ក្រុមប្រឹក្សាយោធានិងប៉ូលិសនៃប្រទេសថៃកំពុងនិយាយពីការជឿនលឿនជាដុំកំភួននៅក្នុងការស៊ើបអង្កេតរបស់ខ្លួននៅក្នុងការដាក់បំផ្ទុះគ្រាប់បែកនៅទីសក្ការបូជាក្នុងទីក្រុងបាងកកកាលពីខែមុន។ ការផ្ទុះនោះបានសម្លាប់មនុស្ស២០នាក់ហើយនិងធ្វើឲ្យមនុស្សជាង១២០នាក់ទៀតរងរបួស។ ភាគច្រើននៃមនុស្សរងរបួសទាំងនោះ គឺជាអ្នកទេសចរណ៍អាស៊ី។
ក្រុមអាជ្ញាធរថៃនៅតែមិនទាន់បញ្ចេញឈ្មោះ ឬសញ្ជាតិរបស់បុរសបរទេសទាំង២នាក់ដែលពួកគេបានសួរចម្លើយនៅក្នុងការទាក់ទិនជាមួយនឹងការបំផ្ទុះគ្រាប់បែកនៅទីសក្ការបូជាបែបសាសនាហិនឌូក្នុងទីក្រុងបាងកក។
ឧត្តមសេនីយ៍ឯក Prawut Thavornsiri អ្នកនាំពាក្យប៉ូលិសជាតិនិយាយថា ភស្តុតាង ចង្អុលបង្ហាញថា ជនសង្ស័យទី២ដែលចាប់បានកាលពីថ្ងៃអង្គារនៅតាមបណ្តោយព្រំដែនថៃកម្ពុជាមានជាប់ទាក់ទិនទៅនឹងការវាយប្រហារដ៏ប្រល័យ។
«លោកនិយាយថា ការវិភាគស្នាមម្រាមដៃ បញ្ជាក់ថា ជនសង្ស័យបានកាន់ដបដែលមានគ្រឿងផ្ទុះដែលត្រូវបានរកឃើញមកពីអាគារ Apartment។ យោងទៅតាមឧត្តមសេនីយ៍ប៉ូលិសនោះ ជនសង្ស័យអាចជាមនុស្សម្នាក់ដែលបានយកគ្រាប់បែកចេញពីបន្ទប់ ឬយកគ្រាប់បែកទៅកាន់ទីកន្លែងសក្ការបូជា Erawan»។
នៅក្នុងការផ្សព្វផ្សាយដំណឹងកាលពីរសៀលថ្ងៃពុធម្សិលមិញ ដែលបានធ្វើឡើងដោយបណ្តាញទូរទស្សន៍ទាំងអស់ វរសេនីយ៍ Pareya Netrawichien អ្នកផ្សាយតាមទូរទស្សន៍យោធា បានប្រកាសថា អ្នកទទួលជនបរទេសឲ្យស្នាក់នៅជាភ្ញៀវនៅក្នុងព្រះរាជាណាចក្រថៃទាំងអស់ត្រូវតែជូនដំណឹងដល់ក្រុមអាជ្ញាធរ។
«យើងសុំឲ្យម្ចាស់ផ្ទះហើយនិងម្ចាស់សណ្ឋាគារ អាគារ Apartment ហើយនិងម្ចាស់អាគារស្នាក់នៅដែលជាកន្លែងមានជនបរទេសស្នាក់នៅនោះ ផ្តល់ព័ត៌មានដល់មន្រ្តីនៅឯការិយាល័យអន្តោប្រវេសន៍ ឬស្ថានីយប៉ូលិសមូលដ្ឋាននៅជិតនោះពីការមកដល់របស់ជនបរទេសនៅទីកន្លែងរបស់ពួកគេក្នុងរយៈពេល២៤ម៉ោង»។
ក្រុមអាជ្ញាធរបានចេញដីកាចាប់ខ្លួនមនុស្ស៧នាក់ចាប់តាំងពីការផ្ទុះគ្រាប់បែកថ្ងៃទី១៧ ខែសីហា រួមមានមនុស្សយ៉ាងហោចណាស់ក៏ម្នាក់ដែរ គឺជាបុរសជនជាតិតួកគី។
ក្រុមប្រឹក្សាយោធាដែលបានដឹកនាំព្រះរាជាណាចក្រចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំទៅមក បានបញ្ជាក្រុមមន្រ្តីមិនឲ្យនិយាយថា ការផ្ទុះគ្រាប់បែកនេះ ជាសកម្មភាពភេរវកម្មអន្តរជាតិ ឬនិយាយអំពីលទ្ធភាពនៃការជាប់ទាក់ទិនណាមួយទៅនឹងប្រទេសតួកគីឬចិន។
មានការនិយាយស្មានៗថា ការវាយប្រហារនេះអាចជាការឆ្លើយតបទៅនឹងការនិរទេសជនជាតិភាគតិចចិន Uighursជាង១រយនាក់ទៅកាន់ប្រទេសចិន។ រដ្ឋាភិបាលប្រទេសលោកខាងលិច និងក្រុមអង្គការសិទ្ធិមនុស្សជនជាតិភាគតិច Uighurs បានរិះគន់ចំណាត់ការនេះដោយនិយាយថា អ្នកដែលត្រូវបាននិរទេសខ្លួនទាំងនោះ អាចប្រឈមការធ្វើបាបនៅក្នុងប្រទេសចិន។
បន្ទាប់ពីការនិរទេសជនជាតិភាគតិច Uighurs មក ការតវ៉ាប្រកបដោយហិង្សាក្នុងទីក្រុង Istanbul បានផ្តោតទៅលើបេសកកម្មការទូតរបស់ថៃ និងចិន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន