សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួននៅក្នុងប្រទេសថៃត្រូវបានចាប់ខ្លួន ខណៈដែលបាតុកម្មមិនត្រូវបានរំពឹងទុកមួយចំនួនកាលពីថ្ងៃសៅរ៍ត្រូវបានធ្វើឡើងនៅតាមដងផ្លូវក្នុងរាជធានីបាងកកដើម្បីប្រឆាំងនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងពួកគេ។ បាតុកម្មទាំងនោះបំពានទៅនឹងច្បាប់គ្រាអាសន្ន ដែលត្រូវបានដាក់ឲ្យអនុវត្តក្នុងអំឡុងពេលដែលមានការផ្ទុះឡើងថ្មីៗនូវជំងឺកូវីដ១៩ ក្នុងប្រទេសនេះ។
ក្រុមបាតុកម្មធំៗដែលបង្កើតបានជាចលនា Rasadorn ដែលមានន័យថាចលនាប្រជាជន កន្លងមក បានប្រកាសជាផ្លូវការឲ្យមានការផ្អាកមួយរយៈនូវការធ្វើបាតុកម្មនៅតាមដងផ្លូវធំៗនៅក្នុងព្រះរាជាណាចក្រថៃ។ បាតុកម្មកន្លងមកមានបំណងទាមទារឲ្យមានការធ្វើកំណែទម្រង់ខ្លាំងក្លាលើនយោបាយថៃ និងលើរបបរាជាធិបតេយ្យដែលមិនធា្លប់ត្រូវបានគេប៉ះពាល់។
ក៏ប៉ុន្តែ ក្រុមបាតុករមួយចំនួនបានប្ដូរពីការធ្វើបាតុកម្មទ្រង់ទ្រាយធំទៅជាការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយតូច និងព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍សាធារណជនវិញ ដោយផ្ដោតលើច្បាប់ប្រមាថព្រះមហាក្សត្រ នៅត្រង់មាត្រាទី ១១២ នៃច្បាប់ព្រហ្មទណ្ឌថៃ។
ច្បាប់នេះអាចអនុញ្ញាតឲ្យដាក់ទោសចន្លោះពី ៣ ទៅ ១៥ ឆ្នាំសម្រាប់បទល្មើសមួយ ចំពោះការ «ប្រមាថ បរិហារកេរ្តិ៍ ឬគំរាមកំហែង» រាជវង្សានុវង្ស។ ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យថៃមិនចូលចិត្តច្បាប់នេះទេ ដោយសារតែពួកគេមើលឃើញថា ច្បាប់នេះគឺជាអាវុធនយោបាយ។ មកទល់នឹងពេលនេះ បាតុករជាង ៤០ នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ។
ដោយឡែក បាតុកម្មកាលពីថ្ងៃសៅរ៍បានបង្កឲ្យមានការប៉ះទង្គិចគ្នារវាងបាតុករជាមួយនឹងប៉ូលិស ហើយរូបភាពពីវីដេអូបានបង្ហាញថា មានការផ្ទុះតូចមួយពីគ្រាប់បែកមួយប្រភេទដែលគេហៅថា គ្រាប់បែកប៉េងប៉ុង ដែលទំនងជាត្រូវបានគប់ទៅលើក្រុមប៉ូលិសបង្ក្រាបកុបកម្មមួយក្រុម។
បាតុករចំនួន ៥ នាក់ទៀតត្រូវបានចាប់ខ្លួន។ នេះបើយោងតាមក្រុមតស៊ូមតិ iLaw៕