អាជ្ញាធរខេត្តកណ្តាលដែលជាប់នឹងព្រំដែនប្រទេសវៀតណាម បានរាយការណ៍ថាភាគីកងទ័ពការពារព្រំដែនរបស់វៀតណាម បានសាងសង់ជម្រករឹងមាំមួយ ជំនួសឲ្យការបោះតង់នៅចំណុចដែលចែកព្រំប្រទល់រវាងស្រុកទិនចូវរបស់វៀតណាមនិងស្រុកលើកដែករបស់ប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់ស្នងការខេត្តកណ្តាលដែលវីអូអេបានទទួលនៅថ្ងៃព្រហស្បតិ៍នេះ។
ការផ្តើមសាងសង់ជម្រករឹងមាំរបស់យោធាការពារព្រំដែនវៀតណាមនេះ កើតមានឡើង ក្រោយពីមានរបាយការណ៍កន្លងមកថាយោធាវៀតណាមបានបង្កើនការបោះតង់នៅតាមតំបន់ព្រំដែន រហូតដល់ ២៥៦កន្លែង ទោះបីជាមានការជំទាស់ និងទាមទារពីរដ្ឋាភិបាលកម្ពុជា ឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ ហើយរក្សាតំបន់ដែលមិនទាន់មានការឯកភាពគ្នាឲ្យនៅស្ថានភាពដូចមុន។
លិខិតរបស់ស្នងការខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានពណ៌នាថា កាលពីថ្ងៃ២៥ ខែសីហា កម្លាំងនគរបាល និងយោធាការពារព្រំដែនកម្ពុជាចំនួន១៥នាក់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍៩២៥វិញសឿងរបស់ភូមិភូវី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាងដែលនៅទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែកខេត្តកណ្តាល។ពេលនោះអាជ្ញាធរខ្មែរបានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី ដែលពួកគេថាជាជម្រករឹងមាំ សាងសង់«អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំបណ្តោយ៥ម៉ែត្រទទឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្ន ប្រមាណ១២០ម៉ែត្រ។
លិខិតរបស់ស្នងការប៉ូលិសខេត្តកណ្តាលដែលរាយការណ៍ទៅអភិបាលខេត្តកណ្តាលឲ្យដឹងទៀតថា អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាបានទៅជួបជាមួយប្រធានប៉ុស្តិ៍៩២៥វិញសឿង ដើម្បីទាមទារឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពសាងសង់តង់ថ្មី។ ប៉ុន្តែភាគីវៀតណាមបញ្ជាក់ថា គេធ្វើតាមបញ្ជាថា្នក់លើរបស់គេ ហើយថ្នាក់លើរបស់គេមាន«គម្រោងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ចំនួន៤គោលដៅនៃ១០គោលដៅចាស់ដែលមានស្រាប់»។
នៅថ្ងៃបន្ទាប់ទៀត គឺថ្ងៃទី២៦ ខែសីហា អភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធបានទៅស្នើឲ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់នៅចំណុចដដែលនោះ ប៉ុន្តែភាគីវៀតណាមមិនព្រមឯកភាពបញ្ឈប់ការសាងសង់នោះឡើយ។នេះបើតាមលិខិតរបស់ស្នងការខេត្តកណ្តាល។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលនិយាយថាសាលាខេត្តមិនទាន់មានព័ត៌មានពាក់ព័ន្ធលិខិតរបស់លោកស្នងការខេត្តកណា្តលនោះទេ។ វីអូអេព្យាយាមសុំការអធិប្បាយបន្ថែមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល តែទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
លោកនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានឃើញលិខិតរបស់ស្នងការខេត្តកណ្តាលបញ្ជូនមក។លោកបន្តថាការសាងសង់ជម្រកថ្មីពីសំណាក់យោធាការពារព្រំដែនរបស់វៀតណាមនៅតំបន់ដែលរាយការណ៍ដោយកម្លាំងប្រដាប់អាវុធកម្ពុជានោះ គឺមិនបានរំលោភដែនដីកម្ពុជាទេ ពោលគឺវៀតណាមបានសង់នៅលើទឹកដីរបស់គេ ហើយកម្ពុជាគ្រាន់តែទាមទារឲ្យមានការជូនដំណឹងប៉ុណ្ណោះ។
«អ្នកណាដែលបញ្ជាក់ធ្វើលើដីយើង មែនទេ។ គេធ្វើលើដីគេទេ យល់ទេ? ប៉ុន្តែគ្រាន់ថាកន្លងមក ភាគីទាំងពីរធ្លាប់បានជជែកគ្នា ហើយអាជ្ញាធរខេត្តសងខាង គឺធ្លាប់បានមានកិច្ចប្រជុំ កាលណាមានសកម្មភាពអីតាមបណ្តោយព្រំដែនទោះខាងយើង ទោះខាងគេ យើងត្រូវជូនដំណឹងគ្នាតែប៉ុណ្ណឹងទេ។ហើយអ្វីដែលគេធ្វើនេះ គឺធ្វើលើដីគេ ក៏ប៉ុន្តែគាត់អត់បានជូនដំណឹងមកយើង អ៊ីចឹងទាំងថៃ ទាំងឡាវ ទាំងវៀតណាម ជាមួយខ្មែរនេះ សុទ្ធតែមាន កំណត់ហេតុប្រជុំ ជជែករឿងហ្នឹងទាំងអស់គ្នា»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ប្រាប់VOAនៅរសៀលថ្ងៃព្រហស្បតិ៍ថាលោកមិនអាចសម្រេចចិត្តថានឹងចុះទៅពិនិត្យតំបន់ចម្រូងចម្រាសនោះ ឬយ៉ាងណាទេដោយសារលោកមិនទាន់ទទួលបានលិខិតរបស់លោកស្នងការខេត្តកណ្តាល។
«មិនទាន់បានឃើញលិខិតផង ខ្ញុំចុះទៅធ្វើម៉េច?»
កាលពីខែឧសភារដ្ឋាភិបាលកម្ពុជាធ្លាប់បានជំទាស់ និងទាមទារឲ្យភាគីវៀតណាមរុះរើការបោះតង់ចំនួន៣១កន្លែងនៅតាមតំបន់ព្រំដែន ហើយរក្សាតំបន់ដែលមិនទាន់មានការឯកភាពគ្នាឲ្យនៅស្ថានភាពដដែល។ ក្រសួងការបរទេសក៏ធ្លាប់បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាឲ្យមកបំភ្លឺអំពីករណីវៀតណាមបោះតង់៣១កន្លែងនោះ។ ប៉ុន្តែរហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា ភាគីវៀតណាមមានការឆ្លើយតបយ៉ាងណានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកផងដែរថា វៀតណាមបានបោះតង់និងដាក់កម្លាំងយោធាចំនួន៣១កន្លែងនៅស្រុកលើកដែក និងស្រុកកោះធំក្នុងខេត្តកណ្តាល។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ កោតសរសើរអាជ្ញាធរកម្ពុជាចំពោះការចេញមុខតវ៉ាការសាងសង់ជម្រកថ្មី ហើយរឹងមាំរបស់ភាគីវៀតណាម។ ប៉ុន្តែលោកថាភាគីកម្ពុជាត្រូវខ្នះខ្នែងប្រើប្រាស់យន្តការអន្តរជាតិសំខាន់ៗ ដូចជាការដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យវៀតណាម«បន្ទន់ភាពគឃ្លើនរបស់ខ្លួន»។
«រដ្ឋាភិបាលត្រូវធ្វើវិធានការហ្នឹង បានអាចការពារបូរណភាពទឹកដីបាន។ ហើយកន្លងមកនេះត្រឹមតែធ្វើការកំណត់ ត្រឹមធ្វើកំណត់ទូតទៅវៀតណាមវៀតណាមអត់បានឆ្លើយតប អត់បានដកតង់ទៅវិញទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានធ្វើអីថ្មីទេ។ អាហ្នឹងយើងឃើញថា ជំហររបស់កម្ពុជានៅខ្សោយដោយសាររដ្ឋាភិបាលកម្ពុជាហ្នឹង មេដឹកនាំកម្ពុជាហ្នឹងធ្លាប់បានលើកបន្តុបដោយវៀតណាមកាលពីទសវត្សរ៍ទី៨០ នៅជំពាក់គុណវៀតណាម អាហ្នឹងគិតថា វៀតណាមជាចៅហ្វាយ ជាបងធំ»។
