ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៊ី បានរកឃើញថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន មានប្រសិទ្ធភាព ៩៨% ក្នុងការការពារមិនឲ្យស្លាប់ និង ៩៦% មិនឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងចំណោមក្រុមបុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីដែលបានចាក់វ៉ាក់សាំងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការរកឃើញនេះផ្អែកលើទិន្នន័យពីបុគ្គលិកសុខាភិបាលចំនួន ១២០.០០០ នាក់នៅក្រុងទីក្រុងហ្សាការតា ដែលបានចាក់វ៉ាក់សាំងនេះនៅរវាងខែមករានិងមីនានៅក្នុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់នៅថ្ងៃពុធនេះរបស់មន្ត្រីសុខាភិបាលលោក Pandji Dhewantara ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះ។
កន្លងមក ការសាកល្បងវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech ដំណាក់កាលទី ៣ មានលទ្ធផលផ្សេងៗគ្នានៅទូទាំងពិភពលោក ប៉ុន្តែលោក Pandji Dhewantaraបាននិយាយថា ការសិក្សាស្រាវជ្រាវរបស់ក្រុមលោកបានរកឃើញថា វ៉ាក់សាំងនេះក៏អាចការពារអ្នកឆ្លងជំងឺកូវីដ១៩ មិនឲ្យចេញរោគសញ្ញា បាន ៩៤% ផងដែរ នៅក្នុងចំណោមមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីដែលចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវនេះ។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីអ្នកស្រី Siti Nadia Tarmizi បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ «ផ្អែកតាមទិន្នន័យរបស់ក្រុមការងារស្រាវជ្រាវនេះ យើងឃើញថា ឧប្បត្តិហេតុដែលបណ្ដាលឲ្យធ្លាក់ខ្លួនឈឺនិងស្លាប់របស់បុគ្គលិកសុខាភិបាលហាក់ដូចជាថយចុះ»។
ដោយឡែក ទិន្នន័យរបស់សមាគមវេជ្ជសាស្ត្រឥណ្ឌូណេស៊ីបានបង្ហាញថា ចំនួនគ្រូពេទ្យដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីពេលដែលប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងឆ្នាំនេះមក៕