ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ធំៗ​ពីរ​ឲ្យ​ដឹង​ថា​ គេ​មិន​អាច​ទិញ​ផលិតផល​បាន​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ


កំប៉ុង​ភេសជ្ជៈ កូកាកូឡា និង ប៉ិបស៊ី នៅ​​ទី​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០០៦។
កំប៉ុង​ភេសជ្ជៈ កូកាកូឡា និង ប៉ិបស៊ី នៅ​​ទី​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០០៦។

ក្រុម​ហ៊ុន​ធំៗ​ពីរ​ក្នុង​ពិភព​លោក​និយាយ​ថា​ គេ​មិន​អាច​ទិញ​ផលិត​ផល​ពីក្រុមហ៊ុន​ផ្គត់ផ្គង់​ណា​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ដីធ្លី​ទេ។ ​

ក្រុមហ៊ុន​ភេសជ្ជៈ​ល្បីល្បាញ​ធំៗ​ពីរ​របស់​អាមេរិកាំង​គឺ​ក្រុមហ៊ុន​ ​កូកាកូឡា ​(Coca-Cola) ​និង​ក្រុមហ៊ុន​ប៉ិបស៊ី ​(Pepsi)​ បាន​ធានា​ថា​ ពួកគេ​មិន​ធ្វើ​ពាណិជ្ជកម្ម​ ហើយនឹង​ផ្តាច់ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន​ណា​ដែល​មាន​ជាប់ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​រំលោភ​ដីធ្លី​ ប្រសិន​បើ​រក​ឃើញ​ថា​ជា​ការណ៍​ពិត។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុមហ៊ុន​ទាំង​ពីរ​បាន​និយាយ​ប្រាប់​ VOA ​ផ្នែក​ខេមរ​ភាសា​តាម​សារ​អេឡិចត្រូនិច​គឺអ៊ីម៉េល​ នៅពេល​ VOA ​សួរ​អំពី​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​បំពាន​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ​ក្នុង​តំបន់​ចំនួន​៤​ក្នុង​ខេត្ត​ចំនួន​៣​ ពី​សំណាក់​ក្រុមហ៊ុន​ដែល​ផ្តត់ផ្គង់​ស្ករអំពៅ​មួយ​ចំនួន​ដល់​ក្រុមហ៊ុន​កូកាកូឡា​នោះ។​ ក្រុមហ៊ុន​ដែល​រងការ​ចោទ​ប្រកាន់​ទាំង​នោះ​មាន​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គឺ​នៃ​ប្រទេស​កម្ពុជា ​និង​ក្រុមហ៊ុន ​Mitr Phol ​ហើយ​និង ​KSL ​របស់​ប្រទេស​ថៃ​ជាដើម ​តែ​ក្រុមហ៊ុន​ទាំង​នេះ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​អំពី​ការ​ចោទ​ប្រកាន់​របស់​អង្គការខ្លះ ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​រំលោភ​បំពាន​ដីធ្លី​នានា​ និង​ការ​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ​កម្ពុជា​ដែល​ជន​រងគ្រោះ​នោះ​ទេ។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​កូកាកូឡា​ ដែល​ផ្ញើ ជូន ​VOA ​ខ្មែរ​ថ្មីៗ​នេះ​ពី​ទីស្នាក់ការ​ក្នុង​របស់​ក្រុមហ៊ុន​នៅ​រដ្ឋ Georgia ​ស.រ.អា.​ ​បាន​បញ្ជាក់​ថា៖​

«ក្រុមហ៊ុន​កូកាកូឡា​ប្រកាន់​ខ្ជាប់យ៉ាង​ប្រាកដ​ប្រជា​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​អំពី​បញ្ហា​សិទ្ធិ​ដីធ្លី​ ហើយ​យើង​នឹង​ធ្វើ​កិច្ចការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្តត់ផ្គង់​របស់​យើង​ដើម្បី​ជួយ​ធានា​ឲ្យ​មាន​ការ​គោរព​និង​ការពារ​មិន​ឲ្យ​កើត​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ ​ដោយ​ក្រុមហ៊ុន​ផ្តត់ផ្គង់​ទាំងអស់​សម្រាប់​ក្រុមហ៊ុន​កូកាកូឡា។​ យើង​តែងតែ​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាក់ទង​នឹង​វិធាន​ការណ៍​កែ​តម្រូវ ​ពេល​បញ្ហា​កើត​ឡើង ​ព្រោះគោល​បំណង​ចុង​ក្រោយ​របស់​យើង​គឺ​ចង់ឃើញ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ។​ ប្រសិន​បើ​គ្មាន​វិធាន​ការ​ទេ​ ក្រុមហ៊ុន​នឹង​លុប​ចោល​ទំនាក់​ទំនងផ្តត់ផ្គង់»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ ទោះជា​ក្រុមហ៊ុន​កូកាកូឡា​មិនមាន​ទិញ​ផលិត​ផល​ស្ករ​អំពៅ​ផ្ទាល់​ពី​កម្ពុជា​ក្តី​តែ​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួនមួយ​ពីរ​ក្នុង​ប្រទេស​ថៃ​ដែល​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា។​

«ចំពោះ​ហេតុផល​នេះ ​ក្រុមហ៊ុន​កូកាកូឡា​បាន​ធ្វើ​ការ​ទាក់ទង​នឹង​ពិភាក្សា​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្តត់ផ្គង់​របស់​យើង​ទាំង​នោះ​ បន្ទាប់​ពី​អង្គការ​ Oxfam បញ្ជូន​ការ​ចោទ​ប្រកាន់​ដោយ​ផ្ទាល់​ទៅ​ក្រុមហ៊ុន​កូកាកូឡា​អំពី​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ក្នុង​មុខ​ជំនួញ​ស្ករ​អំពៅ​នៅ​កម្ពុជា»។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​កូកាកូឡា​កំពុង​ពិភាក្សា​ជាមួយ​នឹង​ក្រុមហ៊ុន​ថៃ ​ហើយ​កូកាកូឡា​មិនទាន់ផ្តាច់​កិច្ចព្រម​ព្រៀង​ណា​មួយ​នៅ​ឡើយ​ទេ​ មក​ទល់នឹង​ពេល​នេះ។​

​ស្រដៀង​គ្នា​នេះ​ដែរ ​ក្រុមហ៊ុន​ប៉ិបស៊ីបាន​និយាយ​ថា​ ខ្លួន​មាន​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​ជាមួយ​ក្រុមហ៊ុន​ផ្តត់ផ្គង់​ក្នុង​ប្រទេស​ថៃ​ដែរ​ តែក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​រំលោភ​បំពាន​ដីធ្លី​នៅ​កម្ពុជា​ទេ។​ ក្រុមហ៊ុន​ប៉ិបស៊ី​គ្រាន់​តែ​និយាយ​ថា​ ខ្លួន​បាន​បង្កើត​គោល​នយោបាយ​សិទ្ធិ​មនុស្ស​ ក្នុង​ក្តី​រំពឹង​ថា​ ក្រុមហ៊ុន​ផ្តត់ផ្តង់​ ហើយ​នឹង​ដៃគូជំនួញ​របស់​ខ្លួនគោរព​តាម​ក្រម​ប្រតិបត្តិ​របស់​ខ្លួន។​

«បន្ថែម​លើ​នេះ​ទៀត ​ក្រុមហ៊ុន​ប៉ិបស៊ី​បាន​បង្កើត​គោល​នយោបាយ​សិទ្ធិ​ដីធ្លី។​ ក្រុមហ៊ុន​ប៉ិបស៊ី​គ្មាន​ការ​អត់ធ្មត់​ទេ​ចំពោះ​សកម្មភាព​ខុស​ច្បាប់​របស់​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​របស់​យើង​ ហើយនឹង​ចំពោះ​ការ​បណ្តេញម្ចាស់​កម្ម​សិទ្ធិ​ដី​ធ្លីស្របច្បាប់ ចេញ​ពី​ដីធ្លី​របស់គេ​ ដែលផ្ទុយពី​បទដ្ឋានរបស់​អង្គការ​កិច្ច​សហប្រត្តិ​បត្តិការ​ IFC​ ដែល​ត្រូវគោរព​តាម»។​

ក្រុម​ហ៊ុន​ប៉ិបស៊ី​បាន​និយាយ​សង្កត់​ធ្ងន់​អំពីក្រម​ប្រតិបត្តិ​របស់ខ្លួន​ដ៏​តឹងរ៉ឹង​ដែល​ត្រូវ​មាន​វិធានការ​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន។ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា៖​

«ក្រុមហ៊ុន​ប៉ិបស៊ី​មាន​ក្រម​ប្រតិបត្តិ​សម្រាប់​ក្រុមហ៊ុន​ផ្តត់ផ្គង់​ពិភព​លោក​ ដែល​ជួយ​ធានា​ថា​ ប្រតិបត្តិការ​មុខ​ជំនួញ​របស់​យើង​ធ្វើតាម​ការ​ចង់​បាន​របស់​យើង​ពាក់ព័ន្ធ​នឹង​វិស័យ​អនុវត្ត​ការងារ ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សុខភាព​ សុវត្ថិភាព​ និង​បរិស្ថាន ហើយនឹង​សុចរិច​ភាព​នៃ​មុខ​ជំនួញ។​ ក្រម​ប្រតិបត្តិ​នេះ​ត្រូវ​ដាក់​បញ្ចូល​មួយ​ផ្នែក​ក្នុង​ដំណើរការ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ ​ហើយ​ត្រូវ​បាន​បក​ប្រែ​ចំនួន​២៥​ភាសា។​ ប្រសិន​បើ​បញ្ហា​នានា​កើត​ឡើង​នៅក្នុង​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​មែន​នោះ​ យើង​នឹង​ចាត់​វិធាន​ការ​ហ្មត់​ចត់​ ហើយ​ធ្វើ​ទំនាក់​ទំនង​ដើម្បី​ដោះស្រាយ​បញ្ហា»។​

ក្រុមហ៊ុន​ប៉ិបស៊ី​បាន​អះអាង​ថា​ ក្រៅពី​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​ថៃ ​ក្រុមហ៊ុន​ប៉ិបស៊ី​ក៏មាន​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ដ៏ធំ​២​ទៀត​នៅ​ប្រទេស​ឥណ្ឌា​ និង​ប្រ៊េស៊ីល​សម្រាប់​ផលិត​ផល​ស្ករ។​

គេ​មិនទាន់​ដឹង​ថា ​តើ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​គឺ​ក្រុមហ៊ុន​ប៉ិបស៊ី​ និង​ក្រុមហ៊ុន​កូកាកូឡា​នឹង​មាន​វិធានការ​របៀបណា​ ហើយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ទេ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង​នោះ​មាន​ទំនាស់ជាមួយ​នឹង​ពលរដ្ឋ​រងគ្រោះ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​រងការ​រំលោភ​បំពាន​ដីធ្លី​ដោយ​អ្នក​មាន​អំណាច​ ដែលយក​ដី​របស់​ពួក​គេ​ដាំ​អំពៅ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​បរទេស​នោះ។​

លោក​ អៀង វុទ្ធី ​ប្រធាន​អង្គការ​សមធម៌​ ដែល​បាន​ជួយ​ផ្តល់​ការ​តស៊ូ​មតិ​ដល់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ បាន​អះអាង​ថា ​ក្រុមហ៊ុន​កូកាកូឡា​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ស្ករ​ដល់​គេ​ក្នុង​ការ​រក​ដំណោះ​ស្រាយ។​

«ហើយ​ក្នុង​នោះ​គឺមាន​ក្រុមហ៊ុន​ដែល​យើង​ដឹង​គឺ​មាន​ពីរគឺ​ក្រុមហ៊ុន​ Mitr Phol ​និង​ក្រុមហ៊ុន​ថៃ​មួយ​ទៀត​ហៅ​ថា​ KSL ​ដែល​ជា​ក្រុមហ៊ុន​លក់​ស្ករ​ទៅ​ឲ្យក្រុមហ៊ុន​កូកាកូឡា​ ហើយ​ក្នុង​ការ​ចុះ​សិក្សា​ក៏​ដូច​ជា​ក្នុង​ការ​ឆ្លើយ​តប​នឹង​ខាង​សង្គម​ស៊ីវិល ក្រុមហ៊ុន​កូកាកូឡា​មាន​ការ​ប្តេជ្ញាចិត្ត​រក​ដំណោះ​ស្រាយ​សម្រាប់ប្រជា​ពលរដ្ឋ​ ដែល​កំពុង​ទទួលរង​ផល​ប៉ះពាល់​ ឬ​អ្នកដែល​បាត់បង់​ដីធ្លី​ហ្នឹង»។​

