ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តែងតាំង​ម្ចាស់ក្សត្រី​ថៃ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ធ្វើ​ឲ្យ​រង្គើ​នយោបាយ​ថៃ


រូបឯកសារ៖ ​ម្ចាស់ក្សត្រី Ubolratana Mahidol លើក​ដៃ​ស្វាគមន៍​ពលរដ្ឋ​នៅ​ខាង​ក្រៅ​ព្រះបរម​រាជវាំង ទីក្រុង​បាងកក កាលពីថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ​ម្ចាស់ក្សត្រី Ubolratana Mahidol លើក​ដៃ​ស្វាគមន៍​ពលរដ្ឋ​នៅ​ខាង​ក្រៅ​ព្រះបរម​រាជវាំង ទីក្រុង​បាងកក កាលពីថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ២០១៧។

ពួក​អ្នក​សង្កេតការណ៍​និយាយ​ថា ​ការ​ប្រកាស​ដ៏​គួរ​ភ្ញាក់​ផ្អើល​នេះ ​បាន​បញ្ចប់​ទាំង​ស្រុង​នូវ​ក្តី​សង្ឃឹម​របស់​លោក Prayut Chan-o-cha ជា​នាយករដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​ដើម្បី​រក្សា​អំណាច ​ដែល​លោក​បាន​ក្តាប់​​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​មួយ​​កាល​​ពី​ឆ្នាំ​២០១៤។

ការ​រំជើប​រំជួល​ខាង​នយោបាយ​បានកើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​សារ​មាន​ការ​តែងតាំង​ម្ចាស់ក្សត្រី អ៊ុបុនរតនា ម៉ាហ៊ីដុន (Ubolratana Mahidol) ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​មីនា​ខាង​មុខ ​ដែល​ការណ៍​នេះ​ប្រែក្រឡាស់​ប្រពៃណី​ថៃ​ដែល​ព្រះបរមរាជវាំង​មិន​មាន​តួនាទី​សាធារណៈ​ឬ​លូកលាន់ក្នុង​នយោបាយ។

ពួក​អ្នក​សង្កេតការណ៍​និយាយ​ថា ​ការ​ប្រកាស​ដ៏​គួរ​ភ្ញាក់​ផ្អើល​នេះ ​បាន​បញ្ចប់​ទាំង​ស្រុង​នូវ​ក្តី​សង្ឃឹម​របស់​លោក Prayut Chan-o-cha ជា​នាយករដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​ដើម្បី​រក្សា​អំណាច ​ដែល​លោក​បាន​ក្តាប់អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​មួយកាលពី​ឆ្នាំ​២០១៤។

មាន​សេចក្តី​រាយការណ៍​ថា ​លោក Preechapol Pongpanich ជា​មេដឹកនាំ​គណបក្ស Thai Raksa Chart បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា«គណៈកម្មាធិការនាយករបស់​គណបក្ស បាន​យល់​ស្រប​ថា ​ព្រះ​នាម​របស់​ម្ចាស់​ក្សត្រី​ អ៊ុបុនរតនា ​ជា​មនុស្ស​ដែល​បាន​ទទួល​ការ​អប់រំ​និង​មាន​ជំនាញ ​សក្តិសម​នឹង​ជម្រើស​បេក្ខភាព​នេះ​បំផុត»។

ការ​សម្រេច​របស់​ម្ចាស់​ក្សត្រីដើម្បី​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​លោក Thaksin Shinawatra ​ដែល​គណបក្ស​របស់​លោក​បាន​ឈ្នះ​គ្រប់​ការ​បោះឆ្នោត​របស់​ថៃ​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ​តែ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​២​ដង​ដោយ​រដ្ឋ​ប្រហារ​យោធា​នោះ ​បាន​បន្ថែម​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង។

លោក Preechapol Pongpanich មេដឹកនាំ​គណបក្ស​ Thai Raksa Chart កាន់​រូបថត​ម្ចាស់ក្សត្រី Ubolratana នៅ​ឯ​គណៈកម្មការថៃដើម្បីការបោះឆ្នោត នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Preechapol Pongpanich មេដឹកនាំ​គណបក្ស​ Thai Raksa Chart កាន់​រូបថត​ម្ចាស់ក្សត្រី Ubolratana នៅ​ឯ​គណៈកម្មការថៃដើម្បីការបោះឆ្នោត នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ចលនា​«អាវ​ក្រហម​»របស់​មហាសេដ្ឋី​និរទេស​ខ្លួន​មួយ​នេះ ​មាន​បណ្តាញ​នយោបាយ​យ៉ាង​ខ្លាំងនៅ​ទី​ជនបទ។

