អាជ្ញាធរថៃបាននិយាយកាលពីពេលថ្មីៗនេះថា ពួកគេកំពុងរៀបចំដាក់ចេញនូវវិធានការថ្មីៗដើម្បីគ្រប់គ្រងកាំភ្លើង បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់រង្គាលបានកើតឡើងកាលពីដើមខែតុលាកន្លងទៅនេះនៅមណ្ឌលថែទាំកុមារមួយកន្លែងនៅក្នុងប្រទេសថៃ ដែលបានធ្វើឱ្យប្រទេសទាំងមូលមានការរន្ធត់តក់ស្លុតយ៉ាងខ្លាំង។
ប៉ុន្តែអ្នកជំនាញនានាមានចម្ងល់ថាតើវិធានការទាំងនេះនឹងអាចបញ្ឈប់ ឬកាត់បន្ថយបានកម្រិតណានូវហេតុការណ៍ដូចនេះនៅក្នុងប្រទេសថៃ ដែលជាប្រទេសមួយមានអត្រាអ្នកកាន់កាប់អាវុធខ្ពស់បំផុតមួយនៅទ្វីបអាស៊ី។
កាលពីថ្ងៃទី ៦ ខែតុលា អតីតមន្រ្តីប៉ូលិសម្នាក់ឈ្មោះ Panya Kamrab បានសម្រុកចូលមណ្ឌលថែទាំកុមារមួយកន្លែងនៅភាគឦសានប្រទេសថៃ ដោយប្រដាប់នូវកាំភ្លើងនិងកាំបិតធំមួយ។ បន្ទាប់ពីបានបាញ់រះសម្រុកចូលក្នុងមណ្ឌលថែទាំកុមារនោះមក ជននេះបានសម្លាប់មនុស្ស ៣៦ នាក់ ដែលក្នុងនោះរួមមានទាំងកុមារចំនួន ២៣ នាក់ផងដែរ ហើយបន្ទាប់មក ជននេះបានត្រឡប់ទៅផ្ទះវិញហើយសម្លាប់ប្រពន្ធនិងកូនប្រុសរបស់ខ្លួនមុនពេលសម្លាប់ខ្លួនឯង។
ប៉ូលិសបាននិយាយថា ជននេះត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមិថុនាដោយសារហេតុផលគ្រឿងញៀន និងត្រូវបានបង្ហាញខ្លួននៅតុលាការដើម្បីកាត់ទោសពីបទចោទប្រកាន់ថាបានកាន់កាប់គ្រឿងញៀនខុសច្បាប់។
អាជ្ញាធរមិនបានបង្ហាញអំពីមូលហេតុពិតប្រាកដនៃការបាញ់សម្លាប់រង្គាលនេះទេ ប៉ុន្តែសោកនាដកម្មនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកសាយភាយកាំភ្លើងនិងអំពើហិង្សាដោយសារកាំភ្លើងនៅប្រទេសថៃ។
ប្រទេសថៃដែលមានប្រជាជនចំនួន ៦៩ លាននាក់ មានកាំភ្លើងចំនួនប្រមាណ ១០ លាន ៣ សែនដើមដែលកាន់កាប់ជាលក្ខណៈឯកជន ដោយក្នុងនោះកាំភ្លើងជាង ៤ លានដើមគឺជាកាំភ្លើងដែលមិនបានចុះបញ្ជីត្រឹមត្រូវ បើគិតត្រឹមឆ្នាំ ២០១៧ ដែលជាឆ្នាំចុងក្រោយបង្អស់ដែលវេបសាយ GunPolicy.org ដែលជាគម្រោងមួយរបស់សាកលវិទ្យាល័យ Sydney (University of Sydney) មានទិន្នន័យអំពីរឿងនេះ។
អត្រានេះគឺស្មើនឹងកាំភ្លើងច្រើនជាងមួយដើមសម្រាប់ពលរដ្ឋថៃ ៧ នាក់ ដែលជាអត្រាខ្ពស់ជាងគេបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គិតមកទល់នឹងពេលនេះ។
នៅក្នុងការឆ្លើយតបទៅនឹងហេតុការណ៍បាញ់សម្លាប់រង្គាលនេះ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha បានដឹកនាំការប្រជុំពិសេសមួយជាមួយមន្រ្តីជាន់ខ្ពស់កាលពីថ្ងៃទី ១២ ខែតុលា ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយកម្មសិទ្ធិកាំភ្លើងស្របច្បាប់ និងដាក់កំហិតលើទីផ្សារងងឹតដែលកំពុងតែរីកដុះដាល។
