ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​​​ថៃ​​​បង្ហាញ​​​សញ្ញា​​​នៃ​​​ការ​​​ប្រសើរ​​​ឡើង​បន្ទាប់​​​ពី​​​ការ​​​កាន់កាប់​​​របស់​​​ពួក​​​យោធា


ទាហាន​​​មួយ​​​ក្រុម​​​កំពុង​​​ត្រួត​​​ពិនិត្យ​​​ឃ្លាំង​​​ស្តុក​​​អង្ករ​​​មួយ​​​កន្លែង​​​នៅ​​​ខេត្ត​​​អាយុធ្យា ប្រទេស​​​ថៃ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣​​​ កក្កដា ឆ្នាំ​​​២០១៤។(REUTERS/Chaiwat Subprasom)
ទាហាន​​​មួយ​​​ក្រុម​​​កំពុង​​​ត្រួត​​​ពិនិត្យ​​​ឃ្លាំង​​​ស្តុក​​​អង្ករ​​​មួយ​​​កន្លែង​​​នៅ​​​ខេត្ត​​​អាយុធ្យា ប្រទេស​​​ថៃ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣​​​ កក្កដា ឆ្នាំ​​​២០១៤។(REUTERS/Chaiwat Subprasom)

សេដ្ឋកិច្ច​ថៃ​កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​រើប​ឡើង​វិញ​បន្ទាប់​ពី​មាន​ភាព​វឹកវរ​នយោបាយ​អស់​ជា​ច្រើន​ខែ​រួច​មក ដែល​បាន​នាំ​ឱ្យ​មាន​រដ្ឋប្រហារ​យោធា។ រដ្ឋាភិបាល​យោធា​នៃ​ប្រទេស​នេះ​បាន​ធ្វើ​ចំណាត់ការ​យ៉ាង​រហ័ស​របស់ក្នុង​ការ​អនុវត្ត​កំណែ​ទម្រង់​សេដ្ឋកិច្ច​និងលើក​កម្ពស់​ការ​វិនិយោគ។

ធនាគារ​កណ្ដាល​ថៃ​និយាយ​ថា​ខ្លួន​រំពឹង​ថា​នឹង​ឃើញ​សញ្ញា​នៃ​កំណើន​សេដ្ឋកិច្ច​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​នេះ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​យោធា​នៃ​ប្រទេស​នេះ​ផ្ដោត​លើ​កំណែ​ទម្រង់​និង​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ។ ធនាគារ​កណ្ដាល​នេះ​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​ថៃ​នឹង​មាន​កំណើន​៥,៥​ភាគរយ​នៅ​ឆ្នាំ​២០១៥។

ក្នុង​រយៈពេល​បី​ខែ​ដើម​ឆ្នាំ​នេះ នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ញាំញី​ដោយ​ភាព​ចលាចល​នយោបាយ​សេដ្ឋកិច្ច​បាន​ដាំ​ក្បាល​ចុះ​ដក​២,១​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​បី​ខែ​មុន​នោះ។

ប៉ុន្តែ​តាំង​ពី​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ចេញ​ពី​អំណាច​កាល​ពី​ថ្ងៃ​ទី​២២ខែ​ឧសភា​រួច​មក​ ការ​ស្ទង់​មតិ​នានា​បាន​បង្ហាញ​ថា​ទំនុក​ចិត្ត​ធុរកិច្ច​និង​អ្នក​ប្រើប្រាស់​មាន​ការ​ងើប​ឡើង​វិញ ហើយ​ទីផ្សារ​មូលប័ត្រ​ក៏​ប្រសើរ​ជាង​មុន​ដែរ។

លោក Narongchai Akrasanee ទីប្រឹក្សា​ម្នាក់​របស់​គណៈកម្មការ​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្ដាប់ធ្នាប់ (NCPO) ដែល​កំពុង​ដឹកនាំ​ប្រទេស និង​ជា​សមាជិក​នៃ​អាជ្ញាធរ​រូបិយវត្ថុ​របស់​ធនាគារ​កណ្ដាល​នៃ​ប្រទេស​នេះ​និយាយ​ថា ​សេដ្ឋកិច្ច​គឺ​កំពុងតែ​ងើប​ឡើង​វិញ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​ថវិកា​និង​គម្រោង​វិនិយោគ​ថ្មី។

លោក Narongchai Akrasanee ពន្យល់​ថា៖ «គោលនយោបាយ​ជា​ច្រើន​ដែល​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​ចាស់ គឺ​មិន​អាច​អនុវត្ត​បាន​ឬ​ខ្លះ​ទៀត​ត្រូវ​បាន​អនុវត្ត​ក្នុង​វិធី​ដ៏អាក្រក់។ ដូច្នេះ​រដ្ឋបាល​ថ្មី​នេះ​គឺ​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ភាគ​ច្រើន។ យើង​កំពុង​ត្រឡប់​មក​វិញ​ហើយ។ យើង​បាន​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក្នុង​ក្រសែ​ភ្នែក​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​នោះ សារ​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា​យើង​កំពុង​តែ​ត្រឡប់មក​វិញ​ហើយ»។

