នៅក្នុងប្រទេសថៃ គម្រោងថ្មីមួយដែលអនុញ្ញាតឲ្យប៉ូលិសតាមដាន និងបង្អាក់ដល់ការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទនៅក្នុងករណីពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ត្រូវបានបញ្ជូនដល់គណៈរដ្ឋមន្ត្រីដើម្បីអនុម័ត នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសនៅថ្ងៃព្រហស្បតិ៍នេះ។
ការវិវត្តន៍នេះមានគោលបំណងអនុញ្ញាតឲ្យប៉ូលិសមានសិទ្ធិលួចស្ដាប់ការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទបាន ដោយធ្វើការកែប្រែច្បាប់ព្រហ្មទណ្ឌឆ្នាំ ១៩៣៤។ ការវិវត្តន៍នេះក៏ជាវិធានការសន្តិសុខថ្មីបំផុតផងដែរ ដែលអនុវត្តដោយរដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ កន្លងមក។
អ្នកនាំពាក្យប៉ូលិសលោក Dechnarong Sutthicharnbancha បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីបានឯកភាពគ្នាលើគោលការណ៍អនុញ្ញាតឲ្យប៉ូលិសមានសិទ្ធិចម្លងទុកនូវការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទសម្រាប់ករណីពាក់ព័ន្ធនឹងបញ្ហាបទឧក្រិដ្ឋផ្សេងៗ»។
លោកបានបន្ថែមថា មានជំហានជាច្រើនត្រូវធ្វើរហូតដល់ច្បាប់នេះត្រូវបានអនុម័ត។
មន្ត្រីប៉ូលិសរូបណាដែលមានគោលបំណងចង់តាមដានការទំនាក់ទំនងតាមទូរស័ព្ទណាមួយ ត្រូវសុំសិទ្ធិអនុញ្ញាតពីតុលាការជាមុនសិន នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបស្ថិតក្នុងក្រុមអ្នកកែប្រែច្បាប់នេះ ដែលបដិសេធមិនបញ្ចេញឈ្មោះ ដោយហេតុថា លោកមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។
មន្ត្រីប៉ូលិសរូបនោះបានបញ្ជាក់ថា ករណីមួយចំនួនដែលប៉ូលិសអាចសុំសិទ្ធិពីតុលាការដើម្បីតាមដានសំឡេងទំនាក់ទំនងតាមទូរស័ព្ទបាន ដូចជាករណីឧក្រិដ្ឋកម្ម ករណីពាក់ព័ន្ធសន្តិសុខជាតិ ករណីពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រនិងរាជវង្សានុវង្ស និងបទឧក្រិដ្ឋឆ្លងប្រទេសជាដើម។ ចំណែកឯករណីនយោបាយវិញគឺមិនមានការពាក់ព័ន្ធទេ។
ការវិវត្តន៍នេះបានធ្វើឲ្យអង្គការសិទ្ធិមនុស្សមានការព្រួយបារម្ភផងដែរ។
លោក Sunai Phasuk អ្នកស្រាវជ្រាវអំពីកិច្ចការប្រទេសថៃមកពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានហៅគំនិតនេះថាជាគំនិតដែលគួរឲ្យព្រួញបារម្ភ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គំនិតនេះគឺពិតជាគួរឲ្យព្រួយបារម្ភ ដោយហេតុថាវាបានផ្ដល់សិទ្ធិដល់អាជ្ញាធរថៃក្នុងការចោទប្រកាន់ករណីពាក់ព័ន្ធបញ្ហាសន្តិសុខតាមទំនើងចិត្ត។ ជំហានមួយចំនួនត្រូវតែបង្កើតឡើងដើម្បីការពារកុំឲ្យមានការអនុវត្តខុសដោយពួកអាជ្ញាធរ»៕