ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថៃ​​ចាប់​ខ្លួន​ដ៏​កម្រ​​នូវ​អ្នក​នយោបាយ​​មូលដ្ឋាន​ម្នាក់​ ចំពោះ​ការ​ជួញដូរ​ពលករ​ចំណាកស្រុក​​ក្នុង​វិស័យ​នេសាទ​ដែល​មាន​ឈ្មោះ​មិន​ល្អ


បុរសម្នាក់ក្នុងចំណោមបុរស ៧ នាក់ដែលត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្សនៅប្រទេសថៃកាលពីថ្ងៃអង្គារអង្គុយនៅលើគ្រែរបស់គាត់ជាមួយនឹងកាំភ្លើងខ្លីជាច្រើន។ (រូបផ្តល់ឲ្យដោយ DSI)
បុរសម្នាក់ក្នុងចំណោមបុរស ៧ នាក់ដែលត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្សនៅប្រទេសថៃកាលពីថ្ងៃអង្គារអង្គុយនៅលើគ្រែរបស់គាត់ជាមួយនឹងកាំភ្លើងខ្លីជាច្រើន។ (រូបផ្តល់ឲ្យដោយ DSI)

ប៉ូលិស​ថៃ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ដ៏​កម្រ​នូវអ្នក​នយោបាយ​នៅ​មូលដ្ឋាន​ម្នាក់ ជាមួយ​នឹង​មនុស្ស​៦នាក់​ផ្សេង​ទៀត ដោយសារ​តែ​ការ​ជាប់​សង្ស័យ​អំពី​ការ​ជួញដូរ​ជន​ចំណាក​ស្រុក​ពី​ប្រទេស​មីយ៉ានម៉ានៅ​លើ​កប៉ាល់​នេសាទ និង​បង្ខំ​ពួកគេ​ឱ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល។​

ការ​ចាប់​ខ្លួន​នៅ​ថ្ងៃទី១៥ ខែធ្នូ​ដោយ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​នៃ​ក្រសួង​យុត្តិធម៌​ថៃ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​នេះ​ព្យាយាម​បោស​សម្អាត​សង្វាក់​ផ្គត់ផ្គង់​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​វិស័យ​អាហារ​គ្រឿង​សមុទ្រ​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

វិស័យ​នេសាទ​ថៃបាន​ត្រូវ​រង្គោះរង្គើរនៅ​ឆ្នាំ២០១៦ នៅ​ពេល​ដែល​ការ​ស៊ើបអង្កេត​មួយដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​Associated Press ដែល​ទទួល​បាន​ពានរង្វាន់ Pulitzer បានរក​ឃើញ​ពីបញ្ហា​ទាសភាព និង​ការ​រំលោភបំពាន​ពលកម្ម​លើ​ជន​ចំណាកស្រុក​ដែល​មាន​នៅ​ក្នុង​វិស័យ​អាហារ​សមុទ្រ​ថៃ ដែល​ជា​វិស័យ​ធំ​បំផុត​លំដាប់​ទី៧​នៅ​ក្នុង​ពិភពលោក ហើយ​ដែលផ្គត់ផ្គង់​ត្រី​ធូណា បង្គង និង​ចំណី​អាហារ​សម្រាប់​សត្វ​ចិញ្ចឹម​ទៅ​កាន់​ផ្សារ​ទំនើប​នៅ​ទូទាំង​ពិភពលោក។

ការ​បកអាក្រាត​នេះ​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ភ្លាមៗ​បាន​គំរាមដាក់​បម្រាមដែល​អាច​ធ្វើ​ឲ្យ​ខាត​បង់​ខ្លាំងលើត្រី​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​ធ្វើ​ឱ្យ​មាន​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​ប្រើប្រាស់​ដែល​បាន​ធ្វើ​ឱ្យ​អាប់ឱន​កេរ្តិ៍​ឈ្មោះ​នៃ​ផលិតផល​អាហារ​សមុទ្រ​ដែល​មាន​ស្លាក «ផលិត​នៅ​ក្នុង​ប្រទេស​ថៃ»។​

អាជ្ញាធរ​ថៃ​បាន​ព្យាយាម​បោសសម្អាត​វិស័យ​នេះ ដែល​បង្ក​បញ្ហា​ដោយ​អន្តរការីឈ្មួញ​កណ្តាល​និង​បុគ្គល​មាន​ឥទ្ធិពល​ក្នុង​មូលដ្ឋានដ៏​អាថ៌កំបាំង ដែល​គ្របដណ្តប់​លើ​កំពង់ផែ​និងជម្រិត​យកប្រាក់​ចំណេញ​ពី​ពលកម្ម​ដែល​ត្រូវ​ជួញដូរ មិន​មាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ និង​មាន​ជាប់​ជំពាក់​បំណុល។ សហភាព​អឺរ៉ុប​បាន​លុបចោល​ការ​គំរាម​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ២០១៩។

