បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃរាប់រយនាក់ បានចេញមកតាមផ្លូវនានានៅថ្ងៃព្រហស្បតិ៍ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Pryauth Chan-ocha ចុះចេញពីតំណែង និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលនឹងទប់ស្កាត់អំណាចរាជាធិបតេយ្យនៅក្នុងប្រទេសថៃ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បាតុកម្មនេះ ដែលបានបំពានបម្រាមការប្រមូលផ្តុំសាធារណៈទប់ស្កាត់ជំងឺរាតត្បាត បានកើតមានឡើងនៅពេលរដ្ឋាភិបាលរបស់លោក Prayuth ប្រឈមការរិះគន់ជាសាធារណៈ អំពីចំណាត់ការទប់ស្កាត់ការផ្ទុះវីរុសកូរ៉ូណា សេដ្ឋកិច្ចរើបឡើងវិញដ៏យឺតយ៉ាវ និងគោលនយោបាយវ៉ាក់សាំងដែលទាក់ទិននឹងក្រុមហ៊ុនរបស់ព្រះមហាក្សត្រ Maha Vajiralongkorn។
មេដឹកនាំបាតុកម្មលោក Jatupat “Pai Daodin” Boonpattararaksa បានប្រាប់ហ្វូងមនុស្សនៅក្នុងរាជធានីបាងកកថា «រដ្ឋធម្មនុញ្ញត្រូវតែចេញមកពីប្រជាពលរដ្ឋ»។
បាតុកម្ម ដែលដឹកនាំដោយយុវជនកាលពីឆ្នាំមុន បានទាក់ទាញមនុស្សរាប់ម៉ឺននាក់នៅទូទាំងប្រទេស ក៏ប៉ុន្តែបាតុកម្មបានជាប់គាំង បន្ទាប់ពីកងកម្លាំងសន្តិសុខបានចាប់ផ្តើមបង្ក្រាប ចាប់ឃុំខ្លួនពួកមេដឹកនាំ ហើយបន្ទាប់មក រលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ បានផ្ទុះឡើង។
ពួកបាតុករ បានរំលោភបម្រាមមិនឲ្យរិះគន់ព្រះមហាក្សត្រ និងអាចនឹងប្រឈមការកាត់ទោសនៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹង ដែលចែងថា ការប្រមាថ ឬមាក់ងាយព្រះមហាក្សត្រ មហាក្សត្រិយានី និងអ្នកស្នងរាជ អាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ ភាគច្រើននៃមេដឹកនាំបាតុកម្មបានត្រូវដោះលែងដោយការធានាឲ្យនៅក្រៅការឃុំឃាំង។
បាតុកម្មនៅថ្ងៃព្រហស្បតិ៍ ដែលរួមមានអតីតអ្នកគាំទ្រខ្លះរបស់លោក Prayuth នោះ ធ្វើចំថ្ងៃដែលប្រទេសថៃបានប្រកាសបញ្ចប់របបរាជាអាជ្ញានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២៕