ក្រុមហ៊ុន​កូកា​កូឡា​បាន​ទទួល​ព័ត៌មាន​ច្រើនពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពេល​នេះ។​

«អញ្ចឹង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​ខាង​សង្គម​ស៊ីវិល ​ក៏​ដូច​ជា​ក្រុម​ ដែល​យើង​ធ្វើ​ការ​ជាមួយ​គ្នា​នោះ យើង​បាន​ផ្តល់​ព័ត៌មាន​ជាច្រើន​ដល់​អ្នក​ស្រាវ​ជ្រាវ​ឬ​អ្នក​សិក្សា​របស់​ក្រុមហ៊ុន​កូកាកូឡា នៅ​ពេល​ដែល​គេ​ធ្វើការ​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ អញ្ចឹង​ឥឡូវនេះក្រុមហ៊ុន​បាន​ទទួល​ឯកសារ​ និង​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​ទៅនឹង​ក្រុមហ៊ុន​ផ្តត់ផ្គង់​គឺ​ក្រុមហ៊ុន​ KSL ​ហើយ​នឹង​ក្រុម​ហ៊ុន ​Mitr Phol ​ដែល​ជា​ក្រុមហ៊ុន​ថៃ​ធំ​លំដាប់​ទី៣ ​ដែល​ផ្តល់ការ​ផ្គត់ផ្គង់​ស្ករឲ្យកូកាកូឡា»។​

ក្រុមហ៊ុន​ថៃ​ចំនួន​ពីរ​និង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គឺរបស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនទាន់​ឆ្លើយ​បំភ្លឺ​សំណួរ​របស់ ​VOA ​ថា តើក្រុមហ៊ុន​នឹង​ដោះស្រាយ​យ៉ាង​ណា​សម្រាប់ពល​រដ្ឋ​រងគ្រោះដែលដីធ្លី​របស់​គេ​ត្រូវ​បានរំលោភ​បំពាន​ ​ហើងនឹង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ផង​នោះ។​

លោក​ស្មិន តិ​ អាយុ​៥៧​ឆ្នាំ​ជា​ពលរដ្ឋ​រងគ្រោះ​ម្នាក់​ក្នុង​ឃុំ​កូន​ក្រៀល​ ខេត្ត​ឧត្តរមានជ័យ ​បាន​ថ្លែង​ថា ​ពលរដ្ឋ​មិន​ឃើញ​ក្រុមហ៊ុន​ចុះ​មក​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​រង​គ្រោះទេ​ ទោះ​ជា​គេ​បាន​សន្យា​តាំង​ពី​ចុង​ឆ្នាំ​ទៅ​ ក្នុង​ជំនួប​មួយ​នៅ​ក្រុង​បាងកក​ ដែល​លោក​និង​អង្គការ​មួយ​ចំនួន​បាន​ទៅ​ជួប​នោះ។​

«ខ្ញុំ​បាន​ទៅជួប​ក្រុមហ៊ុន​ផ្ទាល់​ ព្រោះ​ពួក​ខ្ញុំ​សព្វថ្ងៃ​រង់ចាំ​ក្រុមហ៊ុន​ Mitr Phol ​ចុះ​មក​រក​ដំណោះ​ស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ ​អត់​មាន​ចាំ​សភា​អឺរ៉ុប​ទេ។​ ហើយ​ខ្ញុំ​បាន​ឡើង​ទៅ​ជួប​គាត់​នៅ​បាងកក ​នៅ​ខែ​១១ ​ទី​១០​ឆ្នាំ​២០១៤ ​បាន​ទៅ​ធ្វើ​ការ​ជាមួយ​គាត់​បានរយៈពេល​១​ថ្ងៃ​ដែរ ​ហើយ​គាត់​សន្យា​នឹង​ខ្ញុំ​ថា​ គាត់​នឹង​ចុះ​មក​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ភូមិ​ដែល​មាន​ការ​ពាក់ព័ន្ធ​ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​គាត់អត់​បាន​ចុះ​មក​ផង»។​

