លោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ នៅតែស្ថិតនៅក្រោមការពិនិត្យពិច្ច័យតាមផ្លូវច្បាប់ចំពោះការខកខានមិនបានបញ្ឈប់ការខាតបង់និងអំពើពុករលួយដ៏ធំមួយ នៅក្នុងគម្រោងគាំទ្រតម្លៃស្រូវអង្ករដ៏ចម្រូងចម្រាស់របស់ប្រទេសនោះ។
ក្រសួងហិរញ្ញវត្ថុថៃ ប៉ាន់ស្មានថា ប្រទេសនេះបានចំណាយប្រាក់ជាង២១.០០០ពាន់លានដុល្លារដើម្បីទ្រទ្រង់កម្មវិធីតម្លៃស្រូវអង្កររបស់រដ្ឋាភិបាលក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ។
ផែនការគាំទ្រតម្លៃស្រូវអង្កររបស់រដ្ឋាភិបាលបានចាប់ផ្តើមដោយអតីតមេដឹកនាំ Yingluck Shinawatra ហើយនិងគណបក្សភឿថៃរបស់លោកស្រី បានក្លាយជាអ្នកឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១១។
ផែនការនេះ បានសន្យាដល់ពួកកសិករនូវតម្លៃស្រូវលើសតម្លៃទីផ្សារ។ ពួកអាជ្ញាធរសង្ឃឹមថា ផែនការនោះនឹងផ្តល់ឲ្យពួកគេត្រួតត្រាកាន់តែខ្លាំងឡើងលើការនាំចេញស្រូវអង្កររបស់ថៃ ហើយនឹងនាំឲ្យពួកគេពង្រឹងតួនាទីរបស់ថៃជាប្រទេសនាំចេញអង្ករធំជាងគេបំផុតក្នុងពិភពលោក។
ក៏ប៉ុន្តែ ប្រទេសផលិតអង្ករក្នុងតំបន់ដូចជា ឥណ្ឌា វៀតណាមនិងមីយ៉ាន់ម៉ា បានបង្កើនផលស្រូវរបស់ខ្លួនហើយបានលក់ការនាំចេញស្រូវអង្ករកាន់តែខ្លាំងឡើងនៅលើទីផ្សារ បំពេញតម្រូវការច្រើនជាងដែលពួកគេបានធ្វើកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ រឿងនេះនាំឲ្យអង្ករថៃលក់មិនចេញ ហើយមានការពន្យាពេលក្នុងការបង់ប្រាក់ទៅឲ្យកសិករ។ រដ្ឋាភិបាលបានចាប់ផ្តើមស្តុកទុកស្រូវអង្ករដែលមិនបានលក់ ដែលពួកអាជ្ញាធរឥឡូវនេះបានប៉ាន់ស្មានថា មានប្រហែល១៩លានតោន។
លោក Viroj na Ranong ជាសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (Thailand Development Research Institute) ដែលជាអង្គការស្រាវជ្រាវឯករាជ្យនិយាយថា ការខាតបង់ដែលបានប៉ាន់ស្មានដោយក្រសួងហិរញ្ញវត្ថុ អាចកើនឡើង នៅពេលដែលរដ្ឋាភិបាលយោធាបានប៉ុនប៉ងបោសសម្អាតការស្តុកទុកស្រូវអង្ករដ៏ច្រើននោះ។
«តាមការពិត រឿងដែលអាក្រក់នោះមិនត្រឹមតែរដ្ឋាភិបាលរបស់គណបក្សភឿថៃ គ្មានសមត្ថភាពដើម្បីលក់អង្កររបស់ខ្លួននោះទេ ការរំពឹងទុករបស់ខ្ញុំគឺថា ស្រូវអង្ករភាគច្រើននឹងស្ថិតនៅក្នុងឃ្លាំងយ៉ាងយូរមុនពេលពួកយោធា នឹងអាចដោះស្រាយបញ្ហាស្រូវអង្ករនេះបាន»។
ក្រសួងហិរញ្ញវត្ថុថៃ បានប៉ាន់ស្មានថា ការខាតបង់ពីផែនការស្រូវអង្ករនៅក្រោមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី Yingluck Shinawatra មានតម្លៃសរុបជាង១៦ពាន់លានដុល្លា។ ក្រសួងនោះ បានប្រាប់ឲ្យដឹងថា កម្មវិធីប្រហាក់ប្រហែលគ្នា មានតាំងពីឆ្នាំ២០០៤ដែលបាននាំឲ្យមានការខាតបង់សរុបទាំងអស់លើសពី២១ពាន់លានដុល្លា។
ពួកអ្នករិះគន់កម្មវិធីស្រូវអង្ករនិយាយថា កម្មវិធីនោះក៏បានខាតបង់ថវិការយ៉ាងសម្បើមតាមរយៈការពុករលួយ។ សមាជិករបស់គណបក្សលោកស្រី Yingluck និយាយទទួចថា អ្នកទទួលបានអត្ថប្រយោជន៍ដ៏សំខាន់ពីកម្មវិធីនោះ គឺពួកកសិករដាំស្រូវរបស់ថៃ។
