ក្រសួងការងារថៃបានបើកការិយាល័យចំនួន៩៧កន្លែងរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ដើម្បីជូនដំណឹងអំពីការធ្វើការរបស់ពលករបរទេសដែលមិនមានឯកសារ និងដើម្បីបញ្ជាក់ការធ្វើការដោយស្របច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែកក្កដា បានឲ្យដឹងថា ការិយាល័យដែលបានបង្កើតឡើងនេះ នឹងមិនមានថ្ងៃឈប់សម្រាកទេ ដើម្បីឲ្យនិយោជកដែលជួលពលករកម្ពុជា ដែលមិនទាន់មានឯកសារ ឬដែលធ្លាប់ជាពលករស្របច្បាប់ប៉ុន្តែបានផ្លាស់ប្តូរ ឬមិនបានបំពេញនីតិវិធីនានារបស់ភាគីថៃ ហើយក្លាយជាពលករមិនស្របច្បាប់ អាចមកចុះឈ្មោះនៅតាមការិយាល័យនីមួយៗ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបន្តឲ្យដឹងថា បន្ទាប់ពីការចុះឈ្មោះនេះរួចរាល់ ចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាដំណាក់កាលសម្រាប់បងប្អូនពលករកម្ពុជា ដែលនិយោជកបានចុះឈ្មោះរួច ទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែងនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានសរសេរក្នុងន័យដើមថា៖
«ក្រោយពីការបង្ហាញខ្លួនរបស់បងប្អូនពលករកម្ពុជា ចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ជាដំណាក់កាលដែលបងប្អូនពលករកម្ពុជាត្រូវទៅធ្វើការបញ្ជាក់អត្តសញ្ញាណ ស្នើសុំទិដ្ឋាការស្នាក់នៅ Stay Permit និងប័ណ្ណអនុញ្ញាតការងារ Work Permit ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ មន្ត្រីអន្តោប្រវេសន៍ថៃ និងមន្ត្រីក្រសួងការងារថៃ។ ក្នុងដំណាក់កាលនេះ បងប្អូនពលករកម្ពុជាមិនត្រូវផ្លាស់ប្តូរនិយោជក ឬទីកន្លែងធ្វើការ ឬឈប់ដោយគ្មានការអនុញ្ញាតពីនិយោជក និងក្រសួងការងារថៃនោះឡើយ»។
ពលករខ្មែររាប់ពាន់នាក់ ដែលភ័យខ្លាចការអនុវត្តច្បាប់ការងារថ្មីរបស់ថៃ បានធ្វើដំណើរ ឬត្រូវចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីចុងខែមិថុនាកន្លងទៅ បន្ទាប់ពីច្បាប់ការងារថ្មីរបស់ថៃចូលជាធរមាន។ ច្បាប់ថ្មី ដែលចងក្រងដោយរដ្ឋបាលយោធារបស់ថៃ បានធ្វើការរឹតត្បិត និងដាក់ទោសទណ្ឌលើពលករខុសច្បាប់ពីប្រទេសនានាដូចជាឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម។
យ៉ាងណាក៏ដោយ កាលពីដើមខែកក្កដានេះលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលថៃបានពន្យារពេលអនុវត្តច្បាប់ការងារថ្មីរយៈពេលប្រាំមួយខែ ដើម្បីអនុញ្ញាតឲ្យពលករខ្មែរមានពេលទទួលបានសិទ្ធិពេញច្បាប់ក្នុងការបំពេញការងារនៅទីនោះ។ លោកពន្យល់ថា ភាគីថៃ បានកែទម្រង់លក្ខខណ្ឌបទបញ្ញត្តិមួយចំនួនដែលអាចបើកផ្លូវឲ្យពលករខ្មែរធ្វើការនៅប្រទេសថៃបាន។
អ្នកឃ្លាំមើលស្ថានភាពពលករចំណាកស្រុកខ្មែរ នៅទល់ដែនខ្មែរថៃ បានសាទរចំពោះការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ និងមានបំណងឆ្លងចូលទៅធ្វើការនៅទឹកដីថៃវិញ តែរយៈពេលដែលបានលើកឡើងនោះអាចជាការពិបាកដល់មន្ត្រីថា្នក់ក្រោមអនុវត្តន៍តាម៕