ក្រុមអ្នកប្រឆាំងតវ៉ារាប់រយនាក់ នៅថ្ងៃពុធម្សិលមិញនេះ បានមកជួបជុំគ្នាជាថ្មីឡើងវិញ ដើម្បីទាមទារឲ្យមានការដោះលែងក្រុមសកម្មជនរបស់ពួកគេចំនួន ៤នាក់ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃអង្គារ ដើម្បីរង់ចាំសវនាការកាត់ក្តីពួកគេពីបទប្រមាថព្រះមហាក្សត្រថៃ។ បទឧក្រិដ្ឋនេះអាចមានទោសជាប់ពន្ធនាគាររហូតដល់រយៈពេល ១៥ ឆ្នាំ។
បាតុកម្មនេះពីដំបូងឡើយត្រូវបានរៀបចំដោយក្រុមសកម្មជន ដើម្បីបង្ហាញពីការសាមគ្គីគ្នាជាមួយនឹងបាតុករ ដែលប្រឆាំងតវ៉ានឹងរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្បែរខាង ប៉ុន្តែក្រោយមក ត្រូវបានប្តូរទៅជាការទាមទារឲ្យមានការផ្លាស់ប្តូរ ឬបញ្ចប់នូវច្បាប់ប្រមាថព្រះមហាក្សត្រថៃដ៏តឹងរ៉ឹងវិញ។
ការប្រឆាំងតវ៉ាដែលដឹកនាំដោយក្រុមយុវជននៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន បានបើកទម្លុះនូវរនាំងប្រពៃណីថៃ ដោយធ្វើការអំពាវនាវជាចំហ ឲ្យមានការកែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដែលមានអំណាចខ្លាំងក្លានោះ។
ការបដិសេធនូវការស្នើសុំនៅឃុំសម្រាប់មេដឹកនាំសំខាន់ៗទាំងបួនរូបរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃនោះ បានបញ្ឆេះក្រុមសកម្មជនឲ្យមានកំហឹងកាន់តែខ្លាំង។
អ្នកប្រឆាំងតវ៉ាប្រមាណ ១០០០ នាក់ បានមកជួបជុំគ្នានៅពេលយប់ ដោយអ្នកខ្លះកាន់ផ្ទាំងបដាដែលមានសរសេរអក្សរថា «ដោះលែងមិត្តរបស់យើង» និង «លុបចោលមាត្រា ១១២» ដែលសំដៅទៅលើមាត្រាក្នុងក្រមព្រហ្មទណ្ឌថៃ ដែលនិយាយពីការប្រមាថព្រះមហាក្សត្រថៃ។ អ្នកខ្លះទៀតលើកឆ្នាំង ឬខ្ទះដែក ដែលមានសរសេរលេខ ១១២ ជាដើម៕