ក៏ប៉ុន្តែ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង បានចេញផ្សាយសេចក្តីរាយការណ៍លម្អិតស្តីពីកម្មវិធីស្រូវអង្ករ ដែលផ្អែកលើការផ្តល់ព័ត៌មានដោយពួកការិយាធិបតេយ្យនិងពួកមន្រ្តីនៅក្នុងក្រសួងរដ្ឋាភិបាលហើយនឹងធនាគារដែលត្រួតត្រាដោយរដ្ឋ។
លោក Warong Dechgitvigrom សមាជិកគណបក្សប្រជាធិបតេយ្យ និយាយថា អំពើពុករលួយ មានការពាក់ព័ន្ធរោងចក្រកិនស្រូវ ធនាគារដែលត្រួតត្រាដោយរដ្ឋនិងពួកអ្នកតាមដានពិនិត្យមើលផ្លូវការដែលបានបញ្ជូនការវាយតម្លៃគុណភាពស្រូវអង្ករ។ ការត្រួតត្រាការលក់ពីរដ្ឋាភិបាលទៅរដ្ឋាភិបាលឬ G to G ក៏ចោទជាបញ្ហាដែរ។
«ពួកអ្នកតាមដានពិនិត្យមើល ក៏ពុករលួយដែរ។ ហេតុនេះហើយ បានជាស្រូវអង្ករមានគុណភាពមិនល្អ ពណ៌លឿង ឬស្រូវអង្ករមកពីកម្ពុជាឬមីយ៉ានម៉ា ត្រូវបានគេបញ្ជូនទៅកាន់ឃ្លាំង។ ហើយ នៅទីបញ្ចប់ពេលដែលរដ្ឋាភិបាលលក់ស្រូវអង្ករ ពួកគេក៏ពុករលួយ ក្លែងបន្លំផែនការ G-G វាមិនត្រឹមត្រូវទាល់តែសោះ»។ លោកស្រី Yingluck ដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យកម្មវិធីស្រូវអង្ករនោះ ប្រឈមការចោទប្រកាន់ពីការធ្វេសប្រហែស ហើយមានកំណត់ពេលបង្ហាញខ្លួននៅមុខសភាជាតិកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ប្រសិនបើមានការប្តឹងចោទប្រកាន់នៅមុខតុលាការ លោកស្រីនឹងត្រូវរារាំងមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សេដ្ឋវិទូ Viroj និយាយថា គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ(NACC) ចាត់វិធានការផ្តោតលើអតីតមេដឹកនាំYingluck បង្ហាញពីការពាក់ព័ន្ធខាងនយោបាយដែលផ្អែកលើការចោទប្រកាន់ខ្សោយលើតួនាទីរបស់លោកស្រីជាប្រធានកម្មវិធីស្រូវអង្ករជាតិដែលលោកស្រី ត្រូវតែមានការទទួលខុសត្រូវនោះ។
ក៏ប៉ុន្តែ លោក Warong Dechgitvigrom ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យ និយាយថា ចំណាត់ការខាងផ្លូវច្បាប់ប្រឆាំងលោកស្រី Yingluck អាចទទួលជោគជ័យ មួយផ្នែកពីព្រោះតែ កសិករដាំស្រូវជាច្រើន បានខឹងសម្បារដោយការពន្យាពេលការសងប្រាក់នោះ។
«ខ្ញុំជឿជាក់ថា ការប្តឹងចោទប្រកាន់នៅមុខតុលាការនឹងទទួលបានជោគជ័យហើយខ្ញុំជឿជាក់ថា នៅទីបញ្ចប់តុលាការកំពូល ក៏នឹងបានទទួលជោគជ័យដែរ។ ជោគជ័យទាំង២។ ពលរដ្ឋក្រីក្រ ក៏យល់ស្របជាមួយតុលាការដែរ គឺអ្នកនយោបាយ ត្រូវតែទទួលខុសត្រូវចំពោះអំពើពុករលួយនិងអំពីការប្តឹងចោទប្រកាន់នៅមុខតុលាការហើយនិងសកម្មភាពឧក្រិដ្ឋកម្ម»។
ពួកអ្នកនាំស្រូវអង្ករចេញឯកជន នៅតែមានទំនុកចិត្តថា ប្រទេសថៃនឹងទទួលបានតួនាទីរបស់ខ្លួនជាប្រទេសនាំស្រូវអង្ករចេញដ៏ធំបង្អស់របស់ពិភពលោកឡើងវិញក្នុងប៉ុន្មានឆ្នាំខាងមុខទៀត។
ក្រុមនាយកប្រតិបត្តិឧស្សាហកម្មស្រូវអង្ករព្យាករណ៍ថា ថៃនឹងដឹកនាំអង្ករចេញប្រហែលពី១០ទៅ១២លានតោននៅឆ្នាំ២០១៤ ដោយស្ថិតនៅក្នុងជួរជាមួយប្រទេសឥណ្ឌាដែលមានចំនួន១០លានតោន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន