បាងកក៖ តុលាការមួយនៅក្នុងប្រទេសថៃបានកាត់ទោសឲ្យបណ្ណាធិការទស្សនាវដ្តីមួយរូបជាប់ពន្ធនាគារចំនួន១០ឆ្នាំក្រោមច្បាប់ដ៏ចម្រូងចម្រាស់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដែលជនជាតិថៃគោរពជាទីសក្ការៈ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មានមូលដ្ឋាននៅបូរីញូវយ៉ក និយាយថា អាជ្ញាធរថៃទំនងជាបានសំដៅយកបណ្ណាធិការរូបនេះដោយសារលោកបានតស៊ូមតិឲ្យមានការកែទម្រង់ច្បាប់នេះ។
តុលាការថៃមួយកាលពីថ្ងៃពុធនេះបានរកឃើញថា លោកបណ្ណាធិការ Somyot Pruksakasemsuk មានទោសពីរឿងបោះពុម្ពអត្ថបទចំនួនពីរដែលត្រូវចាត់ទុកថាមានខ្លឹមសារប្រមាថព្រះមហាក្សត្រ។
នៅក្រោមច្បាប់ប្រមាថព្រះជេស្តាដ៏តឹងរ៉ឹង (Lese Majeste) នាយកទស្សនាវដ្តី «សំឡេងថាក់ស៊ីន» (Voice of Thaksin) ដែលលែងមានដំណើរការ ត្រូវបានគេដាក់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំសម្រាប់អត្ថបទនិមួយៗ។
ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃស្ថិតនៅក្នុងចំណោមច្បាប់ដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោក ហើយអាចកំណត់ឲ្យមានការជាប់ទោសរហូតដល់១៥ឆ្នាំសម្រាប់បទល្មើសមួយ។
សកម្មជនសិទ្ធិមនុស្សបានថ្កោលទោសការកាត់ទោសបណ្ណាធិការរូបនេះថាជារឿងនយោបាយ។
លោក Sunai Phasuk ជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់អង្គកាឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅក្នុងប្រទេសថៃ។ លោកថា អាជ្ញាធរថៃទំនងជាចាប់កំហុសលោកបណ្ណាធិការ ដោយសាររូបលោកបានជំរុញឲ្យមានកំណែទម្រង់ចំពោះច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ។
លោក Sunai ពន្យល់ប្រាប់វីអូអេថា៖ «លោក Somyot ត្រូវបានចាប់ខ្លួននៅក្រោយរយៈពេលលោកបានធ្វើយុទ្ធនាការបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលហត្ថលេខាពីសាធារណជនសុំឲ្យមានវិសោធនកម្មច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ។ ក៏ប៉ុន្តែ អត្ថបទដែលជាមូលហេតុនៃការចាប់ខ្លួនលោក ក៏ដូចជាសេចក្តីសម្រេចតុលាការនៅថ្ងៃនេះ គឺត្រូវបានបោះពុម្ពជាយូរមកហើយ។»
អ្នកសរសេរអត្ថបទមិនត្រូវបានគេដាក់ទោសទេ។ អង្គការ Human Rights Watch និយាយថា អ្នកសរសេររូបនោះធ្លាប់ជាអ្នកនាំពាក្យរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ហើយបច្ចុប្បន្ននេះលោកកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ជាទូទៅ ច្បាប់បោះពុម្ពផ្សាយរបស់ប្រទេសថៃ ការពារបណ្ណាធិការពីការទទួលខុសត្រូវចំពោះខ្លឹមសារអត្ថបទដែលត្រូវសរសេរដោយអ្នកដទៃ។
ប៉ុន្តែលោក Sunai និយាយថា តុលាការបានសម្រេចកាលពីថ្ងៃពុធថា ការប្រមាថព្រះមហាក្សត្រជាការគំរាមកំហែងដល់សន្តិសុខជាតិ ហើយច្បាប់នេះមានអំណាចលើសច្បាប់ដទៃទៀតទាំងអស់។
លោក Sunai ថ្លែងថា៖ «ដូច្នេះឥឡូវនេះ នៅក្នុងប្រទេសថៃមានបទដ្ឋានថ្មីមួយទៀតទាក់ទងនឹងទោសប្រមាថព្រះមហាក្សត្រ គឺថា មិនមានសិទ្ធិសេរីភាពណាមួយដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ អាចត្រូវគេលើកយកមកការពារខ្លួនក្នុងរឿងនេះ និងធានាឲ្យមានសិទ្ធិជាមូលដ្ឋានទេ។ ដូច្នេះនេះជាពេលវេលាដ៏គួរឲ្យបារម្ភមួយ។ ការកាត់ទោសលោក Somyot ជាជំហានដ៏គួរឲ្យបារម្ភមួយដែលបង្ហាញថា សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសថៃកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។»
