ទីក្រុងបាងកក ប្រទេសថៃ – តុលាការកំពូលរបស់ប្រទេសថៃកាលពីថ្ងៃទី២ ខែធ្នូបានសម្រេចទម្លាក់ការចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រី Prayuth Chan-Ocha ចំពោះទង្វើខុសឆ្គងរបស់លោកពាក់ព័ន្ធការស្នាក់នៅក្នុងផ្ទះយោធាយ៉ាងយូរ ក្រោយលោកបានចូលនិវត្តន៍ពីតំណែងយោធា។ ប្រសិនបើលោកត្រូវបានរកឃើញថាមានទោស ការចោទប្រកាន់នេះអាចធ្វើឱ្យលោកនាយករដ្ឋមន្ត្រីត្រូវបានគេដកចេញពីតំណែងនិងអាចជាច្រកដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសថៃ។
ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើបាតុកម្មរាប់ម៉ឺននាក់ដើម្បីគាបសង្កត់ឱ្យលោក Prayuth ចុះចេញពីតំណែង បានប្រមូលផ្តុំគ្នាភ្លាមៗនៅផ្លូវបំបែកដ៏ធំមួយនៅក្នុងក្រុងបាងកកបន្ទាប់ពីតុលាការធម្មនុញ្ញបានធ្វើការសម្រេចទម្លាក់ចោលបទចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រី។
អង្គចៅក្រមទាំង៩បានសម្រេចជាឯកច្ឆ័ន្ទថា ការស្នាក់នៅដ៏យូររបស់លោក Prayuth នៅក្នុងនិវេសដ្ឋានយោធា ដែលប្រើប្រាស់ថវិការបស់អ្នកបង់ពន្ធ បន្ទាប់ពីលោកបានចូលនិវត្តន៍ពីតួនាទីជាមេបញ្ជាការយោធានៅចុងឆ្នាំ២០១៤ មិនមែនជាទំនាស់ផលប្រយោជន៍ ហើយក៏មិនបានបំពាន «ច្បាប់ណាមួយ» ដែរ។ ដូច្នេះហើយ «លោកនឹងនៅតែជានាយករដ្ឋមន្ត្រី»។
លោក Prayuth អតីតមេបញ្ជាការយោធាដែលជាគោលដៅនៃការខឹងសម្បារបស់ក្រុមអ្នកតវ៉ា បានកាន់អំណាចនៅក្នុងការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ ដោយបានសន្យាថា នឹងការពាររាជវង្សនិងនាំយកសន្តិភាពនិងសាមគ្គីភាពមកឱ្យប្រទេសជាតិដែលមានការបែកបាក់គ្នានេះ។
៦ឆ្នាំក្រោយមក ប្រទេសថៃបានបែកបាក់គ្នាមិនដែលធ្លាប់មានពីមុនមក។ រាជវង្សដែលមិនមានអ្នកណាអាចប៉ះពាល់បាន ឥឡូវនេះក្លាយជាគោលដៅនៃការអំពាវនាវឱ្យមានកំណែទម្រង់។
ការសម្រេចរបស់តុលាការបានបង្កឱ្យមានការខឹងសម្បាពីប្រជាជនរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅជាយទីក្រុងបាងកកកាលពីយប់ថ្ងៃពុធ ទី២ ខែធ្នូ ដោយស្រែកថា «អំណាចផ្តាច់ការចុះចេញ គាំទ្រលទ្ធិប្រជាធិបតេយ្យ» និងមានការស្តាប់សុន្ទរកថាពីលើឆាកដែលមានផ្ទាំងដ៏ធំមួយបង្ហាញពីវីដេអូដែលជារូបសត្វទាពាក់សក់ពាក់របស់ចៅក្រម»។
លោក Piraya អាយុ២៥ឆ្នាំ បានប្រាប់ VOA ថា «តុលាការមិនខ្វល់ពីអ្នកណានោះទេ ក្រៅពីក្រុមរបស់ខ្លួន។ ពួកគេគ្រាន់តែខ្វល់ថា ក្រុមរបស់ពួកគេនៅកាន់អំណាចឬអត់។ តើយុត្តិធម៌មាននៅទីណា?»។ តុលាការធម្មនុញ្ញបានដើរតួជាអាជ្ញាកណ្តាលនៅក្នុងភាពចលាចលនយោបាយថៃរយៈពេល១៤ឆ្នាំចុងក្រោយ ដែលក្នុងរយៈពេលនេះ មានរដ្ឋប្រហារចំនួន២ដងនិងការតវ៉ានៅតាមផ្លូវពីសំណាក់គូប្រជែងជាច្រើនដង។
