អាជ្ញាធរកម្ពុជានិយាយថា ពួកគបានបិទការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនសកម្មជនថៃលោក Wanchalearm Satsaksit ដែលត្រូវបានចាប់ពង្រត់ដាក់ក្នុងរថយន្ត នៅកន្លែងលោករស់នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពី ៤ ឆ្នាំមុន។
សាក្សីធ្លាប់ប្រាប់វីអូអេថាលោក Wanchalearm Satsaksit ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ដោយបុរស ៣ នាក់ បានចាប់រូបលោកបញ្ចូលក្នុងរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ខ្មៅ នៅខាងមុខខុនដូមួយឈ្មោះថា Mekong Gardens។
អស់រយៈពេលជិត ៤ ឆ្នាំ អាជ្ញាធរកម្ពុជាប្រាប់វីអូអេកាលពីពេលថ្មីៗថា ពួកគេមិនអាចបញ្ជាក់សូម្បីតែឈ្មោះថាសកម្មជនថៃនោះពិតជាស្នាក់នៅខុនដូនោះឬយ៉ាងណា ហើយព័ត៌មានលម្អិតទាក់ទងនឹងរថយន្តដែលលោកត្រូវបានចាប់ពង្រត់នោះ ក៏មិនមានដែរ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា៖ «ម្ចាស់ទីតាំងគេបញ្ជាក់ថាអត់មានមនុស្សហ្នឹងនៅទេ ហើយសៀវភៅបញ្ជីដែលយើងមើលហ្នឹង វាគ្មានឈ្មោះហ្នឹងមែន»។
លោកបន្ថែមថា៖ «យើងបានធ្វើរបាយការណ៍ជូនទៅស្ថាប័នតុលាការសព្វគ្រប់អស់ហើយ ការស៊ើបអង្កេតត្រូវបានបញ្ចប់»។
ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់បែបនេះ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេថាតើតុលាការបានបិទសំណុំរឿងនេះឬយ៉ាងណា ក្រោយបានកោះហៅក្រុមគ្រួសារ និងមេធាវីរបស់សកម្មជននោះមកបង្ហាញខ្លួននៅតុលាការកាលពីចុងឆ្នាំ ២០២០។
លោក សំ ចំរើន មេធាវីរបស់ក្រុមគ្រួសារសកម្មជននោះប្រាប់វីអូអេកាលពីពេលថ្មីៗថា លោកមិនទាន់ទទួលបានព័ត៌មានអ្វីឡើយពីតុលាការ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញបាននៅឡើយទេ។
ក្រុមគ្រួសាររបស់សកម្មជននិងក្រុមអ្នកតស៊ូមតិបានរិះគន់កង្វះនូវតម្លាភាពនៅក្នុងការស៊ើបអង្កេតនេះ ហើយបានអំពាវនាវដល់រដ្ឋាភិបាលថៃឲ្យដាក់គំនាបលើកម្ពុជាលើករណីនេះ។
បងស្រីរបស់សកម្មជនថៃ អ្នកស្រី Sitanun Satsaksit ប្រាប់វីអូអេថា៖ «វាមានរយៈពេល ៤ ឆ្នាំហើយ។ ខ្ញុំចង់ឲ្យពួកគេ[អាជ្ញាធរកម្ពុជា]ប្រាប់មកគ្រួសារអំពីអ្វីដែលបានកើតឡើង ថាតើការស៊ើបអង្កេតបានលទ្ធផលដូចម្តេចហើយ។ វាមិនគួរមានការលាក់បាំងតទៅទៀតឡើយ»។
កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការបាត់ខ្លួនដោយបង្ខំ បានអំពាវនាវឲ្យកម្ពុជាធានាថាការចោទប្រកាន់នៃការបាត់ខ្លួនសកម្មជនថៃត្រូវបានស៊ើបអង្កេតជាបន្ទាន់និងហ្មត់ចត់ មានប្រសិទ្ធភាព និងមិនលម្អៀង។ គណៈកម្មាធិការនេះក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាជូនដំណឹងទៅគ្រួសាររបស់សកម្មជនថៃនៅក្នុងដំណើរការស៊ើបអង្កេតនេះ។
នៅអង្គការសហប្រជាជាតិ តំណាងកម្ពុជាបានថ្លែងថាតុលាការកម្ពុជាកំពុងបន្តស៊ើបអង្កេតលើករណីបាត់ខ្លួនសកម្មជនថៃរូបនោះ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជានៅតែរកមិនឃើញថាមានតួអង្គរដ្ឋពាក់ព័ន្ធនឹងករណីចាប់ពង្រត់នេះ។
អ្នកស្រី Pornpen Khongkachonkiet នាយិកានៃមូលនិធិ Cross Cultural Foundation ក្នុងប្រទេសថៃដែលផ្តល់មេធាវីតំណាងគ្រួសាររបស់សកម្មជនថៃនិយាយថា អាជ្ញាធរកម្ពុជាគួរតែបើកចំហបន្ថែមទៀតអំពីអ្វីដែលពួកគេដឹងហើយបង្ហាញអំណះអំណាងថា មិនមានតួអង្គរដ្ឋណាពាក់ព័ន្ធនៅក្នុងករណីនេះ។