លោកឧត្តមសេនីយ៍ទោ Achayon Kraithong អ្នកនាំពាក្យនគរបាលភូមិន្ទថៃ បាននិយាយថា សំណើនាំមុខនានាដែលកំពុងធ្វើឡើងមានដូចជា ការដាក់បញ្ចូលនូវការវាយតម្លៃផ្នែកសុខភាពផ្លូវចិត្តទៅក្នុងដំណើរការផ្តល់អាជ្ញាបណ្ណកាន់កាប់កាំភ្លើង និងការតម្រូវឱ្យមានការវាយតម្លៃឡើងវិញជាប្រចាំលើសុខភាពផ្លូវចិត្តរបស់ម្ចាស់កម្មសិទ្ធិកាំភ្លើងជាដើម។
លោកបានប្រាប់ VOA ថា៖ «ប៉ូលិស [បានស្នើ] ថា មុនពេលអ្នកអាចមានសិទ្ធិកាន់កាំភ្លើងបាន អ្នកត្រូវមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតផ្នែកសុខភាពផ្លូវចិត្តជាមុនសិន។ ហើយនៅពេលដែលអ្នកទទួលបានកាំភ្លើងនិងអាជ្ញាបណ្ណរួចហើយ ប្រហែលជា [រាល់] មួយឆ្នាំឬពីរឆ្នាំម្ដង … អ្នកត្រូវមានការបញ្ជាក់ពីវេជ្ជបណ្ឌិតថា អ្នកអាចមានសិទ្ធិ [កាន់] កាំភ្លើងជាបន្តទៀតបាន»។
នៅក្រោមផែនការនេះ អ្នកមើលការខុសត្រូវនៅកន្លែងធ្វើការ ឬមន្រ្តីរដ្ឋាភិបាលមូលដ្ឋានក៏នឹងត្រូវតម្រូវឱ្យបញ្ជាក់អំពីអត្តចរិតរបស់អ្នកដាក់សំណើសុំកាន់កាំភ្លើងផងដែរ។
«កង្វះការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព»
លោក Achayon បាននិយាយថា ប៉ូលិសក៏មានផែនការបង្កើនការតាមដានលើការលក់កាំភ្លើងខុសច្បាប់តាមអនឡាញ និងលើកកម្ពស់ការចែករំលែកព័ត៌មានសម្ងាត់រវាងទីភ្នាក់ងារផ្សេងៗផងដែរ។
ពួកគេក៏បានស្នើឱ្យមានការលើកលែងទោសសម្រាប់ម្ចាស់កាំភ្លើងដែលមិនមានអាជ្ញាបណ្ណផងដែរ។ ការលើកលែងទោសនេះនឹងអនុញ្ញាតឱ្យម្ចាស់កាំភ្លើងមានឱកាសយកកាំភ្លើងដែលមិនបានចុះបញ្ជីត្រឹមត្រូវមកប្រគល់ឱ្យអាជ្ញាធរដោយមិនមានការដាក់ទោសពៃរ៍។ ការកាន់កាប់កាំភ្លើងខុសច្បាប់នៅក្នុងប្រទេសថៃអាចមានទោសជាប់ពន្ធនាគាររហូតដល់ទៅ ១០ ឆ្នាំ។
នាយករដ្ឋមន្រ្តីថៃលោក Prayut និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃលោក Anupong Paojinda គាំទ្រសំណើខាងលើនេះនៅពេលថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រោយការប្រជុំពិសេសនេះ។
លោក Chavanut Janekarn ដែលជាអ្នកសិក្សាផ្នែកបទឧក្រិដ្ឋវិទ្យានិងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ និងដែលបានធ្វើជាមន្រ្តីប៉ូលិសអស់រយៈពេល ២៥ ឆ្នាំមកនេះ បាននិយាយថា ផែនការនេះយ៉ាងហោចណាស់នឹងអាចជួយការពារមិនឱ្យកាំភ្លើងធ្លាក់ចូលក្នុងដៃមនុស្សអាក្រក់មួយចំនួនបាន។
លោកបានប្រាប់ VOA ថា៖ «ខ្ញុំគិតថា យើងគួរមានការវាយតម្លៃលើផ្នែកសុខភាពផ្លូវចិត្ត និងការវាយតម្លៃលើលក្ខណសម្បត្តិរបស់បុគ្គលជាយូរមកហើយ។ វាមិនអាចដោះស្រាយបានគ្រប់បញ្ហានោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាអាចបង្ការមិនឱ្យមាន [អំពើហិង្សាដោយសារកាំភ្លើង] មួយចំនួនកើតឡើងបាន»។