ក៏ប៉ុន្តែ ​ពួកគេ​បាន​ទទួល​ការ​រិះគន់​ខ្លាំងៗ​ពី​ភាគី​ខ្លះ​របស់​ពួក​វរជន​នៅ​ទីក្រុង​បាងកក​និង​ពួក​យោធា​ ដែល​នេះ​ជា​ការ​បែក​បាក់​ដ៏​ល្វីង​ជូរចត់​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ស្ទើរ​គ្មាន​ទី​បញ្ចប់ក្នុង​នយោបាយ​ថៃ​ក្នុង​រយៈ​ពេល​ជាង​២​ទសវត្សរ៍​កន្លង​មក​នេះ។

​កម្លាំង​សម្ព័ន្ធភាព​របស់​ម្ចាស់​ក្សត្រីដែល​បាន​បង្កើត​ជាមួយ​ចលនា​ប្រជានិយម​ ត្រូវ​បាន​ពង្រឹង​បន្ថែម​ដោយ​ប្រជា​ប្រិយភាព​ដែល​ម្ចាស់​ក្សត្រី​បាន​ទទួលជាទី​គាប់​ចិត្ត​ក្នុង​ឋានៈ​ជា​បុត្រីច្បង​បង្អស់​ជាទី​គោរព​របស់​ព្រះ​មហាក្សត្រភូមីផុន ​អាឌុលយ៉ាដេត​ (Bhumibol Adulyadej) ដែល​បានសោយ​ទិវង្គត​ ហើយ​ដែល​ត្រូវ​ជនជាតិ​ថៃ​គោរព​បំផុត។

គេ​បាន​ដឹង​ថា ម្ចាស់ក្សត្រី​មាន​ការ​ជិត​ស្និទ្ធ​ទៅ​នឹង​ព្រះ​អង្គម្ចាស់ ​មហាវេជ្ជរាឡុងកន (Maha Vajiralongkorn ) ​ដែល​ជា​ព្រះ​អនុជ​របស់​ម្ចាស់ក្សត្រី​ដែល​បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រ​ថៃ​បន្ទាប់​ពី​ការ​ចូល​ទិវង្គត​របស់​ព្រះ​បីតា​របស់​ព្រះអង្គ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៦ ​ហើយ​គេ​មាន​គម្រោង​ឲ្យ​ព្រះអង្គ​ឡើង​សោយ​រាជ្យ​នៅ​ខែ​ឧសភា​ខាង​មុខ ភ្លាមៗ​បន្ទាប់​ពី​ការ​បោះឆ្នោត។

​ថ្វី​បើ​មាន​សែស្រឡាយ​ជា​រាជវង្ស ម្ចាស់​ក្សត្រី​អ៊ុបុនរតនា ​ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ​មាន​លក្ខណៈ​បើក​ចំហ​ ​ដាក់​ខ្លួន​ដែល​ម្ចាស់​ក្សត្រី​បាន​លះបង់​បុព្វសិទ្ធិ​របស់​ម្ចាស់​ក្សត្រី​ដើម្បី​រៀបការ​ជាមួយ​លោក Peter Jensen ជន​សាមញ្ញ​អាមេរិកាំង​នៅ​ឆ្នាំ​១៩៧២។

រូបឯកសារ៖ ព្រះមហាក្សត្រថៃ Bhumibol Adulyadej និង​រាជវង្សានុវង្ស​របស់​ទ្រង់ នៅក្នុង​ពិធី​ខួប​ព្រះជន្ម​៨៥​របស់​ទ្រង់ នៅទីក្រុងបាងកក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២។
រូបឯកសារ៖ ព្រះមហាក្សត្រថៃ Bhumibol Adulyadej និង​រាជវង្សានុវង្ស​របស់​ទ្រង់ នៅក្នុង​ពិធី​ខួប​ព្រះជន្ម​៨៥​របស់​ទ្រង់ នៅទីក្រុងបាងកក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២។