អ្នករិះគន់និយាយថា ការកាន់កាប់អំណាចរបស់រដ្ឋាភិបាលមានតែមួយភាគី ដោយបានដកនាយករដ្ឋមន្ត្រីគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៣នាក់នៅក្នុងរយៈពេលនោះ ព្រមទាំងគណបក្សវឌ្ឍនភាពរបស់វីរបុរសនៃចលនាប្រជាធិបតេយ្យគឺលោក Thanathorn Juangroongruangkit ខណៈពេលបន្ធូរបន្ថយលើបុគ្គលល្បីៗរបស់គណបក្សផ្សេងដែលស្ថិតនៅក្នុងសវនាការរបស់អង្គចៅក្រម។
លោក Parit Chiwarak ហៅ «Penguin» មេដឹកនាំអ្នកតវ៉ាបានប្រាប់ហ្វូងមនុស្សថា «ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ តុលាការបានបំផ្លាញលទ្ធិប្រជាធិបតេយ្យជាច្រើនដង»។ នៅក្នុងហ្វូងមនុស្សគេឃើញមានកូនទាជ័រយក្សមួយដែលតំណាងឱ្យចលនានេះត្រូវបានគេប្រើប្រាស់ដើម្បីការពារពីការបាញ់ទឹករបស់ប៉ូលិសខណៈមានការចាក់បទភ្លេងជាតិ។
ការកើនឡើងនៃភាពតានតឹង
បន្ថែមលើការទាមទារឱ្យមានការចុះចេញពីតំណែងរបស់លោក Prayuth ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននោះ ក្រុមអ្នកតវ៉ាចង់ឱ្យមានការតាក់តែងរដ្ឋធម្មនុញ្ញថ្មី ដោយដកអំណាចពីយោធានិងព្រះមហាក្សត្រ Maha Vajiralongkorn។
ការខឹងសម្បាកំពុងតែកើនឡើងដោយមិនមានសញ្ញាណនៃការសម្រុះសម្រួលម៉ឺងម៉ាត់ណាមួយពីរដ្ឋាភិបាលនោះទេ។
ក្រុមអ្នកតវ៉ាបានចោទប្រកាន់ព្រះមហាក្សត្រដែលឡើងគ្រងរាជ្យនៅក្នុងឆ្នាំ២០១៦ពីការឆ្ពោះទៅរកអំណាចផ្តាច់ការ ដោយប្រើប្រាស់ទ្រព្យសម្បត្តិរាជវង្សជាទ្រព្យសម្បត្តិឯកជនផ្ទាល់ខ្លួន និងបានផ្លាស់ប្តូរអង្គភាពកងទ័ពឱ្យមកស្ថិតក្រោមបញ្ជាផ្ទាល់របស់ទ្រង់ និងផ្លាស់ប្តូរកម្មវិធីនយោបាយនៅពីក្រោយឆាក។
បន្ទាប់ពីការដឹកនាំមិនច្បាស់លាស់រយៈពេល៦ឆ្នាំ លោក Prayuth ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង សូម្បីតែនៅក្នុងចំណោមអតីតអ្នកគាំទ្រលោកនៅក្នុងក្រុមអភិរក្សនិយមក្តី។
ប៉ុន្តែលោកបានច្រានចោលការអំពាវនាវឱ្យចុះចេញពីតំណែងម្តងហើយម្តងទៀត។
លោក Khemthong Tonsakulrungruang អ្នកស្រាវជ្រាវច្បាប់រដ្ឋធម្មនុញ្ញនៅសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ការព្យាយាមពន្យារពេលរបស់លោក Prayuth «មានន័យថា យើងនឹងឃើញមានការកើនឡើងនៃភាពតានតឹងនៅតាមដងផ្លូវច្បាស់ជាមិនខាន»។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហាក់ដូចជាមិនអាចរារាំងចលនាតវ៉ាដែលដឹកនាំដោយយុវជន និងចេះតែកើនឡើងនេះនោះទេ ទោះបីជាមានការចោទប្រកាន់តាមផ្លូវច្បាប់ ការប្រើប្រាស់ឡានទឹកបាញ់បំបែកហ្វូងបាតុករនិងមានការប្រទាញប្រទង់ជាមួយនឹងអ្នកស្មោះស្ម័គ្រនឹងរាជវង្សក្តី។