អតីតតំណាងរាស្ត្រដែលធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការអធិប្បាយបញ្ហាព្រំដែនកម្ពុជាវៀតណាមនោះ បន្ថែមថា កម្ពុជាគួរមានវិធានការយោធា ដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើកន្លងមកដើម្បីឆ្លើយតបនឹងសកម្មភាពបំពានរបស់ថៃនៅតំបន់ព្រះវិហារ និងឡាវក្នុងខេត្តស្ទឹងត្រែង។
លោកនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា កម្ពុជាមិនអាចមានវិធានការយោធាជាមួយវៀតណាម ដោយសារតាមអ្វីដែលលោកអះអាងម្តងហើយម្តងទៀតនោះ គឺការធ្វើរោងនោះ ស្ថិតនៅលើទឹកដីវៀតណាម។
«តាមគាត់ប្រឆាំងគាត់លើកអីចេះ គាត់ចង់ឲ្យបានស្រុកខ្មែរធ្វើសង្គ្រាម។ ប៉ុន្តែសួរឲ្យប្រឆាំងហ្នឹង គាត់លើកកងទ័ពទៅពីណា?ទៅដេញវៀតណាមចេញ ពីលើដីគេ? គឺយើងធ្វើចឹងម៉េចបាន? អានេះ គ្រាន់ជាគំនិតចោទប្រកាន់ ដើម្បីកេងចំណេញនយោបាយ ឬក៏ចង់បង្អាប់រដ្ឋាភិបាលអីចេះ អីចុះ ដោយសារ ប្រើពាក្យលើកបន្តុប លើកអីអ៊ីចឹងជាដើមបាទ។តាមពិតគេធ្វើការគេប្រយ័ត្នប្រយែង ហើយបើនិយាយពីបំពានបូរណភាពទឹកដី អត់មានទេ»។
លោក មាស នី អ្នកវិភាគនយោបាយកម្ពុជា ដាក់ជាចម្ងល់ថា បើសិនជាការសង់ជម្រករបស់ទាហានការពារព្រំដែននៅចំណុចព្រំដែនរវាងខេត្តអានយ៉ាងរបស់វៀតណាម និងខេត្តកណ្តាលរបស់កម្ពុជា បានធ្វើឡើងនៅទឹកដីវៀតណាម ហេតុដូចម្តេចបានជា អាជ្ញាធរមូលដ្ឋានខេត្តកណ្តាលត្រូវរាយការណ៍អំពីសកម្មភាពនោះ។
«អាហ្នឹងចឹង បានន័យថា ប្រហែលជាការបោះតង់ហ្នឹង បានធ្វើឡើងនៅក្នុងតំបន់មួយដែលមានការសង្ស័យថា ជាតំបន់ស។ ហើយបើសិនជាគេមកបោះនៅលើតំបន់ស ហើយរុញទៅរកការពង្រឹងនិងគេហៅថាជាជំរុំមួយដែលសាងសង់ រឹងមាំអាហ្នឹងខ្ញុំគិតថា គេអាចនៅកន្លែងនេះយូរតទៅទៀត ហើយអាចមានបំណងអីផ្សេងក្រៅពីរឿងគ្រាន់តែកូវីដ»។
លោកបន្ថែមថា អាជ្ញាធរពាក់ព័ន្ធរបស់ភាគីកម្ពុជា រួមមានមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនត្រូវធ្វើការរួមគ្នា ដោយការចុះទៅពិនិត្យទីតាំងដោយផ្ទាល់ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារជន។
នៅក្នុងបញ្ហាព្រំដែននេះ លោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូបត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ ក្រោយពីលោកបាននិយាយរិះគន់ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនៅខេត្តត្បូងឃ្មុំ មានភាពមិនប្រក្រតី។ ចំណែកមេដឹកនាំគណបក្សខ្មែរឈ្នះ គឺលោក សួង សុភ័ណ្ឌ ក៏ត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ បន្ទាប់ពីលោកបានរិះគន់ការងាររបស់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សជំទាស់ដែលកំពុងស្នាក់នៅក្រៅប្រទេស អះអាងថាជាយុទ្ធសាស្ត្រកន្លងមក គឺនៅពេលវៀតណាម ចង់វាតទីដីកម្ពុជានៅតំបន់ណាវៀតណាមចង់ចូលទៅកាន់កាប់តំបន់នោះឲ្យបានសិន រួចចរចាតាមក្រោយ។ លោកថា កម្ពុជាតែងតែចាញ់ប្រៀបការចរចាជាមួយភាគីវៀតណាម។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថារហូតមកដល់ពេលនេះ កម្ពុជា និងវៀតណាមបានសម្រេចបោះបង្គោលព្រំដែន និងខណ្ឌសីមាបាន៨៤ភាគរយ ហើយគណៈកម្មាធិការនេះអះអាងថាមិនធ្វើឲ្យជាតិ និងប្រជាជនខាតបង់ទឹកដីឡើយ៕