ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ថៃ​បួងសួង​សុំ​សេច​ក្ដី​សុខ​សម្រាប់​ម្ចាស់​ក្សត្រី​ថៃ​ដែល​កំពុង​ប្រឈួន​ជា​ទម្ងន់


ប្រជាពលរដ្ឋថៃគោរពរូបម្ចាស់ក្សត្រីថៃ ព្រះនាង Bajrakitiyabha Narendira Debyavati នៅមន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២។
ប្រជាពលរដ្ឋថៃគោរពរូបម្ចាស់ក្សត្រីថៃ ព្រះនាង Bajrakitiyabha Narendira Debyavati នៅមន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២។

សែ​រាជវង្សថៃ បុគ្គល​ល្បីៗ និង សាធារណជន​កំពុងបួងសួង​សម្រាប់​ម្ចាស់​ក្សត្រី Bajrakitiyabha Narendira Debyavati បុត្រី​ច្បង​របស់​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn ដែល​នៅ​តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​បន្ទាប់​ពី​បាន​ដួល​សន្លប់​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ខណៈ​ពេល​ដែល​កំពុង​បង្ហាត់​ឆ្កែ​របស់​ព្រះនាង​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​ប្រជែង​មួយ។

ម្ចាស់ក្សត្រី​ដែល​មាន​ព្រះជន្ម ៤៤ ឆ្នាំ ​ដែល​សាធារណជន​ថៃ​ដាក់​ព្រះនាម​ថា​ ម្ចាស់ក្សត្រី​ Ong-Bha គឺ​ជា​សមាជិក​រាជវង្ស​ជាន់​ខ្ពស់​របស់​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​លើ​គេ​តាមឋានានុក្រម​អំណាចនៅក្នុង​ប្រទេស​នេះ។

ព្រះនាង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​បាត់​បង់​ស្មារតី​ នា​ពេល​ព្រឹក​ក្នុង​ខេត្ត Nakhon Ratchasima ស្ថិត​នៅ​ភាគ​ឦសាន។ យោងតាម​បច្ចុប្បន្នភាព​ចុងក្រោយ​ចេញផ្សាយ​ដោយ​ព្រឹត្តិប័ត្រ​របស់​រាជវាំង​ Royal Gazette ​បាន​រៀបរាប់​ថា ស្ថានភាព​របស់​ម្ចាស់ក្សត្រី​ «មាន​សភាព​នឹងនរ​ខ្លះ» គិត​ត្រឹម​ថ្ងៃ​ទី​ ១៩ ខែ​ធ្នូ។

ព្រឹត្តិប័ត្រ​នោះ លើក​ឡើង​ថា «ក្រុម​វេជ្ជបណ្ឌិត​បាន​ដាក់​ថ្នាំ​ជួយ​ឲ្យ​បេះដួង សួត​និង​ក្រលៀន​របស់​ព្រះ​នាង​បន្ត​ដំណើរការ។ អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ព្រមាន​មិន​ឲ្យ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ស្មានៗ​ទៅ​លើ​ស្ថានភាព​របស់​ព្រះនាង»។

ការ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់ នៅ​ក្នុង​ប្រទេស​ដែល​របប​រាជានិយម​ទទួល​បាន​ការ​គោរព​ដោយ​មនុស្ស​ជាច្រើន និង​ការពារ​យ៉ាង​តឹងរ៉ឹង​ដោយ​ច្បាប់​ស្ដីពី​ការប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ (lèse-majesté law)។ ច្បាប់​នេះ​កំណត់​ថា ការ​បរិហាកេរ្តិ៍ ការ​ប្រមាថ និង ការ​គំរាម​កំហែង​ចំពោះ​អង្គព្រះ​មហាក្សត្រ​គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។

មន្ត្រីថៃចូលរួមគោរពម្ចាស់ក្សត្រី Bajrakitiyabha ក្នុងអំឡុងពិធីបំបួសព្រះសង្ឃនៅវត្ត Sukanthawat ក្នុងខេត្ត Samut Prakan ខណៈម្ចាស់ក្សត្រីកំពុងទទួលការព្យាបាលជំងឺ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២។
មន្ត្រីថៃចូលរួមគោរពម្ចាស់ក្សត្រី Bajrakitiyabha ក្នុងអំឡុងពិធីបំបួសព្រះសង្ឃនៅវត្ត Sukanthawat ក្នុងខេត្ត Samut Prakan ខណៈម្ចាស់ក្សត្រីកំពុងទទួលការព្យាបាលជំងឺ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២។

ម្ចាស់​ក្សត្រី​អង្គ​នេះ គឺជា​បុត្រី​ម្នាក់​ក្នុង​ចំណោម​បុត្រ​ទាំង​ ៣ ​របស់​ព្រះ​មហាក្សត្រ​ Vajiralongkorn ដែល​ទទួល​បាន​គោរមងារ​ផ្លូវការ​ស្រប​តាម​ច្បាប់​ស្នង​រាជ​របស់​ព្រះបរមរាជវាំង​ឆ្នាំ​ ១៩២៤ បើ​ទោះ​បី​ជា​មក​ទល់​នឹង​ពេល​នេះ​ ពុំ​ទាន់​មាន​រជ្ជទាយាទ​ណា​ម្នាក់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក៏​ដោយ។

