ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ថៃ​ពិភាក្សា​លើ​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ថ្មី​ចុង​ក្រោយ


រូបឯកសារ៖​ ប៉ូលិស​ថៃ​ត្រៀមខ្លួនសម្រាប់​ការ​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ទីក្រុង​បាងកក ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៦។ (REUTERS/Adrees Latif)
រូបឯកសារ៖​ ប៉ូលិស​ថៃ​ត្រៀមខ្លួនសម្រាប់​ការ​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ទីក្រុង​បាងកក ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៦។ (REUTERS/Adrees Latif)

ការ​ស៊ើប​អង្កេតករណី​ដ៏​ក្តៅ​គគុកនិង​ទទួល​ចំណាប់​អារម្មណ៍​ច្រើន​ទៅ​លើ​មន្រ្តី​ប៉ូលិស​ថៃ​ឋានៈ​វរសេនីយ​ឯក​មួយរូប​ដែល​រង​បទ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​ជំរិតទារ​ប្រាក់​ជន​សង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន​ម្នាក់ ជា​សញ្ញាបង្ហាញ​ពីកិច្ចប្រឹងប្រែងចុង​ក្រោយ​របស់​រដ្ឋាភិបាល​ថៃ​លើ​ការ​សន្យា​ជា​យូរ​របស់ខ្លួន​ចំពោះ​កំណែ​ទម្រង់​អំពើ​ពុក​រលួយ​ដ៏​ស្អុយគគ្រុក​ក្នុង​ស្ថាប័ន​ប៉ូលិស​ក្នុង​ប្រទេស​នេះ​និង​ក៏ជា​សំណុំ​រឿង​ដែល​សាធារណជន​ចាប់​អារម្មណ៍​នោះ​បាន​ឈាន​ចូល​ដល់​ដៃ​សភា​ជាតិ​ថៃ​ហើយ។

រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី​ឆ្នាំ​២០១៧​ដែល​ព្រាង​ដោយ​របប​យោធា​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាល​ពី​៣ឆ្នាំ​មុន​នោះ​បាន​ចែង​សន្យាថា​នឹង​មាន​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​ក្នុងរយៈ​ពេល​យ៉ាង​យូរ​១២​ខែ​ចាប់​ពី​ថ្ងៃ​ចូល​ជា​ធរមាន។

ប៉ុន្តែ​៤ឆ្នាំ​កន្លង​មក​នេះ សមាជិក​សភា​ថៃ​នៅ​តែ​ជជែក​ពិភាក្សា​គ្នា​មិនដាច់​ស្រេច​លើ​ខ្លឹម​សារ​លម្អិត​នៃ​កំណែ​ទម្រង់​នេះ​នៅឡើយ។

សេចក្តី​ព្រាង​ច្បាប់​ថ្មីនេះ គឺ​គណៈ​រដ្ឋមន្រ្តី​ថៃ​បាន​អនុម័ត​រួចរាល់​និង​ផ្តល់​អនុសាសន៍​ជាច្រើន​លើ​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​ហើយ​រដ្ឋសភា​ថៃក៏​បាន​ជជែក​ពិភាក្សា​និង​អនុម័ត​បាន​ប្រហែល​១ភាគ៣​នៃចំណុច​ទាំងអស់​នៃច្បាប់​នេះ​កាល​ពី​ប្រមាណ​៧​ខែមុខ គឺ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈដើម​ឆ្នាំ​នេះ។ ទោះ​ជាយ៉ាង​ណាក៏ដោយ​គេ​មិន​រំពឹង​ថា​សមាជិក​សភាថៃ​អាចអនុម័តសេចក្តី​ព្រាងច្បាប់​នេះបាន​មុនឆ្នាំ​២០២២​ឡើយ។ ជា​ក្រឹត្យក្រម​ច្បាប់​នេះ​ត្រូវមាន​ការយល់​ព្រម​ជា​មុនសិន​ពីព្រះ​មហាក្សត្រ​Maha Vajiralongkorn តាម​បែប​បទ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ថៃ​ទើប​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​បាន។

