កិច្ចខិតខំប្រឹងប្រែងថ្មីៗបំផុតដើម្បីបោះជំហានទៅមុខនូវអ្វីដែលគេហៅថា «ផែនទីបង្ហាញផ្លូវទៅកាន់លទ្ធិប្រជាធិបតេយ្យ» តាមរយៈកិច្ចចរចារវាងគណបក្សនយោបាយនោះ កំពុងត្រូវដឹកនាំដោយលោក Prawit Wongsuwanឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារប្រទេស។
លោក Prawit បានមានប្រសាសន៍ថា គោលដៅគឺធ្វើឱ្យមានការយល់ឃើញរួមគ្នានូវទស្សនៈអំពីបញ្ហាមួយចំនួន ដោយមានរួមបញ្ចូលនយោបាយ ការអភិវឌ្ឍសង្គម បរិស្ថាន កិច្ចការបរទេស និងបណ្តាញផ្សាយព័ត៌មាន។
លោក Panitan Wattanayakorn ទីប្រឹក្សានយោបាយរបស់លោក Prawit បាននិយាយថា ក្រុមយោធាកំពុងស្វះស្វែងឱ្យមាន «អន្តរកាលនៃការផ្ទេរអំណាចយ៉ាងរលូន» ទៅឱ្យរដ្ឋបាលស៊ីវិល។
ការផ្តើមគំនិតថ្មីនេះជាផ្នែកមួយនៃកំណែទម្រង់ជាតិដែលក្រុមយោធាយល់ឃើញថា ជាគន្លឹះមួយដោយរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការបួនដើម្បីជួយចាត់វិធានការតាមរយៈ «ផែនទីបង្ហាញផ្លូវខាងនយោបាយ»។ លោក Panitan បានថ្លែងថា រដ្ឋាភិបាលចង់ស្តាប់កង្វល់របស់ពួកអ្នកនយោបាយហើយបញ្ចូលគំនិតរបស់ពួកគេក្នុងដំណើរការនេះ។
លោក Panitan បាននិយាយថា៖
«កុងត្រាសាធារណៈខ្លះអាចត្រូវរៀបចំបាន ក៏ប៉ុន្តែយើងនឹងមិនបង្ខំនរណាម្នាក់ឱ្យចុះហត្ថលេខាលើឯកសារអ្វីមួយដែលពួកគេមិនចង់ធ្វើទេ ហើយជាការណ៍ពិតការធ្វើឱ្យមានសន្តិភាព និងការផ្សះផ្សាគឺមិនអាចធ្វើតាមរយៈការបង្ខំនោះទេ»។
លោក Panitan បាននិយាយបន្ថែមថា ការជឿនលឿនអាចកើតមានបាន ឬមិនបាននឹងអាស្រ័យលើរដ្ឋាភិបាលជាប់ឆ្នោតក្នុងពេលអនាគត។
រដ្ឋធម្មនុញ្ញគាំទ្រដោយពួកយោធា ហើយដែលបានត្រូវអនុម័តនៅក្នុងការបោះឆ្នោតប្រជាមតិមួយកាលពីខែសីហានោះ បានផ្តល់អំណាចបន្ថែមឱ្យពួកយោធានៅក្នុងរដ្ឋាភិបាលជាប់ឆ្នោតក្នុងពេលអនាគត ជាពិសេសតាមរយៈព្រឹទ្ធសភាមានសមាជិក២៥០នាក់ដែលបានត្រូវតែងតាំង។
ពួកអ្នកធ្វើវិភាគនិយាយថា ព្រះរាជាថ្មីនៃប្រទេសថៃគឺ ព្រះអង្គ Maha Vajiralongkorn ប្រហែលមានឥទ្ធិពលនៅក្នុងដំណើរការនេះ ក្រោយការសោយរាជសម្បត្តិ៧០ឆ្នាំរបស់ព្រះវររាជបិតាព្រះអង្គដែលបានសោយទិវង្គតកាលពីខែតុលាឆ្នាំទៅ។
នៅក្នុងបទអត្ថាធិប្បាយមួយក្នុងកាសែត Straits Times ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី លោក Thitinan Pongsudhirak ដែលជាអ្នកវិទ្យាសាស្ត្រ
នយោបាយនៅឯសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ការសោយរាជ្យរបស់ព្រះរាជាថ្មី «ទំនងជានឹងនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងការពិចារណា និងក្នុងថាមភាពខាងនយោបាយនៃប្រទេសថៃ»។
លោក Thitinan បាននិយាយថា៖
«រជ្ជកាលនេះប្រហែលនាំឱ្យមានការប្រកួតប្រជែងខាងនយោបាយប្រកបដោយយុត្តិធម៌ និងភាពត្រឹមត្រូវច្រើនជាងមុនក្នុងពេលឆាប់ៗ»។
