ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ថៃ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​និង​អេហ្ស៊ីប​ដើម្បី​ចរចា​រំដោះ​ចំណាប់​ខ្មាំង​ថៃ​ពី​ក្រុម​ហាម៉ាស់


ឪពុកម្ដាយ​របស់ ​Natthaporn ដែល​ធ្វើការ​នៅ​​រោងចក្រ​នៅ​តំបន់​កាហ្សា ដែល​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ចាប់​ជំរិត​យក​ទៅ កាន់​រូប​ថត​កូន​ប្រុស​របស់​ខ្លួន​ក្នុង​អំឡុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ Reuters ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣។
ឪពុកម្ដាយ​របស់ ​Natthaporn ដែល​ធ្វើការ​នៅ​​រោងចក្រ​នៅ​តំបន់​កាហ្សា ដែល​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ចាប់​ជំរិត​យក​ទៅ កាន់​រូប​ថត​កូន​ប្រុស​របស់​ខ្លួន​ក្នុង​អំឡុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ Reuters ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​ថៃ​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​បន្ទាន់​មួយ​ទៅ​កាន់​ប្រទេស​កាតា​និង​ប្រទេស​អេហ្ស៊ីប​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ចរចា​អំពី​ជោគវាសនា​របស់​ជនជាតិ​ថៃ​ចំនួន ២២ នាក់​ ដែល​ត្រូវបាន​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ចាប់​ជា​ចំណាប់​ខ្មាំង ក្នុង​អំឡុង​ពេល​វាយ​ឆ្មក់​របស់​ខ្លួន​លើ​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃទី ៧ ខែ​តុលា​កន្លង​ទៅ។

អាជ្ញាធរ​អ៊ីស្រាអែល​ឱ្យ​ដឹង​ថា​មនុស្ស​យ៉ាង​ហោច​ណាស់ ១.៤០០ នាក់​ ភាគច្រើន​ជា​ជន​ស៊ីវិល​ ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ហាម៉ាស់​នៃ​តំបន់​ហ្កាហ្សាស្ទ្រីព (Gaza Strip)។

ជាការ​ឆ្លើយ​តប យោធា​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើ​តំបន់​ហ្កាហ្សា​ដោយ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៨.៣០០ នាក់​ស្លាប់ ក្នុង​នោះ​ជាង ៣.០០០ នាក់​ជា​កុមារ។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហាម៉ាស់។

បើ​យោង​តាម​តួលេខ​របស់​អ៊ីស្រាអែល ចំណាប់​ខ្មាំង​ប្រមាណ ២៣០ នាក់​កំពុង​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​ក្នុង​តំបន់​ហ្កាហ្សា ក្នុង​នោះ ២២ នាក់​ជា​ជនជាតិ​ថៃ នេះ​បើ​តាម​ក្រសួង​ការបរទេស​ថៃ​ក្នុង​ទីក្រុង​បាងកក។ យ៉ាងណាមិញ មន្ត្រី​អ៊ីស្រាអែលបាន​ថ្លែង​ថា ជនជាតិ​ថៃ ៥៤ នាក់ ​ស្ថិត​នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​នោះ។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​របស់​លោក​បាន​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នានា​ដើម្បី​នាំ​ជនជាតិ​ថៃ​ទាំង​នោះ​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។

លោក​បាន​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Parnpree Bahiddha-Nukara ឱ្យ​ទៅ​ជួប​នាយក​រដ្ឋមន្ត្រី​និងរដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​កាតា នៅ​ថ្ងៃ​អង្គារ មុន​នឹង​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អេហ្ស៊ីប​ នៅ​ថ្ងៃ​ពុធ។

ក្រសួង​ការ​បរទេស​ថៃ​បាន​ឱ្យ​ដឹង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ថា លោក Parnpree នឹង​«ពិភាក្សា​អំពី​ស្ថានភាព​របស់​ជនជាតិ​ថៃ​ដែល​កំពុង​ជាប់​ជា​ចំណាប់​ខ្មាំង​ ដោយ​សារ​តែ​អំពើ​ហិង្សា​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​រវាង​អ៊ីស្រាអែល​និងតំបន់ហ្កាហ្សា»។

ជនជាតិ​ថៃ​ប្រមាណ ៣០.០០០ នាក់​ ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល​ ក្នុង​នោះ​ភាគ​ច្រើន​ក្នុង​វិស័យ​កសិកម្ម​ នៅ​ពេល​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​ផ្ទុះ​ឡើង។

ក្រសួង​ការបរទេស​ថៃ​ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា ជនជាតិ​ថៃ​យ៉ាងហោច​ណាស់ ៣២ នាក់​ ត្រូវបាន​សម្លាប់​ ហើយ​ ១៩ នាក់​ទៀត​បាន​រង​របួស​ដោយសារ​តែ​ជម្លោះ​នេះ។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Sretthaបាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​ កាលពី​ថ្ងៃ​ចន្ទ​ ថា៖ «យើង​ហាក់​ក្លាយ​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​នេះ។ យើង​កំពុង​រង​ផលប៉ះពាល់​ ដោយសារ​តែ​យើង​មាន​កម្មករ​ច្រើនពី​ប្រទេស​ថៃ​នៅ​ក្នុងប្រទេស​អ៊ីស្រាអែល​ ជាង​ប្រទេស​ណា​ទាំង​អស់»៕

ប្រែ​សម្រួល​ដោយអ្នកនាង​ ទែន សុខស្រីនិត

XS
SM
MD
LG