ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ថៃ​ប្រឈម​ម្តង​ទៀត​ជាមួយ​ក្រុម​​បាតុករ​នៅ​ជិត​គេហដ្ឋាន​នាយករដ្ឋមន្ត្រី


បាតុករ​ថៃ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុងអំឡុង​​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​​របៀប​ចាត់ចែង​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​​​​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១។
បាតុករ​ថៃ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុងអំឡុង​​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​​របៀប​ចាត់ចែង​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​​​​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១។

ប៉ូលិស​ថៃ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី២​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​ក្រុម បាតុករ​រាប់រយ​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ានៅ​ជិត​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ចំពោះ​ការ​ចាត់ចែង​ទៅ​លើវិបត្តិ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​មិន​បាន​ល្អ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​បាតុករ​រាប់រយ​នាក់ បាន​គប់​ថ្នាំ​លាបទៅ​លើ​ប៉ូលិស​ប្រឆាំង​កុបកម្ម​ដែល​បាន​ប្រឈម​ជា មួយ​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​បាន​ព្យាយាម​ដើរ​ទៅ​កាន់​ផ្ទះ​លោក Prayuth ហើយ​ប៉ូលិស​បាន​ធ្វើ​ការ​ឆ្លើយតប​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ពួកគេ។

ក្រុម​អាជ្ញាធរ​ថៃ​បាន​ប្រើ​ប្រាស់​របង​លួសបន្លា​និង​ធុង​ធំៗ​ដើម្បី​បិទផ្លូវ។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក កាណុង​បាញ់​ទឹក​និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ការតវ៉ា​ប្រឆាំង​ស្រដៀង​គ្នានេះ​ដែរ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​ក្រុមបាតុករ​រាប់​ពាន់​នាក់​បាន​បើកបរ​រថយន្ត​ជា​ក្បួនកាត់​តាម​ទីក្រុង​បាងកក​នោះ។

ប៉ូលិសការពារ​ការ​ប្រើ​កម្លាំង​របស់​ខ្លួន ដោយ​លើក​ឡើថា​នេះ​ជា​វិធានការ​សាធារណៈ​ដ៏​សំខាន់​មួយ ហើយ​បាន​និយាយ​ថា មនុស្ស​៤៨នាក់​បាន​ត្រូវ​ចាប់​ខ្លួន និងប្រឈម​ការ​ចោទ​ប្រកាន់​នានា​រាប់ពី​ការ​លួច​ដុត​និង​ការ​វាយ​តប់​រហូត​ដល់​ការ​រំលោភ​ច្បាប់​វីរុស​ជំងឺ​កូវីដ១៩ដែល​ហាមឃាត់​ការប្រមូល​ផ្តុំ​សាធារណៈ​នោះ។

នាយក​រដ្ឋមន្ត្រី Prayuth បាន​ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ចំពោះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ច្របូកច្របល់​និង​ការបរាជ័យ​មិន​បាន​ទប់ស្កាត់​រលក​ជំងឺ​កូវីដ​១៩​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ធ្វើ​ឲ្យ​ឆ្លង​ដល់​មនុស្ស​ប្រមាណជាង៧៨៨.០០០​នាក់​និង​មានមនុស្ស​ស្លាប់​៦.៧០០​នាក់។

ចលនា​តវ៉ា​ប្រឆាំង​ដឹកនាំ​ដោយ​យុវជន​បាន​ស្វះស្វែងទម្លាក់​លោក Prayuth ដែល​ជា​អតីត​មេដឹកនាំ​យោធា​មួយ​រូប​ចេញ​ពី​អំណាច​នៅ​ក្នុង​អំឡុង​នៃ​ការ​តវ៉ា​ប្រឆាំង​ដ៏ធំ​មួយ​កាល​ពី​ឆ្នាំ​ទៅ ដោយ​បាន​ចោទប្រកាន់​លោក​ថា​បាន​ប្រើ​មធ្យោបាយ​ប្រព័ន្ធ​នយោបាយ​ថៃ​មិន​សុចរិត ដើម្បីបន្ត​ស្ថិតក្នុងអំណាច​ប៉ុន្តែ​លោក​បានបាន​បដិសេធ​ការ​ចោទ​ប្រកាន់នោះ៕

XS
SM
MD
LG