ស្ថានភាព​គួរ​ឲ្យ​រន្ធត់​និង​ក្រៀមក្រំ​នេះ បាន​កើត​មាន​នៅ​ក្នុង​ចំណោម​អ្នក​រាជា​និយម​ថៃ ដែល​បាន​កោត​សរសើរ​ម្ចាស់​ក្សត្រី Ong-Bha អស់​រយៈ​ពេល​ជាយូរ​មក​ហើយ ដោយសារ​តែ​កិច្ចការ​សាធារណៈ និង​ការ​បង្ហាញ​ពី​ការ​ដាក់​ខ្លួន​ជាមួយ​ពលរដ្ឋ​សាមញ្ញ ដែល​ទាំង​អស់​នោះ​រួម​មាន​តួនាទី​ជា​ព្រះរាជអាជ្ញា​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ធំៗ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ផង។

ពលរដ្ឋ​ថៃ​ម្នាក់​ឈ្មោះ Taew Supawadee បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​តែងតែ​បួងសួង​សូម​ឲ្យ​អព្ភូតហេតុ​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ ហើយ​មិនមែន​តែ​ខ្ញុំ​ទេ​ដែល​ធ្វើ​ដូច្នេះ គឺ​ពលរដ្ឋ​ថៃ​ទាំង​អស់​កំពុង​តែ​បួងសួង​ដូច​គ្នា​ដែរ។ ខ្ញុំ​មិន​ទាន់​បាន​ចូល​ទៅ​បួង​សួង​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ Chulalongkorn Memorial នៅ​ឡើយ​ទេ។ ខ្ញុំ​បាន​ត្រឹមតែ​ធ្វើ​ការ​បួងសួង​តាម​បណ្ដាញ​សង្គម ​នៅ​លើ​វិបសាយ​ប៉ុណ្ណោះ ដោយ​បាន​ផ្ញើ​សារ​ទៅ​មិត្តភ័ក្តិ និង​សុំ​ឲ្យ​អ្នក​ដទៃ​ទៀត​បួងសួម​សូម​ឲ្យ​ម្ចាស់​ក្សត្រី​មាន​សុខភាព​ល្អ»។

ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រះរាជ​សុខភាព ឬការ​សោយ​ទិវង្គត​នៃ​សែ​រាជវង្ស​ថៃ​ ត្រូវ​បាន​បិទ​បាំង​យ៉ាង​តឹងរ៉ឹង​ដោយ​ព្រះបរមរាជវាំង ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រិះរក​វិធី​ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍។

តំបន់​មួយ​ចំនួន​ ដូចជា​មណ្ឌល​ទេសចរណ៍​ Khao San Road ​នៅ​កណ្ដាល​ទីក្រុង​បាងកក បាន​សម្រេច​លុបចោល​ការ​អបអរ​ពិធី​ឆ្លង​ឆ្នាំ​សាកល ដោយ​ជ្រើសរើស​យក​ការ​អបអរ​នេះ​ដោយស្ងៀមស្ងាត់​វិញ។

តារា​ល្បីៗ​បាន​បង្ហោះ​សារ​បួងសួង​សូម​ឲ្យ​ម្ចាស់​ក្សត្រី​មាន​សុខភាព​ល្អ។ តារា​ទាំង​នោះ​រួម​មាន​ទាំង​តារា​សម្ដែង Akarat Nimitchai ដែល​បាន​បួស​ជាសង្ឃរយៈ​ពេល​មួយ​សប្ដាហ៍។

ម្ចាស់​ក្សត្រី ​Ong-Bha ប្រសូត​នៅ​ថ្ងៃ​ទី​ ៧ ខែ​ធ្នូ ឆ្នាំ​ ១៩៧៨ និង​ជា​ចៅ​ច្បង​របស់​អតីត​ព្រះមហាក្សត្រ Bhumibol ​ជាមួយ​ព្រះមហាក្សត្រីយានី Sirikit។ ព្រះនាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ថៃ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ។ ព្រះនាង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ និងថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ Cornell នៅ​ទីក្រុង ​New York សហរដ្ឋអាមេរិក។

រូបឯកសារ៖ ព្រះម្ចាស់ក្សត្រី Bajrakitiyabha ស្វាគមន៍ប្រជារាស្ត្រថៃនៅមុខព្រះបរមរាជវាំងថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០។
រូបឯកសារ៖ ព្រះម្ចាស់ក្សត្រី Bajrakitiyabha ស្វាគមន៍ប្រជារាស្ត្រថៃនៅមុខព្រះបរមរាជវាំងថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០។

