ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​បក្សជំទាស់​​៖ ​ការចុះ​ចូល​របស់​សកម្មជនបក្ស​នយោបាយ​ជារឿង​សាមញ្ញ​មុន​រដូវកាល​​បោះ​ឆ្នោត


រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)
រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)

អនុប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិគឺ​អ្នកស្រី​មូរ​សុខហួរ​ចាត់​ទុក​ថា​ការ​កៀរគរ​សកម្ម​ជន​នយោ​បាយរបស់​ខ្លួន​ជាង​១​០០​នាក់​ក្នុងខេត្ត​ត្បូង​ឃ្មុំ​ឲ្យ​ចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាចជា​រឿង​ធម្មតា​នៅ​មុន​ពេល​បោះ​ឆ្នោត​ហើយ​ក៏​មិន​អាច​ទាញ​យក​បេះ​ដូង​ពល​រដ្ឋ​ខ្មែរ​ដែល​នៅស្រលាញ់​គណ​បក្សសង្គ្រោះ​ជាតិបាន​ដែរ។

ការ​អត្ថា​ធិប្បាយ​របស់អតីត​អនុប្រធាន​គណបក្ស​ជំទាស់​យ៉ាង​ដូច្នេះកើត​មាន​ឡើង​បន្ទាប់ពី​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ត្បូង​ឃ្មុំបាន​ប្រកាស​កាលពី​ថ្ងៃទី​២២ខែ​ធ្នូ​ថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១៦​នាក់​មក​ពី​ឃុំ​ចំនួន​៥ រួមមាន​ឃុំ​ចាន់​មូល​ឃុំកំពាន់​ ឃុំជាំ​ ឃុំ​មេមង​និង​ឃុំ​មេមត់។ នេះបើតាម​គេហ​ទំព័រ​ផ្លូវការ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។

អ្នកស្រី​មូរ សុខហួរបានប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រសហ្បតិ៍​ថា​ការ​ចុះ​ចូល​របស់​អតីត​សកម្មជន​គណបក្ស​ជំទាស់​នា​ពេល​ថ្មីៗ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​ក្នុង​នយោបាយ​កម្ពុជា​នៅ​មុន​រដូវកាល​បោះឆ្នោត ហើយ​អ្នកស្រី​ជឿ​ថា​ពលរដ្ឋ​ដែល​ធ្លាប់​ផ្តល់​ការ​គំាទ្រ​ដល់​គណបក្ស​សង្គ្រោះជាតិ​នឹងមិនផ្លាស់​ប្តូរ​ជំហរ ងាក​ទៅ​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង​នោះ​ឡើយ។

អ្នកស្រីថ្លែងថា៖​«នេះ​មិន​មែន​ជា​រឿង​ថ្មី​មិន​មែន​ជា​រឿង​ចម្លែក​ជា​ពិសេស​នៅពេល​មុន​បោះឆ្នោត​។ ហើយ​រៀង​រាល់ពេល​ដែល​ឃើញថា​មាន​គណ​បក្ស​ប្រឆាំង​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅ​ចូល​រួម​ទៅ​ចុះ​ចូល​ទៅអី​ទាំង​ផ្ទាំង​ៗ​ចុង​ក្រោយ​ទៅ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មាន​ជោគ​ជ័យ​ជាង​ពាក់​កណ្តាល​នគរ​។​ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រស់​រវើក​នៅ​ក្នុង​បេះ​ដូង​នៃ​ពល​រដ្ឋ​ខ្មែរ​»។

អ្នកស្រី​បន្ថែម​ថា៖ «​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គណ​បក្ស​កាន់​អំណាច​នៅ​តែ​ព្រួយ​បារម្ភ​ពី​តម្លៃ​និង​គុណ​ធម៌​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពលរដ្ឋ​នៅតែ​ទទួល​យក​នៅ​តែ​រង់​ចាំ​ឲ្យគណ​បក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​មក​វិញ​។​ដូច្នេះ​នៅ​ក្នុង​ការ​ចុះ​ចូល​ទាំង​ប៉ុន្មាន​វា​អត់​មាន​អីចម្លែក​ទេ​ច៎ា!»​។