ក្រុម​អ្នកវិភាគ​និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​សេចក្តីព្រាង​ច្បាប់​នេះ​មាន​រំលេច​នូវ​ចំណុចវិជ្ជមាន​មួយ​ចំនួន​ប៉ុន្តែ​នៅ​ពុំទាន់​ច្បាស់​នៅឡើយ​ថា​តើ​ចំណុច​ទាំងនោះគ្រប់គ្រាន់​ដើម្បី​អាច​ជំរុញ​កំណែ​ទម្រង់​ពិត​ប្រាកដ​ដល់ស្ថាប័ន​ប៉ូលិស​ដែរ​ឬយ៉ាងណា​ស្របពេល​ដែល​វប្បធម៌​នៃ​អំពើពុករលួយ​បានដុះ​ស្នឹម​ស្រេច​ទៅហើយ​នោះ​និង​រឿងមួយ​ទៀត​ថា តើឥស្សរជន​នយោបាយ​(អ្នកនយោបាយ​ជាន់ខ្ពស់)​ទាំងឡាយដែល​បាន​ប្រយោជន៍​ពីទម្លាប់​អាក្រក់​បច្ចុប្បន្ននេះ​នឹងមាន​ឆន្ទៈ​អនុវត្ត​តាម​ច្បាប់​នេះពេញ​លេញ​ដែរឬ​យ៉ាង​ណា។

លោក​Paul Chambers ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​Naresuan University ក្នុង​ប្រទេស​ថៃ និង​ជាអ្នក​សិក្សាស្រាវជ្រាវ​លើ​ស្ថាប័ន​កងកម្លាំង​សន្តិសុខ​ថៃ​បាន​និយាយ​ថា នៅ​លើ​ក្រដាស «វា​ជា​សេចក្តី​ព្រាង​ច្បាប់​ដ៏ល្អ​ប្រសើរ​មួយ»។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ខ្ញុំគិត​ថាច្បាប់​នេះ​គេ​នឹង​មិនអាច​អនុវត្ត​បាន​ទេ​ពីព្រោះ​បញ្ហា​ដ៏​ចម្បង​ក្នុង​ប្រទេស​ថៃ​គឺ​ការ​អនុវត្ត​ច្បាប់​នេះ​ឯង»។

សេចក្តី​ព្រាង​ដំបូង​

សម្ពាធ​បន្ថែម​ដែល​នាំ​ឱ្យ​មាន​ការគិត​គូរលើកំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​គឺ​កើត​ឡើង​ក្រោយ​ពេល​មាន​ការ​ស្លាប់​ជនជួញ​ដូរ​គ្រឿងញៀន​ឈ្មោះ​ Jeerapong Thanapat ក្នុង​ប៉ុស្តិ៍ប៉ូលិស​ឃុំឃាំង​កាល​ពីថ្ងៃ​ទី៦ ខែ​សីហា​ ក្នុង​ខេត្ត​ Nakhon Sawan ភាគ​កណ្តាល​ប្រទេស​ថៃ។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​ទូទាំង​ផ្ទៃ​ប្រទេស ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នៅ​ពេលដែល​កាមេរ៉ា​ថត​សកម្មភាព​ចែកចាយ​តាម​បណ្តាញ​សង្គម​អ៊ីនធឺណិត​បង្ហាញ​ថា​ លោក​អធិការ​ប៉ុស្តិ៍​ប៉ូលិស​Thitisant Utthanaphon បាន​ធ្វើ​ឱ្យ​ស្ទះ​ដង្ហើម​ជន​សង្ស័យ​ដៃ​ជាប់​ខ្នោះ​ដោយ​រុំ​ក្បាល​ជន​សង្ស័យ​នោះ​នឹង​ថង់​ប្លាស្ទិក​ជាច្រើន​ជាន់។

ភ្លាមៗ​បន្ទាប់​មក​នោះ​ក្រុម​ប៉ូលិស​ក៏​បាន​ចាប់​ខ្លួន​លោក​ Thitisant និង​មន្រ្តី​ផ្សេងៗ​ទៀត​ដែល​ចូល​ដៃ​ជាមួយ​គាត់​ដូច​ក្នុង​វីដេអូ​កាមេរ៉ា។ លោក​អធិការ​រូបនេះ​បាន​សារភាព​ថា​បាន​បំពាន​ធ្វើ​បាប​ជន​សង្ស័យ​ប៉ុន្តែ​បដិសេធថា​មិន​បានបង្ខំទារ​ប្រាក់​សំណូក។