បន្ទាប់​ពី​ម្ចាស់​ក្សត្រី ​បាន​លែងលះ​ជាមួយ​លោក Jensen ​នៅ​ឆ្នាំ​១៩៩៨​មក បុព្វសិទ្ធិ​ខ្លះ​របស់​ម្ចាស់ក្សត្រី​បានត្រូវ​ទទួល​មក​វិញ​ហើយ​ពួក​មន្រ្តី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មិន​ទាន់​ប្រកាស​ថា ​តើ​ឋានៈ​ភាព​របស់​ម្ចាស់​ក្សត្រី ​អាច​មាន​ផល​ប៉ះ​ពាល់​នឹង​បេក្ខភាព​របស់​ម្ចាស់​ក្សត្រី​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី​ដែរ​ឬទេ។

​មានការព្រួយ​កង្វល់​ផ្សេងទៀត ​ក៏​នឹង​ត្រូវគេ​លើក​ឡើង​អំពី​ថា​តើការ​ជាប់​សែ​ស្រ​ឡាយ​រាជ​វង្សានុវង្សរបស់​ម្ចាស់​ក្សត្រី ​នឹង​មាន​ផល​ប៉ះពាល់ដល់​ពួក​អ្នក​នយោ​បាយ​ប្រកួត​ប្រ​ជែងផ្សេង​ទៀត​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រឆាំង​នឹង​ម្ចាស់​ក្សត្រី ដោយ​សារ​ប្រ​ទេស​ថៃ​មាន​ច្បាប់ស្តី​ពី​ការ​ប្រមាថ​ព្រះ​ជេស្តា​ដ៏​តឹងរ៉ឹង​បំផុត​របស់​ពិភពលោក​នោះ។

តាម​បច្ចេកទេស ​មាត្រា​ទី​១១២នៃ​រដ្ឋ​ធម្មនុញ្ញ​ថៃ ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទោសជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​ចំពោះ​អ្នក​ដែល​មាន​ទោស​ពី​ការប្រមាថ​មើល​ងាយ​ បង្ខូច​កេរ្តិ៍ឈ្មោះឬ​គំរាម​កំហែង​ព្រះមហាក្សត្រ​ឬ​ក្រុមគ្រួសារ​រាជ​វង្សា​នុវង្ស​ មិន​អនុវត្ត​ដល់​ជន​ណា​ដែល​មាន​ឋានៈ​ភាព​ដូចជា​ម្ចាស់​ក្សត្រី​ទេ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ លោក Thitinan Pongsudhirak ជា​សាស្រ្តាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​នយោបាយនៅ​ឯ​សាកល​វិទ្យាល័យ​ជូឡាឡុងកន ​បាន​និយាយ​ថា ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ​ច្បាប់​នោះ ​បាន​ត្រូវ​គេ​បកស្រាយ​កាន់​តែ​ទូលំ​ទូលាយ​ខ្លាំង​ឡើង។

​លោក​បាន​និយាយ​ទៀត​ថា៖ «ដូច្នេះ ​បើ​មាត្រា​ទី១១២ មាន​ភាព​ទូលំទូលាយ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ការពារ​ម្ចាស់​ក្សត្រី អ៊ុបុនរតនា ជា​អ្នក​នយោបាយ​ម្នាក់ ​បន្ទាប់​មក​ ខ្ញុំគិតថា ​យើង​ នឹងមើល​ឃើញ​ការតាន​តឹង​នៅ​ខាងមុខ ​ពីព្រោះ​តែ​ទំនង​នឹង​មាន​ការ​ជំទាស់។ ​

លោក Thitinan Pongsudhirak និយាយ​ថា៖ «ហើយ​ពួក​អ្នក​ប្រកួតប្រជែង​ជា​ច្រើន ​នឹង​មិន​សុខ​ចិត្ត​ទទួល​យក​ម្ចាស់ក្សត្រីមាន​ឋានៈ​ទាំង​២​ក្នុង​ពេល​តែ​មួយនោះ​ទេ»។

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ ​គណបក្ស Thai Raksa Chart បាន​និយាយ​ថា ឋានៈ​ភាព​រាជ​វង្សានុវង្ស​ផ្លូវការ​របស់​ម្ចាស់​ក្សត្រី​អ៊ុបុនរតនា ​នៅ​តែដក​ហូត​មិន​ទាន់​ស្តារ​វិញទេ ​ដែល​នេះ អនុញ្ញាតឲ្យ​ម្ចាស់​ក្សត្រី​អាច​ចូលរួម​ក្នុង​នយោបាយ​របស់​គណបក្ស ​ក៏ប៉ុន្តែ របាយការណ៍​នេះ​មិន​បាន​និយាយ​អំពី​មាត្រ​ទី១១២​ទេ។

