លោកនាយករដ្ឋមន្ត្រីថៃបានព្រមាននៅថ្ងៃពុធនេះថា ទីភ្នាក់ងារព័ត៌មាន BBC អាចប្រឈមនឹងការចោទប្រកាន់ ប្រសិនបើរបាយការណ៍ដែលផ្សាយដោយផ្នែកភាសាថៃរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត អំពីព្រះមហាក្សត្រថ្មីរបស់ថៃ ត្រូវគេរកឃើញថា បានរំលោភលើច្បាប់ ដែលការពារព្រះកិត្តិនាមរបស់ព្រះមហាក្សត្រនោះ។
ទីភ្នាក់ងារព័ត៌មាន BBC ភាសាថៃ បានបោះពុម្ពផ្សាយនូវអត្ថបទមួយអំពីប្រវត្តិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដោយផ្ដោតលើទិដ្ឋភាពនានានៃដំណើរជីវិតរបស់ព្រះអង្គ ដែលពោរពេញដោយភាពចម្រូងចម្រាស។ អត្ថបទនោះបានរៀបរាប់លំអិតអំពីការរៀបអភិសេកចំនួន ៣ លើក របស់ព្រះអង្គ ដែលការរៀបអភិសេកនោះបញ្ចប់ដោយការលែងលះ។ អត្ថបទនោះក៏បានរៀបរាប់អំពីរឿងរ៉ាវផ្សេងៗទៀត ដែលប្រព័ន្ធផ្សព្វផ្សាយថៃមិនអាចផ្សព្វផ្សាយបាន។
ប្រទេសថៃមានច្បាប់ដាក់ទោសទណ្ឌដល់អ្នកទិតៀនព្រះមហាក្សត្រដ៏តឹងតែងបំផុត ដែលអាចដាក់ទោសដល់អ្នកប្រព្រឹត្តិខុសឲ្យជាប់ពន្ធនាគារចាប់ពី ៣ រហូតដល់ ១៥ ឆ្នាំ។ កន្លងមក មិនទាន់មានការចោទប្រកាន់ណាមួយធ្វើឡើងលើទីភ្នាក់ងារព័ត៌មាន BBC នោះទេ។
លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-Ocha បាននិយាយថា ដោយសារតែ «ទីភ្នាក់ងារព័ត៌មាន BBC មានផ្នែកភាសាថៃ ដំណើរការនៅក្នុងប្រទេសថៃ និងមានបុគ្គលិកជាជនជាតិថៃ។ ដូច្នេះ ប្រសិនបើ ទីភ្នាក់ងារព័ត៌មាននេះរំលោភច្បាប់ប្រទេសថៃ ពួកគេអាចត្រូវចោទប្រកាន់។ នេះវាដូចពេលយើងធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ និងបានរំលោភច្បាប់ប្រទេសទាំងនោះដូច្នេះដែរ គឺយើងក៏ត្រូវគេចោទប្រកាន់ដែរ»។
លោក Prayuth Chan-Ocha បានបន្ថែមថា៖ «វាមិនសំខាន់ទេ ដែលអ្នកប្រព្រឹត្តិខុសនោះជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយ ឬក៏អត់នោះ ដោយហេតុថា បទឧក្រិដ្ឋគឺនៅតែជាបទឧក្រិដ្ឋ។ ដូច្នេះ សូមប្រុងប្រយ័ត្នជាមួយអ្វីដែលអ្នកបានធ្វើ។ កុំរំលោភលើជីវិតឯកជនរបស់អ្នកដទៃ ឲ្យឈានដល់ចំណុចមួយដែលបណ្ដាលឲ្យមានភាពវឹកវរកើតឡើងនោះ»៕