ករណីនេះបានធ្វើ​ឱ្យសាធារណ​ជន​ចាប់​អារម្មណ៍​លើស​ពី​អំពើ​ទារុណកម្ម​របស់​លោក​Thitisant គឺ​បែប​ផែន​ជីវិត​រស់​នៅ​ដ៏​ហ៊ឺហា​របស់​លោក​ដែល​ឋានៈ​ជា​មន្រ្តី​ប៉ូលិស​មួយ​រូបមានប្រាក់​ខែត្រឹម​តែ​១.៣០០​ដុល្លារ​ប៉ុណ្ណោះ។ ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុកថា​លោក​វរសេនីយ៍​ឯក​រូប​នេះ មាន​ឈ្មោះ​ក្រៅថា​ «Joe Ferrari» និង​មាន​ទ្រព្យ​សម្បត្តិ​ជាង​១៨​លាន​ដុល្លារ​អាមេរិក មាន​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ និង​មាន​រថយន្ត​ស្ព័រ​ទំនើប​ផុត​លេខជាច្រើន​គ្រឿង។

រដ្ឋាភិបាល​និយាយ​ថា​សេចក្តី​ព្រាង​ច្បាប់​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​ដែល​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ដេញដោល​នេះក៏​នឹងអាច​ជួយ​ទប់ស្កាត់​ការរំលោភ​បំពាន​នានា​ផងដែរ។

​ថ្លែង​ក្នុង​ព្រឹទ្ធសភា​កាល​ពី​ខែ​មករា​កន្លងមក​លោក​ Wissanu Krea-ngam ឧប​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​អនុសាសន៍​ស្នើ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​នេះ​នឹង​ធ្វើ​ឱ្យ​មាន​«តម្លាភាព​និង​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ឡើង»​ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស​និង​«ជួយ​តម្រែតម្រង់​កងកម្លាំង​ប៉ូលិស​ផងដែរ»។

សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោល​បំណង​បំបាត់​ទម្លាប់​សូក​ប្រាក់​ដើម្បី​ឡើង​តំណែង​ដោយ​ងាក​មក​ផ្តោត​លើ​អតីតភាព​ការងារ​និង​ស្នាដៃ​បំពេញ​ការងារ​វិញ។ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​ស្នើ​ឱ្យ​មាន​ក្រុមប្រឹក្សា​មួយ​ទទួល​បណ្តឹង​ប្តឹង​មន្រ្តី​ប៉ូលិស​និង «គណៈកម្មាធិការ​ការពារ​អភិសមាចារ​និង​ក្រម​សីលធម៌» ដើម្បី​ពិនិត្យ​មើល​លើ​ធនធាន​មន្រ្តី​ប៉ូលិស​ផងដែរ។ លោក​ Wissanu បាន​ថ្លែង​ក្នុង​ព្រឹទ្ធសភា​ថា សេចក្តី​ព្រាងច្បាប់​នេះ​នឹង​អនុញ្ញាត​ឱ្យ​សាធារណជន​មាន​តួនាទីក្នុង​ការ​វាយ​តម្លៃ​ការ​បំពេញ​ការងារ​របស់​មន្រ្តី​ប៉ូលិស​ប្រចាំ​នៅ​មូលដ្ឋាន​របស់​ពួកគេ​ប៉ុន្តែ​ចំពោះ​នីតិវិធី​អនុវត្ត​ជាក់ស្តែង​លើ​រឿងនេះ​នឹង​រៀប​ចំនៅ​ពេល​បន្ទាប់។

