ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថៃ​មួយ​ឆ្នាំ​ក្រោយ​ការ​តវ៉ា


រូបឯកសារ៖ បាតុករ​ថៃ​ម្នាក់​លើកដៃ​ឡើង ខណៈ​ដែល​ប៉ូលិស​ឈរ​យាម​ល្បាត​នៅ​ពី​ក្រោយ នៅ​ក្បែរ​អគារ​រដ្ឋាភិបាល ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ បាតុករ​ថៃ​ម្នាក់​លើកដៃ​ឡើង ខណៈ​ដែល​ប៉ូលិស​ឈរ​យាម​ល្បាត​នៅ​ពី​ក្រោយ នៅ​ក្បែរ​អគារ​រដ្ឋាភិបាល ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

បាតុករ​ជាង​១០០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថៃ​ចាប់​តាំងពី​ខែ​កក្កដា​ឆ្នាំ​មុន​ នៅពេល​ការ​ប្រមូល​ផ្តុំគ្នា​នៅ​ទូទាំង​ប្រទេស​បាន​ចាប់ផ្តើម​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​របប​រាជាធិបតេយ្យ​ដែល​មិន​អាច​ប៉ះពាល់​បាន។​ នេះបើតាម​មេធាវី​តំណាង​ឱ្យ​សកម្មជន​និង​របាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​កាលពី​ថ្ងៃ​អង្គារ។​

ចលនា​ដែល​ដឹកនាំ​ដោយ​យុវជន​ភាគច្រើន​បាន​ចាប់​ផ្តើម​កាលពី​រដូវក្តៅ​ឆ្នាំ​មុនដោយ​មិន​ពេញចិត្ត​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្រ្តី​ថៃ​ Prayut Chan-O-Cha ​អតីត​ប្រមុខ​យោធា​ដែល​បាន​ឡើង​កាន់​អំណាច​ជា​លើក​ដំបូង​នៅ​ក្នុង​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​២០១៤។​

មួយ​ឆ្នាំ​ចាប់​តាំងពី​ការ​ប្រមូល​ផ្តុំ​នោះ​បាន​ចាប់​ផ្តើម​ បាតុករ​១១០​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​ចំពោះ​តួនាទី​របស់​ពួកគេ​នៅក្នុង​ចលនា​ដែល​កំពុង​ទាមទារ​ឱ្យ​លោក​ Prayut ​ចុះ​ចេញ​ពី​តំណែង​កែ​រដ្ឋ​ធម្មនុញ្ញ​ដែល​សរសេរ​ដោយ​យោធា​ និង​កំណែ​ទម្រង់​អំណាច​មហាក្សត្រ។ ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ច្រើន​បំផុត​មាន​មនុស្ស​រាប់ម៉ឺន​នាក់។​

មេដឹកនាំ​បាតុកម្ម​ដ៏​លេចធ្លោ​ឈ្មោះ​ Parit Chiwarak ​ដែល​ជា​ទូទៅ​គេ​ស្គាល់​ថា Penguin ​មាន​កំណត់​ត្រា​នៃ​ការចោទ​ប្រកាន់​ប្រហែល​២០​ករណី​ ហើយ​អ្នក​តវ៉ា​យ៉ាង​តិច​៨ ​នាក់​ផ្សេង​ទៀត​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ក៏ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដែរ។​ ប្រសិន​បើរក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៣​ទៅ​១៥​ឆ្នាំ​សម្រាប់​បទ​ចោទ​មួយ។​

លោក​ Krisadang Nutcharut​ មេធាវី​តំណាង​ឱ្យ​ក្រុម​បាតុករ​និង​មាន​ប្រវត្តិ​ទទួល​ក្តី​ប្រឆាំង​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ បាន​និយាយ​ថា​«វាជា​ច្បាប់​ដាក់ទោស​ធ្ងន់ធ្ងរ​ចំពោះ​ការ​បរិហារកេរ្តិ៍​ព្រះ​មហា​ក្សត្រ​ ​ប៉ុន្តែ​វា​ត្រូវតែ​សម​ហេតុផល»។​

ការ​ប្រើ​ច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​មាន​ភាព​យឺតយ៉ាវ​នៅមុន​ឆ្នាំ​២០២០ ​ដែល​លោក​ Prayut ​បាន​និយាយ​ថា​ ដោយសារ​«សេចក្តី​ប្រោស​ប្រណី​របស់​ព្រះ​មហា​ក្សត្រ»។​

ប៉ុន្តែ​អ្នក​រិះគន់​បាន​និយាយ​ជាយូរ​មក​ហើយ​ថា​ ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំ​ទូលាយ​ដើម្បី​រារាំង​ការ​រិះគន់​និង​គូប្រជែង​នយោបាយ​ហើយ​ការ​លុប​បំបាត់​ច្បាប់​នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​នៃ​ការ​ទាមទារ​របស់​ចលនា​យុវជន៕

XS
SM
MD
LG