ព្រះមហាក្សត្រថៃបានកម្ទេចផែនការរបស់ព្រះរាមព្រះអង្គដែលឈរជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។ គណបក្ស Thai Raksa Chart បានប្រកាសកាលពីថ្ងៃសុក្រថា ម្ចាស់ក្សត្រីយ៍ Ubolratana ព្រះជន្ម៦៧វស្សានឹងទទួលបានបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សនេះសម្រាប់ការបោះឆ្នោតថ្ងៃទី២៤ខែមីនា។
សេចក្តីសង្ឃឹមខាងនយោបាយរបស់ម្ចាស់ក្សត្រីយ៍បានបរាជ័យភ្លាមៗនៅពេលដែលព្រះអនុជរបស់អង្គគឺព្រះមហាក្សត្របានចេញសេចក្តីថ្លែងការណ៍បន្ទាប់ថា បេក្ខភាពរបស់ព្រះរាមព្រះអង្គគឺមិនសមរម្យទាល់តែសោះហើយប្រឆាំងប្រពៃណីនិងវប្បធម៌ជាតិ។
កាលពីថ្ងៃសៅរ៍ គណបក្ស Thai Raksa Chart បានសន្យាថា នឹងគោរពតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ។ អ្នកស្រី Puangthong Pawakapan សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn បានប្រាប់ភ្នាក់ងារព័ត៌មានបារាំង AFP ថា ការបដិសេធរបស់ព្រះមហាក្សត្របានធ្វើឱ្យបេក្ខភាពរបស់ព្រះរាមរបស់ព្រះអង្គបាត់បង់សុពលភាព។
នៅក្នុងការបង្ហោះតាម Instagram កាលពីថ្ងៃសៅរ៍ ម្ចាស់ក្សត្រីយ៍បានអរគុណអ្នកគាំទ្រ ចំពោះសេចក្ដីស្រឡាញ់និងសប្បុរសហើយបានសម្តែងព្រះទ័យចង់ឃើញប្រទេសនេះពង្រីកសិទ្ធិនិងឱកាសសម្រាប់ប្រជាពលរដ្ឋ។
ប្រទេសថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ខែមីនា ជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០១៤។ រដ្ឋប្រហារនោះបាននាំឱ្យមានរបបយោធា លុបបំបាត់ឥទ្ធិពលលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីដែលបានឈ្នះគ្រប់ការបោះឆ្នោតជាតិចាប់ពីឆ្នាំ២០០១។
ចាប់តាំងពីលោក Thaksin ត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ រាជការប្រទេសនេះទទួលបានជោគជ័យតិចតួចក្នុងការព្យាយាមធ្វើឲ្យយន្តការរបស់លោកចុះខ្សោយដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការសម្រេចរបស់តុលាការ ការផ្លាស់ប្តូរជាប្រព័ន្ធបោះឆ្នោតសមាមាត្រ។
លោក Thaksin ដែលនិរទេសខ្លួនដើម្បីគេចពីការកាត់ទោសតាមបទចោទប្រកាន់អំពីទំនាស់ផលប្រយោជន៍ត្រូវបានមតិជាច្រើនគេជឿជាក់ថា លោកជាអ្នកជួយបង្កើតបេក្ខភាពរបស់ម្ចាស់ក្សត្រីយ៍ Ubolratana។
ប្រទេសថៃបានក្លាយជារាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៣២៕