កាលពីពេលដែលព្រះអង្គនៅជាព្រះអង្គម្ចាស់រជ្ជទាយាទនោះ ព្រះរាជា Vajiralongkorn មានចំណងទាក់ទងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលបានរស់នៅនិរទេសខ្លួនឯប្រទេសក្រៅ ក្រោយពីគាត់បានរត់គេចខ្លួនចេញពីប្រទេសកាលពីឆ្នាំ២០០៨ ក្រោយមានការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។
គណបក្សនយោបាយរបស់លោក Thaksin ដោយមានរួមបញ្ចូលទាំងគណបក្ស Pheu Thai ផងដែរ ទទួលបានជោគជ័យក្នុងការបោះឆ្នោតទូទៅមួយចំនួន ចាប់តាំងពីឆ្នាំ២០០៦មក ទោះណាជាមានកិច្ចខិតខំប្រឹងប្រែងដោយក្រុមយោធាក្នុងការឧបត្ថម្ភផ្ចុងផ្តើមគណបក្សប្រជាធិបតេយ្យដែលលម្អៀងទៅខាងពួកអ្នកកាន់អំណាចក៏ដោយ។
នៅប្រទេសថៃមានការប្រើពណ៌ជាសញ្ញាកូដសម្រាប់សម្គាល់ក្រុមនីមួយៗ នៅក្នុងវិស័យនយោបាយ។ ពួកអ្នកគាំទ្រពាក់ «អាវក្រហម» ឋិតនៅក្រោមរណសិរ្សបង្រួបបង្រួមដើម្បីលទ្ធិប្រជាធិបតេយ្យហៅកាត់ថា UDD ដែលលម្អៀងទៅខាងលោក Thaksin។ ចំណែកឯពួកពាក់ «អាវលឿង» វិញមានចំណងទាក់ទងជាមួយគណៈកម្មាធិការកែទម្រង់ប្រជាធិបតេយ្យរបស់ប្រជារាស្ត្រហៅកាត់ថា PDRC ដែលមានចំណងទាក់ទងជាមួយពួកជនឋានៈកណ្តាលក្នុងទីក្រុង។
ក៏ប៉ុន្តែ លោក Akanat Promphan អ្នកនាំពាក្យនៃគណៈកម្មាធិការ PDRC បាននិយាយថា ដំណើរការនេះត្រូវតែបរិសុទ្ធគ្មានការក្លែងបន្លំ ហើយឧបត្ថម្ភផ្ចុងផ្តើមវិធាននៃច្បាប់ និងឱកាសសេដ្ឋកិច្ច ដើម្បីឱ្យមានជោគជ័យសម្រាប់អនាគតវែងឆ្ងាយ។
លោក Akanat និយាយថា៖
«ប្រសិនបើលោកអ្នកឧបត្ថម្ភផ្ចុងផ្តើមនីតិរដ្ឋ និងឱកាសខាងសេដ្ឋកិច្ច នៅទីបញ្ចប់អ្នកនឹងធ្វើឱ្យសង្គមយើងមានឯកភាព មិនមែនគ្រាន់តែជាដំណើរការនៃការផ្សះផ្សាគ្នាសើរៗ ដែលនៅទីនោះក្រុមផ្សេងៗគ្នានឹងមកអង្គុយនៅតុជាមួយគ្នាសម្រាប់តែថតរូបនោះឡើយ។
លោក Kraisak Choonhavan ដែលជាសមាជិកម្នាក់នៃគណបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកសមាជិកនៃគណបក្សធំៗបានធ្វើការចរចាមិនផ្លូវការមួយរយៈពេលមកហើយ។ លោក Kraisak បាននិយាយប្រាប់ VOA ថា៖
«យើងបានសន្និដ្ឋានថា ការផ្សះផ្សាជាតិជាតម្រូវការឱ្យមានជាដំបូងដើម្បីបោះជំហានឆ្ពោះទៅកាន់ភាពធម្មតានៅក្នុងវិស័យនយោបាយក្នុងប្រទេសថៃគឺការវិលត្រឡប់ទៅកាន់ការបោះឆ្នោត និងការគ្រប់គ្រងបែបសភាវិញ»។
ក៏ប៉ុន្តែសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីធ្វើឱ្យមាន «ការពិបាកខ្លាំងណាស់ក្នុងការវិលត្រឡប់ទៅកាន់ភាពធម្មតាប្រក្រតីវិញ»។
សេចក្តីព្រាងរដ្ឋធម្មនុញ្ញ ដែលពួកយោធាគាំទ្រ ហើយដែលនៅពេលនេះរង់ចាំវិសោធនកម្មរបស់ព្រះរាជានោះ អំពាវនាវឱ្យព្រឹទ្ធសភាមានសមាជិក២៥០នាក់តាមរយៈការតែងតាំង និងសភាតំណាងរាស្ត្រមានសមាជិក៥០០នាក់ដែលជ្រើសរើសតាមការបោះឆ្នោត។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះអនុញ្ញាតឱ្យព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់ ហើយវាបើកផ្លូវឱ្យមានមេដឹកនាំម្នាក់របស់រដ្ឋាភិបាលដែលមិនបានជាប់ឆ្នោត។