អ្នក​វិភាគ​ធុរកិច្ច​នានា​និយាយ​ថា​ ​ពួក​យោធា​ទំនង​ជា​បានរៀនពី​មេរៀន​រដ្ឋប្រហារ​កាល​ពី​លើក​មុន​នៅ​ឆ្នាំ​២០០៦ ដែល​បាន​ធ្វើ​ឱ្យ​សំណើ​កំណែទម្រង់​របស់​ខ្លួន​នៅ​ជាប់​គាំង។ រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ដោះស្រាយ​បញ្ហា​ជា​ច្រើន​បាន​យ៉ាង​លឿន រួម​មាន​ការ​ទូទាត់​សាច់​ប្រាក់​យ៉ាង​ច្រើន​ទៅ​ឱ្យ​កសិករ និង​ការ​ចាប់ផ្ដើម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង​ការ​ដឹក​ជញ្ជូន​និង​ធនធាន​ទឹក​ថ្មី។»​

លោក Angus Kent នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មូលប័ត្រ​មួយ​ក្នុង​ប្រទេស​ថៃ​ឈ្មោះ Macquarie Securities និយាយ​ថា​ចំណាត់ការ​ដំបូង​របស់​ពួក​យោធា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ផល​វិជ្ជមាន​សម្រាប់​ធុរកិច្ច រួម​ទាំង​អ្នក​វិនិយោគ​ពី​បរទេស។

លោក​ថ្លែង​ថា៖ «ចំណុច​សំខាន់​បំផុត​គឺ​កំណែ​ទម្រង់​ជា​លក្ខណៈ​រចនាសម្ព័ន្ធ។ ខ្ញុំ​គិត​ថា​ ទំនាក់ទំនងរបស់គណៈកម្មការ​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្ដាប់ធ្នាប់ ជាមួយ​សភា​ពាណិជ្ជកម្ម និង​ទីភ្នាក់ងារ​ផ្សេងៗទៀត គឺ​មាន​ភាព​វិជ្ជមាន​ខ្លាំង​មែន​ទែន។ វា​ក៏​ដូចជា​មាន​ស្មារតី​បន្ទាន់​មួយ​ដែល​ថា​ការងារ​ទាំង​នោះ​ត្រូវធ្វើ​ឲ្យរួចរាល់​យ៉ាង​ឆាប់ ដែល​ខ្ញុំ​គិត​ថា​តាម​រយៈ​បទ​ពិសោធន៍​មនុស្ស​ជា​ច្រើន​ក្នុង​បន្ទប់​នេះ យើង​មិន​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​ធ្វើ​កិច្ចការ​យ៉ាង​បន្ទាន់​បែប​នេះ​ទេ​ពី​មុន​មក»។

ពួក​យោធា​ក៏​បាន​ចាត់​វិធានការធ្វើ​កំណែ​ទម្រង់​ការិយាធិបតេយ្យ​និង​កាត់​បន្ថយ​ឥទ្ធិពល​អតីត​មេដឹកនាំ​ ​លោក Thaksin Shinawatra ដែល​បាន​រស់​នៅ​បរទេស​តាំង​ពី​ឆ្នាំ​២០០៨មក ​ដើម្បី​គេច​ខ្លួន​ពី​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

អ្នកស្រី Pavida Pananond សាស្ត្រាចារ្យ​រង​នៅ​មហាវិទ្យាល័យពាណិជ្ជកម្ម​នៃ​សាកលវិទ្យាល័យ​Thammasat និយាយ​ថា​ពួក​យោធា​បាន​ចាត់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​ក៏​ដូចជា​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមប្រឹក្សាភិបាល​សហគ្រាស​នានា​របស់​រដ្ឋ​ទៀត​ផង។​

អ្នកស្រី​និយាយ​ថា៖​ «មួយ​ផ្នែក​ទៀត​គឺឆន្ទៈ​បោស​សម្អាត​អំពើ​ពុក​រលួយ។ វា​ជា​ចំណាត់ការ​ដែល​គួរ​ឱ្យ​ស្វាគមន៍​មួយ។ យើង​អាច​ឃើញ​ថា​ ឥឡូវ​នេះ​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ។ ឧទាហរណ៍​ដូចជា​ក្រុមប្រឹក្សាភិបាល​សហគ្រាស​របស់​រដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​បាន​ឱ្យ​លាលែង​ពី​តំណែង​ ហើយ​អ្នក​បច្ចេកទេស​ជាន់​ខ្ពស់​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ទៅ​តំណែង​មិន​សកម្ម​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជា​ដើម»។

រដ្ឋាភិបាល​នេះ​បាន​ដាក់​ចេញ​កម្មវិធី​ចំណាយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​៧៥​ពាន់​លាន​ដុល្លារ សម្រាប់​ការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​និង​ផ្លូវ​ជាតិ​ ហាយវ៉េ​ (highways) ថ្មី។ ប៉ុន្តែ​រដ្ឋាភិបាល​នេះក៏​បាន​ផ្អាកគម្រោង​នានា​របស់​រដ្ឋាភិបាល​មុន​ ដែល​ពួកគេ​បាន​អះអាង​ថា​ ប្រហែល​ជា​មាន​ការ​ជាប់​ទាក់ទង​នឹងអំពើ​ពុក​រលួយ៕​

ប្រែសម្រួល​ដោយ​ ឃួន ធារ៉ា

XS
SM
MD
LG