លោក Michael Picard អ្នកជំនាញឯករាជ្យផ្នែកគោលនយោបាយស្តីពីកាំភ្លើង ដែលពីមុនបានធ្វើការឱ្យវេបសាយ GunPolicy.org ប្រចាំនៅប្រទេសថៃ មានមន្ទិលច្រើនជាងនេះ។
លោកបាននិយាយថា កម្មវិធីផ្តល់អាជ្ញាបណ្ណកាន់កាប់កាំភ្លើងរបស់ប្រទេសថៃនាពេលបច្ចុប្បន្នគឺមានភាពតឹងរ៉ឹងលើឯកសារជាងការអនុវត្តជាក់ស្ដែង ហើយលោកបារម្ភថា ការអនុវត្តបែបធូររលុងដូចគ្នានេះនឹងមានដដែលនៅក្រោយការបង្កើតច្បាប់ថ្មីណាមួយ។
លោកបានថ្លែងដូច្នេះថា៖ «សម្រាប់ដំណើរការនៃការទទួលបានអាជ្ញាបណ្ណកាន់កាប់កាំភ្លើងគឺថា ជាទូទៅ ប្រសិនបើអ្នកបង់សំណូក អ្នកអាចទទួលបានមុនគេ ហើយអ្នកអាចឆ្លងកាត់ការត្រួតពិនិត្យមួយចំនួនបានយ៉ាងលឿន ដែលជាទូទៅការត្រួតពិនិត្យទាំងនេះគឺត្រូវការពេលវេលាយូរ ឬធ្វើឡើងដោយល្អិតល្អន់ជាងនេះ។ ដូច្នេះ ខ្ញុំមិនគិតថា វិធានការថ្មីនេះនឹងដោះស្រាយបញ្ហាឫសគល់នៃការរីកសាយភាយកាំភ្លើងនៅក្នុងប្រទេសថៃនោះទេ ដែលជាទូទៅជាប់ពាក់ព័ន្ធនឹងអំពើពុករលួយតាមស្ថាប័ន»។
លោក Paul Chamber សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ ដែលសិក្សាអំពីកងកម្លាំងសន្តិសុខនៅក្នុងប្រទេសនេះ បានយល់ស្របចំពោះការលើកឡើងនេះ។
លោក Chamber និយាយដូច្នេះថា៖ «បញ្ហាធំបំផុតរបស់ប្រទេសថៃពាក់ព័ន្ធនឹងច្បាប់និងកាំភ្លើងគឺកង្វះការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព»។
លោកបានបន្ថែមថា រាល់កម្មវិធីលើកលែងទោសណាមួយក៏នឹងត្រូវយកមកអនុវត្តដោយមិនបានហ្មត់ចត់ផងដែរ។
លោក Chavanut បាននិយាយថា វិធានការលើកលែងទោសកាលពីលើកមុនៗនៅក្នុងប្រទេសថៃសម្រាប់ការកាន់កាប់កាំភ្លើងនិងអាវុធខុសច្បាប់ដទៃទៀត គឺមិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មាននោះទេ ដែលករណីនេះគឺប្រហែលជាដោយសារតែឧក្រិដ្ឋជនជឿថា ឱកាសដែលអាជ្ញាធរអាចចាប់ខ្លួនពួកគេបានគឺមានទាបបំផុត ដែលធ្វើឱ្យពួកគេមិនញញើតនិងមិនមកបង្ហាញខ្លួនដើម្បីទទួលការលើកលែងទោស។
ចម្ងល់អំពី «កំណែទម្រង់ទូលំទូលាយ»
លោក Picard មានការពេញចិត្តចំពោះកម្មវិធីលើកលែងទោសដែលបានស្នើឡើងនេះ ដោយសារលោកធ្លាប់បានឃើញចំណាត់ការដូចនេះនៅក្នុងប្រទេសអូស្រ្តាលីនិងនូវែលសេឡង់។
លោកបាននិយាយថា កម្មវិធីលើកលែងទោសចំពោះការកាន់កាប់កាំភ្លើងខុសច្បាប់នៅក្នុងប្រទេសថៃ កាលពីឆ្នាំ ២០០៣ បានជួយឱ្យមានការប្រមូលបានកាំភ្លើងវែង កាំភ្លើងគ្រាប់ត្រយូតចេកបាញ់រថក្រោះ និងអាវុធធុនតូចប្រភេទធ្ងន់ផ្សេងទៀតដែលបានហូរចូលមកនិងឆ្លងកាត់ប្រទេសថៃដោយសារក្រុមឧទ្ទាមជាច្រើនដែលធ្វើសកម្មភាពពាសពេញប្រទេសនៅពេលនោះ។