ក្នុង​ពិធី​ស្វាម​គមន៍​សមា​ជិក​ថ្មី​ក្នុង​ស្រុក​មេ​មត់​នេះលោក ជាម ច័ន្ទ​សោ​ភ័ណ សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​អនុ​ប្រធាន​គណ​កម្មា​ធិការ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ត្បូង​ឃ្មុំ​បាន​ប្រកាស​ថា​នេះជា​ការ​ផ្តល់​នូវ​យុត្តិ​ធម៌​ជូន​គណ​បក្ស​ប្រជាជន​ដែល​បាន​តស៊ូ​ពុះពារ​ក្នុង​បុព្វ​ហេតុ​ជាតិ និង​បាន​នាំ​មក​នូវ​សុខ​សន្តិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​រស់​នៅ​បាន​សុខ​ស្រួល​ដូច​សព្វ​ថ្ងៃ​។​ម្យ៉ាង​ទៀត​វា​នឹង​ធ្វើឲ្យ​គណ​បក្ស​ប្រជា​ជន​កាន់​តែ​មាន​កម្លាំង​គាំទ្រ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ការ​អភិវឌ្ឍ​មូល​ដ្ឋាន​ភូមិ​ឃុំ​ឲ្យ​កាន់​តែ​រីក​ចម្រើន​។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយពី​លោកជាម ច័ន្ទ​សោភ័ណ សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​ជា​អនុ​ប្រធាន​គណ​កម្មា​ធិការ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ត្បូង​ឃ្មុំបាន​នៅឡើយទេ នៅ​ថ្ងៃ​សុក្រ​នេះ​។​

ដោយ​ឡែក​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​គណបក្ស​«កែទម្រង់​កម្ពុជា»​លោក​អ៊ូ ច័ន្ទរ័ត្ន ប្រាប់​វីអូអេ​នៅថ្ងៃសុក្រ​នេះថា​ការ​ចុះចូល​ក្នុង​គណ​បក្ស​ណា​មួយ​វាជា​រឿង​ធម្មតា​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​រូបនេះបាន​កត់​សម្គាល់ថា ការចាក​ចេញ​របស់​សកម្មជន​អតីត​គណបក្ស​ជំទាស់​ទៅចូលរួម​ជាមួយគណបក្ស​កាន់​អំណាចនោះ​អាច​ទំនង​ជា​មក​ពី​ពួកគេ​មាន​ការ​ខ្វះខាត​ផ្នែក​សេដ្ឋ​កិច្ច​និងរ​ង​ការ​គំរាម​កំហែង ឬប្រឈម​មុខ​នឹង​ការ​គាបសង្កត់​ពី​គណ​បក្ស​កាន់​អំណាច់​។

លោកថ្លែង​ថា៖​«កន្លង​មក​យើង​ដឹង​ហើយ​ក្នុង​ន​យោបាយ​កម្ពុជា​ហ្នឹង​យើង​ដឹង​តាំង​ពី​ការ​មិន​មែន​ថា​លក់​សន្លឹក​ឆ្នោត​ទេ តែដូរ​សន្លឹក​ឆ្នោត​ជាមួយ​សារ៉ុង ជា​មួយ​ប៊ីចេង ជា​មួយ​លុយអីជាដើម​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្វះ​ខាត​។ ហើយ​កាល​ណា​ជីវ​ភាព​ធ្លាក់​ហើយ​ខ្វះខាត​អត់​មាន​ជំរើស​ទេ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​តិច​តួច​ហ្នឹង​ក៏​សម្រេច​ចិត្ត​ទៅ​ទី១ចៀស​ផុត​ពីការ​គៀប​សង្កត់​គំរាម​កំហែង​ឬ​ក៏រើស​អើង​ពី​គណ​បក្ស​កាន់​អំណាច​ផង​មែន​ទែន​នោះ ក៏​សម្រេច​ចិត្ត​ចូលទៅ​»។

ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកស្រីមូរ សុខហួរ​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោកសុខ ឥសាន​ ថ្លែង​ថា​សកម្ម​ជន​បក្ស​ប្រឆាំង ឬប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ជាមួយ​គណ​បក្ស​កាន់អំណាច​គឺ​ជា​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ដោយ​លើក​ហេតុផល​ថា​ពួកគេស្រលាញ់​កម្ម​វិធី​គោល​នយោបាយរ​បស់គណបក្ស​ប្រជាជន​ហើយ​ការអធិប្បាយ​ថា​ការចូលរួម​នេះ​មិន​អាច​ទាញ​ទឹកចិត្ត​ឬ​សំឡេងរបស់​ប្រជាពល​រដ្ឋ​បាន​នោះ គឺ​ជា​ចេត​នា​រារាំង​របស់​អ្នក​មាន​និន្នាការមិន​គាំទ្រ​គណ​បក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ​។

លោកប្រាប់​វីអូអេថា៖​«​អញ្ចឹងទេ​ការនិយាយ​របស់​គណ​បក្ស​ផ្សេង​ក៏​ដូចគ្នា​ក្រុម​ប្រឆាំង​គ្រាន់តែ​ជាការ​ប្រើ​ឧបាយកល​ដើម្បីរាំង​ស្ទះ ឬមួយ​ក៏រារាំងដំណើរ​ការមក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​ទេ​បាទ​»។

អ្នក​វិភាគ​នយោ​បាយ​លោក​ សេង សារី ​យល់​ថា​ការ​ចុះ​ចូល​របស់​សកម្មជន​នយោបាយ​អតីត​គណបក្ស​ជំទាស់​ក្នុងខេត្ត​ត្បូង​ឃ្មុំ​នោះ​គ្រាន់តែ​ជា​ល្បែង​នយោ​បាយ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយប៉ុណ្ណោះ​ខណៈ​លោក​សង្កេត​ឃើញ​ថាសកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិនៅ​តែ​មាន​ការ​គាំទ្រ​គណបក្ស​ខ្លួន​ដោយ​គ្មានការ​ប្រែ​ប្រួល​គិត​ចាប់​តាំង​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​តាំង​ពី​ឆ្នាំ​២០១៧​មក​នោះ​។

លោកប្រាប់​វីអូអេ​នៅថ្ងៃសុក្រនេះ​ថា៖​«ទោះបី​ជា​មាន​ព្រឹត្តិការណ៍​ចុះ​ចូល​ទៅក្នុង​គណបក្ស​ប្រជាជន​យ៉ាង​ណា​ក៏​ដោយ​ក៏មិន​ធ្វើ​ឲ្យគេ​ហៅ​ថា​ស្ថាន​ភាព​នយោបាយ ឬ​ការ​គំា​ទ្រ​របស់​គណ​បក្ស​សង្គ្រោះជាតិ​ហ្នឹង​មាន​ការ​ប្រែ​ប្រួល​ដែរ​។ អញ្ចឹង​ហើយ​វាគ្រាន់​ជា​ល្បែង​ដដែល​ៗ​ដែល​មើល​ទៅគួរ​ឲ្យធុញ​ទ្រាន់​»។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​សំខាន់​មួយនោះ​បាន​ទទួល​ការគាំទ្រ​ពី​ម្ចាស់​ឆ្នោត​នៅឆ្នាំ​២០១៣​ដោយ​ទទួលបាន​អាសនៈរដ្ឋសភា​ចំនួន​៥៥​ហើយ​ក្រោយ​មក​ទៀត​គណបក្ស​នេះ​ក៏​បន្តទទួល​បាន​ការ​គាំទ្រ​ពីម្ចាស់​ឆ្នោត​ក្នុងពេលបោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំមូលដ្ឋាន​កាលពីឆ្នាំ​២០១៧​ដោយ​គណបក្ស​បាន​អាសនៈ​ឃុំ​សង្កាត់​ប្រមាណ​៥.០០៧។

ប៉ុន្តែ​ក្រោយ​មកគណបក្ស​ជំទាស់​មួយនេះត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ក្រោម​បទ​ចោទ​ប្រកាន់​«រៀប​គម្រោង​ដណ្តើម​យក​អំណាច»​ពី​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន តែក្រុមជំទាស់​បដិសេធ ហើយ​ចាត់ទុក​ថាជា​រឿង​នយោបាយ៕

XS
SM
MD
LG