អ្នកស្រីប្រាប់វីអូអេថា៖ «ការស៊ើបអង្កេតករណីនៃការរំលោភសិទ្ធិមនុស្សមិនអាចលើកឡើងថាជារឿងសម្ងាត់ឡើយ»។
លោក Wanchalearm គឺជាអតីតនិស្សិតដែលបញ្ចប់ផ្នែកវិទ្យាសាស្រ្តនយោបាយ ហើយលោកបានធ្វើការនៅក្នុងផ្នែកមិនគិតកម្រៃជាច្រើន មុននឹងប្រឡូកនឹងរឿងនយោបាយ ដោយបានធ្វើការជាមួយគណបក្សភឿថៃ។ នេះបើតាមមិត្តភក្តិ និងសាច់ញាតិរបស់សកម្មជនរូបនោះ។
បន្ទាប់ពីមានរដ្ឋប្រហារយោធាក្នុងប្រទេសថៃ កាលពីឆ្នាំ ២០១៤ លោក Wanchalearm បានគេចខ្លួនមកប្រទេសកម្ពុជា ប៉ុន្តែគេមិនដឹងពេលវេលាជាក់លាក់ឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថាសកម្មជនថៃរូបនោះបានទទួលទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៧ ប៉ុន្តែមិនមានព័ត៌មានថា តើលោករស់នៅទីណាឡើយ។
កាលពីខែធ្នូ ឆ្នាំ ២០២០ បងស្រីរបស់សកម្មជនថៃនិងក្រុមមេធាវី បានមកតុលាការរាជធានីភ្នំពេញ ដើម្បីដាក់ភស្តុតាងលើករណីនេះ រួមទាំងលិខិតឆ្លងដែនរបស់លោកជាជនជាតិខ្មែរ។
បើតាមមេធាវី អយ្យការសាលាដំបូងបានចោទប្រកាន់លើ«អញ្ញត្រជន»ដែលគេមិនស្គាល់អត្តសញ្ញាណនិងភិនភាគក្នុងសំណុំរឿងបាត់ខ្លួននេះ ដែលបើកផ្លូវឲ្យចៅក្រមស៊ើបសួរអាចកោះហៅអ្នកស្រី Sitanun និងមេធាវី មកកម្ពុជា ដើម្បីបំភ្លឺ។ បទចោទទាំងនោះរួមមាន «ការចាប់ ឃុំឃាំង និងបង្ខាំង ដោយខុសច្បាប់» និង «ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ នេះបើតាមដីការបស់ចៅក្រមស៊ើបសួរដែលវីអូអេទទួលបានកាលពីកន្លងមក។
មេធាវីរបស់សកម្មជនថៃនិយាយថាពួកគេមិនទទួលបានដំណឹងអ្វីសោះ ចាប់តាំងពីបង្ហាញខ្លួននៅតុលាការ។
អ្នកស្រី Pornpen Khongkachonkiet មេធាវីរបស់គ្រួសារសកម្មជនថ្លែងថា៖ «ប៉ូលិសកម្ពុជាប្រាប់យើងថាពួកគេមិនបានរកឃើញអ្វីឡើយ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បាននៅឡើយទេ។
កាលពីខែកុម្ភៈ បងស្រីរបស់សកម្មជនថៃ អ្នកស្រី Sitanun បានព្យាយាមផ្ញើសារទៅអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ពេលលោកទៅជួបអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន នៅទីក្រុងបាងកក ប៉ុន្តែអ្នកស្រីមិនអាចផ្ញើសារបានសម្រេចឡើយកាលនោះ ដោយសារអ្នកស្រីត្រូវបានរារាំងដោយសមត្ថកិច្ច។
កូនស្រីរបស់លោក ថាក់ស៊ីន អ្នកស្រី Paethongtharn Shinawatra មេដឹកនាំគណបក្សភឿថៃនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមីនា ខាងមុខ តាមការអញ្ជើញរបស់លោក ហ៊ុន សែន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ អ្នកនាំពាក្យគណបក្សភឿថៃ លោក Danuporn Punnakan បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរអំពីការបាត់ខ្លួនរបស់លោក Wanchalearm ថា តើមន្រ្តីថៃនឹងពិភាក្សា នៅពេលធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាឬយ៉ាងណា។
អ្នកនាំពាក្យរូបនោះនិយាយថាមន្រ្តីនឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនិងសង្គម ជាជាងលើកឡើងអំពីបញ្ហារបស់បុគ្គលឯកជន។ ប៉ុន្តែលោកថា បើករណីនេះមានការចាប់អារម្មណ៍ពីសាធារណជន គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សនឹងពិចារណាលើកឡើងនៅក្នុងជំនួបជាមួយមន្រ្តីកម្ពុជានាពេលខាងមុខ។
បងស្រីរបស់សកម្មជនថៃ អ្នកស្រី Sitanun បង្ហាញការខកចិត្តនឹងការលើកឡើងនេះ ហើយបញ្ជាក់ថា៖ «សូមកុំភ្លេចថាលោក Wanchalearm គឺជាជនជាតិថៃម្នាក់ដែរ»៕