ការ​វាយឆ្មក់​កាលពី​ព្រឹកព្រលឹម​នៅ​ថ្ងៃទី១៥ ខែធ្នូ ដោយ​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​នៅ​ផែ Si Chon នៅ​ខេត្ត Nakhon Si Thammarat នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ជាប់ឈូង​សមុទ្រ​ថៃ បាន​នាំ​ដល់​ការ​ចាប់​ខ្លួនមនុស្ស​៧នាក់​រួម​ទាំង​អភិបាល​រង​ក្រុង​នៅ​ក្នុង​ខេត្ត​មួយ មេការ​ទូក​ម្នាក់​និង​ឈ្មួញ​កណ្តាល​ម្នាក់។

ប៉ូលិស​បាន​និយាយ​ថា ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ជួញដូរ​ពលករ​មីយ៉ាន់ម៉ា​៥ នាក់ បន្ទាប់​ពី​រៀប​ផែនការ​ឱ្យ​ពលករ​ទាំង​នោះ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល ដោយ​ទាក់ទាញ​ឱ្យ​ពួកគេ​មក​ធ្វើ​ការ​នៅ​លើ​ទូក ដោយ​ផ្តល់​ប្រាក់​ជា​មុន ហើយ​ក្រោយ​មក​ប្រែ​ទៅ​ជា​ប្រាក់​កម្ចី ដែល​ត្រូវ​ធ្វើ​ការងារ​ដើម្បី​សង​បំណុល​វិញ។

អគ្គស្នងការ​រង​នៃ​កងកម្លាំង​ប៉ូលិស​ថៃ នាយ​ឧត្តមសេនីយ៍​ទោ Jaruwat Waisaya បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «បន្ទាប់​ពី​ពួកគេ​ប្រមូល​យក​ទិន្នផល​ត្រី​ដែល​រក​បាន​ហើយ ពួកគេកេង​ចំណេញ​ពី​ពលករ​ទាំង​នោះ។ គោលបំណង​គឺ​ត្រូវ​ធ្វើ​ឱ្យ​ពលករ​ទាំង​នោះ​ធ្លាក់​ក្នុង​វដ្ត​នៃ​បំណុល ដែល​ពួកគេ​ត្រូវ​ធ្វើ​ការ​ដើម្បី​សង»។ លោក​មិន​បាន​បង្ហាញ​ឈ្មោះ​ជន​សង្ស័យ​នោះ​ទេ។

រូបភាព​ដែល​ត្រូវ​បាន​ចែកចាយ​ដល់ VOA បង្ហាញ​ពី​បុរស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ម្នាក់​កំពុង​អង្គុយ​នៅ​លើ​គ្រែ​របស់​លោក​ដោយ​មានកាំភ្លើង​ខ្លី​មួយ​ចំនួន​នៅ​ក្បែរ ដែល​ជា​សញ្ញា​ប្រាប់​ថា មាន​គ្រោះថ្នាក់​នៅ​ក្នុង និង​នៅ​ជុំវិញ​កំពង់ផែ​របស់​ថៃ។​នៅ​ទីនេះ​ប្រាក់​ចំណេញ​ជាច្រើន​ត្រូវ​បាន​គេ​រក​បាន​ពី​ការ​កេងប្រវ័ញ្ច​ពី​កម្លាំង​ពលកម្ម​ថោកៗ។

លោក Jaruwat បាន​ព្រមាន​ថា៖ «កុំ​គិត​ថា​យើង​មិន​ដឹង​ថា អ្នក​ធ្វើ​អ្វី។ យើង​នឹង​បន្ត​នាំ​ខ្លួន​ជនល្មើស​មក​ទទួល​ទោស ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ថៃ​មិន​មាន​ការ​ជួញដូរ​មនុស្ស និង​មិន​មាន​ការ​កេងប្រវ័ញ្ច​ពលកម្ម​ដ៏​អាក្រក់​នេះ»។