កាល​ពី​ឆ្នាំ​ ២០១២ ព្រះនាង​បាន​ធ្វើ​ជា​តំណាង​ប្រទេស​ថៃ​នៅ​ក្នុង​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ទប់ស្កាត់​បទល្មើស និង យុត្តិធម៌​ព្រហ្មទណ្ឌ (CCPCJ) ដោយ​បាន​បំពេញ​ការងារ​នេះ​នៅ​ទ្វីប​អឺរ៉ុប មុន​ពេល​យាង​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ​និង​កាន់​ការងារ​ជា​ព្រះរាជអាជ្ញា​ថ្នាក់​ខេត្ត។ នៅ​ក្នុង​តួនាទី​ជា​ព្រះរាជអាជ្ញា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះនាង​ក្លាយ​ជា​ជ័យលាភី​ក្នុង​ចំណោម​ទណ្ឌិត​ស្ត្រី។

បិតា​ព្រះនាង​បាន​ប្រគល់​តួនាទី​ឲ្យ​ព្រះ​នាង​ធ្វើ​ជា​មេ​បញ្ជាការ​នៃ​កង​អង្គរក្ស​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ឆ្នាំ ២០២១ ដែល​នេះ​បញ្ជាក់​ពី​តួនាទី​មជ្ឈិម​របស់​ព្រះនាង​នៅ​ក្នុង​រចនាសម្ព័ន្ធ​ព្រះបរមរាជវាំង។

អាជីវករ​បើក​ហាង​លក់​ដូរ​ម្នាក់​នៅ​ទីក្រុង​បាងកក គឺ​អ្នកស្រី Kanchariya Nitchyakarnn និយាយ​ថា ការ​ចងចាំ​របស់​អ្នកស្រី​ចំពោះ​ម្ចាស់​ក្សត្រី​អង្គ​នេះ គឺ​មាន​តាំង​ពី​ពេល​ព្រះ​នាង​នៅ​តូច​ម៉្លេះ។

អ្នកស្រី​និយាយ​បណ្ដើរ​ជូត​ទឹក​ភ្នែក​បណ្ដើរ​ថា៖ «ព្រះនាង​តែង​តែ​ខិត​ខំ​ធ្វើការ។ ព្រះនាង​គឺ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​រុញច្រាន​ប្រទេស​យើង​ឲ្យ​ដើរ​ទៅ​មុខ។ ខ្ញុំ​សូម​បួងសួង​ឲ្យ​សុខភាព​ម្ចាស់​ក្សត្រី​មាន​ភាព​ប្រសើរ​ឡើង និង​បួងសួង​ឲ្យ​ម្ចាស់​ក្សត្រី​ឆ្លង​ផុត​ពី​សោកនាដកម្ម​នេះ។ ខ្ញុំ​ជឿជាក់​ថា ពលរដ្ឋ​ថៃ​ទាំង​អស់​យល់​ស្រប​ជាមួយ​ខ្ញុំ​ដែរ»។

របប​រាជានិយម​ថៃ​ក៏​មាន​អ្នក​រិះ​គន់​ជា​ច្រើន​ផងដែរ​ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​របប​នេះ​ទេ ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ចូលរួម​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​វ័យក្មេង ដែល​បាន​ចោទ​ប្រកាន់​ព្រះ​បរមរាជវាំង​ថាត្រូវ​រូវ​គ្នា​ជាមួយ​កង​ទ័ព ដែល​បម្រើ​ផលប្រយោជន៍​មនុស្ស​លំដាប់​ខ្ពស់​មួយ​ចំនួន​តូច​ ជាជាង​ពលរដ្ឋ​ថៃ​ទាំង​មូល។

នៅ​ក្នុង​ឆ្នាំ ២០២០ បាតុកម្ម​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ប្រាយុទ្ធ ចាន់អូចា ដែល​គាំទ្រ​ដោយ​យោធា ដែល​បាតុកម្ម​នោះបាន​ឈាន​ដល់​មាន​ការ​រិះ​គន់​របប​រាជានិយម​ជា​សាធារណៈ​ដ៏​កម្រ​ផងដែរ។

ជា​ការ​ឆ្លើយ​បត មនុស្ស​ចំនួន ​២២៥ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ រួម​ទាំង​យុវជន​ដែល​ពេល​នោះ​មាន​អាយុ​ត្រឹម​តែ​ ១៤ ឆ្នាំ ដោយ​រង​ការ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទល្មើស ដូចជា​បំពាន​លើ​ច្បាប់​ស្ដីពី​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ​ថា ក្រុម​មេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស​(Thai Lawyers for Human Rights)។

ច្បាប់​ស្ដីពី​ការ​ប្រមាថអង្គ​ព្រះ​មហាក្សត្រ​ ដែល​គេ​ស្គាល់​ថា​ជា​ច្បាប់ ១១២ តាម​លេខ​បទ​បញ្ញត្តិ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថៃ​ ចែង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​ ៣​ ឆ្នាំ​រហូត​ដល់​ ១៥ ​ឆ្នាំ​ចំពោះ​អ្នក​ដែល​រង​បទ​ចោទ​បរិហាកេរ្តិ៍​សែ​រាជវង្ស៕

XS
SM
MD
LG