ទោះជាយ៉ាងនេះក្តី លោក Picard ជឿថា កម្មវិធីលើកលែងទោសលើកនេះមិនបានដោះស្រាយឱ្យចំលើចំណុចខ្វះខាតជាមូលដ្ឋានមួយទៀតពាក់ព័ន្ធនឹងគោលនយោបាយគ្រប់គ្រងអាវុធនៅប្រទេសថៃ ក្រៅពីអំពើពុករលួយនោះទេ ដែលនោះគឺរបៀបដែលរដ្ឋាភិបាលបំពាក់អាវុធដល់ប៉ូលិស ទាហាន និងមន្រ្តីដទៃទៀត។
នៅក្រោមកម្មវិធី «កាំភ្លើងសម្រាប់សន្តិសុខ» ដែលមានជាយូរមកហើយរបស់ប្រទេសថៃ មន្រ្តីរាជការជាច្រើនអាចទិញអាវុធជាច្រើនប្រភេទដោយមិនចាំបាច់បង់ពន្ធនិងទទួលបានការបញ្ចុះតម្លៃ រហូតដល់ពាក់កណ្តាលនៃតម្លៃនៅទីផ្សារ។ មន្ត្រីរាជការទាំងនោះ ដែលរួមមានទាំងទាហាននិងប៉ូលិសផងដែរ បានប្រើកម្មវិធីនេះដើម្បីកាន់កាប់អាវុធជាប់ខ្លួនដើម្បីបំពេញការងារ។
លោក Chavanut បាននិយាយថា អាជ្ញាធរនិងមន្រ្តីនានាតែងប្រើកម្មវិធីនេះដើម្បីប្រមូលទុកអាវុធ ហើយរក្សាទុកអាវុធទាំងនោះនៅចន្លោះពេលដែលតម្រូវឱ្យរង់ចាំមួយ និងលក់ទៅវិញដើម្បីទទួលបានប្រាក់ចំណេញ។ ករណីនេះបានជំរុញឱ្យមានការកើនឡើងនូវកម្មសិទ្ធិកាន់កាប់កាំភ្លើងនៅក្នុងប្រទេសថៃ។
លោក Picard បានលើកឡើងថា ការស្រាវជ្រាវរបស់លោកផ្ទាល់អំពីប្រទេសថៃបានបង្ហាញថា កាំភ្លើងជាច្រើនក៏បានធ្លាក់ចូលទៅក្នុងទីផ្សារងងឹតផងដែរ។
លោក Picard បានបន្ថែមថា ជាទូទៅ រដ្ឋាភិបាលអាចលុបចោលកម្មវិធីនេះ និងផ្តល់ឱ្យប៉ូលិសនិងទាហានគ្រប់រូបនូវអាវុធដែលពួកគេត្រូវការនៅពេលដែលត្រូវបំពេញភារកិច្ចតែប៉ុណ្ណោះ ដូចនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ភាគច្រើនដូច្នេះដែរ។
ប៉ុន្តែលោក Chavanut បាននិយាយថា ការធ្វើដូច្នេះគឺ «មិនអាចទៅរួច» នោះទេតាមលក្ខណៈប្រតិបត្តិជាក់ស្ដែង ដោយសារតែវាតម្រូវឱ្យមានការរៀបចំកញ្ចប់ថវិកាទ្រង់ទ្រាយធំឡើងវិញ។
កន្លងមក ប៉ូលិសបានបញ្ជាក់ថា កាំភ្លើងដែលជនឈ្មោះ Panya បានប្រើនៅក្នុងការបាញ់សម្លាប់រង្គាលនៅឯមណ្ឌលថែទាំកុមារនេះគឺត្រូវបានទិញនៅក្រោមកម្មវិធីបញ្ចុះតម្លៃ ហើយជននេះមានកម្មសិទ្ធិស្របច្បាប់លើកាំភ្លើងនេះ បើទោះបីជាជននេះត្រូវបានបណ្តេញចេញពីការងារអស់រយៈពេលជាច្រើនខែក្រោយមកដោយសារហេតុផលគ្រឿងញៀនក៏ដោយ។
លោក Picard បានបញ្ជាក់ដូច្នេះថា៖ «នេះគឺពិតជាបញ្ហាដ៏ធំមួយ និងជាអ្វីដែលរដ្ឋាភិបាលចាំបាច់ត្រូវ...គិតគូរឡើងវិញឱ្យបានទូលំទូលាយ។ នេះមិនមែនជាអ្វីដែលតម្រូវឱ្យមានការកែប្រែបន្តិចបន្តួចនោះទេ ប៉ុន្តែជាអ្វីដែលតម្រូវឱ្យមានការកែទម្រង់ទ្រង់ទ្រាយធំ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា