ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ​ថា ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​វិច្ឆិកា ​២០១៧


នាយក​រដ្ឋមន្រ្តី​ថៃ​លោក​​ Prayuth Chan-ocha កំពុង​ថ្លែង​សុន្ទរកថានៅក្នុង​វេទិកា CLMVT Forum ២០១៦។
នាយក​រដ្ឋមន្រ្តី​ថៃ​លោក​​ Prayuth Chan-ocha កំពុង​ថ្លែង​សុន្ទរកថានៅក្នុង​វេទិកា CLMVT Forum ២០១៦។

មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ទើបតែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​បោះ​ឆ្នោត​គាំទ្រ​កាលពី​ថ្ងៃ​អាទិត្យ ដែល​រដ្ឋធម្មនុញ្ញ​នេះ​ធានា​ឲ្យ​ពួក​យោធា​មាន​ឥទ្ធិពល​គ្រប់គ្រង​លើ​រដ្ឋាភិបាល​អាណត្តិ​ក្រោយ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha ដែល​ជា​មេ​បញ្ជាការ​យោធា​ឡើង​កាន់​អំណាច​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ បាន​លើកឡើង​កាល​ពី​លើក​មុន​ថា លោក​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ ២០១៧ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ខែ​ណា​នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ​នោះ​ទេ។ លោក​គ្រាន់តែ​បញ្ជាក់​ថា លោក​មាន​គម្រោង​រៀបចំ​ប្រទេស​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​អំណាច​គ្រប់គ្រង​នឹង​ត្រូវ​បង្វែរ​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

ដោយ​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​នា​ថ្ងៃ​អង្គារ​នេះ លោក Prayuth Chan-ocha ច្រាន​ចោល​នូវ​សំណើ​របស់​អ្នក​សារព័ត៌មាន​មួយ​រួប​ដែល​ចង់ឲ្យ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៨ វិញ។

លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «យើង​ចាប់​រាប់​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​ទី​មួយ​នៃ​កាលវិភាគ​គម្រោង​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។ ប្រសិនបើ​យើង​ធ្វើ​តាម​គម្រោង​នេះ នោះ​យើង​នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដែល​នៅ​ពេល​នោះ​ដំណើរ​ការ​នៃ​គម្រោង​ទាំងមូល​នឹង​ត្រូវ​បាន​បញ្ចប់​ពេញលេញ»។

ការ​លើកឡើង​របស់​លោក Prayuth ធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភាគច្រើន​សម្រេច​យល់​ព្រម នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​ម្ង៉ៃ។

អ្នក​សារព័ត៌មាន​បាន​សួរ​លោក Prayuth ពាក់ព័ន្ធ​នឹង​ករណី​ដែល​សហគមន៍​អន្តរជាតិ​រិះគន់​រឿង​ដែល​លោក​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ពិភាក្សា​វែកញែក​សេចក្ដី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី និង​បាន​ចាប់​ខ្លួន​អ្នក​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​នៅ​មុន​ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​នេះ​ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ពីរ​ថ្ងៃ​មុន។

លោក Prayuth ឆ្លើយ​ថា៖ «វា​ជា​រឿង​របស់​អង្គការ​អស់​ទាំង​នោះ។ ពួកគេ​អាច​និយាយ​អ្វី​ក៏​បាន។ ពួក​យើង​មិន​ខ្វល់​ឡើយ ពីព្រោះ​ការ​ធ្វើ​ប្រជាមតិ​កន្លង​មក​បាន​បង្ហាញ​ថា ពួក​យើង​បាន​ធ្វើ​តាម​បទដ្ឋាន​អន្តរជាតិ»៕

XS
SM
MD
LG