នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ochaកាលពីថ្ងៃអង្គារម្សិលមិញបានលើកឡើងថាការផ្ទុះយ៉ាងខ្លាំងនូវជំងឺកូវីដ១៩នាពេលថ្មីៗ គឺបណ្តាលមកពីជនចំណាកស្រុកខុសច្បាប់ក្នុងប្រទេសថៃ ដោយលោកលើកឡើងថា វិធានការថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ នឹងត្រូវដាក់ចេញក្នុងសប្តាហ៍នេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានលើកឡើងផងដែរថា លោកនឹងជួបជាមួយស្ថាប័នប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ថៃនៅសប្តាហ៍នេះ ហើយអាចដាក់ចេញនូវវិធានការសមស្របមួយចំនួន មុនដំណាច់ឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី លោកមិនបានបញ្ជាក់ឲ្យដឹងលម្អិត ពីគម្រោងនោះនៅឡើយទេ។
លោក Prayuth បានគូសបញ្ជាក់ថា ការឆ្លងជំងឺកូវីដ១៩ជាង១០០០ករណីដែលត្រូវបានរកឃើញ ក្នុងចំណោមពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងសប្តាហ៍កន្លងមក ក្នុងខេត្តសមុធសាខន ដែលជាខេត្តមួយដែលមានការផ្ទុះវីរុសកូរ៉ូណាខ្លាំងជាងគេ នៅក្នុងប្រទេសថៃរហូតមកដល់ពេលនេះ គឺដោយសារនៅទីនោះ មានបណ្តាញការងារជាច្រើន ដែលទទួលខុសត្រូវក្នុងការយកជនចំណាកស្រុកខុសច្បាប់ចូលមកក្នុងប្រទេសនេះ៕