ប្រភព​ពី​ប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​បាន​ប្រាប់ VOA ថា ការ​ចាប់​ខ្លួន​មន្ត្រី​មូលដ្ឋាន​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ដើរ​តួ​ដ៏​សំខាន់​នៅ​ក្នុង​រំលោភបំពាន​ពលកម្ម​នៅ​កំពង់ផែ ដែល​មាន​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ន័យ​ថា ជា​សញ្ញា​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត​ដែល​តួនាទី​របស់​ពួកគេ​អាច​ឱ្យ​ពួកគេ​គេច​ផុត​ពី​ការ​កាត់​ទោស។

ប្រភព​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «យើង​ចង់​ផ្តល់​ឧទាហរណ៍​ពី​ករណី​ដែល​អ្នក​នយោបាយ​មូលដ្ឋាន​ពាក់ព័ន្ធ​នៅ​ក្នុង​បទល្មើស ដោយសារ​តែ​ការ​ដាក់​ទោស​នឹង​ធ្ងន់ធ្ងរ​ជាង​ការ​ដាក់​ទោស​សម្រាប់​មនុស្ស​ធម្មតា»។

ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស អ្នក​នយោបាយនោះអាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ ៦០ ឆ្នាំ ដែល​ចំនួន​នេះ​លើស​ពី​ការ​ជាប់​ពន្ធនាគារ​អតិបរមា​របស់​មនុស្ស​ធម្មតា​៣​ដង។

ការ​ចាប់​ខ្លួន​នេះជា​ការ​បង្ហាញដ៏​កម្រ​មួយ​អំពី​ពី​រចនាសម្ព័ន្ធអំណាច​ដែល​គ្រប់គ្រងក៏​លាក់​កំបាំង​នៅ​កំពង់ផែ​ដ៏​អាក្រក់​នានា​របស់​ថៃ។​នេះ​ជា​កន្លែង​ដែល​សកម្មជន​និយាយ​ថា​ប្រតិបត្តិករ​ទូក​ទុច្ចរិត​បាន​សូកប៉ាន់​ច្រើន​ដំណាក់កាល​ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់​បុគ្គលិក​នៅ​លើ​ទូក ចំនួន​ផល​នេសាទ​ដែល​រក​បាន និង​កម្មសិទ្ធិ​កប៉ាល់​ពិត​ប្រាកដ។ ជា​ធម្មតា ​មាន​តែ​ឈ្មួញ​កណ្តាល​ថ្នាក់​ទាប ឬ​មេការ​ទូក​ប៉ុណ្ណោះត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ករណី​រំលោភបំពាន​ពលកម្ម និង​ការ​ជួញដូរ​មនុស្ស។

ប្រភព​ប៉ូលិស​បាន​បន្ថែម​ថា៖ «វា​ជា​ស្ថានភាព​ស៊ុត និង​កូន​មាន់។ តើ​មនុស្ស​ទាំង​នេះ​ជា​អ្នក​ជំនួញ មុន​ពេល​ពួកគេ​ក្លាយ​ជា​អ្នក​នយោបាយ ឬ​ក៏​ជា​អ្នក​នយោបាយ មុន​នឹង​ក្លាយ​ជា​អ្នក​ជំនួញ?»។

ចាប់​ខ្ញុំ​ទៅ​ប្រសិន​បើ​អ្នក​អាច

ខេត្តNakon Si Thammarat ដែល​មាន​ឆ្នេរ​ប្រវែង​២២៥ គ.ម.​រក​ផល​នេសាទ​បាន​១១៥.២៧៤ តោន​នៅ​ក្នុង​ឆ្នាំ២០១៩ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋានជលផល​ថៃ។

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​គ្រប់គ្រង​វិស័យ​នេះ ដែល​សម្បូរ​ទៅ​ដោយអ្នក​ធ្វើ​ការ​ជា​ជន​ចំណាកស្រុក​មក​ពី​មីយ៉ាន់ម៉ា កម្ពុជា និង​ឡាវ ដែល​ប្រទេស​ទាំង​អស់​នេះ​មាន​ព្រំដែន​ធូររលុងជាមួយ​ប្រទេស​ថៃ។

វិធានការ​ទាំង​នេះ​រួម​មាន​ការ​ចុះ​បញ្ជី​ពលករ ការ​តាមដាន​ទូក​និង​ផល​នេសាទ​ដោយ​ប្រើប្រាស់​កុំព្យូទ័រ និង​ពិនិត្យ​ចុះ​ពិនិត្យ​មើល​មេការ​និង​បុគ្គលិក​នៅ​លើ​ទូក។