លោក​ Chavanut Janekarn មន្រ្តី​ប៉ូលិស​ដែល​បាន​ចូល​និវត្តន៍ក្រោយ​បម្រើការ​ក្នុង​ស្ថាប័ន​ប៉ូលិស​អស់​ជាង​២៥ឆ្នាំ​និង​ជាសមាជិក​មួយរូប​ក្នុង​គណៈកម្មការ​ពិនិត្យ​សេចក្តីស្នើ​ច្បាប់​នេះ​ដែល​ត្រូវ​បានអញ្ជើញ​ឱ្យ​ចូល​រួម​ដោយ គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​Move Forward បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ សេចក្តី​ព្រាង​ច្បាប់​នេះ​«អាច​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​បាន​ខ្លះ​ដែរ»។

មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​រូប​នេះ មាន​សង្ឃឹម​ច្រើនចំពោះក្រុម​ប្រឹក្សា​ទទួល​បណ្តឹង​តវ៉ា។ បច្ចុប្បន្ន​មន្រ្តី​ប៉ូលិស​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ប្តឹង​ប៉ូលិស​ក្នុងល​ក្ខណៈ​ផ្ទៃក្នុង​ប៉ុណ្ណោះ​ខណៈ​ក្រុមប្រឹក្សា​ថ្មី​នេះ​នឹង​មាន​សមាសភាព​អតីត​មន្រ្តីប៉ូលិស អតីត​ចៅក្រម​ និង​រដ្ឋអាជ្ញា​មេធាវី​និង​អ្នក​តំណាង​នៃ​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹង​ប្រជាពល​រដ្ឋ​ថ្នាក់​ជាតិ​(ombudsman) និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​និង​ផ្នែក​ផ្សេងៗ​ទៀត។ លោក​Chavanut សង្ឃឹម​ថា វា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ឯករាជ្យ​ខ្លះៗ​សម្រាប់​ការ​ស៊ើប​អង្កេត​លើ​ករណី​ប្រព្រឹត្ត​ខុសច្បាប់​នៃ​មន្រ្តី​ប៉ូលិស​នៅ​ពេល​អនាគត។

ការជ្រៀត​ជ្រែក​

ទោះ​ជាយ៉ាង​ណាក្តី​លោក​ Chavanut បាន​និយាយ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ចន្លោះ​ប្រហោង​ចំណុច​មួយ​ចំនួន​ផងដែរ​ដូច​ជា​មិន​អនុញ្ញាត​ឱ្យ​មន្រ្តី​ប៉ូលិស​ថា្នក់​ទាប​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ប៉ូលិស​ជាតិ​ដែល​ជា​ស្ថាប័ន​បង្កើត​គោល​នយោបាយ​និង​ជ្រើស​រើស​តំណែង​ជាន់ខ្ពស់​ដែល​បច្ចុប្បន្ន​នេះ​បាន​បំបែក​ជា​ស្ថាប័ន​២ផ្សេង​គ្នា​ទៅ​វិញ​និង​ចំណុច​មួយ​ទៀត​គឺនាយក​រដ្ឋមន្រ្តី​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប៉ូលិស​ជាតិ។

អតីត​ប្រធាន​ប៉ូលិស​មួយ​រូប​ដែល​បច្ចុប្បន្ន​នេះ​បង្រៀន​មុខវិជ្ជា​ច្បាប់​និង​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅ​សាកលវិទ្យាល័យ​ Thammasat University ​របស់ប្រទេស​ថៃ​ថ្លែង​ថា៖ «ខ្ញុំពុំ​ពេញ​ចិត្តលើ​សេចក្តីព្រា​ងច្បាប់នេះ​ទេ​ពីព្រោះ​មានការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​ក្នុង​ស្ថាប័នប៉ូលិស​គឺជា​បញ្ហាដ៏​ធំក្នុង​ស្ថាប័នប៉ូលិស​សព្វ​ថ្ងៃនេះ»។

លោក​ Yingcheap Atchanont នាយក​កម្មវិធី​នៃ​ក្រុម​អ្នក​ការពារសិទ្ធិ​ផ្លូវច្បាប់​ថៃ​ឈ្មោះ​iLaw ថ្លែង​ថា ការអនុញាត​ឱ្យ​នាយក​រដ្ឋមន្រ្តី​មាន​សិទ្ធិ​ជ្រើសតាំង​ប្រធាន​ប៉ូលិស​ជាតិ​គឺ​អាច​ធ្វើ​ទៅ​បាន​ក្នុង​បរិបទ​សង្គម​ដែល​មានប្រជាធិបតេយ្យ​ពេញ​លេញ​ប៉ុណ្ណោះ។

