ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​យោធា​ថៃ​និយាយ​ថា ​ការ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨


លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha ថតរូប​ជាមួយ​នឹង​មន្ត្រី​រាជការ​មូលដ្ឋាន​នៅ​ក្នុង​សាលា​កសិដ្ឋាន​នៅ​ក្នុង​ខេត្ត Suphan Buri ប្រទេស​ថៃ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha ថតរូប​ជាមួយ​នឹង​មន្ត្រី​រាជការ​មូលដ្ឋាន​នៅ​ក្នុង​សាលា​កសិដ្ឋាន​នៅ​ក្នុង​ខេត្ត Suphan Buri ប្រទេស​ថៃ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

មេដឹកនាំ​យោធា​នៃ​ប្រទេស​ថៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ប្រទេស​ថៃ​នឹង​ធ្វើ​ការ​បោះឆ្នោត​សកលនៅ​ឆ្នាំ​ក្រោយ ​៤​ឆ្នាំ​បន្ទាប់​ពី​ពួកយោធា​បាន​រឹបអូស​យក​អំណាច​ពីរដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ចុងក្រោយ​របស់​ប្រទេស​នោះ។

នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានកាល​ពី​ថ្ងៃ​អង្គារនៅ​ក្រុង​បាងកកថា ​ការ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​នៅ​ខែ​កញ្ញា ​ឆ្នាំ​២០១៨ ​ហើយ​កាល​បរិច្ឆេទ​ពិតប្រាកដ​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​មិថុនាឆ្នាំ​ក្រោយ។

លោក Prayuth បាន​ដឹកនាំ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​របស់​លោកស្រី​នាយក​រដ្ឋ​មន្ត្រី Yingluck Shinawatra ​ចេញ​ពី​តំណែង​ដោយ​បាន​បញ្ចប់​អស្ថិរភាព​ខាង​នយោបាយ​ និង​ការតវ៉ា​ប្រឆាំង​ដោយ​ហិង្សា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ពួក​យោធា​កាន់​អំណាច​បាន​ប្រកាស​កាល​ពី​បរិច្ឆេទសម្រាប់ការ​បោះ​ឆ្នោត​ថ្មី​ជា​ច្រើន​លើក​ក្នុង​អំឡុង​នៃ​ការ​កាន់​អំណាច​របស់​ខ្លួន ​ក៏ប៉ុន្តែ ​បាន​លុប​ចោលកាល​បរិច្ឆេទ​នៃការ​បោះ​ឆ្នោត​នោះ​ម្តងហើយ​ម្តងទៀត​នៅ​ពេល​ដែល​ខ្លួនធ្វើ​ពង្រាង​រដ្ឋ​ធម្មនុញ្​ញថ្មី។

នាយក​រដ្ឋមន្ត្រី​ក៏បាន​និយាយ​ដែរ​ថា ពួក​យោធា​បាន​ពិចារណា​ថាតើ​អនុញ្ញាត​ឲ្យ​មាន​សកម្ម​ភាព​ខាង​នយោបាយ​ដែល​ខ្លួន​បាន​បញ្ឈប់​បន្ទាប់ពី​ចូលកាន់​អំណាច ​បន្ត​ឡើង​វិញ​ ឬ​ទេ​ក្រោយ​ពី​ពិធី​បុណ្យ​សព​របស់​ព្រះ​មហាក្សត្រ Bhumibol Adulyadej ដែលបាន​ចូលទីវង្គត​កាល​ពី​ឆ្នាំ​ទៅ​នោះ។

រដ្ឋ​ប្រហារ​ដែល​បាន​ទម្លាក់​លោកស្រី Yingluck បាន​កើត​មាន​ឡើង​ក្រោយ​ពី​ភាព​ចលាចល​ខាង​នយោបាយ​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍បាន​ចាប់​ផ្តើម​នៅពេល​ដែលលោក Thaksin Shinawatra ​អតីត​នាយករដ្ឋ​មន្ត្រី ​និង​ជា​បងប្រុស​របស់​លោក​ស្រី Yingluck បាន​ត្រូវ​បង្ខំ​ឲ្យ​ចុះចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០០៦ ​ដោយ​ពួក​យោធា​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​គាំទ្រ​រាជា​និយម​ដែល​មាន​ទីតាំងនៅ​ក្នុង​ទីក្រុង​បាងកក៕

XS
SM
MD
LG