​នាយករដ្ឋមន្រ្តី Prayut Chan-o-cha ក៏​បាន​ចុះ​ឈ្មោះ​បេក្ខភាព​របស់​លោក​សម្រាប់​ការងារ​កំពូល​នេះ​ដែរ​កាល​ពី​ថ្ងៃ​សុក្រ។​

​លោក Weerachon Sukhontapatipak ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​យោធា ​បាន​និយាយ​ថា រដ្ឋបាល​កាន់​តំណែងបាន​ស្វាគមន៍​ការតែងតាំង​របស់​ម្ចាស់​ក្សត្រី​នេះ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha លើក​ដៃ​ខណៈ​ពេល​លោក​ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​នៅ​វិមាន​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha លើក​ដៃ​ខណៈ​ពេល​លោក​ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​នៅ​វិមាន​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

លោក​បាន​និយាយ​ទៀត​ថា «យើង​មិន​មាន​ការ​ព្រួយ​កង្វល់​អំពី​បេក្ខជន​ណា​ទេ ​ពី​ព្រោះ ​យើង​ជឿថា ​ការណ៍​នេះ​ជា​ការសម្រេច​របស់​ប្រជា​រាស្រ្ត ​ដែល​ជាការ​សំ​ខាន់​បំផុត ​ហើយ​មិន​មាន​អ្វី​ដែល​ត្រូវបារម្ភ​នោះ​ទេ»។

​នៅ​ពេល​គេ​សួរ​ថា​តើ​ការ​ឈរ​ឈ្មោះ​របស់​ម្ចាស់​ក្សត្រី ​បាន​បញ្ចប់​ឱកាស​ជោគជ័យ​របស់​លោក​នាយករដ្ឋមន្រ្តី Prayut ដែរ​ឬទេ។​លោក​បាន​និយាយ​ថា ​អត្ថាធិប្បាយ​បែប​នេះ ​ជា​ការ​មិន​ត្រឹម​ត្រូវ ​ពី​ព្រោះ​តែ​ការ​បោះឆ្នោត​នេះ ​នឹង​មាន​ភាព​សេរី​និង​យុត្តិ​ធម៌។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពួក​អ្នក​វិភាគ ​មាន​ការ​យល់​ស្រប​គ្នា​កាល​ពី​ថ្ងៃ​សុក្រដោយ​មាន​ជំនឿ​ថា ​ម្ចាស់ក្សត្រី ​នឹងឈ្នះ​លោក Prayut ​យ៉ាង​ស្រួល​នៅ​ឯ​ការិយាល័យ​បោះ​ឆ្នោត។

លោក Paul Chambers ជា​អ្នក​វិភាគ​នយោបាយ​និង​ជា​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuan នៅ​ក្នុង​ប្រទេស​ថៃ ​បាន​និយាយ​ថា ​ប្រសិនបើ​ ​ម្ចាស់​ក្សត្រី​ ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នោះ ​ម្ចាស់​ក្សត្រី ​ប្រាកដ​ជា​នឹង​ឈ្នះ។

​លោក​និយាយ​ទៀតថា «ខ្ញុំ ​មិន​មើល​ឃើញ​នរណា​នឹង​បោះ​ឆ្នោត​ប្រឆាំង​នឹង​ម្ចាស់ក្សត្រី​ទេ ​ហើយ​លោក ​អ្នក ​ក៏​ត្រូវតែ​ដឹងដែរថា ​ការណ៍​នេះ ​មិន​ត្រឹមតែ​ភាព​ស្រប​ច្បាប់នៃ​រាជ​វង្សានុវង្សក្នុង​ក្រសែ​ភ្នែក​ប្រជា​រាស្រ្ត​ដែល​ម្ចាស់ក្សត្រី​មាន​ប៉ុណ្ណោះ​ទេ។ ម្ចាស់​ក្សត្រី ​ក៏​មានកត្តា​ដែល​ម្ចាស់​ក្សត្រី​ ​បាន​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​ជាមួយ​លោក Thaksin ហើយប្រជារាស្រ្ត​ដែល​ចង់​មាន​ចលនា​ប្រជា​និយម ​ក៏​នឹង​បោះ​ឆ្នោត​ឲ្យ​ម្ចាស់​ក្សត្រី​ដែរ»។