លោក Kraisak បាននិយាយថា រដ្ឋធម្មនុញ្ញបច្ចុប្បន្នគួបផ្សំនឹងព្រឹទ្ធសភាមានសមាជិក២៥០នាក់មិនបានជ្រើសរើសតាមរយៈការបោះឆ្នោតនោះ ធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សារវាងភាគីទាំងពីរ នៅពេលបច្ចុប្បន្ននេះ។
លោក Kraisak បាននិយាយថា៖
«ដូច្នេះទោះណាជាយើងមានការផ្សះផ្សាជាតិក៏ដោយ ក៏ខាងនយោបាយរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះរុញច្រានយើងឱ្យធ្លាក់ក្នុងជម្លោះជាច្រើនក្នុងពេលអនាគត»។
លោក Kraisak បានថ្លែងថា៖
«តើជាគំនិតផ្សះផ្សាគ្នាមែនឬទេ? វាយឺតណាស់ទៅហើយ លោកអ្នកដឹងទេ ពីព្រោះពួកយោធា ក្រុមប្រឹក្សាយោធា អះអាងថា ពួកគេមានការមូលមតិជាតិតាមរយៈការបោះឆ្នោតប្រជាមតិគ្មានតម្លាភាពដែលពួកគេបានធ្វើ»។
លោក Somarn Lertwongrath សមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្ស Pheu Thai បានសម្តែងការសង្ស័យអំពីគោលនយោបាយផ្សះផ្សារបស់ក្រុមយោធា ទោះណាជាគណបក្សនយោបាយធំៗទាំងពីរបានយល់ព្រមផ្សះផ្សាគ្នាក៏ដោយ។
លោក Somarn បាននិយាយថា៖
«ប្រសិនបើរបបគ្រប់គ្រងយោធាប្រាកដជាចង់ផ្សះផ្សាមែននោះ ការណ៍នេះអាចធ្វើបាន។ ក៏ប៉ុន្តែខ្ញុំមិនយល់ថា ពួកគេប្រុងប្រៀបធ្វើការផ្សះផ្សានោះទេ។ ពួកគេមិនបានត្រៀមខ្លួនឡើយ»។
លោក Somarn និយាយបន្ថែមថា៖
«ពួកយោធាខិតខំព្យាយាមរក្សាអ្វីៗទាំងអស់ឱ្យឋិតនៅក្រោមអំណាចពួកគេ។ពួកយោធានឹងមិនផ្សះផ្សាជាមួយគណបក្សនយោបាយទេ ហើយនេះជាបញ្ហា។ខ្ញុំសង្ឃឹមថា ពួកយោធាយល់អំពីការណ៍ពិតជាក់ស្តែងដែលថា ពួកគេចាញ់ ពួកគេមិនឈ្នះទេ»។
មានការអំពាវនាវឱ្យមានការផ្សះផ្សាគ្នានៅប្រវត្តិនយោបាយច្របូកច្របល់នៃប្រទេសថៃទាំងមូល។ ក៏ប៉ុន្តែមានតែអនុសាសន៍មួយចំនួនតូចទេដែលអាជ្ញាធរទទួលយក។
លោក Titipol Phakdeewanich ជាអ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Ubon Ratchathani។ លោកនិយាយថា ទោះណាជាមានការអំពាវនាវឱ្យមានការផ្សះផ្សាក៏ដោយ ក៏ប្រជារាស្ត្រភាគច្រើនក្នុងភាគឦសានប្រទេសថៃគឺជាអ្នកគាំទ្រគណបក្ស Pheu Thai។ លោកនិយាយថា ពួកអ្នកទ្រទ្រង់គណបក្សនេះ «នៅតែមិនទុកចិត្តពួកយោធាទេ» នៅពេលមានការត្រួតត្រាតឹងរ៉ឹងលើការជជែកដេញដោលគ្នាខាងនយោបាយ។
លោក Titipol និយាយថា៖
«នៅពេលយើងពិនិត្យមើលការផ្សះផ្សាគ្នា វិធីល្អបំផុតដើម្បីផ្សះផ្សាប្រទេសគឺវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ ហើយប្រគល់អំណាចជូនប្រជារាស្ត្រវិញ និងកំណត់វិធាននៃច្បាប់ ព្រមទាំងទទួលយកលទ្ធផលនៃការបោះឆ្នោតដែលជាមធ្យោបាយល្អបំផុតសម្រាប់ជួយឱ្យមានការផ្សះផ្សាគ្នា»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