជាងនេះ៕