លោក Sunai និយាយថា ករណីនេះបង្ហាញឲ្យឃើញថា អាជ្ញាធរថៃកាន់តែសំដៅរកចាប់កំហុសប្រព័ន្ធផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចាប់ពិរុទ្ធខ្លួនឯង (self-censorship) ក្នុងការពិភាក្សាណាមួយជាសារធារណៈអំពីរឿងព្រះមហាក្សត្រ។ លោកថា ជារៀងរាល់ខែ អាជ្ញាធរបានបិទគេហទំព័រចំនួនជាង១.០០០ ដោយចោទថាមានខ្លឹមសារប្រឆាំងនឹងព្រះមហាក្សត្រ។
កាលពីខែឧសភា ឆ្នាំ២០១២ តុលាការថៃបានរកឃើញថា អ្នកគ្រប់គ្រងគេហទំព័រមួយរូបឈ្មោះ Chiranuch Premchaiporn មានកំហុសដោយសារមិនបានលុបចោលឲ្យទាន់ពេលវេលា នូវមតិដែលគេបានសរសេរលើគេហទំព័រ ហើយដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ។
នាងត្រូវបានតុលាការព្យួរទោសជាប់ពន្ធនាគារចំនួន៨ខែ ពីបទរំលោភលើច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដែលជាច្បាប់គេប្រើសម្រាប់កាត់ទោសករណីប្រមាថព្រះមហាក្សត្រនៅលើបណ្តាញអ៊ីនធឺណិត។
Somyot ក៏បានទទួលទោសមួយឆ្នាំក្នុងពន្ធនាគារកាលពីថ្ងៃពុធដែរ នៅក្នុងរឿងក្តីដាច់ដោយឡែកមួយ ពីរឿងដែលលោកបានចោទថា ឧត្តមសេនីយ៍ថៃម្នាក់ស្ថិតនៅពីក្រោយរដ្ឋប្រហារឆ្នាំ២០០៦ ដែលបានទម្លាក់លោកអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ពីតំណែង។
ទស្សនាវដ្តីនិងលោក Somyot ជាអ្នករិះគន់ស្ថាប័នរដ្ឋាភិបាល និងជាអ្នកគាំទ្រលោកអតីតនាយករដ្ឋមន្រ្តី។
លោក Thaksin Shinawatra ត្រូវចោទប្រកាន់អំពីភាពមិនស្មោះត្រង់ចំពោះរាជាធិបតេយ្យ ហើយឥឡូវរស់នៅនិរទេសខ្លួន ដើម្បីជៀសវាងពន្ធនាគារក្នុងបទចោទប្រកាន់អំពីរឿងពុករលួយ។
នាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោកស្រី Yingluck Shinawatra ជាប្អូនស្រីរបស់លោក Thaksin។ គណបក្ស Pheu Thai របស់លោកស្រី បានចូលកាន់អំណាច ដោយសង្ឃឹមថានឹងអាចកែប្រែច្បាប់ដែលមានភាពចម្រូងចម្រាស់នេះ តែក្តីសង្ឃឹមនេះបានបាត់ទៅវិញយ៉ាងឆាប់រហ័ស។
លោក David Streckfuss ជាសាស្ត្រាចារ្យនិងជាអ្នកនិពន្ធម្នាក់នៅប្រទេសថៃ ដែលបានសរសេរយ៉ាងច្រើនទាក់ទងនឹងអំពីរឿង Lese Majeste។ លោកបាននិយាយថា ការចោទប្រកាន់ភាគច្រើនក្នុងពេលថ្មីៗនេះ មិនមែនជាការភ្ញាក់ផ្អើលទេ ពីព្រោះរដ្ឋាភិបាលមុនរបស់លោក Abhisit Vejjajiva ដែលជាអ្នកគាំទ្ររាជាធិបតេយ្យដ៏មុតមាំម្នាក់ ជាអ្នកចាប់ផ្តើមការចោទប្រកាន់ទាំងនេះ៕
លោក Streckfuss និយាយថា៖ «អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើល ដូចលោកបាននិយាយហើយ គឺថារដ្ឋាភិបាល Pheu Thai បានចូលមកកាន់អំណាច ដោយបានសន្យាថា យ៉ាងហោចណាស់ នឹងពិនិត្យមើលច្បាប់នេះ និងឲ្យអ្នកសិក្សាស្រាវជ្រាវនិងអ្នកជំនាញច្បាប់ពិនិត្យមើលច្បាប់នេះ។ ចាប់តាំងពីពេលនោះមក ខ្ញុំគិតថា ប្រហែលដោយមកពីអ្វីដែលគេយល់ថាដើម្បីជាការគង់វង់ជីវិតផ្នែកនយោបាយផ្ទាល់របស់គេ គេក៏ឈប់និយាយអំពីច្បាប់នេះតទៅទៀត»៕
ទោះជាយ៉ាងណាក៏ដោយ លោក Streckfuss ថ្លែងថា គេហាក់ដូចជា សង្កេតឃើញថា មានករណីថ្មីអំពី«ការប្រមាថព្រះចេស្តា» Lese Majeste តិចជាងមុនច្រើន។ ដូច្នេះ ទៅអនាគត ប្រទេសថៃប្រហែលជានឹងមានការចោទប្រកាន់និងការពិន័យទោសតិចជាងមុន។
ករណីប្រមាថព្រះជេស្តា បានកើនឡើងយ៉ាងខ្លាំង នៅក្រោយរដ្ឋប្រហារ ឆ្នាំ ២០០៦ ដែលទាក់ទាញឲ្យមានការផ្តន្ទាទោសអន្តរជាតិ ចំពោះការរំលោភផ្នែកនយោបាយ។
លោក Streckfuss និយាយថា រឿង«ប្រមាថព្រះចេស្តា»នេះ បានកើនឡើងខ្ពស់បំផុត ដល់ជាង ៤០០ ករណីក្នុងឆ្នាំ ២០១០ តែផ្ទុយទៅវិញ ធ្វើឲ្យមានលទ្ធផលជាអវិជ្ជមានទៅលើរាជាធិបតេយ្យទៅវិញទេ ដោយធ្វើឲ្យបញ្ហាការកាត់ទោសរឿង«ប្រមាថព្រះចេស្តានេះ» រងការការរិះគន់និងពិនិត្យពិច័យ។
អាជ្ញាធរថៃនិយាយថា ច្បាប់នេះជាការចាំបាច់សម្រាប់ការពាររាជាធិបតេយ្យ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់។