ដូច​ជន​ជាតិថៃជា​ច្រើន​ទៀត​ដែរ​លោក​ជឿ​ថា​លោក​នាយករដ្ឋមន្រ្តី​ថៃ​Prayut Chan-ocha ដែល​ជា​នាយឧត្តមសេនីយ៍​យោធា​មួយ​រូប​ដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤និង​បាន​ឈ្នះ​ការ​បោះឆ្នោត​រៀប​ចំទុក​ក្នុង​ឆ្នាំ​២០១៩ មួយ​ផ្នែក​ដោយ​សារ​រដ្ឋាភិ​បាល​យោធា​របស់​លោក​មុន​នោះ​ជា​អ្នក​ព្រាង​រដ្ឋធម្មនុញ្ញថ្មី​តាម​ការ​ចង់​បាន​របស់​លោក។ រដ្ឋាភិបាល​លោក​ធ្លាប់​បាន​បញ្ជាក់​ក្តែងៗថា​ការ​បោះ​ឆ្នោត​នោះ​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌។

ក្រោម​រចនាសម្ព័ន្ធនយោបាយ​ដូចសព្វ​ថ្ងៃនេះ​លោក​ Yingcheap បាន​និយាយ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ជួយ​បង្កើន​ឥទ្ធិពល​កងយោធា​និង​ឥស្សរជន​នយោបាយ​លើ​ស្ថាប័ន​ប៉ូលិស​ដោយលោក​បញ្ជាក់​ថា​ស្ថាប័ន​ប៉ូលិស​បាន​គាំទ្រ​រដ្ឋ​ប្រហារ​នោះ។

លោក​បាន​និយាយ​ថា៖ «យើង​រស់​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​មួយ​ដែល​បាន​តាក់តែង​ឡើងដើម្បី​គាំទ្រ​ឱ្យ​បុគ្គល​ហ្នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ហើយ​ពេល​នេះ​មាន​ច្បាប់​ថ្មី​អនុញ្ញាត​ឱ្យ​បុគ្គល​ហ្នឹង​មាន​សិទ្ធិ​អំណាច​ជ្រើសរើស​អ្នកណា​ក៏​បានធ្វើ​ជា​ប្រធាន​ប៉ូលិស​ដូច្នេះ​វា​គឺជា​សេចក្តី​ព្រាងច្បាប់​ដែល​ធ្វើឱ្យ​អំណាច​អស់​ហ្នឹង​កាន់​ខ្លាំង​ឡើង​ក្នុង​របប​នេះ​ដដែល»។

លោក​បាន​បន្ថែមថា​សេចក្តី​ព្រាង​ច្បាប់​នេះ​«នឹង​មិនធ្វើ​ឱ្យ​មាន​ការផ្លាស់​ប្តូរ​ជាប្រព័ន្ធ​អ្វីសោះ​ឡើយ។ នៅពេល​ដែល​យើង​និយាយ​ពី​បញ្ហា​ក្នុង​ស្ថាប័ន​ប៉ូលិស​យើង​ដឹង​ថា​មូលហេតុ​ធំ​បំផុត​គឺ​កើត​ចេញ​ពី​វប្បធម៌​ផ្ទៃ​ក្នុង​នេះ​ឯង»។