លោក​បាន​បន្ថែម​ថា ​ពលរដ្ឋ​ចង់​បាន​ដី​គាត់​មក​វិញ ​ចង់​បាន​សំណង​ដែល​ខាន​ធ្វើ​ផល​នៅ​លើដី ​ហើយ​គាត់​ចង់​បាន​ដី​ដែល​បាត់បង់​ ឬ​ក្រុមហ៊ុន​បំផ្លាញដំណាំរបស់​គាត់​ គាត់​ឲ្យ​ក្រុមហ៊ុន​សង​មក​វិញ។​

«តាម​ការណ៍​ពិត​ ផល​ប៉ះពាល់​ទាក់ទង​ទៅ​នឹង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​គាត់​មិន​បាន​ធ្វើ​ឲ្យ​លើ​ផល​ដី​នោះ​ គឺ​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​មាន​ការ​ធ្លាក់​ចុះ ​ហើយ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រកស៊ី​នៅ​ប្រទេស​គេ។​ វា​ច្រើន​ដែរ ​ព្រោះ​អី​ ​វា​អត់​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​ធ្វើ។​ ដូច្នេះ​គ្នា​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើការ​នៅ​ប្រទេស​គេ ​ហើយ​ទីពីរ​ទៀត​ដូច​បញ្ហា​សាលារៀន ​ដូចជា​កូន​រៀន​សូត្រ​ ទាក់ទង​នឹង​ជីវភាព​ ដែល​អត់​មាន​លុយ​មាន​កាក់ ​មិន​ឲ្យ​ទៅ​រៀន​ ហើយ​មិន​បញ្ជូន​កូន​ឲ្យ​ទៅ​សិក្សា​ក៏​មាន​ដែរ»។​

ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​រងគ្រោះ​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​វេទិកា​សួរ​ដេញ​ដោល​ក្នុងក្រុង​សំរោង ​ស្រុក​ចុង​កាល ​ខេត្ត​ឧត្តរ​មានជ័យ​អំពី​ផល​ប៉ះពាល់​ជីវភាព​របស់​ពួក​គេ​កាលពី​ថ្ងៃច័ន្ទ​ទី១៦​ខែ​កុម្ភៈ។ ​វេទិកា​នោះ​ត្រូវ​គេ​ដឹង​ថា ​រៀបចំ​ដោយ​អង្គការ ​Action Aid ​ដែល​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ ​និង​អ្នក​ស្រាវជ្រាវ​ខ្លះ។​ នេះ​បើតាម​កម្មវិធី​ និង​លិខិត​អញ្ជើញ​ ដែល ​VOA ​ទទួល​បាន​ពី​មន្ត្រី​ដែល​ត្រូវ​ចូល​រួម។​ ​

តំណាង​ពលរដ្ឋនៅក្នុង​ខេត្តកោះកុង ដែលរង​គ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី​ដោយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ដែរ​នោះ​ បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ដល់ ​VOA ​អំពី​បញ្ហា​វិវាទ​រវាង​ពួក​គេ​នឹង​ក្រុមហ៊ុន​ថៃ ​ឬ​ខ្មែរ​ក្នុង​ដំណាក់​កាល​នេះ​ដែល​ពួក​គេ​អះអាង​ថា​ ខ្លាចប៉ះពាល់​ដល់​ដំណើរការ​ស្វះស្វែង​រក​ដំណោះ​ស្រាយ។​ ហើយគេ​បង្វែរ​សំណួរទៅ​កាន់​មេធាវី​របស់​គេ​វិញ។​

ពលរដ្ឋ​កម្ពុជា​ជាង​៧៧​ម៉ឺន​នាក់ត្រូវគេ​ប៉ាន់​ប្រមាណ​ថា​ កំពុង​រងផល​ប៉ះពាល់​ដោយ​សារ​ការ​រំលោភ​បំពាន​ដីធ្លី​ពី​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ជិត​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​ដែល​គេ​ដឹង​ថា ​គ្មាន​ប្រព័ន្ធ​រដ្ឋាភិបាល​ណាមួយ​ត្រូវ​គេ​មើល​ឃើញ​ថា​ អាច​រក​ដំណោះស្រាយ​បញ្ហា​នេះ​ជូន​ពល​រដ្ឋ​នោះ​ទេ៕

XS
SM
MD
LG