លោក Chambers បាន​និយាយ​ទៀត​ថា ម្ចាស់​ក្សត្រី ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មនុស្ស​ឯកឆន្ទ​ដែល​បាន​បដិសេធ​ពុំ​ធ្វើ​អ្វី​ទៅ​តាម​ប្រពៃណី​ដែល​គេ​រំពឹង​ទុក។

លោក​បាន​និយាយ​ថា «ហើយ ម្ខាង​ទៀត​ជា​នរណា? គឺ​ជា​មេដឹកនាំ​ផ្តាច់ការ​យោធា​និង​សេដ្ឋ​កិច្ច​មិន​រីក​ចម្រើន។​តើ​នរណា​ចង់​បាន​ដូច្នេះ?»។

លោក​និយាយ​បន្ថែម​ទៀត​ថា ជ័យ​ជម្នះ​របស់​ម្ចាស់​ក្សត្រី ​ក៏​នឹង​ពង្រឹង​អំណាច​របស់​ព្រះ​អនុជ​របស់​ម្ចាស់​ក្សត្រី​ដែរ។

លោក Chambers បាន​និយាយ​បន្ត​ទៀត​ថា៖ «មហាក្សត្រ​នៃ​ប្រទេស​ថៃ​ដែល​ជា​ព្រះ​អនុជ​របស់​ម្ចាស់​ក្សត្រី ​ដឹង​ថា ​ការណ៍​នេះ​ជា​ផល​ប្រយោជន៍​របស់​ព្រះអង្គ​ដែល​មានម្ចាស់​ក្សត្រី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ដែល​ស្និទ្ធ​ស្នាល​នឹង​លោក​ថាក់ស៊ីន​នោះ»។

​លោក​ Thitinan Pongsudhirak នៃ​សាកល​វិទ្យាល័យ​ជូឡា ឡុងកន ​បាន​និយាយថា ​សម្រាប់​ទៅ​អនាគត​វែងឆ្ងាយ ​សំណួរ​ដ៏​ធំ​បំផុត​ គឺ​ថាតើ​ព្រឹត្តិការណ៍ដ៏​រំជើប​រំ​ជួលនេះ ​នឹង​នាំ​ឲ្យ​មានការ​បែកខ្ញែក​កាន់​តែ​ខ្លាំង​ឡើង​នៃ​នយោបាយ​ថៃឬការបើក​ចំហរ​សម្រាប់​ការ​ផ្សះផ្សារ​ជាតិ​ដែ​ឬទេ។

​លោក​បាន​និយាយ​ទៀត​ថា៖ «ស្ថាន​ការណ៍​ដ៏​លំបាក​និង​បញ្ហា​របស់​ថៃ​ដែល​យើង​មាន​នៅ​ក្នុង​នយោបាយ​ថៃ​គឺ​ការ​ផ្តោត​លើ​អតុល្យភាព​រវាង​ការ​មាន​ប្រព័ន្ធ​តាម​បែប​ប្រជាធិបតេយ្យ​និង​ការ​មាន​សង្គម​ផ្អែក​លើ​របប​រាជាធិបតេយ្យ។មាន​ឱកាស​ ​មាន​ឱកាស​សម្រាប់​ការ​ផ្សះផ្សារ​ជាតិ ​ក៏ប៉ុន្តែ ​ការណ៍​នេះ ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​និង​បញ្ចូល​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់»។

​លោក​ ថាក់ស៊ីន​ និង​លោកស្រី​ យីងឡាក់ ដែល​ជា​ប្អូន​ស្រី​របស់​លោក ​ដែលត្រូវ​បានបណ្តេញ​ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​ហើយ​ក្រោយ​មក ​បាន​ត្រូវ​គេ​កាត់​ទោស ​កំពុង​រស់​នៅ​និរទេស​ខ្លួន។

លោកស្រី Chayika Wongnaphachan ​ដែល​ជា​សមាជិក​គណបក្ស Thai Raksa Chart និង​ជា​ក្មួយស្រី​របស់​លោកស្រី​យីងឡាក់​និង​លោក​ថាក់​ស៊ីន ​បាន​បដិសេធ​ពុំ​ព្រម​ធ្វើ​អត្ថាធិប្បាយ៕

XS
SM
MD
LG