លោក ​Chambers បាននិ​យាយ​ថា ក្រុម​ប៉ូលិស​តែងតែ​មាន​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធ​មិន​ត្រឹមតែ​ជាមួយ​ស្ថាប័នយោធា​ទេ​គឺ​ថែម​ទាំង​ស្ថាប័ន​រាជវាំង​ដែល​ជា​អំណាច​កំពូល​ក្នុង​សង្គម​ថៃ​ផង​ដែរ​ហើយ​កត្តា​នេះ​ហើយ​ក្លាយ​ជា​ខែល​ការពារ​កុំ​ឱ្យ​មាន​កំណែទម្រង់​ពិតប្រាកដ​ណាមួយ​ហើយ​បណ្តាញ​បក្សពួក​ទាំងនោះ​កំពុង​តែរីក​ធំធាត់​តាម​រយៈ​ការតែង​តាំង​តំណែង​ថ្មីៗ​នេះ​ឯង។ លោក​បានលើក​ឡើង​ឧទាហរណ៍​ស្តែង​ជាង​គេ​ថា​ប្រធាន​ប៉ូលិស​សព្វ​ថ្ងៃនេះ​លោក​ Suwat Jangyodsuk គឺ​ជា​អតីត​ជំនួយការ​ព្រះ​មហាក្សត្រ​គឺ​គេតែង​តាំង​គាត់​ផ្លោះ​រំលង​មន្រ្តី​ដែល​មាន​បទពិសោធន៍​ការងារ​ជាច្រើន​រូប។

ក្នុង​ប្រព័ន្ធ​អំណាច​ប្រទាក់ក្រឡា​គ្នា​និងចាក់ស្រេះ​រឹងមាំ​បែបនេះ​លោក​ Chambers បាន​និយាយ​ថារឿង​អាស្រូវថ្មីៗ​ពាក់ព័ន្ធ​នឹង​លោក​Thitisant អាច​នឹងមាន​ចំណាត់​ការ​តិច​តួច​ប៉ុណ្ណោះ​រួច​រឿង​នេះ​ក៏​សាយ​រលត់​ទៅ​វិញ​គឺ​ដូច​រឿង​អាស្រូវ​នានា​កន្លង​មកដែរ​ហើយ​ទោះ​បីជា​សេចក្តីព្រាង​ច្បាប់ថ្មីនេះ​អនុម័ត​ក៏ដោយ​ក៏គាត់​គិត​ថាគេ​មិន​អាច​អនុវត្តច្រើន​បាន​ដែរ។

លោក​ Chambers បាន​បន្តថា​ករណី​រឿងអាស្រូវ​កើតឡើង​កាល​ពីឆ្នាំ​មុន​ដែល​ស្រដៀង​នឹងរឿង​កំពុងសុះសាយ​របស់​លោក​Thitisant ដែរ​នេះ គឺ​ទាហាន​មួយ​ចំនួន​ក្នុង​ខេត្ត​Nakhon Phanom រង​ការចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យ​សារភាពរហូត​ដល់​ស្លាប់​ជន​សង្ស័យជួញ​ដូរគ្រឿង​ញៀន។ ក្នុងពេល​មាន​រឿង​អាស្រូវ​នោះ​គឺ​«គ្មាន​អ្វីប្រែ​ប្រួល​សោះ​ឡើយ» ហើយ​ដោយ​មើល​ឃើញ​បែប​ហ្នឹង​ហើយ ខ្ញុំ​គិត​ថា​នឹង​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ។

លទ្ធភាព​ជាក់ស្តែង​

លោក​Chavanut ចង់​ឱ្យ​រដ្ឋាភិ​បាល​ទទួល​ស្គាល់​ថា​បញ្ហា​កំពុង​រីករាល​ដាល​ធំ​ណាស់។

ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន​លើ​ករណី​លោក​Thitisant កាល​ពីចុង​ខែ​សីហា​កន្លង​ទៅ​នេះ​អ្នក​នាំ​ពាក្យ​អង្គភាពប៉ូលិស​លោក​ Ekarak Limsangkadបាន​បន្ទោសថា​បញ្ហា​នេះ​ចេញ​ពី​តែ«មន្រ្តី​ពុករលួយ​មួយ​ចំនួន»​ក្នុង​ជួរ​កង​កម្លាំង​ប៉ូលិសប៉ុណ្ណោះ មិន​មែន​ស្ថាប័ន​ទាំង​មូល​ទេ។

