ក្រុមប្រឹក្សាយោធានៃប្រទេសថៃកំពុងនិយាយពីការជឿនលឿនយ៉ាងខ្លាំងនៅក្នុងការស៊ើបអង្កេតរបស់ខ្លួនពីការបំផ្ទុះគ្រាប់បំបែកកាលពីខែមុននៅទីសក្ការៈបូជាក្នុងទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ ហើយធ្វើឲ្យមនុស្ស១២០នាក់ទៀតរងរបួស ភាគច្រើនជាអ្នកទេសចរអាស៊ី។
ក្រុមអាជ្ញាធរកំពុងនិយាយអំពីពីបុរសម្នាក់ដែលត្រូវបានចាប់ខ្លួននៅឯព្រំដែនរបស់ថៃជាមួយនឹងប្រទេសកម្ពុជា។
ឧត្តមសេនីយ៍ Prawut Thavornsiri អ្នកនាំពាក្យប៉ូលិសជាតិ បាននិយាយថា «លទ្ធផលនៃការវិភាគស្នាមក្រយ៉ៅដៃ បានបញ្ជាក់ថា ស្នាមក្រយ៉ៅដៃរបស់ជននោះនៅលើដប ដែលមានគ្រឿងផ្ទុះ ត្រូវបានរកឃើញនៅខាងក្នុងអាគារស្នាក់នៅ ដែលបានត្រូវរងការឆែកឆេរកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ យើងបញ្ជាក់ថា ជននោះមានការទាក់ទិន ហើយអាចជាមនុស្ស ដែលបានយកគ្រាប់បែកចេញពីបន្ទប់ ឬបានយកគ្រាប់បែកទៅកាន់តំបន់នោះនៃទីសក្ការៈបូជា Erawan នៅថ្ងៃទី១៧ ខែសីហា។
អ្នកនាំពាក្យប៉ូលិសកំពូលបានធ្វើការប្រកាសដូចនេះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាយោធាថៃ ដែលបានផ្សាយនៅរសៀលថ្ងៃពុធនេះនៅតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
នៅក្នុងការផ្សាយដូចគ្នានោះ ក្រុមអ្នកនាំពាក្យក្រុមប្រឹក្សាយោធា បាននិយាយជាភាសាថៃ អង់គ្លេស និងចិនកុកងឺថា ក្រុមអាជ្ញាធរជូនដំណឹងដល់ភ្ញៀវបរទេសទាំងអស់ដែលបានមកដល់ក្នុងរយៈពេល២៤ម៉ោង។
យោងទៅតាមការផ្សាយនោះបានប្រាប់ឲ្យដឹងថា ការជូនដំណឹងនេះក៏បានអនុវត្តដល់ម្ចាស់ផ្ទះ និងសណ្ឋាគារ និងអាគារដែលពួកបរទេសស្នាក់នៅ។
ក្រុមអាជ្ញាធរបានចេញដីកាចាប់ខ្លួនមនុស្ស៨នាក់ចាប់តាំងពីការផ្ទុះគ្រាប់បែកថ្ងៃទី១៧ ខែសីហាមក រួមមានបុរសយ៉ាងហោចណាស់ក៏៤នាក់ដែរ ដែលត្រូវបានគេជឿជាក់ថា ជាជនជាតិតួកគី។
មានការនិយាយស្មានៗថា ការវាយប្រហារនោះអាចជាការឆ្លើយតបទៅនឹងការបញ្ជូនជនជាតិភាគតិចចិន Uighurs ជាង១០០នាក់កាលពីខែកក្កដារបស់ថៃទៅកាន់ប្រទេសចិនវិញ។ រដ្ឋាភិបាលប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្ស Uighursបានរិះគន់ចំណាត់ការនោះ ដោយនិយាយថា អ្នកដែលត្រូវថៃបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ អាចប្រឈមនឹងការធ្វើបាបនៅក្នុងប្រទេសចិន៕