លោក Khemthong បានបន្ថែមថា៖ «ដូច្នេះក្រុមអ្នកអភិរក្សនិយមអាចត្រូវមានមនុស្សថ្មីដើម្បីតំណាងពួកគេ និងគ្រប់គ្រងផលប្រយោជន៍របស់ពួកគេ ព្រមទាំងគាបសង្កត់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ»។
ប៉ុន្តែនៅក្នុងប្រទេសដែលមានការលាបពណ៌យ៉ាងខ្លាំងនេះ មានបុគ្គលល្បីៗតិចបំផុតដែលអាចមានការជឿទុកចិត្តទាំងនៅក្នុងក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមអ្នកគាំទ្រយោធា។
ព្រះមហាក្សត្រមិនទាន់មានព្រះរាជបន្ទូលដោយផ្ទាល់ទៅកាន់ក្រុមអ្នកតវ៉ានៅឡើយទេ ប៉ុន្តែបានឆ្លើយសំណួរពាក់ព័ន្ធនឹងការទាមទាររបស់ពួកគេដោយបានមានព្រះបន្ទូលថា រាជវង្សសព្វព្រះរាជហឫទ័យ «ពួកគេស្មើៗគ្នា»។
ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មេដឹកនាំសំខាន់ៗនៃចលនានេះចំនួន៥ នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងមួយ ដែលអាចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៥ ឆ្នាំ សម្រាប់ការកាត់ទោសមួយលើកៗសម្រាប់ការប្រមាថ ការបរិហាកេរ្តិ៍ ឬការគំរាមកំហែងដល់រាជវង្ស។
មេដឹកនាំផ្សេងទៀតត្រូវបានប៉ូលិសកោះហៅ នៅពេលដែលច្បាប់នេះត្រូវបានគេប្រើប្រាស់ដើម្បីលុបចោលការគូររូបតាមជញ្ជាំង ផ្ទាំងក្រដាសនិងការស្រែកហ៊ោដែលសំដៅដល់ព្រះមហាក្សត្រដោយចលនាតាមដងផ្លូវដែលមានកម្លាំងខ្លាំងក្លា ប៉ុន្តែប្រកបដោយសន្តិវិធីគិតមកទល់ពេលនេះ។
លោក Prayuth បានហៅខ្លួនលោកថា ជាមេដឹកនាំស៊ីវិល បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០១៩ ដែលធ្វើឡើងក្រោមច្បាប់ដែលអ្នករិះគន់និយាយថា លំអៀងទៅខាងគណបក្សដែលមានទំនាក់ទំនងនឹងយោធានិងប៉ះពាល់ដល់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។
នៅពេលលោកចូលកាន់តំណែង លោកបានតែងតាំងសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូប។ មាត្រាគន្លឹះមួយនៃរដ្ឋធម្មនុញ្ញថ្មីដែលតាក់តែងដោយយោធាបានអនុញ្ញាតឱ្យលោកមានសំឡេងភាគច្រើននៅក្នុងសភា ដែលមានសុទ្ធតែអតីតឧត្តមសេនីយ៍ និងអ្នកស្មោះស្ម័គ្រក្នុងជួរកងទ័ពជាអ្នកតាក់តែងច្បាប់។
ប៉ុន្តែក្រុមអ្នករិះគន់និយាយថា លោកបានធ្វើឱ្យសេដ្ឋកិច្ចមានបញ្ហា ជាមួយនឹងផែនការវិនិយោគរយៈពេល២០ឆ្នាំដែលចំណាយថវិកាជាច្រើន ដោយមានការចូលរួមតិចតួចពីសាធារណជន ខណៈដែលប្រទេសនេះកំពុងជាប់ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
នៅក្នុងប្រទេសដែលមានរដ្ឋប្រហារចំនួន១៣លើក ចាប់តាំងពីឆ្នាំ១៩៣២មកនេះ មានការភ័យខ្លាចថាអាចនឹងមានការអន្តរាគមន៍ពីយោធានៅពេលខាងមុខឆាប់ៗដើម្បីបញ្ចប់ការតវ៉ា៕