លោក​Chavanut បានធ្វើ​ការ​ស្ទង់​មតិ​ក្នុង​ចំណោម​អធិការ​ប៉ូលិស​ថៃ​ដើម្បី​ជា​ព័ត៌មាន​សម្រាប់​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធសភា​លើ​សេចក្តីព្រាង​ច្បាប់​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​កាល​ពីដើម​ឆ្នាំនេះ​ហើយ​វា​បាន​បង្ហាញថា​អំពើ​ពុករលួយ​បាន​រីករាល​ដាល​ខ្លាំង​ណាស់​ដល់​កម្រិត​រាតត្បាតមាន​ដូចជា​ការ​ឧបត្ថម្ភគាំ​ទ្រ​ខាង​នយោបាយ​ការ​ឃុបឃិត​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​និង​ការ​ស៊ី​សំណូក​សូកប៉ាន់​នានា​ជា​ដើម។

លោក ​Chavanut បាន​ធ្វើ​ការ​អង្កេត​អធិការ​ប៉ូលិស​ចំនួន​២២៣​ប៉ុស្តិ៍​ក្នុង​ចំណោម​អធិការដ្ឋាន​ប៉ូលិស​ជាង​១.៧០០​ទូទាំង​ប្រទេស​ថៃ។ ៩០​ភាគរយ​នៃ​អ្នក​ចូលរួម​អង្កេត​និយាយ​ថា មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នៅ​កន្លែង​ធ្វើការ​និង​ក្នុង​ការ​តែងតាំង​មុខ​តំណែង​ដែល​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស។ ៨០​ភាគរយ​ បាន​ឆ្លើយ​ថា​មាន​អ្នកនយោ​បាយ​អ្នក​ជំនួញ និង​ក្រុមបង​ធំ​នៅ​មូលដ្ឋានបាន​ប្រើប្រាស់​ប៉ូលិស​បម្រើ​ផល​ប្រយោជន៍​ខ្លួន​បទស្មើស​ឧក្រិដ្ឋ​ខុស​ច្បាប់​របស់​គេ ហើយ​ពួកគេ​គិត​ថា​អំពើពុក​រលួយ​កើត​មាន​ទូទៅ​ទៅ​ហើយ។ ៨៣​ភាគរយ​នៃ​អ្នក​ចូលរួម​អង្កេត និយាយ​ថា​ការ​ទិញ​តំណែងក៏​ជាឧបសគ្គ​សំខាន់មួយ​ផង​ដែរ។

លោក​ Chavanut បាន​បន្តថា៖ «ប្រសិន​បើ​គេចង់​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​អ្នក​នយោបាយ​ត្រូវតែ​បន្ថយ​ឥទ្ធិពល​ខ្លួន​ក្នុង​ស្ថាប័ន​ប៉ូលិស។ ប៉ុន្តែ​អ្នក​នយោបាយ​មិន​ចង់​បន្ថយ​ឥទ្ធិពល​ខ្លួន​ក្នុង​ស្ថាប័ន​ប៉ូលិស​ទេ។ នេះ​ហើយ​គឺជា​បញ្ហា​ដ៏ធំ»។

លោក​និយាយ​ថាពេល​នេះ​មាន​ការ​ជជែក​ដេញដោល​ស្វិតស្វាញ​របស់​គណៈកម្មការ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ក្នុង​រឿងតួនាទី​នៃ​មន្ត្រី​ប៉ូលិស​តាម​ឋានានុក្រម​និង​មន្ត្រី​តាម​ការតែងតាំង សមាសភាព​នៃក្រុម​ប្រឹក្សា​ប៉ូលិស​ជាតិ​និងកិច្ច​ការ​លម្អិត​ផ្សេងៗ​ទៀតបាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ណាស់​ហើយ។ មក​ដល់​ពេល​នេះ​ការ​ជជែក​ដេញដោល​នេះ​សម្រេច​បាន​ត្រឹមតែ​១៣​ផ្នែកនៃ​១៧២​ផ្នែក​ប៉ុណ្ណោះ​លោក​គិត​ថា​គណៈកម្មការ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់ថ្មី​នេះ មិន​អាច​សម្រេច​ចប់​សព្វ​គ្រប់​មុន​ដើមឆ្នាំ​ក្រោយ​ឡើយ​ហើយ​ទំនង​អាច​នឹង​ក្រោយ​ពេល​ហ្នឹង​ទៅ​ទៀតផង៕

ប្រែ​សម្រួល​ដោយ​កោះ​ សុគ​ន្ធី

XS
SM
MD
LG