ក្រុមហ៊ុន​អាហារ​សមុទ្រ​ធំ​បំផុត​របស់​ថៃ​គឺ​ក្រុមហ៊ុន Thai Union ដែល​លក់​ចេញ​ត្រី​ធូណា​ដែល​មាន​ម៉ាក​ឈ្មោះ​ថា «Chicken of the Sea»​ ទៅ​ក្នុង​ទីផ្សារ។ ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​លុបបំបាត់​ការ​កេងប្រវ័ញ្ច​នៅ​ក្នុង​សង្វាក់​ដ៏​វែង​អន្លាយ​របស់​ខ្លួន មួយ​ផ្នែក​តាមរយៈ​ការ​ជ្រើសរើស​ពលករ​របស់​ពួកគេ​ដោយ​ផ្ទាល់​មក​ពី​មីយ៉ាន់ម៉ា។

ការ​ធ្វើ​បែប​នេះ​បាន​ទទួលការ​សាទរ​ពី​អង្គការ​សិទ្ធិ​ការងារ​នោះ។

លោក Andrew Wasuwongse នៃ​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​បេសកកម្ម​បញ្ចប់​អំពើ​ទាសភាព​នៅ​ក្នុង​វិស័យ​អាហារ​សមុទ្រ​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ចន្លោះ​ប្រយោង​នៅ​តែ​មាន ប៉ុន្តែ​តាមរយៈ​បទពិសោធន៍​របស់​យើង​ធ្វើ​ការ​ជាមួយ​នឹង​ដៃគូ​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​នេះ និង​ផ្តល់​ការ​ការពារ​ដែល​មាន​ប្រសិទ្ធភាព​កាន់​តែ​ច្រើន​ទៅ​ឱ្យ​ជន​រងគ្រោះ»។ ការ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ទី១៥ ខែធ្នូ ទទួល​បាន​ព័ត៌មាន​ពី​អង្គការ​របស់​លោក។

អ្នក​តស៊ូ​ឲ្យ​ប្រយោជន៍​ខាង​ទូក​នេសាទ​ថៃ​និយាយ​ថា វិធានការ​ទាំង​នេះ​កំពុង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​ពួកគេ​និងទម្លាក់​បន្ទុក​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើនមក​លើ​ពួក​គេ សម្រាប់​ស្តង់ដារ​បរិស្ថាន និង​ស្តង់ដារ​ការងារ​ដ៏​ម៉ឺងម៉ាត់​ដែល​ភ្ជាប់​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ផល​នេសាទ​សាកលលោក​ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​តិច​បំផុត​ជា​ជាង​ទម្លាក់​ឲ្យក្រុមហ៊ុន​ធំៗក្នុង​វិស័យ​នេះ ផ្សារ​ទំនើប និង​អ្នក​ប្រើប្រាស់​ទៅ​វិញ។

នៅ​ក្នុង​ល្បែង​ឆ្មា​ចាប់​កណ្តុរ​ដែល​ត្រូវ​បាន​គេ​លេង​នៅ​ទូទាំង​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ប្រតិបត្តិករ​ទូក​នេសាទ​ទុច្ចរិត​កំពុង​តែ​រំកិល​ចូល​ទៅកាន់​តែ​ជ្រៅ​ក្នុង​នាយមហាសមុទ្រ​ឥណ្ឌា ដោយសារ​តែ​ទិន្នផល​ត្រី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​សមុទ្រ​ថៃ។ ប្រតិបត្តិករ​ទាំង​នេះ​ព្យាយាម​គេច​ពី​ការ​តាមដាន​ដោយ​ផ្លាស់ប្តូរ​ទង់ជាតិ និង​បុគ្គលិក​លើ​ទូក ប្តូរ​ពណ៌​កប៉ាល់ និង​នៅ​លើ​ផ្ទៃ​សមុទ្រ​រយៈពេល​រាប់​ខែ។

លោក Wasuwongse បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ការ​ចាប់​ខ្លួន​ថ្ងៃនេះ​បង្ហាញ​ថា​អំណាច​នៃ​ច្បាប់​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ជា​មនុស្ស​ក្នុង​ចំណោម​មនុស្ស​ងាយ​រងគ្រោះ​បំផុត និង​មិន​មាន​អំណាច។ វា​រឹត​តែ​ច្បាស់ នៅ​ពេល​ថៅកែ​របស់​ពួកគេ​ជា​អ្នក​ជំនួញ​ដ៏​មាន​អំណាច ដែល​មាន​តួនាទី​ផ្លូវការ​នៅ​ក្នុង​អាជ្ញាធរ​មូលដ្ឋាន»៕

XS
SM
MD
LG